ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្លាំង​នគរបាល​ប៉ុស្ដិ៍​ចោម​ចៅ បង្ក្រាប​សង្វៀន​ជល់​មាន់​មួយទៀត​ហើយ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កម្លាំង​នគរបាល​ប៉ុស្ដិ៍​ចោម​ចៅ និង​កម្លាំង​មន្ត្រី​សាលាសង្កាត់​ចោម​ចៅ បាន​ធ្វើការ​បង្ក្រាប សង្វៀន​ជល់​មាន់​មួយ​កន្លែង ដោយ​ចាប់​បាន​មាន់គក​ចំនួន​៣​ក្បាល

រាជធានី​ភ្នំពេញ ៖ កម្លាំង​នគរបាល​ប៉ុស្ដិ៍​ចោម​ចៅ និង​កម្លាំង​មន្ត្រី​សាលាសង្កាត់​ចោម​ចៅ បាន​ធ្វើការ​បង្ក្រាប សង្វៀន​ជល់​មាន់​មួយ​កន្លែង ដោយ​ចាប់​បាន​មាន់គក​ចំនួន​៣​ក្បាល ដែល​បាន​ត​ខ្នាយ​ដែក​រួច​ជា​ស្រេច បម្រុង​នឹង​ជល់​ភ្នាល់​ដាក់​លុយ​ទៅ​ហើយ ប៉ុន្តែ​ខណៈនោះ​កម្លាំង​បាន​ចុះ​ទៅ​ដល់ ធ្វើ​ឲ្យ​ក្រុម​អ្នក​ញៀន​ល្បែង​ជល់​មាន់​ទាំងនោះ នាំ​គ្នា​រត់គេច​ខ្លួន​បាតជើង​ស​ព្រាត ចោល​មាន់គក ហើយ​ការ​រត់គេច​ខ្លួន​មុន​ពេល​កម្លាំង​នគរបាល​ទៅ​ដល់​បែប​នេះ ត្រូវ​បាន​គេ​សង្ស័យ​ថា​មាន​រនុកក្នុង​ចាំ​ឲ្យ​ការ និង​ប្រាប់​ឲ្យ​រត់​។

ប្រតិបត្តិការ​នោះ​បាន​ធ្វើ​ឡើង កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​១៥ ខែកុម្ភៈ ឆ្នាំ​២០១៧​នេះ នៅ​ក្នុងភូមិ​ថ្មគោល សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។ នគរបាល​បាន​ឲ្យ​ដឹង​ថា សង្វៀន​ជល់​មាន់​ខាងលើ​នោះ បាន​បើក​លេង​ដោយ​លួចលាក់ ប៉ុន្តែ​ត្រូវ​ទទួល​បានការ​មិន​ពេញចិត្ត និង​ស្អប់ខ្ពើម ពី​សំណាក់​ប្រជាពលរដ្ឋ នៅ​ក្នុងភូមិ​ខាងលើ មិនតែប៉ុណ្ណោះ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងនោះ​បាន​សម្ដែង​ការ​ព្រួយបារម្ភ ខ្លាច​កើត​មាន​ចោរកម្ម​នឹង​កើត​ចេញពី​ល្បែង​បក្សី​កីឡា​នោះ​មួយ​ប្រភេទ​នោះ​ទើប លួច​ខ្សឹប​ប្រាប់​ឲ្យ​កម្លាំង​ចុះ​ទៅ​ធ្វើការ​បង្ក្រាប​តែ​ម្ដង​។

ប៉ុន្តែ​អ្វី​ដែល​គួរ​ឲ្យ​មានការ​សោកស្ដាយ​នោះ គឺ​លើក​ណា​ក៏​ចាប់​បាន​តែ​មាន់​ប៉ុណ្ណោះ មិន​ដែល​ចាប់​បាន​មនុស្ស​ដែល​ជា​ក្រុម​អ្នក​ញៀន​ល្បែង​នេះ​សោះ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ពួក​នោះ មានឱកាស​បាន​ប្រមូលផ្ដុំ​គ្នា​ត្រឹមតែ​រយៈពេល​២​ឬ​៣​ថ្ងៃ​ប៉ុណ្ណោះ​ក្រោយ​ពេល​ការ​បង្ក្រាប ទៅ​បើក​សង្វៀន​ថ្មី​ទៀត ព្រោះ​ពួក​អ្នកលេង​មាន់​ជល់​ទាំងនោះ សុទ្ធតែ​មុខ​ក្រាស់​មិន​ចេះ​រាងចាល នោះ​ឡើយ ព្រោះ​អាង​ថា​មិន​ដែល​ចាប់ខ្លួន​ពួក​គេ​បាន​បែប​នេះ​។

ទន្ទឹម​នឹង​នេះ​នគរបាល​បាន​ស្នើ​សុំ​ឲ្យ បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ មេត្តា​ជួយ​ចូលរួម​សហ​ការណ៍​ជាមួយ​កម្លាំង​នគរបាល និង​អាជ្ញាធរ​សង្កាត់ ផ្ដល់​ព័ត៌មាន​ពី​ទីតាំង​ដែល​មាន​បើក​សង្វៀន​ជន់​មាន់ ឬ​ល្បែង​បៀរ អាប៉ោង ដើម្បី​ធ្វើការ​បង្ក្រាប​បាន​ទាន់​ពេលវេលា និង​កាត់​បន្ថយ​រាល់​បទល្មើស​ចោរកម្ម​នានា​នៅ​ក្នុងភូមិ សង្កាត់​ទាំងមូល​៕