ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដូវ​ភ្ជុំបិណ្ឌ​មកដល់ហើយ មក​ឈ្វេងយល់​​ពិធីបុណ្យ​នេះទាំងអស់គ្នា

1 ឆ្នាំ មុន

ភ្ជុំបិណ្ឌ គឺជា​ពិធីបុណ្យ​ប្រពៃណី​ជាតិ​ដ៏​ធំ​មួយ​ក្នុង​ចំណោម​ពិធីបុណ្យ​ប្រពៃណី​ជាតិ​ដទៃ​ទៀត​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​ជា​រៀង​រាល់​ឆ្នាំ នៅ​ពេល​ដល់​ថ្ងៃខែ​ដែល​ត្រូវ​ប្រារព្ធ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ គ្រប់​បងប្អូន​កូនចៅ​សាច់ញាតិ​សន្ដាន​ទាំងឡាយ​ទោះ​នៅ​ទី​ជិត ឬ​ទី​ឆ្ងាយ​តែងតែ​ធ្វើ​ដំណើរ​ទៅ​ជួបជុំ​គ្នា ជា​ពិសេស​ឪពុក​ម្ដាយ ដើម្បី​រៀបចំ​ម្ហូបអាហារ បាយ​សម្ល ចង្ហាន់​យក​ទៅ​ប្រគេន​ព្រះសង្ឃ​គង់នៅ​វត្ត​អារាម ដើម្បី​ឧទ្ទិស​កុសល​ទៅ​ដល់​វិញ្ញាណក្ខន្ធ​អ្នក​ដែល​ចែក​ឋាន…

ភ្ជុំបិណ្ឌ គឺជា​ពិធីបុណ្យ​ប្រពៃណី​ជាតិ​ដ៏​ធំ​មួយ​ក្នុង​ចំណោម​ពិធីបុណ្យ​ប្រពៃណី​ជាតិ​ដទៃ​ទៀត​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​ជា​រៀង​រាល់​ឆ្នាំ នៅ​ពេល​ដល់​ថ្ងៃខែ​ដែល​ត្រូវ​ប្រារព្ធ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ គ្រប់​បងប្អូន​កូនចៅ​សាច់ញាតិ​សន្ដាន​ទាំងឡាយ​ទោះ​នៅ​ទី​ជិត ឬ​ទី​ឆ្ងាយ​តែងតែ​ធ្វើ​ដំណើរ​ទៅ​ជួបជុំ​គ្នា ជា​ពិសេស​ឪពុក​ម្ដាយ ដើម្បី​រៀបចំ​ម្ហូបអាហារ បាយ​សម្ល ចង្ហាន់​យក​ទៅ​ប្រគេន​ព្រះសង្ឃ​គង់នៅ​វត្ត​អារាម ដើម្បី​ឧទ្ទិស​កុសល​ទៅ​ដល់​វិញ្ញាណក្ខន្ធ​អ្នក​ដែល​ចែក​ឋាន និង​ប្រេត​ដែល​ជា​សាច់ញាតិ​របស់​ខ្លួន​បាន​សេពសោយ​ផល​ទាន​។

តាម​ទំនៀមទម្លាប់​នៃ​ប្រទេស​កម្ពុជា​បង្ហាញ​ថា ពិធីបុណ្យ​ភ្ជុំបិណ្ឌ គឺ​កើត​មាន​តាំងពី​បុរាណកាល​មក​ម្ល៉េះ​។ ប៉ុន្តែ​ទាស់​ត្រង់​ថា កាលពី​សម័យ​មុនគេ​មិន​ហៅ​ថា បុណ្យ​ភ្ជុំ​ទេ ដោយនៅ​ក្នុង​ពិធី​នេះ​គេ​មាន​បែងចែក​ចេញ​ជា​ពីរ​ថ្នាក់​។ ថ្នាក់ដំបូង គឺ​គេ​ចាប់ផ្ដើម​ធ្វើ​ចាប់ពី​ថ្ងៃ​១​រោច រហូត​ដល់​ថ្ងៃ​១៤​រោច ជា​វារ​ភត្ត ឬ​ភត្ត​ធ្វើ​តាម​ថ្ងៃជា​បន្តបន្ទាប់​។

ចំណែក​មួយ​ថ្នាក់​ទៀត គេ​ធ្វើ​នៅ​ថ្ងៃ​១៥​រោច ដែល​គេ​ហៅ​ថា​បុណ្យ​ភ្ជុំ​។​ពិធីបុណ្យ​ទាំង​ពីរ​ថ្នាក់​នេះ បច្ចុប្បន្ន​ត្រូវ​បាន​យើង​បូក​បញ្ចូល​គ្នា ហើយ​ហៅ​កាត់​ថា ពិធីបុណ្យ​បិណ្ឌ​ភ្ជុំ​នេះឯង ។បច្ចុប្បន្ន​ពិធីបុណ្យ​ភ្ជុំបិណ្ឌ ត្រូវ​បាន​ប្រជាពលរដ្ឋ​ខ្មែរ​ប្រារព្ធ​ឡើងជា​រៀង​រាល់​ឆ្នាំ គឺ​ចាប់ពី​ថ្ងៃ​១​រោច ខែភទ្របទ រហូត​ដល់​ថ្ងៃ​១៥​រោច ខែភទ្របទ ដែល​ត្រូវ​នឹង​ខែកញ្ញា ។

ដោយឡែក​ឆ្នាំ​នេះ​បិណ្ឌ​១ ត្រូវ​នឹង​ថ្ងៃ​ទី​១១ ខែកញ្ញា ឆ្នាំ​២០២២ បាំង​តែ​ប៉ុន្មាន​ថ្ងៃ​ទៀត​ប៉ុណ្ណោះ​នឹង​ដល់​ថ្ងៃ​បុណ្យ​ភ្ជុំបិណ្ឌ​ធំ​ហើយ​ដែល​ប្រព្រឹត្តិ​នៅ​ថ្ងៃ​ទី​២៤ ដល់​២៥ ខែកញ្ញា​នេះ ខាង​មុខ​នេះ​ហើយ ។ប្រជាពលរដ្ឋ​ខ្មែរ​តែង​មាន​ជំនឿ​ថា ក្នុង​កំឡុង​ពេល​ដែល​យមបាល​ដោះ​លែង​ប្រេត​នោះ ប្រសិនបើ​ប្រេត​ដើរ​រក​គ្រប់​៧​វត្ត​ហើយ​ពុំ​បានឃើញ​មាន​សាច់ញាតិ​របស់​ខ្លួន​ទៅ​វត្ត​ឧទ្ទិស​បុណ្យ​កុសល​ឱ្យ​ទេ​នោះ គឺ​ប្រេត​នឹង​ដាក់​ទំនាយ​ឱ្យ​សាច់ញាតិ​នោះ​ជួប​តែ​រឿង​អាក្រក់ និង​រស់នៅ​ដោយ​គ្មាន​សេចក្ដីសុខ​ឡើយ​។

បើ​គេ​និយាយ​ពី​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ទាក់ទង​នឹង​សាសនា កាលសម័យ​ដើម គឺ​ពលរដ្ឋ​ខ្មែរ​ធ្វើ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ឡើង​ដើម្បី​រៀបចំ​សង្ឃភត្ត ទំនុកបម្រុង​ដល់​ព្រះសង្ឃ ដែល​គង់​ចាំ​ព្រះ​វស្សា​ក្នុង​រយៈពេល​៣​ខែ គឺ​ចាប់តាំងពី​ថ្ងៃ​ចូល​វស្សា​រហូត​ដល់​ថ្ងៃ​ចេញ​វស្សា ព្រោះ​រដូវវស្សា​មាន​ភ្លៀង​ធ្លាក់​បង្ក​ឱ្យ​មាន​ភក់​ជោកជាំ រលឹម​ពព្រិច​ធ្វើ​ឱ្យ​មានការ​លំបាក​ដល់​ព្រះសង្ឃ ក្នុង​ការ​និមន្ត​បិណ្ឌបាត ។

ម្យ៉ាង​ក្នុង​ពិធី​នេះ គឺ​ធ្វើ​ឡើង​ក្នុង​គោលបំណង​ដើម្បី​ឧទ្ទិស​កុសល​ដល់​វិញ្ញាណក្ខន្ធ​សត្វ​នរក ឬ​ប្រេត ដែល​រស់នៅ​ក្នុង​ស្ថាន​អបាយភូមិ​នោះ ឱ្យ​បាន​រួច​ផុត​ពី​ទុក្ខ​លំបាក​ផង​ដែរ ។

នៅ​ក្នុង​គម្ពីរ​មិ​លិ​ន្ទ​ប្បញ្ហា​បាន​បញ្ជាក់​ថា ប្រេត​មាន​៤​ពួក គឺ​ទី​១ ពួក​ប្រេត​ចិញ្ចឹមជីវិត​ដោយ​ខ្ទុះ​ឈា​.​ម ទី​២ ពួក​ប្រេត​ដែល​ស្គាល់​តែ​ទុក្ខវេទនា​ដោយ​ការ​ស្រេកឃ្លាន​ជា​និច្ច ទី​៣ ពួក​ប្រេត​ដែល​មាន​ភ្លើង​ឆេះ​ជា​និច្ច និង​ទី​៤ ពួក​ប្រេត​ដែល​ចិញ្ចឹមជីវិត​ដោយ​ផល​ទាន​ដែល​គេ​ឧទ្ទិស​ឱ្យ​។

ដូច្នេះ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ ដែល​ខ្មែរ​និយម​ប្រារព្ធ​ជា​រៀង​រាល់​ឆ្នាំ គឺ​ដើម្បី​ឧទ្ទិស​កុសល​ទៅ​ដល់​ពួក​ប្រេត​ទាំង​៤​ពួក​នេះ ដែល​ប្រេត​ទាំងនេះ​ចិញ្ចឹមជីវិត​ដោយ​ផល​ទាន​ដែល​គេ​ឧទ្ទិស​ឱ្យ​នេះឯង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ