ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាលាឧទ្ធរណ៍​ជំនុំជម្រះ​ករណី​ស្ត្រី​បឹង​កក់​៤​នាក់​ប្រមាថ​និង​ប្រឆាំង​រាជការ​សាធារណៈ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សាលាឧទ្ធរណ៍ កាលពី​ព្រឹក​ថ្ងៃ​ទី​១៥ ខែកុម្ភៈ បាន​បើក​សវនាការ​រឿង​ក្ដី​អ្នកស្រី ទេព វ​ន្នី តំណាង​សហគមន៍​បឹង​កក់ និង​ស្ត្រី​៣​នាក់​ទៀត​ក្រោម​បទ​ចោទ ពាក់ព័ន្ធ​ …

រាជធានី​ភ្នំពេញ ៖ សាលាឧទ្ធរណ៍ កាលពី​ព្រឹក​ថ្ងៃ​ទី​១៥ ខែកុម្ភៈ បាន​បើក​សវនាការ​រឿង​ក្ដី​អ្នកស្រី ទេព វ​ន្នី តំណាង​សហគមន៍​បឹង​កក់ និង​ស្ត្រី​៣​នាក់​ទៀត​ក្រោម​បទ​ចោទ ពាក់ព័ន្ធ​ករណី​ប្រមាថ​អ្នករាជការ​សាធារណៈ និង​ប្រឆាំង​នឹង​អ្នករាជការ​សាធារណៈ មាន​ស្ថាន​ទម្ងន់ទោស ។

សវនាការ​នេះ ដឹកនាំ​ដោយ​លោក ញូ​ង ធុ​ល អនុប្រធាន​សាលាឧទ្ធរណ៍ លោក ប៉ាក ច័ន្ទ​សំបូរ លោកស្រី យ៉េ​ត ម៉ូ​លី​ន ជា​ចៅក្រម​ប្រឹក្សា និង​លោក ស យស​ថាវរៈ ជា​តំណាង​មហាអយ្យការ ។ ក្នុង​ចំណោម​ជនជាប់ចោទ​៤​នាក់ មាន​តែ​អ្នកស្រី ទេព វ​ន្នី ម្នាក់​ប៉ុណ្ណោះ​ដែល​កំពុង​ជាប់​ពន្ធនាគារ រីឯ​ជន​ជាប់​៣​នាក់​ផ្សេង​ទៀត​រស់នៅ​ក្រៅ​ឃុំ ។

អ្នកស្រី ទេព វ​ន្នី បាន​និយាយ​ថា «​ពួក​ខ្ញុំ​មិន​អាច​ចូល​សវនាការ​ជាមួយ​តុលាការ​នេះ​បាន​ទេ ។ បាន​កាត់ទោស​ពួក​ខ្ញុំ​រង​ភាព​អយុត្តិធម៌​បែប​នេះ​ទេ ព្រោះ​ភាព​អយុត្តិធម៌​នេះ​ដែល​បង្ហាញ​ពី​ភាព​អសន្តិសុខ​ក្នុង​ប្រទេស ។ វា​មិន​ផ្តល់​សេចក្តី​យុត្តិធម៌​ដល់​ប្រជារាស្ត្រ​ខ្មែរ​និង​ប្រជាពលរដ្ឋ​ទេ ។ ក្នុង​នាម​ជា​ប្រជាពលរដ្ឋ​ខ្មែរ ត្រូវ​តែ​ទាមទារ​ឲ្យ​តុលាការ​ផ្តល់​កិត្តិយស​ដល់​ពួក​ខ្ញុំ​ទាំងអស់​គ្នា​» ។

គួរ​រំលឹក​ថា ស្ត្រី​បឹង​កក់​៤​នាក់​ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ប្រកាស​សាលក្រម​កាលពី​ព្រឹក​ថ្ងៃ​ទី​១៩ ខែកញ្ញា ឆ្នាំ​២០១៦ ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ក្នុង​ម្នាក់​ៗ៦​ខែ ដោយ​គ្មាន​ការ​ពិន័យ​ជា​ប្រាក់​នោះ​ទេ ។ លោក លី សុខ​លេង ចៅក្រម​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ផ្តន្ទាទោស​ឈ្មោះ ទេព វ​ន្នី ឈ្មោះ បូ ឆវី ឈ្មោះ គង់ ច​ន្ថា និង ឈ្មោះ ហេង មុំ  ។

ជនជាប់ចោទ​ទាំង​៤​នាក់​បាន​ឆ្លើយ​បដិសេធ​នា​ពេល​សវនាការ​ថា ពួក​គាត់​ទាំង​៤​នាក់​មិន​បាន​ប្រមាថ និង​ប្រឆាំង​អ្នករាជការ​សាធារណៈ​ទេ​កាលពី​ថ្ងៃ​នោះ ពួក​គាត់​គ្រាន់តែ​យក​ញត្តិ​មក​ដាក់​នៅ​សាលា​រាជធានី​ភ្នំពេញ​តែ​ប៉ុណ្ណោះ ។ ទោះជា​យ៉ាងណា លោក ញូ​ង ធុ​ល អនុប្រធាន​សាលាឧទ្ធរណ៍​បាន​សម្រេច​លើក​ពេល​ប្រកាស​សា​ដីការ​រឿង​ខាងលើ​នេះ​ទៅ​ព្រឹក​ថ្ងៃ​ទី​២៧ ខែកុម្ភៈ ឆ្នាំ​២០១៧ ខាង​មុខ​នេះ ។

តែ​ជនជាប់ចោទ​មិន​សុខចិត្ត​ចំពោះ​ការ​សម្រេច​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​ក៏​បាន​ដាក់​ពាក្យ​ប្តឹង​ឧទ្ធរណ៍​ប្រឆាំង​ការ​សម្រេច​នេះ ដែល​ស្ត្រី​ទាំង​៤​នាក់​អះអាង​ថា តុលាការ​សម្រេច​នេះ​មិន​យុត្តិធម៌​ចំពោះ​ពួក​គាត់​ទេ ។ ជនជាប់ចោទ​បាន​លើក​ឡើង​ថា ពួក​គាត់​មិន​បាន​ប្រព្រឹត្ត​ដូច​បទ​ចោទ​ទេ សូម​តុលាការ​ដោះ​លែង ។ នៅ​ខាងក្រៅ​តុលាការ​មាន​អ្នកគាំទ្រ​ជាង​១០​នាក់ បាន​ទាមទារ​ឲ្យ​តុលាការ​ដោះ​លែង​ជនជាប់ចោទ​ឲ្យ​មាន​សេរីភាព​វិញ ។

តុលាការ​បាន​រក​ឃើញ​ទោស​ថា ស្ត្រី​ជាប់ចោទ​ពី​បទ «​ប្រមាថ​អ្នករាជការ​សាធារណៈ និង​បទ​ប្រឆាំង​នឹង​អ្នករាជការ​សាធារណៈ មាន​ស្ថាន​ទម្ងន់ទោស​» តាម​មាត្រា​៥០២ និង​មាត្រា​៥០៤ នៃ​ក្រមព្រហ្មទណ្ឌ ប្រព្រឹត្ត​នៅ​មុខ​សាលា​រាជធានី​ភ្នំំ​ពេញ កាលពី​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១១ ដែល​ករណី​នេះ​សាលា​រាជធានី​ភ្នំពេញ ជាដើម​បណ្ដឹង ៕