ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភរិយា​ម្ចាស់ផ្ទះ​អះអាង​ថា ឧកញ៉ា​ម្នាក់​ប្រុង​ស៊ីដាច់​ផ្ទះ​ជួល​នៅ​សង្កាត់​ផ្សារ​ដេប៉ូ​១

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សំណុំរឿង​ក្តី​ស៊ីដាច់​ផ្ទះ​ជួល នៅ​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​១៥ កុម្ភៈ ២០១៧ មានការ​តវ៉ា​មួយ​នៅ​កន្លែង​លក់​ឡាន ស្ថិត​នៅ​ផ្លូវ​២០៦ សង្កាត់​ផ្សារ​ដេប៉ូ​១

រាជធានី​ភ្នំពេញ ៖ សំណុំរឿង​ក្តី​ស៊ីដាច់​ផ្ទះ​ជួល នៅ​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​១៥ កុម្ភៈ ២០១៧ មានការ​តវ៉ា​មួយ​នៅ​កន្លែង​លក់​ឡាន ស្ថិត​នៅ​ផ្លូវ​២០៦ សង្កាត់​ផ្សារ​ដេប៉ូ​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ដែល​ស្ត្រី​ម្នាក់​ជា​ប្រពន្ធ​ម្ចាស់ផ្ទះ​បាន​អះអាង​ថា គាត់​បាន​ឈ្នះក្តី​នៅ​តុលាការ ប៉ុន្តែ​បែប​ជា​មិន​បាន​ផ្ទះ​មក​វិញ នេះ​បើ​តាម​គេហទំព័រ​ក្នុងស្រុក​មួយ​បាន​ចុះ​ផ្សាយ ។

បើ​តាម​ស្ត្រី​ម្នាក់​ទៀត​ដែល​ជា​ប្អូនស្រី​របស់​សព​វរសេនីយ៍ឯក ស៊ឹ​ម សុផល លោក​ជា​ម្ចាស់ផ្ទះ​ជួល បាន​អះអាង​តាម​រយៈ​វី​ដេ​អូ​ផ្សាយ​ផ្ទាល់​បានអោយ​ដឹង​ថា ផ្ទះ​របស់​លោក​ស៊ឹ​ម សុផល បាន​ជួល​អោយ​ឈ្មួញ​ម្នាក់ ដែល​គេ​ស្គាល់​ងារ​ថា ជា​លោក​ឧកញ៉ា លឹ​ម ហុង ក្នុង​១​ខែ​បាន​៧០០​ដុល្លារ ហើយ​លោក ស៊ឹ​ម សុផល បាន​យក​ប្រាក់​ទាំងនោះ​ទៅ​ជួល​ផ្ទះ​តម្លៃ​ថោក​រស់នៅ​បន្ត សល់​ប្រាក់​ប៉ុន្មាន​ទុក​ចិញ្ចឹម​កូន​ទាំង​៦​នាក់​ក្នុង​បន្ទុក និង​មើលជំងឺ​ខ្លួន​ង​ង ។

យោង​តាម​ប្រភព​ពី​គេហទំព័រ​ដើម​អម្ពិល​បាន​ផ្សាយ​អោយ​ដឹង​ថា គួរ​ឲ្យ​អនិច្ចារ​ណាស់ អតីត​វរសេនីយ៍ឯក ស៊ឹ​ម សុផល នៃ​នាយកដ្ឋាន​ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ធ្វើ​អត្តឃាត​ដោយ​ខាំ​អណ្តាត​ស្លាប់​ក្នុង​មន្ទីរពេទ្យ ក្រោយ​ពី​កើតរឿង​ជួល​ផ្ទះ​ស៊ីដាច់ ។

ប្រភព​ដដែល​បន្ត​ថា រឿង​ក្តី​ជួល​ផ្ទះ​ស៊ីដាច់ បាន​អូស​បន្លាយ​អស់​រយៈពេល​១​ទសវត្សរ៍ គិត​ត្រឹម​ឆ្នាំ​២០១៧ នេះ ។ មក​ទល់​នឹង​ពេល​ក៏​ជា​ខួប​ឆ្នាំ​ទី​៧ (១២ មិថុនា ២០១០) ។​បើ​តាម​អ្នកស្រី ម៉ក់ ពៅ ភរិយា​លោក​វី​រៈ​សេនីយ៍​ឯក ស៊ឹ​ម សុផល បាន​ឲ្យ​ដឹង​ថា មរណភាព​របស់​លោក សុផល មិនមែន​ដោយសារ​ជម្ងឺ​រ៉ាំ​រៃ​ទេ តែ​ដោយសារ​ឈឺចិត្ត នឹង​វាសនា​ខ្លួន ដែល​ខំ​បំរើ​ជាតិ​តាំងពី​១៩៧៩ ប៉ុន្តែ​នៅ​ដែល​ធ្លាក់ខ្លួន បែរជា​គេ​លេចមុខ​ក្រុម​គូរ​កន លឹ​ម ហុង សូត្រ ស្រី​យ៉ា និង សៅ សុខ​ដែន រៀបចំ​គម្រោង​ទុរយស ស៊ីដាច់​ផ្ទះ​របស់​ខ្លួន ដែល​ជា​កេរ្តិ៍​អាករ​ចុង​ក្រោយ បន្សល់​ពី​ឆ្នាំ​១៩៧៩ ទៅ​វិញ ។

បើ​តាម​គម្រោង​នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែកុម្ភៈ ឆ្នាំ​២០១៧ នេះ លោកស្រី ពេ​ជ ម៉ា​រ៉ែ​ន ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ នឹង​ចុះ​ទៅ​វាស់វែង​ដី​ទំនាស់ ក្នុង​សំណុំរឿង​ព្រហ្មទណ្ឌ​លេខ​២២០ ចុះ​ថ្ងៃ​ទី​២០ ខែមករា ឆ្នាំ​២០១៥ របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​មាន​ទីតាំង​នៅផ្ទះ​លេខ​១៦៥​អឺ​០ ផ្លូវ​២១៥ កែង​ផ្លូវ​លេខ​២០៦ ក្រុម​៤៤ ភូមិ​១០ សង្កាត់​ផ្សារ​ដេប៉ូ​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។ ប៉ុន្តែ​លោកស្រី​ចុះ​ទៅ​បាន​ប្រហែល​១០​នាទី ក៏​បាត់​ចេញពី​កន្លែង​វាស់វែង ដោយ​ពុំ​ដឹង​មូលហេតុ​ឡើយ ។ តាម​រយៈ​ការ​ចុះ​វាស់វែង​នេះសង្ឃឹមថា តុលាការ​នឹង​រក​ការ​ពិត ជូន​ក្រុម​គ្រួសារ​រង​គ្រោះ ។

ទោះជា​យ៉ាងណា គិត​មក​ត្រឹម​រសៀល​ថ្ងៃ​ដដែល​នេះ កោះសន្តិភាព​នៅ​មិន​ទាន់​សុំ​ការ​បំភ្លឺ ពី​ភាគី​លោក លឹ​ម ហុង បាន​នៅឡើយ​ទេ ៕