ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចន្លោះ​ពេល​២០​នាទី ផ្ទះ​អ្នកក្រ​២​ខ្នង​ក្លាយជា​ផេះ​ផង់

7 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ សេចក្ដីរាយការណ៍​បាន​ឲ្យ​ដឹង​ថា អគ្គិភ័យ​បាន​បំផ្លាញ​លំនៅ​ឋាន​ប្រជា​កសិករ​អស់​ចំនួន​២​ខ្នង​ក្នុង​ចន្លោះ​ពេល​តែ​២០​នាទី​ប៉ុណ្ណោះ កាលពី​រសៀល​ថ្ងៃ​ទី​១៤ …

ខេត្តបាត់ដំបង ៖ សេចក្ដីរាយការណ៍​បាន​ឲ្យ​ដឹង​ថា អគ្គិភ័យ​បាន​បំផ្លាញ​លំនៅ​ឋាន​ប្រជា​កសិករ​អស់​ចំនួន​២​ខ្នង​ក្នុង​ចន្លោះ​ពេល​តែ​២០​នាទី​ប៉ុណ្ណោះ កាលពី​រសៀល​ថ្ងៃ​ទី​១៤ ខែកុម្ភ​: ឆ្នាំ​២០១៧ នៅ​ស្រុក​គាស់​ក្រឡ ប៉ុន្តែ​មិន​បណ្ដាល​ឲ្យ​គ្រោះថ្នាក់​មនុស្ស​ទេ ។

មន្ត្រី​កងរាជអាវុធហត្ថ​បាន​ឲ្យ​ដឹង​ថា លើក​ទី​១ អគ្គិភ័យ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១ និង​៣០​នាទី​រសៀល ថ្ងៃ​ទី​១៤ កុម្ភ​: នៅ​ភូមិ​រ៉ា ឃុំ​ធិ​បតី ស្រុក​គាស់​ក្រឡ បណ្ដាល​ឲ្យ​ឆេះ​ផ្ទះ​របស់​ឈ្មោះ សុខ នី ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ខូចខាត​ផ្ទះ​ទំហំ​៤​ម៉ែត្រ​គុណ​៥​ម៉ែត្រ ដែល​ធ្វើ​ពី​ឈើ ជញ្ជាំង​និង​ដំបូល​ប្រក់​ស្បូវ ។ មន្ត្រី​ដដែល​បន្ត​ថា កូន​ម្ចាស់ផ្ទះ​បាន​នាំ​គ្នា​លេង​ភ្លើង​ពេល​ឪពុក​ម្ដាយ​មិន​នៅ ទើប​បណ្ដាល​ឲ្យ​ឆេះ​ផ្ទះ​អស់​តែ​ម្ដង ។ សេចក្ដី​រាយ​កាណ៍​បញ្ជាក់​ថា អង្ករ​៥០​គីឡូក្រាម ស្រូវ​៨​បាវ ប្រាក់​២០​ម៉ឺន​រៀល និង​សម្ភារ​:​ជា​ច្រើន​ទៀត​ដែល​នៅ​ក្នុងផ្ទះ បាន​ក្លាយជា​ចំណី​ព្រះ​អគ្គី​ទាំងស្រុង ។

មន្ត្រី​កងរាជអាវុធហត្ថ​បាន​ឲ្យ​ដឹង​ទៀត​ថា ខណ​:​មនុស្ស​ជា​ច្រើន​កំពុង​ជួយ​អន្តរាគមន៍​ពន្លត់ភ្លើង​ដែល​ឆេះ​ផ្ទះ​ជន​រង​គ្រោះ​ខាងលើ​មិន​ទាន់​រលត់​ផង ស្រាប់តែ​អគ្គិភ័យ​បាន​កើតឡើង​មួយ​ករណី​ទៀត នៅ​ម៉ោង​១ និង​៥០​នាទី​រសៀល​ថ្ងៃ​ដដែល នៅ​ភូមិ​កុយ​វែង ឃុំ​ព្រះ​ផុស ស្រុក​គាស់​ក្រឡ បណ្ដាល​ឲ្យ​ឆេះ​ផ្ទះ​របស់​ឈ្មោះ ស៊ា ស៊ា​ន ភេទ​ប្រុស អាយុ​៥០​ឆ្នាំ ដោយ​ឆេះ​អស់ទាំង​ស្រុង​តែ​ម្ដង ។ លំនៅ​ឋាន​នេះ​ទំហំ​៣​ម៉ែត្រ​គុណ​៤​ម៉ែត្រ ធ្វើ​ពី​ឈើ​ប្រក់​ស្បូវ និង​ជញ្ជាំង​ស័ង្កសី ។ ហើយ​មូលហេតុ​ដែល​នាំ​ឲ្យ​មាន​អគ្គិភ័យ​នេះ គឺ​ដោយសារ​តែ​ភ្លើងចង្ក្រាន ដែល​ម្ចាស់​ដាំ​ស្ល​ហើយ​មិន​បាន​ពន្លត់ ទើប​បង្ក​ជា​អគ្គិភ័យ​ឆេះ​បំផ្លាញ​ផ្ទះ​អស់ទាំង​ស្រុង​តែ​ម្ដង ។ ចំណែក​សម្ភារ​:​ដែល​ខូចខាត​មាន កង់​២​គ្រឿង ចាន ឆ្នាំង និង​សម្ភារ​:​ទាំងអស់​ដែល​នៅ​ក្នុងផ្ទះ ។

សមត្ថកិច្ច​បញ្ជាក់​ថា លំនៅ​ឋាន​ប្រជា​កសិករ​ទាំង​២​ខ្នង​នេះ​សុទ្ធតែ​ស្ថិត​នៅ​តំបន់​ឆ្ងាយ​ដាច់​ស្រយាល ដែល​ពិបាក​ក្នុង​ការ​ជួយ​អន្តរាគមន៍ ដូច្នេះ​ហើយ​ទើប​មិន​អាច​ជួយ​សង្គ្រោះ​អ្វី​បាន ហើយ​ពេល​នេះ​អាជ្ញាធរ​កំពុង​ធ្វើ​របាយការណ៍​បញ្ជូន​ទៅ​ថ្នាក់លើ ស្នើ​សុំ​ជំនួយ​សង្គ្រោះ​បន្ទាន់​ហើយ ៕