ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​ឈើ​មួយ​ឡាន​នេះ​ពិតជា​លំបាក​មែន

7 ឆ្នាំ មុន

ខេត្តរតនគិរី ៖ យោង​តាម​បទបញ្ជា​របស់​លោក​ឧត្តមសេនីយ៍ត្រី គឹ​ម រស្មី មេបញ្ជាការ​អាវុធហត្ថ​ខេត្ត នៅ​វេលា​ម៉ោង​៦ និង​៣០​នាទី​យប់ ថ្ងៃ​ទី​១០ ខែកុម្ភៈ កន្លង​ទៅ​ …

ខេត្តរតនគិរី ៖ យោង​តាម​បទបញ្ជា​របស់​លោក​ឧត្តមសេនីយ៍ត្រី គឹ​ម រស្មី មេបញ្ជាការ​អាវុធហត្ថ​ខេត្ត នៅ​វេលា​ម៉ោង​៦ និង​៣០​នាទី​យប់ ថ្ងៃ​ទី​១០ ខែកុម្ភៈ កន្លង​ទៅ​កម្លាំង​អាវុធហត្ថ​ខេត្ត​១០​នាក់ មធ្យោបាយ​រថយន្ត​២​គ្រឿង​ដឹកនាំ​ដោយ​លោក​អនុសេនីយ៍ឯក សោម សុផល នាយការិយាល័យ​ព័ត៌មាន និង​សន្តិសុខ បាន​ជួប​រថយន្ត​១​គ្រឿង​ម៉ាក​ហ៊ី​ហ្វា​ច្នៃ ផ្ទុក​ឈើ​ចំនួន​៨​ដុំ​នៅ​ចំណុច​ភូមិ​សំ ឃុំ​យ៉ា​ទុង ស្រុក​អូ​រយ៉ា​ដាវ ដោយ​ម្ចាស់​រត់គេច​ខ្លួន​បាត់ ។

លោក​អនុសេនីយ៍ឯក សោម សុផល ប្រាប់​ថា បន្ទាប់​ពី​កម្លាំង​អាវុធហត្ថ​គ្រប់គ្រង​ស្ថាន​ការ​បង្ក្រាប​បាន​ហើយ នៅ​វេលា​ម៉ោង​១ និង​៤៥​នាទី​រសៀល ថ្ងៃ​ទី​១១ ខែកុម្ភៈ ដោយ​មាន​បទបញ្ជា​ពី​លោក​ឧត្តមសេនីយ៍ត្រី គឹ​ម រស្មី ឲ្យ​សហការ​ជាមួយ​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ស្រុក​អូ​រយ៉ា​ដាវ​ដឹក​ជញ្ជូន​ទៅ​ស្នាក់​ការ ។ ប៉ុន្តែ​ការ​នាំ​យក​វត្ថុ​តាង​មក​ដល់​ពាក់​កណ្តាលផ្លូវ ត្រង់​ចំណុច​ចន្លោះ​ភូមិ​សំ និង​ភូមិ​តេន រថយន្ត​ដឹក​បទល្មើស​ឈើ​នោះ​ដាច់​កង់​ក្រោយ ហើយ​កម្លាំង​បាន​ឈប់​ដើម្បី​ធ្វើការ​ជួសជុល​រហូត​ដល់​ម៉ោង​៦ និង​៣០​នាទី​ល្ងាច ស្រាប់តែ​មាន​ប្រជាពលរដ្ឋ​ជាង​៨០​នាក់​បាន​ស្ទាក់​កម្លាំង​អាវុធហត្ថ​មិន​ឲ្យ​ធ្វើការ​ជួសជុល​រថយន្ត និង​យក​សម្ភារៈ​គប់​ចោល ដោយ​ខ្លាច​ប្រឈម​ជាមួយ​ប្រជាពលរដ្ឋ ក៏​បាន​សុំ​យោបល់​លោក​មេបញ្ជាការ​ដក​កម្លាំង​ថយ​ពី​កន្លែង​កើតហេតុ ដើម្បី​រក​ដំណោះស្រាយ និង​សុំ​យោបល់​ថ្នាក់លើ ។ លុះដល់​ម៉ោង​៧ និង​៣០​នាទី​យប់​ថ្ងៃ​ដដែល​(​ថ្ងៃ​ទី​១១​កុម្ភៈ​) លោក​ឧត្តមសេនីយ៍ត្រី គឹ​ម រស្មី មេបញ្ជាការ​អាវុធហត្ថ​ខេត្ត​បាន​បញ្ជូន​កម្លាំង​បន្ថែមចំនួន​៣៥​នាក់ ក្នុង​នោះ​មាន​កម្លាំង​នគរបាល​១០​នាក់ រថយន្ត CMC១​គ្រឿង​, រថយន្ត​តូច​៥​គ្រឿង ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការ​រង និង​ជា​នាយសេនាធិការ​អាវុធហត្ថ​ខេត្ត បាន​ចុះ​ដល់​កន្លែង​កើតហេតុ តែ​ត្រូវ​ជនល្មើស​ទម្លាក់​ឈើ​ចោល និង​បើករថយន្ត​ដាច់​កង់​យក​ទៅ​លាក់ និង​ធ្វើការ​គេចខ្លួន​បាត់​អស់ ។

លោក​អនុសេនីយ៍ឯក សោម សុផល បញ្ជាក់​ថា បន្ទាប់​មក​កម្លាំង​បាន​ធ្វើការ​រុករក​ទើប​ប្រទះ​ឃើញ​រថយន្ត​ក្នុង​រណ្តៅ​ដែល​មាន​ចម្ងាយ​ប្រមាណ​៦​គីឡូម៉ែត្រ​ពី​កន្លែង​កើតហេតុ ។ លុះដល់​ថ្ងៃ​ទី​១២ ខែកុម្ភៈ ឆ្នាំ​២០១៧ កម្លាំង​ដែល​ចុះ​ប្រតិបត្តិការ​បាន​ធ្វើការ​សណ្តោង​រថយន្ត​ដឹក​បទល្មើស​ឈើ​ដាច់​កង់​នោះ​មក​រក្សា​ទុក​នៅ​ទីបញ្ជាការ​អាវុធហត្ថ​ខេត្តរតនគិរី រីឯ​ឈើ​មិន​ទាន់​ដឹក​ជញ្ជូន​មក​ទេ ដោយ​ខ្វះ​មធ្យោបាយ ៕