ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

6​ប្រធានបទ​សំខាន់​ៗ​នឹង​លើក​ឡើង​ក្នុង​កិច្ចប្រជុំ​កំពូល​ពាណិជ្ជកម្ម​អន្តរជាតិ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កិច្ចប្រជុំ​កំពូល​ពាណិជ្ជកម្ម​អន្តរជាតិ​លើក​ទី​២ ដែល​នឹង​ចាប់ផ្តើម​នៅ​ព្រឹក​ថ្ងៃ​ទី​១៥ កុម្ភៈ​នេះ នឹង​ផ្តោត​លើ​ប្រធានបទ​សំខាន់​ៗ​ចំនួន​៦ និង​រំពឹង​មាន​អ្នក​ធុរកិច្ច​ជាតិ អន្តរជាតិ​ធំ​ៗ​ចូលរួម​ប្រមាណ​៥០០​នាក់ ។

រាជធានី​ភ្នំពេញ ៖ កិច្ចប្រជុំ​កំពូល​ពាណិជ្ជកម្ម​អន្តរជាតិ​លើក​ទី​២ ដែល​នឹង​ចាប់ផ្តើម​នៅ​ព្រឹក​ថ្ងៃ​ទី​១៥ កុម្ភៈ​នេះ នឹង​ផ្តោត​លើ​ប្រធានបទ​សំខាន់​ៗ​ចំនួន​៦ និង​រំពឹង​មាន​អ្នក​ធុរកិច្ច​ជាតិ អន្តរជាតិ​ធំ​ៗ​ចូលរួម​ប្រមាណ​៥០០​នាក់ ។

កិច្ចប្រជុំ​នេះ​រៀបចំ​ដោយ​សភាពាណិជ្ជកម្ម​អន្តរជាតិ ដែល​លើក​ទី​១ ធ្វើ​ឡើង​កាលពី​ឆ្នាំ​២០១៤ ដោយ​មានការ​ចូលរួម​ជា​អធិបតី​ពី​សំណាក់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​កម្ពុជា ហើយ​លើក​នេះ សម្តេច​តេ​ជោ​នឹង​អញ្ជើញ​ចូលរួម​បើក​កិច្ចប្រជុំ​លើក​ទី​២ នៅ​ថ្ងៃ​ទី​១៥ កុម្ភៈ ផង​ដែរ ដែល​នឹង​រៀបចំ​ធ្វើ​ឡើង​នៅ​សណ្ឋាគារ​អាំង​ទែ​រ​កុង​ទី​ណ​ង់​តាល់។

លោក ប៊ុ​ន សីហៈ បុគ្គលិក​ផ្នែក​រដ្ឋបាល​នៃ​សភាពាណិជ្ជកម្ម​អន្តរជាតិ​នៃ​កម្ពុជា និយាយ​ថា អ្នក​ធុរកិច្ច​ជាតិ អន្តរជាតិ​មក​ពី​ជុំវិញ​ពិភពលោក នឹង​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​ពាណិជ្ជកម្ម​អន្តរជាតិ ប្រមាណ​៥០០​នាក់ ។​

លោក​បន្ត​ថា ៖ « កិច្ចប្រជុំ​នេះ​មាន​ផលប្រយោជន៍​យ៉ាងច្រើន​ដល់​កម្ពុជា ព្រោះ​វា​នឹង​ទាក់ទាញ​អ្នក​វិនិយោគ​អន្តរជាតិ​កាន់តែ​ច្រើន អាច​ចាប់​យក​កាលានុវត្តន៍​ភាព​ដើម្បី​វិនិ​យោគ​​នៅ​កម្ពុជា ។ តាម​ធម្មតា កិច្ចប្រជុំ​នេះ​រៀបចំ​ធ្វើ​ឡើង​រៀង​រាល់​ពីរ​ឆ្នាំ​ម្តង ដែល​រៀបចំ​ដោយ​សភាពាណិជ្ជកម្ម​អន្តរជាតិ​នៃ​កម្ពុជា និង​សហការ​ឧបត្ថម្ភ​ដោយ​ដៃគូ​ផ្នែក​ឯក​ជន​ដទៃ​ទៀត » ។

ប្រធានបទ​សំខាន់​ៗ​ចំនួន​៦ នឹង​ត្រូវ​លើក​ឡើង​នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​ពាណិជ្ជកម្ម​នេះ រួម​មាន បដិសណ្ឋារកិច្ច​និង​ភេសជ្ជៈ និង​ម្ហូបអាហារ កសិកម្ម ការ​អប់រំ ហេដ្ឋារចនាសម្ព័ន្ធ ព័ត៌មានវិទ្យា និង​ប្រព័ន្ធ​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា ច្បាប់ ពន្ធ អភិបាលកិច្ច និង​កសិកម្ម ។

កិច្ចប្រជុំ​នេះ​រៀបចំ និង​សម្របសម្រួល​ដោយ​លោក BRETTON .G SCIARONI ប្រធាន​សភាពាណិជ្ជកម្ម​អន្តរជាតិ​នៃ​កម្ពុជា ។

លោក​បណ្ឌិត ម៉ី កល្យាណ ទីប្រឹក្សា​ឧត្តម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ ថ្លែង​ថា ការ​រៀបចំ​កិច្ចប្រជុំ​បែប​នេះ ពិតជា​មាន​ផលប្រយោជន៍ ដើម្បី​ទាក់ទាញ​អ្នក​ធុរកិច្ច​មក​វិនិយោគ​នៅ​កម្ពុជា ដែល​ពួក​គេ​ភាគច្រើន​មិន​ស្គាល់​កម្ពុជា​នោះ​ទេ ។ ដូច្នេះ ការ​រៀបចំ​កិច្ចប្រជុំ​នេះ នឹង​ជា​វេទិកា​មួយ​ផ្សព្វផ្សាយ​ព័ត៌មាន​ពី​កម្ពុជា​ទៅ​កាន់​ពិភពលោក ហើយ​វេទិកា​បែប​នេះ គួរ​រៀបចំ​ជា​រៀង​រហូត ព្រោះ​ពេល​ពួក​គេ​ទទួល​បាន​ព័ត៌មាន​ល្អ​ៗ​ពី​កម្ពុជា ពួក​គេ​នឹង​មក​វិនិយោគ​បន្ត​ទៀត ។

លោក​បន្ត​ថា ៖ « បើសិនជា​វេទិកា​បែប​នេះ​រៀបចំ​មិន​បាន​ល្អ អ្នកចូលរួម​ព្រឹត្តិការណ៍​នេះ​អាច​រាងចាល​មិន​ត្រឡប់​មក​វិញ​ម្តងទៀត​ទេ​។ ដូច្នេះ យើង​ត្រូវ​ប្រើប្រាស់​ទ្រឹស្តី​អតីត​ប្រធានាធិបតី លី ក្វា​ន់​យូ ដែល​លើក​ឡើង​ថា ឲ្យ​យើង​ខិតខំ​ថែរក្សា​អ្នក​វិនិយោគ​មក​រួច​ហើយ ហើយ​ត្រូវ​ទាក់ទាញ​អ្នក​ថ្មី​មក​បន្ថែម​ទៀត » ។

ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី លោក អិុ​ន ចាន់​នី ថ្លែង​ថា ការ​រៀបចំ​វេទិកា​ធំ​ៗ​បែប​នេះ ជា​ឱកាស​សម្រាប់​បង្ហាញ​វិនិយោគិន​ពី​បរិយាកាស​វិនិយោគ ប្រព័ន្ធ​ច្បាប់​របស់​កម្ពុជា និង​ផ្តល់​ព័ត៌មាន​នានា​ដល់​វិនិយោគិន ដើម្បី​ឲ្យ​ពួក​គេ​ទទួល​បាន​ព័ត៌មាន អាច​បង្ហាញ​ពី​ព័ត៌មាន​ទាក់ទង​នឹង​តំបន់​សេដ្ឋកិច្ច​ពិសេស និង​កម្ពុជា​រៀបចំ​ធ្វើ​ជា​ម្ចាស់ផ្ទះ​វេទិកា​ធុរកិច្ច​ពិភពលោក​ជាដើម ។

លោក​បន្ត​ថា ៖ « ប្រ​សិន ជា​មិន​មានការ​រៀបចំ​កិច្ចប្រជុំ​បែប​នេះ​ទេ អ្នក​វិនិយោគ​គាត់​ពិបាក​រក​ព័ត៌មាន​ពី​កម្ពុជា ប៉ុន្តែ​តាម​រយៈ​វេទិកា​នេះ ពួក​គេ​អាច​ទទួល​បាន​ព័ត៌មាន ហើយ​បើ​ពួក​គេ​ចាប់អារម្មណ៍ ពួក​គេ​នឹង​សម្រេចចិត្ត​វិនិយោគ​នៅ​កម្ពុជា ។ នៅ​ពេល​អ្នក​វិនិយោគ​មក​វិនិយោគ​នៅ​កម្ពុជា ពួក​គេ​អាច​ផ្តល់​ចំណូល​ដោយ​ផ្ទាល់​ដល់​រាជរដ្ឋាភិបាល តាម​រយៈ​ការ​បង់ពន្ធ និង​ផ្តល់​ការងារ​ជា​ច្រើន​ដល់​ប្រជាពលរដ្ឋ » ៕