ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃុំខ្លួន​នាង​ហ្គិ​ច​រឿង​បើករថយន្ត​បង្ក​គ្រោះថ្នាក់

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ តំណាង​អយ្យការ​សាលាដំបូង​រាជធានី​កាលពី​ព្រឹក​ថ្ងៃ​ទី​១៤ កុម្ភ​: ២០១៧ បាន​ធ្វើការ​ចោទប្រកាន់​ស្ត្រី​ឈ្មោះ ហេង ហ្គិ​ច ហៅ​កែវ រតនៈ អាយុ​៣៦​ឆ្នាំ

រាជធានី​ភ្នំពេញ ៖ តំណាង​អយ្យការ​សាលាដំបូង​រាជធានី​កាលពី​ព្រឹក​ថ្ងៃ​ទី​១៤ កុម្ភ​: ២០១៧ បាន​ធ្វើការ​ចោទប្រកាន់​ស្ត្រី​ឈ្មោះ ហេង ហ្គិ​ច ហៅ​កែវ រតនៈ អាយុ​៣៦​ឆ្នាំ ជា​ផ្លូវការ​ពី​បទ​ការ​បើកបរ​ធ្វេស​ប្រហែល ខ្វះ​ការ​ប្រុង​ប្រយ័ត្ន បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឱ្យ​រង​របួស​ធ្ងន់ធ្ងរ​ដល់​អ្នក​ដ៏​ទៃ តាម​មាត្រា​៨៣ ច្បាប់​ស្តី​ពី​ចរាចរណ៍​ផ្លូវគោក ។

ក្រោយ​ពី​តំណាង​អយ្យការ​ធ្វើការ​ចោទប្រកាន់​ជា​ផ្លូវការ​ហើយ សំណុំ​រេ​ឿ​ង​នេះ​ត្រូវ​បាន​ចាត់​បញ្ជូន​ទៅ​ចៅក្រម​ស៊ើ​ប​សួរ​គឺ​លោក កោ វ​ណ្ឌី អនុប្រធាន​សាលាដំបូង ដើម្បី​សម្រេច​ឃុំខ្លួន ឬ​មិន​ឃុំខ្លួន​ជា​ឆន្ទានុសិទ្ធិ​របស់​លោក​ចៅក្រម ។ រសៀល​ថ្ងៃ​ដដែល​នេះ លោក កោ វ​ណ្ឌី ចៅក្រម​ស៊ើប​សួរ​បាន​សម្រេច​ឃុំខ្លួន​នាង ហ្គិ​ច ដាក់​ពន្ធនាគារ​ព្រៃ​ស​ជា​បណ្តោះអាសន្ន ។

កាលពី​រសៀល​ថ្ងៃ​ទី​១៣ ខែកុម្ភៈ ឆ្នាំ​២០១៧ លោក សៀង សុខ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ឃាត់ខ្លួន​នាង​ហ្គិ​ច ដោយ​បញ្ជូន​ទៅ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ដើម្បី​ចាត់ការ​បន្ត ។

គួរ​រំលឹក​ថា មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​ធ្វើ​ឱ្យ​ប្អូនប្រុស​បង្កើត​របស់​លោក ដាំ សិទ្ធ តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​របួសធ្ងន់ ហើយ​ជន​ដែល​បើករថយន្ត​បុក​បាន​រត់គេច​ខ្លួន កាលពី​យប់​ថ្ងៃ​ទី​៩ ខែធ្នូ ឆ្នាំ​២០១៦ ។

មុន​កើតហេតុ យុវជន​រង​គ្រោះ​ឈ្មោះ មាស សុ​វុ​ទ្ធី អាយុ​២៧​ឆ្នាំ បាន​ឈប់​អង្គុយ​លើ​ម៉ូតូ​ម៉ាក​ ZOOMER-X ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ ភ្នំពេញ​1FJ-5711 លើ​ចិញ្ចើម​ផ្លូវ​លេខ​៦០៨ ត្រង់​ចំណុច​មុខ​ហាង​សមុទ្រ​កំពត ក្នុង​សង្កាត់​បឹង​កក់ ខណ្ឌទួលគោក ស្រាប់តែ​មាន​រថយន្ត​មួយ​គ្រឿង​ម៉ាក LEXUS-570 ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ​ភ្នំពេញ​AK-7999 បើកបរ​ពី​លិចទៅ​កើត​ដោយ​បើក​បញ្ច្រាសទិស​ទៅ​បុក​តែ​ម្តង បណ្ដាល​ឱ្យ​រង​របួសធ្ងន់ ។

ក្រោយ​ហេតុការណ៍​នេះ ជន​បង្ក​បាន​រត់គេច​ខ្លួន ។ ប្រភព​ព័ត៌មាន​ពី​នគរបាល​ចរាចរណ៍​រាជធានី​ភ្នំពេញ បានឱ្យ​ដឹង​ថា​នៅ​ដំណាក់កាល​សមត្ថកិច្ច ជន​បង្ក​និង​ក្រុម​គ្រួសារ​ជន​រង​គ្រោះ បាន​ជួប​ចរចា​គ្នា ដោយ​ក្រុម​ជន​រង​គ្រោះ​ទាមទារ​សំណង​ជំងឺ​ចិត្ត​ចំនួន​១១​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ។ ប៉ុន្តែ​ភាគី​ជន​បង្ក​មាន​លទ្ធភាព​ត្រឹម​៥០០០​ដុល្លារ​អា​មេ​រិ​ក​ប៉ុណ្ណោះ ។ ដោយសារ​ការ​ចរចា​ពីរ​លើក​មិន​ត្រូវរ៉ូវ​គ្នា សំណុំរឿង​នេះ​ត្រូវ​បាន​បញ្ជូន​មក​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​បន្ត​នីតិវិធី ។

ពាក់ព័ន្ធ​ករណី​នេះ ក្រុម​អ្នក​ច្បាប់​អះអាង​ថា ជន​បង្ក​អាច​ប្រឈម​នឹង​ការ​ចោទប្រកាន់​ចំនួន​២​បទល្មើស គឺ​បទ​ព្រហ្មទណ្ឌ​ក្នុង​ការ​បើករថយន្ត​ទៅ​បុក​ជន​រង​គ្រោះ​ដែល​អង្គុយ​លើ​ម៉ូតូ​នៅ​លើ​ចិញ្ចើម​ផ្លូវ និង​បទ​ប៉ុនប៉ង​ធ្វើ​មនុស្សឃាតក​ព្រោះ ពេល​ថយ​រថយន្ត​ប៉ុនប៉ង​កិន​មិត្តភក្តិ​ជន​រង​គ្រោះ ដែល​តាម​ថត​ផ្លា​ក​លេខ​រថយន្ត​ក្រោយ​ពេល​កើតហេតុ ។
លោក ដាំ សិទ្ធ ស្នើ​ដល់​តុលាការ​ចាត់វិធានការ​ទៅ​លើ​ជន​បង្ក​ឈ្មោះ ហេង ហ្គិ​ច ហៅ​កែវ រតនៈ តាម​ច្បាប់ ព្រោះ​ជន​នេះ​ក៏​ធ្លាប់​មាន​ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​នានា​ពេល​កន្លង​មក​ផង​ដែរ ។

សម្រាប់​នាង​ហ្គិ​ច ដែល​កន្លង​មក​គេ​តែង​ហៅ​ថា​លោក​ជំទាវ កែវ រតនៈ នោះ​គឺជា​ស្ត្រី​ជើង​ខ្លាំង​ម្នាក់ ដែល​ខ្លះ​ហៅ​ថា​ស្ត្រី​ទំនើង​ដោយសារ​សកម្មភាព​បាញ់បោះ​កាលពី​ប៉ុន្មាន​ឆ្នាំ​មុន​នេះ ក៏​ត្រូវ​បាន​ចាប់ខ្លួន​និង​ឃុំខ្លួន​នៅ​ពន្ធនាគារ​ព្រៃ​ស ។ រឿងរ៉ាវ​ពេល​នោះ​ល្បី​ខ្លាំង​ណាស់​នៅ​ក្នុង​រាជធានី​ភ្នំពេញ ៕