ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតិថិជន​តវ៉ា​ប្រឆាំង​ក្រុមហ៊ុន​លក់​សំបុត្រ​យន្តហោះ​ឆបោក

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កម្លាំង​សមត្ថកិច្ច​នៃ​កងរាជអាវុធហត្ថ​រាជធានី សហការ​ជាមួយ​កម្លាំង​អាវុធហត្ថ​ខណ្ឌ​៧​មក​រា កាលពី​ម៉ោង​៨​និង​៣០​នាទី​យប់ ថ្ងៃ​ទី​១៣ កុម្ភៈ

រាជធានី​ភ្នំពេញ ៖ កម្លាំង​សមត្ថកិច្ច​នៃ​កងរាជអាវុធហត្ថ​រាជធានី សហការ​ជាមួយ​កម្លាំង​អាវុធហត្ថ​ខណ្ឌ​៧​មក​រា កាលពី​ម៉ោង​៨​និង​៣០​នាទី​យប់ ថ្ងៃ​ទី​១៣ កុម្ភៈ បាន​ធ្វើការ​ឃាត់ខ្លួន​នាយិកា​ក្រុមហ៊ុន ស្រី​រ័​ត្ន ទេសចរណ៍​អន្តរជាតិ នៅ​ចំណុច​ផ្ទះ​លេខ​១៧E0 ផ្លូវ​លេខ​១២៨ សង្កាត់​មិត្តភាព ខណ្ឌ​៧​មក​រា ដែល​បាន​ធ្វើ​ឡើង​តាម​ពាក្យបណ្តឹង​របស់​អតិថិជន​ប្រមាណ​៤០​នាក់ ដែល​បាន​ទៅ​តវ៉ា​នៅ​មុខ​ក្រុមហ៊ុន ដោយ​ចោទប្រកាន់​ថា ក្រុមហ៊ុន​បោកប្រាស់​លក់​សំបុត្រ​យន្តហោះ​តែ​អត់​មាន​កៅអីអង្គុយ ។

នាយិកា​ឈ្មោះ រស់ សុធី​រ័​ត្ន អាយុ​៣៥​ឆ្នាំ ស្នាក់​នៅ​អា​ស័​យ​ដ្ឋា​ន​ដែល​ជា​កន្លែង​ឃាត់ខ្លួន​ខាងលើ​នេះ​តែ​ម្តង ។ ដើមចម នៃ​ការ​ឃាត់ខ្លួន​នាយិកា​ក្រុមហ៊ុន​នេះ ត្រូវ​បាន​មន្ត្រី​កងរាជអាវុធហត្ថ​ឲ្យ​ដឹង​ថា កន្លង​ទៅ​មាន​អតិថិជន​ច្រើន​នាក់ បាន​យក​ប្រាក់​ទៅ​កក់​ក្រុមហ៊ុន​ទេសចរណ៍​អន្តរជាតិ​នេះ ដើម្បី​ទិញ​សំបុត្រ​យន្តហោះ ធ្វើ​ដំណើរ​ទៅ​ក្រៅប្រទេស ហើយ​ខាង​ក្រុមហ៊ុន​បាន​សន្យា​ជាមួយ​អតិថិជន​ថា នឹង​ប្រគល់​សំបុត្រ​យន្តហោះ​ឲ្យ​ទៅ​អតិថិជន​តាម​ថ្ងៃ​កំណត់ ។

លុះដល់​ថ្ងៃ​កំណត់​ត្រូវធ្វើ​ដំណើរ​ទៅ​ទេសចរណ៍​នៅ​ក្រៅប្រទេស ស្រាប់តែ​ក្រុមហ៊ុន​មិន​បាន​ប្រគល់​សំបុត្រ​យន្តហោះ​ឲ្យ​អតិថិជន​ទៅ​វិញ ។ មន្ត្រី​កងរាជអាវុធហត្ថ​បន្ត​ថា មាន​អតិថិជន​ខ្លះ​ត្រូវ​ក្រុមហ៊ុន​ប្រគល់​សំបុត្រ​យន្តហោះ​ឲ្យ​ដល់​ដៃ​ហើយ ប៉ុន្តែ​នៅ​ពេល​ដល់​ម៉ោង​ត្រូវ​ឡើង​យន្តហោះ ស្រាប់តែ​ទៅ​ដល់​ព្រ​លាន​ត្រូវ​បាន​មន្ត្រី​អាកាសយានដ្ឋាន​បញ្ជាក់​ថា សំបុត្រ​នោះ​មិន​មាន​កន្លែង​អង្គុយ​ទេ ពោល​គឺ មាន​គេ​ទិញ​បាត់​ហើយ ។ ដូច្នោះ​អតិថិជន​បង្ខំចិត្ត​ត្រូវ​ទិញ​សំបុត្រ​ថ្មី​នៅ​ព្រ​លាន​យន្តហោះ​ក្នុង​តម្លៃ​ខ្ពស់ ធ្វើ​យ៉ាងណា​ឲ្យ​ខាង​តែ​បាន​ឡើង​យន្តហោះ ព្រោះ​ដល់​ថ្ងៃ​ត្រូវ​ចេញដំណើរ ។

ដោយសារ​តែ​មាន​បាតុភាព​កើតឡើង​ញឹកញាប់​យ៉ាង​ដូច្នេះ អតិថិជន​បាន​ទៅ​ទាមទារ​យក​ប្រាក់​កក់​ពី​ក្រុមហ៊ុន​នោះ​វិញ ម្តង​ហើយ​ម្តងទៀត ដោយសារ​តែ​នាយិកា​ក្រុមហ៊ុន​សំដី​ផ្អែម​ត្រជាក់ តែ​គេចវេស​មិន​ព្រម​សង​ប្រាក់​កក់​ឲ្យ​ទៅ​អតិថិជន​វិញ​ទេ បានជា​នៅ​ថ្ងៃ​ទី​១៣ កុម្ភៈ អតិថិជន​ប្រមាណ​៤០​នាក់ បាន​នាំ​គ្នា​ប្រមូលផ្តុំ​ទៅ​តវ៉ា​នៅ​មុខ​ទីស្នាក់ការ​ក្រុមហ៊ុន ដោយ​ភ្ជា​ក់​នូវ​ពាក្យបណ្តឹង​រឿង​ៗ​ខ្លួន​ទៅ​ជាមួយ​ផង ។

មន្ត្រី​ដដែល​និយាយ​ថា ដោយសារ​បណ្តឹង​នេះ​ហើយ ជា​ហេតុ​ធ្វើ​ឲ្យ​សមត្ថកិច្ច​កងរាជអាវុធហត្ថ​សម្រេច​ឃាត់ខ្លួន​ស្រី្ត​ជា​នាយិកា​ក្រុមហ៊ុន​ឈ្មោះ រស់ សុធី​រ័​ត្ន ទៅ​កាន់​ទីបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើការ​សាកសួរ និង​ដោះស្រាយ​លើ​ពាក្យបណ្តឹង​របស់​ជន​រង​គ្រោះ​ដែល​ជា​អតិថិជន ត្រូវ​ក្រុមហ៊ុន ស្រី​រ័​ត្ន ទេសចរណ៍​អន្តរជាតិ​រំលោភ​លើ​ទំនុកចិត្ត ៕