ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ល្ងាច​មិ​ញ ! រថយន្ត​៣​គ្រឿង​បុក​បន្តកន្ទុយ​គ្នា

7 ឆ្នាំ មុន

ខេត្តកំពង់ស្ពឺ ៖ គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​ដោយ​រថយន្ត​បុក​បន្តកន្ទុយ​គ្នា​ដល់​ទៅ​៣​គ្រឿង តែ​សំណាងល្អ​អ្នកបើកបរ និង​អ្នក​រួម​ដំណើរ​មិន​មាន​គ្រោះថ្នាក់​ …

ខេត្តកំពង់ស្ពឺ ៖ គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​ដោយ​រថយន្ត​បុក​បន្តកន្ទុយ​គ្នា​ដល់​ទៅ​៣​គ្រឿង តែ​សំណាងល្អ​អ្នកបើកបរ និង​អ្នក​រួម​ដំណើរ​មិន​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​ឡើយ គ្រាន់តែ​រង​របួសស្រាល​ប៉ុណ្ណោះ ។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​កើតឡើង​កាលពី​វេ​លង​៦ និង​៤០​នាទី​ល្ងាច នៅ​ថ្ងៃ​ទី​១៤ ខែកុម្ភៈ ឆ្នាំ​២០១៧ តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ​លេខ​៧៤-៧៥ ត្រង់​ចំណុច​កូន​ត្រុំ ស្ថិត​ក្នុង​ឃុំ​អូរ ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

ប្រភព​ពី​សាក្សី​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ស្រុក​ភ្នំស្រួច ដឹង​ថា មុន​ពេល​កើតហេតុ​គេ​បានឃើញ​រថយន្ត​ម៉ាក​កាម​រី ហើម ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ បាត់ដំបង 2A-3405 បើក​ពី​លិចទៅ​កើត បាន​បុក​គ្នា​ជាមួយ​រថយន្ត​ម៉ាក​សាំង​យ៉ុ​ង ពណ៌​ខៀវ គ្មាន​ស្លាក​លេខ បើក​ពី​កើត​ទៅ​លិច (​បញ្ច្រាសទិស​គ្នា​) បណ្តាល​ឲ្យ​អ្នក​រួម​ដំណើរ​៣​នាក់​រង​របួសស្រាល តែ​មិន​ប៉ះពាល់​ដល់​អាយុជីវិត​ឡើយ ។

ប្រភព​បន្ត​ថា ពេល​កំពុង​កើតហេតុ ស្រាប់តែ​រថយន្ត​១​គ្រឿង​ទៀត ម៉ាក​នី​សាន់ ឌី​សែ​ល (NISSAN DIESEL) ពណ៌​ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ 3D-0129 បើក​ពី​ខាង​លិចទៅ​ទិស​កើត បាន​មក​បុក​រថយន្ត​កាម​រី​ហើម​ពីក្រោយ​ទៀត បណ្តាល​ឲ្យ​រថយន្ត​រង​ការ​ខូចខាត​មធ្យម តែ​មិន​បណ្តាល​រងគ្រោះថ្នាក់​ដល់​អាយុជីវិត​មនុស្ស​ឡើយ ។

សម​ត្ថ​កិ​ច្ច​បាន​ឲ្យ​ដឹង​ថា អ្នកបើកបរ​រថយន្ត​កាម​រី​ហើម​ឈ្មោះ ផុ​ន សុខុម ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ រស់នៅ​ភូមិ​ទី​៦ ឃុំ​ត្រែង​ត្រ​យឹ​ង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ ចំណែក​អ្នក​បើករថយន្ត ម៉ាក​សាំង​យ៉ុ​ង ឈ្មោះ វ៉ា​ន សា​វ៉ុ​ន ភេទ​ប្រុស អាយុ​៣០​ឆ្នាំ រស់នៅ​ភូមិ​ខ្លុង​លើ ឃុំ​ស្រែអំបិល ស្រុកស្រែ​អំបិល ខេត្តកោះកុង ។ ដោយឡែក​អ្នក​រួម​ដំណើរ​៣​នាក់ មាន ១- ឈ្មោះ ខាត់ ច​ន្ថ ភេទ​ស្រី អាយុ​២៣​ឆ្នាំ រស់នៅ​ភូមិ​អូរ​កូន​ត្រុំ ឃុំ​ត្រែង​ត្រ​យឹ​ង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ របួសស្រាល​, ២-​ឈ្មោះ ស៊ន បេន ភេទ​ប្រុស អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ​អូរ​កូន​ត្រុំ ឃុំ​ត្រែង​ត្រ​យឹ​ង ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ របួសស្រាល និង ៣-​ឈ្មោះ វ៉​ន សា​វ៉​ន ភេទ​ប្រុស អាយុ​២៨​ឆ្នាំ រស់នៅ​ភូមិ​ខ្លុង​លើ ស្រុកស្រែ​អំបិល ខេត្តកោះកុង របួសស្រាល ។ រីឯ​អ្នក​បើករថយន្ត​ម៉ាក​នី​សាន់ ឌី​សែ​ល មិន​ត្រូវ​បាន​ស្គាល់ឈ្មោះ និង​ទីលំនៅ​ឡើយ ក្រោយ​ពេល​កើតហេតុ បាន​ចុះ​រត់គេច​ខ្លួន​បាត់ ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​បាន​ចុះ​ធ្វើ​កំណត់ហេតុ​វាស់វែង និង​បាន​បញ្ជូន​អ្នក​រង​របួស​ទៅ​កាន់​មន្ទីរពេទ្យ ដោយឡែក​វត្ថុ​តាង​ត្រូវ​បាន​នាំ​ទៅ​រក្សា​ទុក​នៅ​អធិការ​ដា្ឋ​ន​នគរបាល​ស្រុក រង់ចាំ​ភាគី​ពាក់ព័ន្ធ​ទាំង​៣​ចូលខ្លួន​មក​ដោះស្រាយ​គ្នា​ដោយ​សន្តិវិធី ៕