រាជធានីភ្នំពេញ ៖ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (កូយកា) និងក្រសួងសាធារណការ និងដឹកជញ្ជូន (MPWT) បានរៀបចំសិក្ខាសាលាបញ្ចប់គម្រោងស្តីពី «គម្រោងសិក្សាសមិទ្ធលទ្ធភាពលើការធ្វើឲ្យប្រសើរឡើងនៃផ្លូវទឹក សម្រាប់ការអភិវឌ្ឍភ័ស្តុភារកម្មកំពង់ផែនៅក្នុងប្រទេសកម្ពុជា» កាលពីថ្ងៃទី១៣ ខែកុម្ភៈ នៅសណ្ឋាគារសាន់វេ ក្នុងគោលបំណងធ្វើបទបង្ហាញពីរបាយការណ៍ចុងក្រោយនៃគម្រោងនេះ និងដើម្បីចែករំលែកព័ត៌មានជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន ក៏ដូចជាក្រសួង និងស្ថាប័នពាក់ព័ន្ធនានា ។
សិក្ខាសាលានេះ ប្រារព្ធធ្វើក្រោមអធិបតីភាពលោក អ៊ាង វ៉េងស៊ុន អនុរដ្ឋលេខាធិការក្រសួងសាធារណការនិងដឹកជញ្ជូន និងលោក ចុង យុនហ្គៀល (Mr. Jeong Yun Gil) ប្រធានតំណាងកូយកាប្រចាំកម្ពុជា ដោយមានការចូលរួមពីគណៈប្រតិភូរបស់កូយកា និងមន្ត្រីរាជរដ្ឋាភិបាលមួយចំនួនទៀត មកពីក្រសួងបរិស្ថាន ក្រសួងរ៉ែនិងថាមពល ក្រសួងធនធានទឹកនិងឧតុនិយម ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ និងគណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា ។
ក្នុងសិក្ខាសាលានេះ ព័ត៌មានពីគ្រប់ជ្រុងជ្រោយដែលទាក់ទងទៅនឹងសមិទ្ធផលរបស់គម្រោង ត្រូវបានធ្វើបទបង្ហាញដោយក្រុមអ្នកពិគ្រោះយោបល់ Hyein E & C ដូចជា ការវិភាគភ័ស្តុភារកម្មលទ្ធផលនៃការសិក្សាវាស់ជម្រៅទឹក ការរចនាផ្លូវទឹក ការសិក្សាផ្លូវនាវាចរណ៍ និងលទ្ធផលនៃការបណ្តុះបណ្តាលក្នុងប្រទេសកូរ៉េ ។
សិក្ខាសាលានេះ នឹងបង្ហាញពីសមិទ្ធផលនៃការអនុវត្តគម្រោងនេះមានដូចជា ការបណ្តុះបណ្តាលនិងការកសាងសមត្ថភាពមន្ត្រីថ្នាក់គ្រប់គ្រង និងបុគ្គលិកបច្ចេកទេសសម្រាប់ភ័ស្តុភារកម្មកំពង់ផែ និងការកែលម្អផ្លូវទឹក ការអង្កេតសណ្ឋានដី និងការវាស់ជម្រៅទឹកពីភ្នំពេញទៅខេត្តក្រចេះ (២១៥គីឡូម៉ែត្រ) ការសិក្សាភ័ស្តុភារកម្ម (ការព្យាករទំហំទំនិញ) ផែនការអភិវឌ្ឍន៍ផ្លូវទឹក និងការរចនាមូលដ្ឋានគ្រឹះនៃផ្លូវទឹក ។
ថ្លែងនាឱកាសនោះ លោកអនុរដ្ឋលេខាធិការ អ៊ាង វ៉េងស៊ុន បានលើកឡើងថា ៖ «យើងគ្រោងនឹងវិនិយោគបន្ថែមចំនួន១២ប៊ីលានដុល្លារ ក្នុងរយៈពេល១០ឆ្នាំខាងមុខ ទៅលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ។ ទោះបីជាយ៉ាងណា ការផ្ដល់ហិរញ្ញប្បទានសម្រាប់ការអភិវឌ្ឍនេះ គឺជាចំណុចសំខាន់មួយដែលរាជរដ្ឋាភិបាលកំពុងជួបបញ្ហាប្រឈម ។យើងបាននិងកំពុងស្វែងរកការគាំទ្រពីដៃគូអភិវឌ្ឍន៍នានា ជាពិសេសទីភ្នាក់ងារ KOICA និងវិស័យឯកជននានា ដើម្បីជួយផ្ដល់ហិរញ្ញប្បទានក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនេះ ជាមួយគោលដៅដើម្បីធ្វើឲ្យប្រសើរឡើងនូវទំនាក់ទំនងទាំងក្នុងប្រទេសកម្ពុជា និងប្រទេសជិតខាងរបស់យើងក្នុងសហគមន៍សេដ្ឋកិច្ចអាស៊ាន» ។
លោក ចុង យុនហ្គៀល (Mr. Jeong Yun Gil) ប្រធានតំណាងកូយកាប្រចាំកម្ពុជា ថ្លែងថា ៖ «បន្ទាប់ពីបានពិនិត្យរបាយការណ៍មក ខ្ញុំមានជំនឿថា បើគម្រោងតាមដាននេះត្រូវបានអនុវត្ត នោះកម្ពុជានឹងមានសន្ទុះងើបឡើងដើម្បីជំរុញសេដ្ឋកិច្ច និងសង្គមថែមមួយកម្រិតទៀត ហើយវាអាចជាក្បាលម៉ាស៊ីនមួយដ៏ខ្លាំងសម្រាប់កំណើនសេដ្ឋកិច្ចនៅកម្ពុជា» ។
ទោះបីជាយ៉ាងណា ការអនុវត្តគម្រោងនេះទទួលបានជោគជ័យ តម្រូវឲ្យរាជរដ្ឋាភិបាលកម្ពុជា ត្រូវមានវិធីសាស្ត្ររយៈពេលវែង និងទូលំទូលាយ ដោយមានការប្ដេជ្ញាចិត្តខ្ពស់ និងមានឆន្ទៈក្នុងការអនុវត្តគម្រោងនេះ ។ នេះបើតាមប្រធានតំណាងកូយការូបនេះបានបញ្ជាក់ ។
គម្រោងនេះ ត្រូវបានរចនាឡើងដើម្បីរួមចំណែកដល់ការធ្វើនាវាចរណ៍ឲ្យមានសុវត្ថិភាពនិងការប្រើប្រាស់ផ្លូវទឹកឲ្យមានប្រសិទ្ធភាពក្នុងប្រទេសកម្ពុជា ។ ដូចដែលបានលើកឡើងក្នុងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិឆ្នាំ២០១៤-២០១៨ គោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្មកម្ពុជា និងគម្រោងអភិវឌ្ឍន៍ដទៃទៀតរបស់រាជរដ្ឋាភិបាល ដែលត្រូវបានផ្សាភ្ជាប់យ៉ាងជិតស្និទ្ធទៅនឹងការជំរុញភ័ស្តុភារកម្ម និងការដឹកជញ្ជូនជាថ្មីម្តងទៀត មានប្រយោជន៍សម្រាប់ការអភិវឌ្ឍឧស្សាហកម្មកម្ពុជាដែលសំខាន់ដូចជាវិស័យកសិកម្ម និងឧស្សាហកម្ម ។ គម្រោងនេះ គឺជាគម្រោងមួយដែលបានផ្តល់មូលនិធិយ៉ាងពេញលេញ ជាជំនួយឥតសំណងដោយរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េនូវទឹកប្រាក់ចំនួន
៥,៥លានដុល្លារអាមេរិកដល់ប្រទេសកម្ពុជាតាមរយៈក្រសួងសាធារណការនិងដឹកជញ្ជូន (MPWT) ដើម្បីធ្វើឱ្យប្រសើរឡើងនូវផ្លូវទឹកក្នុងប្រទេសកម្ពុជា ។
គម្រោងនេះ មានបំណងធ្វើការវាស់ជម្រៅទន្លេ ការធ្វើតេស្តដី ដើម្បីគូរប្លង់ឡើងជាមូលដ្ឋាន និងគម្រោងគូរប្លង់លម្អិត និងការពិនិត្យឡើងវិញពីផលប៉ះពាល់បរិស្ថាន រួមទាំងវិធានការសម្រាប់ការការពារសំណឹក ឬបាក់ច្រាំងទន្លេ និងសម្រាប់ការជីកទន្លេនៅតាមបណ្តោយដងទន្លេមេគង្គពីភ្នំពេញទៅខេត្តក្រចេះ ។ ជាមួយនឹងការកសាងសមត្ថភាពសម្រាប់បុគ្គលិកពាក់ព័ន្ធនៅនាយកដ្ឋានផ្លូវទឹករបស់ក្រសួងសាធារណការនិងដឹកជញ្ជូន (MPWT) និងអាជ្ញាធរពាក់ព័ន្ធផ្សេងទៀតដូចជា កំពង់ផែស្វយ័តក្រុងភ្នំពេញជាដើម។ គម្រោងនេះនឹងរួមចំណែកដល់ការបង្កើតគោលនយោបាយជូនដំណឹងរបស់រាជរដ្ឋាភិបាលកម្ពុជា នៅក្នុងវិស័យការកែលម្អផ្លូវទឹក និងដឹកជញ្ជូន មុខងារកំពង់ផែ និងបរិស្ថាន។
គម្រោងសិក្សាស្តីពីការធ្វើឲ្យប្រសើរឡើងនូវផ្លូវទឹកនេះ បានផ្តល់នូវលទ្ធផលសំខាន់ៗដូចជា ៖
១-ផែនទីនាវាចរណ៍អេឡិចត្រូនិកភ្នំពេញ-ក្រចេះ
២-គោលការណ៍ណែនាំស្តីពីការបូមស្តារផ្លូវទឹកភ្នំពេញ-ក្រចេះ
៣-គោលការណ៍ណែនាំស្តីពីការការពារច្រាំងបាក់ និង
៤-ផ្តល់នូវឧបករណ៍សំខាន់ៗ សម្រាប់បម្រើការងារជំនាញតទៅមុខទៀត ។
តាមរយៈកិច្ចសហប្រតិបត្តិការជំនួយឥតសំណងរវាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (កូយកា) និងក្រសួងសាធារណការ និងដឹកជញ្ជូន (MPWT) កូយកាបានផ្តល់ជំនួយគម្រោងចំនួន៣គឺ ៖
ទី១-ផែនការមេសម្រាប់ការអភិវឌ្ឍបណ្តាញផ្លូវដែកនៅកម្ពុជា
ទី២-គម្រោងបំពាក់បរិក្ខារសុវត្ថិភាពចរាចរណ៍នៅលើផ្លូវជាតិលេខ៣និង ផ្លូវជាតិលេខលេខ៤៨ និង
ទី៣-គម្រោងសិក្សាសមិទ្ធលទ្ធភាពលើការធ្វើឲ្យប្រសើរឡើងនៃផ្លូវទឹក សម្រាប់ការអភិវឌ្ឍភ័ស្តុភារកម្មកំពង់ផែនៅក្នុងប្រទេសកម្ពុជា ៕
ចែករំលែកព័តមាននេះ