ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាន់ វឌ្ឍនាកា សម្រុក​ហ្វឹកហាត់​ត្រៀមប្រយុទ្ធ​បើក​ឆាក​នៅ​ជប៉ុន​ចុង​ស​ប្តា​ហ៍​នេះ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រោយ​ពី​ធ្វើដំណើរ​ទៅ​ដល់​ប្រទេស​ជប៉ុន​ដោយ​សុវត្ថិភាព​កាលពី​ថ្ងៃ​ទី​១៣ កុម្ភៈ ហើយ​បើ​ទោះជា​ស្ថានភាព​នៅ​ទីនោះ​ត្រជាក់ ក៏​កីឡាករ ចាន់ វ​ឌ្ឍា​នា​កា ត្រូវ​​បាន​ប្រកាស​ថា

រាជធានី​ភ្នំពេញ ៖ ក្រោយ​ពី​ធ្វើដំណើរ​ទៅ​ដល់​ប្រទេស​ជប៉ុន​ដោយ​សុវត្ថិភាព​កាលពី​ថ្ងៃ​ទី​១៣ កុម្ភៈ ហើយ​បើ​ទោះជា​ស្ថានភាព​នៅ​ទីនោះ​ត្រជាក់ ក៏​កីឡាករ ចាន់ វ​ឌ្ឍា​នា​កា ត្រូវ​​បាន​ប្រកាស​ថា ទទួលយក​ការ​ហ្វឹកហាត់​ភ្លាម​ៗ ដោយសារ​តែ​ថ្ងៃ​ទី​១៨ កុម្ភៈ ​ខាង​មុខ​នេះ ក្លិប Fujieda របស់​លោក​មានការ​ប្រកួត​មិត្តភាព​ជាមួយ​ក្លិប​មួយ​ផ្សេង​ទៀត​របស់​ជប៉ុន ដោយ​លោក​នឹង​ត្រូវ​ដាក់​ឱ្យ​លេង​បើក​ឆាក​ជាមួយ​កីឡាករ​អាជីព​របស់​ជប៉ុន​នោះ​ផង ។

មុន​ចាក​ចេញពី​កម្ពុជា កីឡាករ ចាន់ វឌ្ឍនាកា បាន​អះអាង​ថា យោង​តាម​កាលវិភាគ ក្លិប Fujieda ដែល​បាន​កុងត្រា​យក​លោក​ទៅ​លេង​ពេញ​មួយ​ឆ្នាំ​នៅ​ក្នុង​ប្រទេស​ជប៉ុន​ជា​លក្ខណៈ​ខ្ចី​ជើង នឹង​មានការ​ប្រកួត​ជា​លក្ខណៈ​មិត្តភាព​ជាមួយ​ក្លិប​ល្បី​មួយ​ផ្សេង​ទៀត នៅ​ក្នុង​លី​គជ​ប៉ុន​ផង​ដែរ​តែ​លោក​មិន​ចាំ​ឈ្មោះ ។

លោក​ថា ការ​ប្រកួត​នឹង​ធ្វើ​ឡើង​នៅ​យប់​ថ្ងៃ​ទី​១៨ កុម្ភៈ តែ​លោក​មិន​ទាន់​ច្បាស់​ថា ​នឹង​មានការ​បន្ត​ផ្ទាល់​លើ​ផេ​ក ឬ​លើ​កញ្ចក់​ទូរទស្សន៍​ណាមួយ​ ដើម្បី​ឱ្យ​អ្នកគាំទ្រ​បាន​ទស្សនា​នោះ​ទេ ។

លោក​ថា មេក្រុម​ក្លិប Fujieda ​បាន​សម្រេច​ដាក់​លោក​ឱ្យ​ប្រកួត​នៅ​ក្នុង​យប់​នោះ ទើប​លោក​ត្រូវ​ប្រឹងប្រែង​ហ្វឹកហាត់​ភ្លាម​ៗ​ក្រោយ​ពេល​ទៅ​ដល់ ដើម្បី​បើក​ឆាក​បញ្ចេញ​ថ្វី​ជើង​ជា​លើក​ទី​១ ​ឱ្យ​ជនជាតិ​ជប៉ុន និង​បងប្អូន​ខ្មែរ​ទៅ​គាំទ្រ​ដល់​ការ​ប្រកួត​នោះ​ពេញភ្នែក ។ លោក​ថា ការ​ប្រកួត​របស់​លោក​មិន​ទាន់​ដឹង​ថា ​នឹង​មាន​លទ្ធផល​ល្អ ឬ​យ៉ាងណា​នោះ​ទេ តែ​លោក​ប្រកាស​ថា ​នឹង​ប្រឹង​ប្រកួត​ឱ្យ​អស់ពី​លទ្ធភាព​ ដើម្បី​ឱ្យ​មហាជន​ដែល​ធ្លាប់​គាំទ្រ​អស់ចិត្ត​ចំពោះ​ការ​ប្រកួត​របស់​លោក ។ លោក​បាន​ប្រកាស​នៅ​លើ​ហ្វេ​សប៊ុ​ក​ថា បាន​មក​ដល់​ប្រទេស​ជប៉ុន​ជា​ផ្លូវការ​ដោយ​សុវត្ថិភាព​១០០​ភាគរយ និង​មានការ​ត្រៀមខ្លួន​គ្រប់គ្រាន់​ក្នុង​ការ​ហ្វឹកហាត់​ ដើម្បី​ចូល​ប្រកួត​បើក​ឆាក​ជាមួយ​ក្រុម​ជប៉ុន​នៅ​ថ្ងៃ​ទី​១៨ កុម្ភៈ​ ខាង​មុខ​នេះ ។ លោក​បាន​បញ្ជាក់​មុន​ពេល​ចាកចេញ​ថា មានការ​បារម្ភ​ខ្លះ​ដែរ ​ដោយសារ​តែ​លោក​ត្រូវ​ប្រកួត​ជាមួយ​ក្រុម​កីឡាករ​អាជីព​របស់​ជប៉ុន ដែល​ហាក់​មិនសូវ​ច្បាស់​ពី​ប្លង់​សម្រាប់​ការ​ប្រកួត​នៅឡើយ​ទេ ។

លោក​ថា ការ​ប្រកួត​ក្នុង​ក្រុម​ជម្រើសជាតិ និង​ក្នុង​ក្រុម​បឹង​កេ​ត​អង្គរ លោក​មិនសូវ​កើត​អារម្មណ៍​រឿង​លេង​មិន​យល់ចិត្ត​គ្នា​នោះ​ទេ ដោយសារ​តែ​កីឡាករ​ក្នុង​ក្រុម​ដែល​លោក​លេង​ជាមួយ​សុទ្ធតែ​សម​ជើង​គ្នា​បាន​ល្អ ហើយ​ការ​បោះ​បាល់ និង​ចែក​បាល់​ក៏​មិនសូវ​កើត​មាន​បញ្ហា​ក្នុង​ការ​ប្រកួត​ម្ដង​ៗ ។ អីុចឹង​ហើយ​ទើប​លោក​ត្រូវ​ប្រកាស​ហ្វឹកហាត់​ឱ្យ​បាន​ជោគ​ជាំ​ ដើម្បី​ឱ្យ​ស៊ីសង្វាក់​ជាមួយ​កីឡាករ​ក្នុង​ក្រុម ហើយ​មិន​មាន​បញ្ហា​រាល់ពេល​ចែក​បាល់ និង​បោះ​បាល់ ។ លោក​មិន​ជឿ​ថា ការ​ប្រកួត​បើក​ឆាក​ក្នុង​ក្រុម Fujieda នឹង​ធ្វើ​ឱ្យ​លោក​លេង​មិនល្អ​នោះ​ទេ ដោយសារ​តែ​លោក​ហាក់​យល់​ពី​ទម្រង់​លេង​របស់​ក្រុម​ជប៉ុន​ដែល​លោក​ចូល​លេង​បាន​ច្រើន​ផង​ដែរ តាំងពី​មុន​ក្លាយ​ខ្លួន​ជា​សមាជិក​របស់​ក្រុម​នេះ ។ លោក​ត្រូវ​គេ​ឃើញ​ស្រវាស្រទេញ​ក្នុង​ការ​ហ្វឹកហាត់​យ៉ាង​សកម្ម​នៅ​ក្នុង​ប្រទេស​ជប៉ុន ដោយ​ការ​ប្រកួត​បើក​ឆាក​របស់​លោក​ ប្រសិនបើ​អាច​រកបាន​មួយ​គ្រាប់ ដូច​ពេល​ការ​ប្រកួត​នៅ​ក្នុង​ប្រទេស​កម្ពុជា នោះ​កីឡាករ​តំណាង​កម្ពុ​ជាមួយ​នេះ ពិតជា​មានឈ្មោះ​បោះ​សំឡេង ។

នៅ​លើ​បណ្ដាញ​ហ្វេ​ស​ប៊ុ​ក សមាជិក​ក្រុម​លោក និង​អ្នកគាំទ្រ​ច្រើន​ឡើង​បាន​បង្ហាញ​ពី​អារម្មណ៍​សោកស្ដាយ​ក្រោយ​កីឡាករ ​ចាន់ វឌ្ឍនាកា បែក​ទៅ​លេង​នៅ​ក្នុង​ប្រទេស​ជប៉ុន។

ម្នាក់​ៗ​បាន​ជូនពរ​លោក តែ​អ្នកខ្លះ​ក៏​បង្ហោះ​ភាសា​ថា ​នឹក និង​ចង់ឱ្យ​ពេលវេលា​ត្រឡប់​វិញ​របស់​លោក​ឆាប់​កើតឡើង​ផង​ដែរ ជា​ពិសេស​ចំពោះ​អ្នក​ដែល​ចង់​ទស្សនាការ​ប្រកួត​របស់​លោក ហើយ​មិន​បានឃើញ​ផ្ទាល់​នឹង​ភ្នែក​ដូច​មុន​នោះ ។ អ្នកខ្លះ​បាន​ទាំង​ពោល​ពាក្យ​ថា «​គ្មាន​ពេលវេលា​ជួបជុំ​ណា​ដែល​មិន​បែក​» លួង​ចិត្ត​ខ្លួនឯង​នោះ​ផង ឆ្លើយ​តប​នឹង​ការ​ប្រកាស​ថា​ នឹក​ស្រុក នឹក​អ្នកគាំទ្រ​របស់​កីឡាករ​ចាន់ វឌ្ឍនាកា​។

តំណាង​ក្លិប Fujieda បាន​ប្រកាស​ថា ចាន់ វឌ្ឍនាកា ជា​កីឡាករ​កម្ពុជា​តែ​ម្នាក់ ​ដែល​ក្លិប​របស់​លោក​ជ្រើស​ឱ្យទៅ​លេង ប៉ុន្តែ​មិនមែន​ជា​កីឡាករ​បរទេស​ទី​១ ​នោះ​ទេ ដោយ​សារ​​តែ​ក្លិប​របស់​លោក​ធ្លាប់​បាន​ទិញ​កីឡាករ​បរទេស​ឱ្យមក​លេង​ច្រើន​នាក់​រួច​មក​ហើយ ។ លោក​ថា កីឡាករ ចាន់ វឌ្ឍនាកា ត្រូវ​រស់នៅ​ប្រទេស​ជប៉ុន​រយៈពេល​មួយ​ឆ្នាំ ប៉ុន្តែ​គេ​អាច​ឡើង​ចុះ​មក​ប្រកួត​នៅ​កម្ពុជា​បាន ប្រសិនបើ​ការ​ប្រកួត​ក្នុងស្រុក​មាន​ភាព​សំខាន់​ដែល​មិន​អាច​បាត់​មុខ​។

លោក​ថា នៅ​ក្នុង​ប្រទេស​ជប៉ុន​មាន​ភាព​ខុស​គ្នា​ដូច​មេឃ​ និង​ដី​ជាមួយ​កម្ពុជា ជា​ពិសេស​បញ្ហា​អាកាសធាតុ ចំណីអាហារ និង​របៀបរបប​រស់នៅ ។ ប៉ុន្តែ​លោក​ថា កីឡាករ ចាន់ វឌ្ឍនាកា មិន​មាន​បញ្ហា​នោះ​ទេ ដោយសារ​តែ​ការ​ចេញ​ទៅ​ប្រកួត​នៅ​ក្នុង​ប្រទេស​ជប៉ុន​មួយ​លើក​កាល​មុន កីឡាករ​រូប​នេះ​ក៏​ស៊ាំ​នឹង​បរិយាកាស​នា​ពេល​នោះ​ដែរ ។ លោក​ថា នៅ​ទីក្រុង​ដែល ចាន់ វឌ្ឍនាកា រស់នៅ​ឆ្ងាយ​ពី​ទីក្រុង​តូ​ត្យូ ដោយ​ខាង​ក្លិប​លោក​បាន​ជួល​បន្ទប់​ខុន​ដូ​មួយ​ឱ្យ និង​មាន​រថយន្ត​ជូន​ទៅ​ជូន​មក ដោយ​មាន​អ្នកបកប្រែ​មួយ​រូប​នៅ​ជាប់​ជាមួយ​ផង​ដែរ ។ លោក​ថា ចាន់ វឌ្ឍនាកា មិន​មាន​ភាព​លំបាក​នោះ​ទេ ហើយ​បើ​ការ​ប្រកួត​បើក​ឆាក​របស់​គេ​ទទួល​បានការ​ចាប់អារម្មណ៍ នោះ​នឹង​ដាក់​ឱ្យ​លេង​ក្នុង​ការ​ប្រកួត​ធំ​ៗ​របស់​ក្លិប​ទៀត ៕