ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​អនុម័ត​ចម្ការ​មៀន​ចំនួន៧៤ និង​រោងចក្រ​វេច​ខ្ចប់​ចំនួន៨ សម្រាប់​នាំ​ចេញ​ផ្លែ​មៀន​ស្រស់​កម្ពុជា​ទៅ​កាន់​ប្រទេស​ចិន

1 ឆ្នាំ មុន
  • ភ្នំពេញ

ចាត់ទុកជា​ដំណឹង​ដ៏​ល្អ ព្រោះ​កាលពី​ស​ប្តា​ហ៍​មុន ប្រទេស​ចិន​បាន​អនុម័ត​ទទួលស្គាល់​ជា​ផ្លូវការ​នូវ​បញ្ជី​ឈ្មោះ​ចម្ការ​មៀន​ចំនួន ៧៤ និង​រោងចក្រ​វេច​ខ្ចប់​ចំនួន ៨ ដែល​បាន​ចុះបញ្ជី​សម្រាប់​នាំ​ចេញ​ផ្លែ​មៀន​ស្រស់​កម្ពុជា ទៅ​កាន់​ប្រទេស​ចិន​

រាជធានី​ភ្នំពេញ ៖ ចាត់ទុកជា​ដំណឹង​ដ៏​ល្អ ព្រោះ​កាលពី​ស​ប្តា​ហ៍​មុន ប្រទេស​ចិន​បាន​អនុម័ត​ទទួលស្គាល់​ជា​ផ្លូវការ​នូវ​បញ្ជី​ឈ្មោះ​ចម្ការ​មៀន​ចំនួន ៧៤ និង​រោងចក្រ​វេច​ខ្ចប់​ចំនួន ៨ ដែល​បាន​ចុះបញ្ជី​សម្រាប់​នាំ​ចេញ​ផ្លែ​មៀន​ស្រស់​កម្ពុជា ទៅ​កាន់​ប្រទេស​ចិន​។ នេះ​បើ​យោង​តាម​ប្រកាស​ព័ត៌មាន​របស់​ក្រសួងកសិកម្ម រុក្ខ​ប្រមាញ់ និង​នេសាទ អំពី​លទ្ធផល​នៃ​ការ​ចរចា​លក្ខខណ្ឌ​តម្រូវ​ភូតគាម អនាម័យ​បើក​ទីផ្សារ​សម្រាប់​ការ​នាំ​ចេញ​ផ្លែ​មៀន​ស្រស់​ពី​កម្ពុជា​ទៅ​កាន់​ប្រទេស​ចិន​។

ដំណាំ​មៀន គឺជា​ដំណាំ​ក​សិ​-​ឧស្សាហកម្ម​មួយ​ក្នុង​ចំណោម​ដំណាំ​ក​សិ​-​ឧស្សាហកម្ម​ផ្សេង​ទៀត ដែល​មាន​សក្តានុពល​សម្រាប់​ធ្វើការ​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ ជា​ពិសេស​ប្រទេស​ចិន ជា​លក្ខណៈ​ស្រស់ និង​ក្រៀម​។

យោង​តាម​ស្ថិតិ​របស់​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បានឱ្យ​ដឹង​ថា ក្នុង​ឆ្នាំ​២០២១ ដំណាំ​មៀននៅ​ទូ​ទាំង​ប្រទេស មាន​ផ្ទៃដី​ដាំ​ដុះ​សរុប​ចំនួន ១២ ៨៣៧​ហ​.​ត ផ្ទៃដី​ប្រមូល​ផល​មាន​ចំនួន ១០ ៥៦៥​ហ​.​ត ដោយ​ទទួល​ទិន្នផល​ជា​មធ្យម​ចំនួន​១២,៤៤៧​តោន​/​ហ​.​ត ដែល​មាន​បរិមាណ​ផល​សរុប​ចំនួន​ប្រមាណ​១៣១៤៩៨​តោន​។

ក្នុង​គោលបំណង​ដើម្បី​ជំរុញ​ការ​នាំ​ចេញ​ផ្លែ​មៀន​ស្រស់​កម្ពុជា​ទៅ​កាន់​ប្រទេស​ចិន ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ចាប់ផ្តើម​ទំនាក់ទំនង​ចរចា​លក្ខខណ្ឌ​តម្រូវ​ភូតគាម​អនាម័យ​បើក​ទីផ្សារ​ជាមួយ​អគ្គ​រដ្ឋបាល​គយ នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន (GACC) តាំងពី​ដើមឆ្នាំ​២០១៩ ហើយ​រហូត​ដល់​ថ្ងៃ​ទី​១៦ ខែមីនា ឆ្នាំ​២០២២ ទើប​ទទួល​បានការ​ឯកភាព និង​ចុះហត្ថលេខា​លើ​ពិធីសារ​ស្តី​ពី លក្ខខណ្ឌ​តម្រូវ​ភូតគាម​អនាម័យ​សម្រាប់​ការ​នាំ​ចេញ​ផ្លែ​មៀន​ស្រស់​ពី​កម្ពុជា​ទៅ​កាន់​ប្រទេស​ចិន​។ នៅ​ក្នុង​ខ្លឹមសារ នៃ​ពិធី​សារបាន​កំណត់​ថា មៀន​ដែល​ដាំ​ដុះ​ក្នុង​គោលបំណង​សម្រាប់​នាំ​ចេញ​ទៅ​ប្រទេស​ចិន ត្រូវ​តែ​ចុះបញ្ជី​នៅ​អគ្គនាយកដ្ឋាន​កសិកម្ម និង​ទទួលស្គាល់​ដោយ GACC ហើយ​គ្រប់​ចម្ការ​មៀន​ដែល​ត្រូវ​បាន​ចុះបញ្ជី ត្រូវ​អនុវត្ត​ការ​ដាំ​ដុះ​តាម​គោលការណ៍​ការ​អនុវត្ត​កសិកម្ម​ល្អ (GAP) និង​មែក​ជាប់​នឹង​ផ្លែ​មៀន​ត្រូវ​មាន​ប្រវែង​មិន​លើស​ពី​១៥​សង់ទីម៉ែត្រ ព្រមទាំង​ត្រូវ​ឆ្លងកាត់​ការ​ធ្វើ​ប្រព្រឹត្តិកម្ម​កម្ចាត់​សមាសភាព​ចង្រៃ​ដើម្បី​ធានា​ថា ផ្លែ​មៀន​ស្រស់​ទាំងនោះ ពុំ​ជាប់​ជាមួយ​នូវ​សមាសភាព​ចង្រៃ​ភូតគាម អនាម័យ​ដូច​មាន​ចែង​ក្នុង​ពិធីសារ​។

ប្រភព​ដដែល​បាន​បន្ត​ថា អគ្គនាយកដ្ឋាន​កសិកម្ម​នៃ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​ទទួល​ពាក្យ​ស្នើ​សុំ​ចុះបញ្ជី​ចម្ការ​មៀន និង​ទីតាំង​វេច​ខ្ចប់​សម្រាប់​នាំ​ចេញ​ផ្លែ​មៀន​ស្រស់​កម្ពុជា​ទៅ​កាន់​ប្រទេស​ចិន​មាន​ចំនួន​៧៤​ក្រុមហ៊ុន ឬ ម្ចាស់​ចម្ការ ។ ទន្ទឹម​នឹង​នេះ អគ្គនាយកដ្ឋាន​កសិកម្ម ក៏​បាន​និង​កំពុង​បន្ត​ទទួល​ពាក្យ​ស្នើ​សុំ​ចុះបញ្ជី​ចម្ការ​មៀន​ជា​បន្តបន្ទាប់​ថែម​ទៀត​ផង​ដែរ​។

កន្លង​មកនេះ អគ្គនាយកដ្ឋាន​កសិកម្ម បាន​ចាត់​មន្ត្រី​ជំនាញ​ចុះ​តម្រង់​ទិស​ខាង​បច្ចេកទេស ពិនិត្យ និង​វា​.​យ​តម្លៃ​លើ​កសិដ្ឋាន​ដែល​មាន​សក្តានុពល​ខ្ពស់ និង​ស្រប​តាម​លក្ខខណ្ឌ​តម្រូវ​ភូតគាម​អនាម័យ​របស់​ប្រទេស​ចិន ព្រមទាំង​ទីតាំង​វេច​ខ្ចប់​ដែល​បាន​សាងសង់​រួចរាល់ ដោយ​បាន​បំពាក់​ហេដ្ឋារចនាសម្ព័ន្ធ​សម្រាប់​កម្ចាត់​សមាសភាព​ចង្រៃ ហើយ​បាន​ផ្ញើ​ជូន GACC កាលពី​ថ្ងៃ​ទី​៨ ខែមិថុនា ឆ្នាំ​២០២២ និង​ថ្ងៃ​ទី​៤ ខែកក្កដា ឆ្នាំ​២០២២ ដើម្បី​ស្នើ​សុំ​ធ្វើការ​ត្រួតពិនិត្យ​លើ​លក្ខខណ្ឌ​តម្រូវ​ភូតគាម​អនាម័យ​សម្រាប់​នាំ​ចេញ​ផ្លែ​មៀន​ស្រស់​កម្ពុជា​ទៅ​កាន់​ប្រទេស​ចិន​។

កាលពី​ថ្ងៃ​ទី​១២-១៥ ខែកក្កដា ឆ្នាំ​២០២២ មន្ត្រី​ជំនាញ​នៃ GACC ប្រចាំ​ខេត្ត Guangzho បាន​ដំណើរការ​ត្រួតពិនិត្យ​ចម្ការ​មៀន និង​រោងចក្រ​ប្រព្រឹត្ត​កម្ម​កម្ចាត់​សមាសភាព​ចង្រៃ​លើ​ផ្លែ​មៀន​តាម​រយៈ​ប្រព័ន្ធ​វី​ឌី​អូ​។

ជា​លទ្ធផល បន្ទាប់​ពី​ការ​ចរចា​លក្ខខណ្ឌ​តម្រូវ​ភូតគាម​អនាម័យ​បើក​ទីផ្សារ​អស់​រយៈពេល​ជាង​៣​ឆ្នាំ​រួច​មក នៅ​ថ្ងៃ​ទី​៧ ខែកញ្ញា ឆ្នាំ​២០២២ នេះ GACC បាន​អនុម័ត​ទទួលស្គាល់​ជា​ផ្លូវការ​នូវ​បញ្ជី​ឈ្មោះ​ចម្ការ​មៀន​ចំនួន ៧៤ និង​រោងចក្រ​វេច​ខ្ចប់​ចំនួន ៨ ដែល​បាន​ចុះបញ្ជី​សម្រាប់​នាំ​ចេញ​ផ្លែ​មៀន​ស្រស់​កម្ពុជា​ទៅ​កាន់​ប្រទេស​ចិន​។

រោងចក្រ​វេច​ខ្ចប់​ទាំង ៨ នោះ រួម​មាន​៖ ១-​ក្រុមហ៊ុន BAMIN AGRICULTURE HI-TECH DEVELOPMENT CO., LTD; ២-​ក្រុមហ៊ុន CHINA JINKWOAYUAN IMPORT EXPORT (CAMBODIA) CO., LTD; ៣-​ក្រុមហ៊ុន TCMC CO., LTD; ៤-​ក្រុមហ៊ុន CAMBODIAN BANANA AGRICULTURAL CO., LTD; ៥-​ក្រុមហ៊ុន GAO YUAN (CAMBODIA) DEVELOPMENT CO., LTD; ៦-​ក្រុមហ៊ុន AL JAZEELAN FOOD PTE. LTD; ៧-​ក្រុមហ៊ុន JIA DUO BAO BEVERAGE CO., LTD និង ៨-​ក្រុមហ៊ុន JINDIYUAN AGRICULTURAL DEVELOPMENT CO., LTD ។

សូម​បញ្ជាក់​ថា ផ្លែ​មៀន​ស្រស់​កម្ពុជា គឺជា​ផ្លែ​ឈើ​ស្រស់​ទី​៣​បន្ទាប់​ពី​ផ្លែ​ចេក​ស្រស់ និង​ផ្លែស្វាយ​ស្រស់ ដែល​អាច​នាំ​ចេញ​ទៅ​ប្រទេស​ចិន​ដោយ​ផ្ទាល់​។ នេះ​គឺជា​សមិទ្ធផល​ផ្លែផ្កា​ថ្មី​មួយទៀត ដែល​ប្រ​សូត្រ​ចេញពី​កិច្ច​សហប្រតិបត្តិការ​ដ៏​ល្អ​ប្រសើរ​រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សាធារណរដ្ឋ​ប្រជាមានិត​ចិន​។

ក្រសួងកសិកម្ម​បាន​បន្ថែម​ថា ជាមួយនឹង​ព័ត៌មាន​ខាងលើ​នេះ ក្រសួង​ស្នើ​កសិករ​ម្ចាស់​ចម្ការ និង​ផ្នែក​ពាក់ព័ន្ធ​សហការ ដើម្បី​ជំរុញ​ការ​នាំ​ចេញ​ផ្លែ​មៀន​ទៅ​កាន់​ប្រទេស​ចិន​ឱ្យ​ទទួល​បាន​ជោគជ័យ នា​ពេល​ខាង​មុខ​ដ៏​ខ្លី​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ