ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស៊យ​ណាស់ ! ម៉ូតូ​ក៏​បាត់ ខ្លួន​ក៏​ត្រូវ​គេ​វាយ​ទ្រម​ទៀត

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ពិការ​ភ្នែក​ម្ខាង​ម្នាក់ ខណៈ​ដើរទៅ​បំណង​សួរ​គេ​រក​ប៉ុស្តិ៍​នគរបាល ស្រាប់តែ​ត្រូវ​ប្រជាពលរដ្ឋ​នាំ​គ្នា​ចាប់​វាយ​ទ្រម​ខ្លួន ដោយ​ចោទប្រកាន់​ថា …

រាជធានី​ភ្នំពេញ ៖ បុរស​ពិការ​ភ្នែក​ម្ខាង​ម្នាក់ ខណៈ​ដើរទៅ​បំណង​សួរ​គេ​រក​ប៉ុស្តិ៍​នគរបាល ស្រាប់តែ​ត្រូវ​ប្រជាពលរដ្ឋ​នាំ​គ្នា​ចាប់​វាយ​ទ្រម​ខ្លួន ដោយ​ចោទប្រកាន់​ថា​ជា​ចោរ​គាស់​ផ្ទះ ព្រោះ​ចំ​ពេល​ពួក​គេ​កំពុង​ដេញ​តាម​ចាប់ចោរ​គាស់​ផ្ទះ​ដែល​រស់​ចោល​ម៉ូតូ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១៤ ខែកុម្ភៈ ឆ្នាំ​២០១៧ នៅ​ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

យុវជន​រង​គ្រោះ​តែ​ជាប់​សង្ស័យ​ថា​ចោរ​ទៅ​វិញ​នោះ​ឈ្មោះ ទុន រ៉ា ហៅ វ៉ែ​ប អាយុ​២៣​ឆ្នាំ មុខរបរ​កម្មករ​សំណង់ ជា​ជន​ពិការ​ភ្នែក​ខាងស្ដាំ មានស្រុក​កំណើត​នៅ​ក្នុងភូមិ​ឫស្សី​ចចក ឃុំ​ព្រៃ​ឃ្នេ​ស ស្រុក​មេ​សាង ខេត្តព្រៃវែង បច្ចុប្បន្ន​ស្នាក់​នៅផ្ទះ​ជួល​ក្នុង​ឃុំ​ស្វាយ​រលំ ស្រុក​ស្អាង ខេត្តកណ្ដាល បាន​បាត់​ម៉ូតូ​១​គ្រឿង ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ស៊េរី​ឆ្នាំ​២០១៧ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1GF-8391 ។

យុវជន​រូប​នោះ​បាន​ប្រាប់​នគរបាល​ឲ្យ​ដឹង​ថា កាលពី​ល្ងាច​ថ្ងៃ​ទី​១៣ កុម្ភៈ ខ្លួន​បាន​ជិះ​ម៉ូតូ​១​គ្រឿង​នោះ​តែ​ម្នាក់ឯង​ចេញពីផ្ទះ​ជួល​នៅ​ក្នុង​ឃុំ​ស្វាយ​រលំ ស្រុក​ស្អាង ខេត្តកណ្ដាល ឆ្ពោះ​មក​រាជធានី​ភ្នំពេញ ដើម្បី​ដើរ​លេង ហើយ​បន្ទាប់​មក​បាន​ចូល​ទៅ​ផឹកស៊ី និង​រាំ​លេង​នៅ​ក្នុង​ក្លឹ​ប​ឌី​ស្កូ​យីហោ មី​ត​ណាយ នៅ​ក្នុងភូមិ​ត្រពាំង​ថ្លឹង ព្រោះ​កាលពីមុន​ខ្លួន​ធ្លាប់​ជួល​ផ្ទះ​ស្នាក់​នៅ​ក្នុងភូមិ​ត្រពាំង​ថ្លឹង ទើប​ស្គាល់​ក្លឹ​ប​នោះ ។

យុវជន​រូប​នោះ​បន្ត​ទៀត​ថា ខ្លួន​បាន​ចូល​ក្លឹ​ប​នោះ​តាំងពី​ព្រលប់​ថ្ងៃ​ទី​១៣​កុម្ភៈ​រហូត​ដល់​វេលា​ម៉ោង​៣​ទៀប​ភ្លឺ ថ្ងៃ​ទី​១៤ ខែកុម្ភៈ ទើប​ចេញ ហើយ​បាន​ជិះ​ម៉ូតូ​បំណង​ត្រឡប់​ទៅ​ផ្ទះ​ជួល​វិញ ។ ប៉ុន្តែ​ក្រោយ​ពេល​ចេញ​ផុត​បាន​បន្តិច ក៏​ឈប់​នោម​ដោយ​ទុក​ម៉ូតូ​ក្រោយខ្នង​ចម្ងាយ​ប្រមាណ​៥​ម៉ែត្រ លុះ​ក្រោយមក​មិនដឹង​ថា​យ៉ាងម៉េច​ទៀត​ឡើយ ពេល​ដឹងខ្លួន​ឡើង​គឺ​កំពុង​ដេក​នៅ​ក្បែរ​ផ្ទះ​ប្រជាពលរដ្ឋ​នៅ​ជិត​នោះ និង​បាត់​ម៉ូតូ​មិនឃើញ ។ បន្ទាប់​ពី​ដឹងខ្លួន ខ្លួន​ក៏​បាន​ក្រោក​ដើរ​ដើម្បី​សួរ​អ្នក​នៅ​ជិត​នោះ​រក​ប៉ុស្ដិ៍​នគរបាល​ដើម្បី​ដាក់​ពាក្យបណ្ដឹង​រឿង​បាត់​ម៉ូតូ ប៉ុន្តែ​គ្រាន់តែ​ទៅ​ដល់​ក៏​ត្រូវ​គេ​ចាប់​ព្រួត​វាយ ដោយ​ចោទ​ថា ជា​ចោរ​គាស់​ផ្ទះ​ទៅ​វិញ រួច​បាន​នាំ​គាត់​យក​ទៅ​ប្រគល់​ឲ្យ​នគរបាល​ថែម​ទៀត ។

ប្រភព​ពី​នគរបាល​បាន​ឲ្យ​ថា យុវជន​រួប​នេះ​គឺជា​ជន​រង​គ្រោះ​ដែល​បាន​បាត់​ម៉ូតូ ហើយ​ត្រូវ​បាន​គេ​សង្ស័យ​ថា​ជា​ចោរ​គាស់​ផ្ទះ​ទៀត ។ ដោយ​ក្រោយ​ពេល​ចេញពី​ក្នុង​ក្លឹ​ប យុវជន​នោះ​បាន​ស្រវឹង​ផង និង​ងងុយដេក​ផង ហើយ​បាន​ឈប់​នោម លុះ​នោម​រួច​មិន​បាន​យក​ម៉ូតូ​ជិះ​ទៅ​ផ្ទះ​ឡើយ ។ គេ​ភ្លេចខ្លួន​ថា​មាន​ម៉ូតូ និង​ស្មានថា​ខ្លួន​ដល់​ផ្ទះ​ហើយ ក៏​បាន​ប្រាស់​ខ្លួន​ដេក​នៅ​លើ​ខឿន​ផ្ទះ​ន​ប្រជាពលរដ្ឋ ចំណែក​ម៉ូតូ​ក៏​ត្រូវ​ចោរលួច​យក​ទៅ​បាត់ ។ លុះ​ព្រឹក​ឡើង ក្រោយ​ពី​ភ្ញាក់ពីដេក​ទើប​ដឹង​ថា​បាត់​ម៉ូតូ ហើយ​ស្រប​ពេល​ដែល​ប្រជាពលរដ្ឋ​កំពុង​ដេញ​តាម​ចាប់ចោរ​គាស់​ផ្ទះ​ផង ឃើញ​គួរ​ឲ្យ​សង្ស័យ​ក៏​បាន​ចាប់​វាយ​តែ​ម្ដង ។

នគរបាល​បាន​បន្ត​ទៀត​ថា ដោយឡែក​ក្រុម​ចោរ​គាស់​ដែល​ប្រជាពលរដ្ឋ​ដេញ​តាម​នោះ បាន​គេចខ្លួន​បាត់ ដោយ​បន្សល់​ទុក​ម៉ូតូ ម៉ាក​ស៊ុ​យ​ស៊ី​គី​ស្មាស់​វី​១​គ្រឿង ពណ៌​ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ 1Z-4829 ហើយ​ម៉ូតូ​នោះ​ក៏​ត្រូវ​បាន​ប្រជាពលរដ្ឋ​នាំ​ទៅ​ប្រគល់​ឲ្យ​នគរបាល​ផង​ដែរ ។
ក្រោយ​ពេលធ្វើការ​សាកសួរ និង​ស្រាវជ្រាវ​ទើប​ដឹង​ថា យុវជន​នោះ​គឺជា​ជន​រង​គ្រោះ ដោយ​ការ​បាត់​ម៉ូតូ​ដែរ មិនមែន​ជា​ចោរ​គាស់​ផ្ទះ​ដូច​ការ​ចោទប្រកាន់​ឡើយ ហើយ​ក្រោយមក​រូបគេ​ត្រូវ​បាន​ដោះ​លែង​ទៅ​វិញ បន្ទាប់​ពី​បាន​យក​ឯកសារ​គ្រប់គ្រាន់​ទៅ​បង្ហាញ​នគរបាល​ប៉ុស្ដិ៍​ចោម​ចៅ ៕