ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វត្ត​ទើប​កកើត​ថ្មី មាន​ទំនាស់​ដោះស្រាយ​មិន​ចេញ

7 ឆ្នាំ មុន

ខេត្តព្រៃវែង ៖ ទី​វត្ត​អារាម​មួយ​កន្លែង​ដែល​ទើបនឹង​កកើត​ថ្មី មិន​ទាន់​មាន កុដិ សាលាឆាន់ វិហារ របង ចេតិយ និង​ព្រះ​ចៅអធិការ​វត្ត​ផង​នោះ បែរជា​មាន​ទំនាស់​រឿង …

ខេត្តព្រៃវែង ៖ ទី​វត្ត​អារាម​មួយ​កន្លែង​ដែល​ទើបនឹង​កកើត​ថ្មី មិន​ទាន់​មាន កុដិ សាលាឆាន់ វិហារ របង ចេតិយ និង​ព្រះ​ចៅអធិការ​វត្ត​ផង​នោះ បែរជា​មាន​ទំនាស់​រឿង​លុយកាក់​កើតឡើង​ដោះស្រាយ​មិន​ចេញ​ទៅ​វិញ ។

វត្ត​ដែល​កំពុង​កើត​ជម្លោះ​រឿង​លុយកាក់​ដោះស្រាយ​មិន​ចេញ​នោះ​មានឈ្មោះ​ថា វត្ត​សច្ចវាទី​អង្គ្រង ដែល​ស្ថិត​នៅ​ភូមិ​អង្គ្រង ឃុំ​អង្គរ​.​ស ស្រុក​មេ​សាង ខេត្តព្រៃវែង ហើយ​ជម្លោះ​នោះ​ទៀត​សោត​គឺ​ផ្តើម​ចេញពី​ការ​កសាង​ឧបដ្ឋានសាលា​របស់​វត្ត ដោយ​ជាង​ម៉ៅ​ការ​សំណង់​បាន​កើត​ចិត្ត​ក្តៅក្រហាយ ដោយសារ​តែ​មិន​អាច​បើក​លុយ​ថ្លៃ​សាងសង់​បាន ខណៈ​ព្រះសង្ឃ​និង​គណៈកម្មការ​អាចារ្យវត្ត​ចោទ​ថា អ្នកម៉ៅការ សាងសង់​មិន​គោរព​កិច្ចសន្យា ។

លោក គង់ គា​រាសី អាយុ​៣៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​លេខ​៥ សង្កាត់​កំពង់លាវ ក្រុង​ព្រៃវែង បាន​លើក​ឡើង​ថា លោក​មានការ​ឈឺចាប់​ពាក់ព័ន្ធ​នឹង​ទំនាស់​មួយ​នេះ ហើយ​សូម​ឲ្យ​អាជ្ញាធរ រក​យុត្តិធម៌​ឲ្យ​ខ្លួន ខណៈ​ព្រះសង្ឃ​មាន​ចេតនា​បោកប្រាស់​ខ្លួន និង​កម្មករ​ទាំង​២៥​នាក់ ។

លោក​បញ្ជាក់​ថា ដើមចម​ដំបូង ខ្លួន​បាន​ម៉ៅ​ការ​សាងសង់​ធ្វើ​គ្រឹះ​សាលាឆាន់ ដោយ​ចាក់​ធ្នឹម ចាក់​សរសរ​ឡើង​លើ ហើយ​បាន​ព្រមព្រៀង​ធ្វើ​កិច្ចសន្យា​ក្នុង​តម្លៃ​៣៣០០០​ដុល្លារ​សហរដ្ឋអាមេរិក ទាំង​ប្រាក់​ឈ្នួល និង​ពលកម្ម លុះ​ធ្វើ​បាន​រយៈពេល​ជាង​កន្លះ​ខែ ដោយ​ចំណាយ​ទាំង​សម្ភារៈ និង​ពលកម្ម ប្រមាណ​ជាង​១​ម៉ឺន​ដុល្លារ​ហើយ​នោះ ស្រាប់តែ​ព្រះសង្ឃ​ព្រះ​នាម យ៉ា​ន់ វណ្ណ​ធឿ​ន ដែល​ជា​ម្ចាស់​លុយ បញ្ជា​ឲ្យ​បិទ​ការដ្ឋាន​ទាំង​ទទឹងទិស ក្រោម​ហេតុផល​ថា ពួក​គាត់​ធ្វើ​ធ្វើ​ខុស​លក្ខណៈ​បច្ចេកទេស ។

លោក​បន្ត​ទៀត​ថា លោក​ទទួលស្គាល់​ថា ក្រុមការងារ​របស់​លោក​បាន​សាងសង់​មាន​បញ្ហា​បច្ចេកទេស​បន្តិច​ប​ន្ទួ​ច​ពិតមែន ហើយ​លោក​នឹង​កែតម្រូវ​តាម​ព្រះសង្ឃ និង​គណៈកម្មការ​ត្រូវការ​វិញ ។ ប៉ុន្តែ​ទោះបីជា​លោក​ព្យាយាម​សម្របសម្រួល និង​កែតម្រូវ​យ៉ាងណា​ក៏​ព្រះសង្ឃ និង​គណៈកម្មការ​វត្ត មិន​ព្រម​ដែរ ដោយ​ពួក​គាត់​នៅ​តែ​ទាមទារ​បញ្ឈប់​ការដ្ឋាន និង​មិន​ព្រម​បើក​ថ្លៃ​ចាយវាយ ដែល​លោក​បាន​ចំណាយ​ទៅ​លើ​សម្ភារៈ និង​កម្លាំង​ពលកម្ម​របស់​ក្រុម​កម្មករ​អស់​ជាង​១​ម៉ឺន​ដុល្លារ ខណៈ​ដែល​ព្រះសង្ឃ និង​អាចារ្យវត្ត​ទើបតែ​បើក​ឱ្យ​គាត់​បាន​ចំនួន​៥០០​ដុល្លារ​ប៉ុណ្ណោះ ។

ដោយឡែក ព្រះ​តេជគុណ យ៉ា​ន់ វណ្ណ​ធឿ​ន ចៅអធិការ​វត្ត​សំរោង​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល និង​ជា​ម្ចាស់​ជំនួយ​ក្នុង​ការ​កសាង​ឧបដ្ឋានសាលា​ដែល​មាន​ទំនាស់​ខាងលើ មាន​សង្ឃដីកា​រថា ព្រះ​អង្គ​បាន​ជួល​ជាង​ពេញ​ថ្លៃ តែ​ជាង​បែរជា​ធ្វើការ​សាងសង់​ខុស​ជា​ច្រើន​ដង ដែល​ធ្វើ​ឱ្យ​ព្រះ​អង្គ​មិន​អាច​ទទួលយក​បាន ហើយ​មុន​នេះ​ព្រះ​អង្គ​ក៏​ធ្លាប់​បាន​ធ្វើ​កិច្ចសន្យា​ចំនួន​២​ដង​ហើយ​ដែរ ដោយ​លើក​ចុង​ក្រោយ​សរសេរ​ថា បើ​ជាង​ធ្វើ​ខុស​ស្តង់ដា​លក្ខណៈ​បច្ចេកទេស និង​បិទ​ការដ្ឋាន​ដោយ​គ្មាន​សំណង​អ្វី​ទាំងអស់ ។

ឯ​លោក កែវ ពិសី អភិបាលស្រុក​មេ​សាង​បាន​ឲ្យ​ដឹង​ថា រឿង​នេះ​លោក​បាន​ចុះ​ទៅ​ពិនិត្យ​ដល់​ការដ្ឋាន​សំណង់​កាលពី​រសៀល​ថ្ងៃ​ទី​១២ ខែកុម្ភៈ ឆ្នាំ​២០១៧ និង​បាន​អញ្ជើញ​ទាំង​ព្រះសង្ឃ និង​ជាង​ឲ្យ​មក​ដោះស្រាយ​នៅ​សាលាស្រុក​កាលពី​ព្រឹក​ទី​១៣​កុម្ភៈ​ទៀត តែ​សម្រួល​យ៉ាងណា​ក៏​មិន​ត្រូវ ខណៈ​ព្រះសង្ឃ​សំអាង​លើ​កិច្ចសន្យា ថា​មិន​ព្រម​សងការ​ខូចខាត​អ្វី​ទាំងអស់ ។ ដូចនេះ​លោក​ក៏​អស់​លទ្ធភាព​ក្នុង​ការ​សម្របសម្រួល​ដែរ មាន​តែ​បញ្ជូន​រឿង​នេះ​ទៅ​ថ្នាក់​ខេត្ត​បន្ត​ទៀត ។

គូរ​បញ្ជាក់​ផង​ដែរ​ថា វត្ត​សច្ចវាទី​អង្គ្រង នេះ​ជា​វត្ត​ថ្មី មានការ​ខ្វះខាត​ច្រើន ព្រោះ​នៅ​ទី​ជនបទ មាន​ព្រះសង្ឃ​គង់នៅ​៤​អង្គ និង​១​អង្គ​បាន​សុំ​និមន្ត​ចេញ ដោយសារ​មាន​ទំនាស់​រញ៉េរញ៉ៃ​បែប​នេះ ៕