ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្នែក​ឯកជន​ជំរុញ​ឱ្យ​ក្រសួង​ចាត់វិធានការ​ក្រុមហ៊ុន​លក់​កញ្ចប់​ទេសចរណ៍​ហ្សេ​រ៉ូ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន​ឯកជន​នានា​បាន​ជំរុញ​ឲ្យ​ក្រសួងទេសចរណ៍​ចាត់វិធានការ​ចំពោះ​ក្រុមហ៊ុន​ដែល​លក់​កញ្ចប់​ទេសចរណ៍​ហ្សេ​រ៉ូ ឬ​មិន​យក​ប្រាក់​ចំណេញ ដែល​ជា​ការ​បំផ្លាញ​ដល់​ឧស្សាហកម្ម​នេះ​ទាំងមូល ។

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន​ឯកជន​នានា​បាន​ជំរុញ​ឲ្យ​ក្រសួងទេសចរណ៍​ចាត់វិធានការ​ចំពោះ​ក្រុមហ៊ុន​ដែល​លក់​កញ្ចប់​ទេសចរណ៍​ហ្សេ​រ៉ូ ឬ​មិន​យក​ប្រាក់​ចំណេញ ដែល​ជា​ការ​បំផ្លាញ​ដល់​ឧស្សាហកម្ម​នេះ​ទាំងមូល ។

លោក ធួន ស៊ី​ណា​ន ប្រធាន​សហព័ន្ធ​ទេសចរណ៍​កម្ពុជា និង​ជា​ប្រធាន​សមាគម​ទេសចរណ៍​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក បាន​ថ្លែង​នា​ព្រឹក​ថ្ងៃ​ទី​១៣ កុម្ភៈ ម្សិលមិញ​ថា មាន​ក្រុមហ៊ុន​ទេសចរណ៍​មួយ​ចំនួន​បាន​លក់​កញ្ចប់​ទេសចរណ៍​ដោយ​មិន​យក​ប្រាក់​ចំណេញ បន្ទាប់​មក​ពួក​គេ​បោកប្រាស់​នៅ​ពេល​ភ្ញៀវ​មក​ដល់​កម្ពុជា តាម​រយៈ​រូបភាព​បង្ខំ​ភ្ញៀវ​ឲ្យ​ម៉ាស្សា ទិញ​វត្ថុ​អនុស្សាវរីយ៍ និង​ទៅ​បរិភោគ​នៅ​ភោជនីយដ្ឋាន​ក្នុង​តម្លៃ​មួយ​យ៉ាង​ខ្ពស់ ។ លោក​បន្ត​ថា ក្រុមហ៊ុន​ក្នុងស្រុក​ឬ​បរទេស​ធ្វើ​បែប​នេះ ពួក​គេ​មាន​ការិយាល័យ​ក្រុមហ៊ុន​នៅ​កម្ពុជា ហើយ​ភ្ញៀវ​ដែល​ពួក​គេ​លក់​កញ្ចប់​ទេសចរណ៍​មិន​គិត​ពី​ប្រាក់​ចំណេញ​បែប​នេះ ច្រើន​ជា​ភ្ញៀវ​មក​ពី​ប្រទេស​ចិន កូរ៉េ និង​វៀតណាម ។

លោក​បន្ត​ថា ៖ « ការ​រកស៊ី​បែប​នេះ គឺជា​ការ​បំផ្លាញ​ឧស្សាហកម្ម​នេះ​ទាំងមូល និង​ជា​ការ​បំផ្លាញ​កេរ្តិ៍ឈ្មោះ​មុខមាត់​ប្រទេស​ជាតិ ដែល​ក្រសួងទេសចរណ៍​គួរ​ចាត់វិធានការ​ឲ្យ​បាន​ម៉ឺងម៉ាត់ ។ រហូត​មក​ទល់​ពេល​នេះ ក្រសួងទេសចរណ៍​មិន​បាន​ចាត់វិធានការ​ជាក់លាក់​នៅឡើយ​ទេ ដោយសារ​ក្រសួង​មាន​មនោសញ្ចេតនា និង​យោគយល់​ច្រើន » ។

លោកស្រី ឆាយ ស៊ី​វលី​ន ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា ថ្លែង​ថា ពិតជា​មាន​ក្រុមហ៊ុន​ទេសចរណ៍​នាំ​ភ្ញៀវ​មក​កម្ពុជា​ក្នុង​រូបភាព​បែប​នេះ ដែល​ភ្ញៀវ​ទាំងនោះ​ច្រើន​មក​ពី​ប្រទេស​ចិន និង​វៀតណាម ។ ពួក​គេ​លក់​កញ្ចប់​ទេសចរណ៍​ដោយ​មិន​យក​ប្រាក់​ចំណេញ ប៉ុន្តែ​ពួក​គេ​បាន​កោរ​ប្រាក់​ពី​ភ្ញៀវ​ពេល​ពួក​គេ​មក​ទស្សនា​កម្ពុជា ដែល​បញ្ហា​បែប​នេះ​បាន​និង​កំពុង​កើត​មាននៅ​កម្ពុជា ប៉ុន្តែ​មិន​ទាន់​មាន​វិធានការ​ដែល​បាន​ដាក់​ចេញ​ដោយ​អាជ្ញាធរ​នៅឡើយ​ទេ ។ លោកស្រី​បន្ត​ថា ៖ « ក្រសួងទេសចរណ៍​បាន​ចេញ​សេចក្តី​ប្រកាស​ដើម្បី​ទប់ស្កាត់​បញ្ហា​នេះ​រួច​ហើយ ជា​លទ្ធផល សកម្មភាព​បែប​នេះ​បាន​កាត់​បន្ថយ​នៅ​ក្នុង​ឧស្សាហកម្ម​នេះ » ។

អគ្គលេខាធិការ​សមាគម​សម្ព័ន្ធ​ទេសចរណ៍​ជាតិ​កម្ពុជា លោក ហូ វ​ណ្ឌី បាន​លើក​ឡើង​ដែរ​ថា កន្លង​មក ពិតជា​មានការ​លក់​កញ្ចប់​ទេសចរណ៍​ហ្សេ​រ៉ូ​ក្នុង​រូបភាព​បែប​នេះ​មែន ។ ការ​ធ្វើ​បែប​នេះ​ជា​ការ​បំផ្លាញ​ធ្ងន់ធ្ងរ​ដល់​មុខមាត់​ប្រទេស និង​ធ្វើ​ឲ្យ​ឧស្សាហកម្ម​នេះ​រង​ផល​ប៉ះពាល់​ផង​ដែរ ។ លោក​បន្ត​ថា ក្រុមហ៊ុន​ដែល​លក់​កញ្ចប់​ទេសចរណ៍​មិន​យក​ប្រាក់​ចំណេញ ពួក​គេ​ភាគច្រើន​បាន​បោកប្រាស់​ភ្ញៀវ តាម​រយៈ​ការ​នាំ​ទៅ​ទិញ​វត្ថុ​អនុស្សាវរីយ៍ និង​សេវាកម្ម​ផ្សេង​ៗ​ទៀត​ដែល​មាន​តម្លៃ​ថ្លៃ ។

លោក​បន្ត​ថា ៖ « ទោះជា​យ៉ាងណា​ក្រសួង ទេសចរណ៍​កន្លង​មក​បាន​ចេញ​ប្រកាស និង​ណែនាំ​មិន​ឲ្យ​មានការ​លក់​កញ្ចប់​សេវាកម្ម​បែប​នេះ​ពី​សំណាក់​ក្រុមហ៊ុន​ខិលខូច​មួយ
ចំនួន » ។

លោក សូ ម៉ា​រ៉ា រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ បាន​ថ្លែង​ថា មិន​មាន​ក្រុមហ៊ុន​បែប​នេះ​ច្រើន​នោះ​ទេ​នៅ​កម្ពុជា ហើយ​កន្លង​មក ក្រសួង​ក៏​បាន​ធ្វើការ​ណែនាំ និង​ចាត់​វិធាន​ការ​ទប់ស្កាត់​បញ្ហា​នេះ​ជា​បន្តបន្ទាប់​ផង​ដែរ ព្រោះ​បញ្ហា​នេះ​ជា​បទ​ពិសោធន៍​អាក្រក់​មួយ​ដែល​បាន​និង​កំពុង​កើត​មាននៅ​ប្រទេស​ជិតខាង​របស់​យើង ។ ការ​លក់​កញ្ចប់​ទេស​ចរណ៍​​បែប​នេះ វា​ជះ​ឥទ្ធិពល​អវិជ្ជមាន​ច្រើន​នៅ​កម្ពុជា ហើយ​ក្រសួង​មិន​គាំទ្រ​ការ​ធ្វើ​បែប​នេះ​ទេ ព្រោះ​កម្ពុជា​មាន​សក្តានុពល​ទេសចរណ៍​ទាំង​វប្បធម៌ និង​ធម្មជាតិ​ដ៏​សម្បូរ​បែប​រួច​ទៅ​ហើយ ។

លោក​បន្ត​ថា ៖ « ប្រសិនជា​មាន​ក្រុមហ៊ុន ឬ​អ្នក​ណា​ដឹង​ថា ក្រុមហ៊ុន​ណាមួយ​លក់​កញ្ចប់​ទេសចរណ៍​បែប​នេះ សូម​រាយការណ៍​មក​ក្រសួង ក្រសួង​នឹង​ចាត់វិធានការ » ៕