ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សំណុំរឿងឧក្រិដ្ឋកម្មឆបោក​ នាំឱ្យ​រដ្ឋមន្ត្រី​ការបរទេសម៉ាឡេស៊ី មកភ្នំពេញ រយៈពេលខ្លី តែមិនជួប​ផ្ទាល់​នឹងរដ្ឋមន្ត្រីការបរទេស​កម្ពុជាទេ!​

1 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ នៅថ្ងៃទី៩ ខែកញ្ញានេះ រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី លោក ដាតុ ស្រ៊ី សៃហ្វូឌីន អាប់ឌុលឡា បានមកបំពេញទស្សនកិច្ចការងាររយៈពេលខ្លី…

ភ្នំពេញ៖ នៅថ្ងៃទី៩ ខែកញ្ញានេះ រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី លោក ដាតុ ស្រ៊ី សៃហ្វូឌីន អាប់ឌុលឡា បានមកបំពេញទស្សនកិច្ចការងាររយៈពេលខ្លី នៅភ្នំពេញ។ លោករដ្ឋមន្ត្រីការ​បរទេសម៉ាឡេស៊ី បានជួបផ្ទាល់ជាមួយ​លោក​នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយក​អន្តោប្រវេសន៍ ដើម្បីពិភាក្សាពីការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មបោកប្រាស់។ ប៉ុន្តែរដ្ឋមន្ត្រី​ការបរទេស​ម៉ាឡេស៊ី សុខចិត្ត​ជួបពិភាក្សាការងារ​ជាមួយ​រដ្ឋមន្ត្រីការបរទេស​កម្ពុជា លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន តាមទូរស័ព្ទ​។

នៅថ្ងៃដដែលនេះ រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី បានទៅសួរសុខទុក្ខពលរដ្ឋម៉ាឡេស៊ី ដែលដែលរងគ្រោះដោយអំពើល្មើសពាក់ព័ន្ធនឹងការជួញដូរមនុស្ស និងឧក្រិដ្ឋកម្មឆបោក នៅក្នុងរាជធានីភ្នំពេញ​។

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានប្រកាសនៅរសៀលថ្ងៃទី៩កញ្ញានេះ​ថា «ថ្ងៃនេះ ឯកឧត្តម ដាតុ ស្រ៊ី សៃហ្វូឌីន អាប់ឌុលឡា រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី បានមកបំពេញ​ទស្សនកិច្ចការងាររយៈពេលខ្លីនៅភ្នំពេញ ដែលឯកឧត្តម មានជំនួបជាមួយនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ ដើម្បីពិភាក្សាពីការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្ម​បោកប្រាស់»។

ប្រមុខការទូតកម្ពុជា បន្តថា «នៅពេល ដែលយើងទាំងពីរ បានសន្ទនាគ្នា តាមទូរស័ព្ទ ឯកឧត្តម បានថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា និងអាជ្ញាធរពាក់ព័ន្ធ ដែលបានជួយចូលរួមគាំទ្រ និងបានបំពេញការងារយ៉ាងល្អ ក្នុងការជួយសង្រ្គោះជនរងគ្រោះទាំងឡាយ។ ឯកឧត្ដម ក៏បានគូសបញ្ជាក់ផងដែរថា មានជនជាតិម៉ាឡេស៊ីជាច្រើននាក់ ដែលចូលមកកម្ពុជា ដើម្បីធ្វើជំនួញ និងទទួលបានភាពជោគជ័យ ហើយមានតែមួយចំនួនតូចប៉ុណ្ណោះ ដែលរងគ្រោះដោយសារការបោកប្រាស់ការងារ»។

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បន្ថែមថា «ខ្ញុំបានជម្រាបជូនឯកឧត្ដមថា ឧក្រិដ្ឋកម្មបែបនេះ អាចកើតឡើងនៅគ្រប់ប្រទេស តូចក្តី ធំក្តី ហើយយើងទាំងអស់គ្នា ត្រូវតែចូលរួមគ្នាប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មទាំងនេះ តាមរយៈការរួមដៃគ្នា និងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ ខ្ញុំក៏បានធានាអំពីការត្រៀមខ្លួនរួចជាស្រេចរបស់កម្ពុជា ក្នុងការធ្វើការជាមួយស្ថានទូតម៉ាឡេស៊ីនៅភ្នំពេញ ដើម្បីទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មទាំងនេះ»។

ដោយឡែក នៅលើហ្វេសប៊ុក រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី លោក  ដាតុ ស្រ៊ី សៃហ្វូឌីន អាប់ឌុលឡា ​បានបង្ហាះរូបភាព ២សន្លឹក ដែលលោកបានទៅសួរសុខទុក្ខពលរដ្ឋម៉ាឡេស៊ី ដោយមានវត្តមានលោក​ នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ និងមន្រ្តីកម្ពុជា​មួយចំនួនទៀត។

រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី បានលើកឡើងថា ភ្លាមៗ​បន្ទាប់​ពី​មក​ដល់​ភ្នំពេញ លោក​​បាន​ទៅ​សួរសុខទុក្ខ និង​ចំណាយ​ពេល​ជាមួយ​ជន​រង​គ្រោះ ៧នាក់ ​ដែល​ជាប់​គាំង ​នៅ​កម្ពុជា។ ​ស្ថានទូត​ម៉ាឡេស៊ី នៅ​ភ្នំពេញ​ បាន​ផ្តល់​កន្លែង​ស្នាក់នៅ និង​អាហារ​ក្នុងពេល​ពួក​គេ កំពុងរង់ចាំ​ត្រឡប់​ទៅ​ប្រទេសម៉ាឡេស៊ី​វិញ ​នៅ​ល្ងាច​ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២២​ នេះ​។

​ក្រសួងការបរទេស​កម្ពុជា នៅរសៀលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២២ នេះ ក៏បានចេញផ្សាយនូវខ្លឹម​សារ​នៃជំនួបតាមទូរសព្ទ​រវាង​រដ្ឋមន្ត្រីការបរទេស​កម្ពុជា និងម៉ាឡេស៊ី ផងដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ