ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រមណីយដ្ឋាន​ឋានសួគ៌​បូកគោ​ប្រារព្ធពិធីហែអ្នកតា​ចិន​ជា​កិច្ច​សុំ​សេចក្តីសុខ

7 ឆ្នាំ មុន

ខេត្តកំពត ៖ ដើម្បី​បណ្ដេញ​គ្រោះ​ចង្រៃ​នៅ​ក្នុង​ឆ្នាំ​ចាស់​ផ្លាស់​ចូល​ឆ្នាំ​ថ្មី​នាំ​មក​នូវ​សេចក្ដីសុខ​សិរី​សួស្តី​ជូន​ទាំង​អ្នកស្រុក និង​ភ្ញៀវ​ទេសចរ​ផង កាលពី​ថ្ងៃ​៨ មក​រា រមណីយដ្ឋាន​ឋានសួគ៌​បូកគោ​បាន​រៀបចំ​ពិធីហែអ្នក

ខេត្តកំពត ៖ ដើម្បី​បណ្ដេញ​គ្រោះ​ចង្រៃ​នៅ​ក្នុង​ឆ្នាំ​ចាស់​ផ្លាស់​ចូល​ឆ្នាំ​ថ្មី​នាំ​មក​នូវ​សេចក្ដីសុខ​សិរី​សួស្តី​ជូន​ទាំង​អ្នកស្រុក និង​ភ្ញៀវ​ទេសចរ​ផង កាលពី​ថ្ងៃ​៨ មក​រា រមណីយដ្ឋាន​ឋានសួគ៌​បូកគោ​បាន​រៀបចំ​ពិធីហែអ្នកតា​ចិន​ជា​កិច្ច​សុំ​សេចក្តីសុខ ក៏​ដូច​ផ្តល់​ឱកាស​ដល់​កូន​ខ្មែរ​កាត់​សែស្រឡាយ​ចិន​ជា​ច្រើន​ផ្សេង​ទៀត​ជួបជុំ​ប្រារព្ធ​ពិធី​រួម​គ្នា​ទៅ​តាម​ជំនឿ​សាសនា​របស់​ខ្លួន ។

បើ​តាម​តំណាង​រមណីយដ្ឋាន​ឋាន​សួ​ត៌​បូកគោ​ឱ្យ​ដឹង​ថា ការ​ប្រារព្ធ​ពិធីហែអ្នកតា​ចិន​នេះ​គឺជា​ប្រពៃណី​ទំនៀមទម្លាប់​កូន​ខ្មែរ​កាត់​សែស្រឡាយ​ចិន ដែល​គេ​តែងតែ​ប្រារព្ធ​ធ្វើ​ឡើង​ក្នុង​គោលបំណង​បណ្ដេញ​គ្រោះ​ឧបទ្រពចង្រៃ ជំងឺ​ដ​ង្កា​ត់​ផ្សេង​ៗ​ក្នុង​ឆ្នាំ​ចាស់​ចេញ​ដើម្បី​នាំ​លាភ​សកា្ក​រៈ​ក្ដី​សុខ​ក្ដី​ចម្រើន​ចូល​មក​ក្នុង​ឆ្នាំ​ថ្មី ។

ដោយឡែក​រមណីយដ្ឋាន​ឋានសួគ៌​បូកគោ គឺជា​រមណីយដ្ឋាន​ចាស់​តាំងពី​មុន​មក​មាន​ខ្យល់អាកាស មាន​ធម្មជាតិ សម្រាប់​ភ្ញៀវ​ដែល​ឡើង​មក​លំហែ​កម្សាន្ត​លេង ។ ដូច្នេះ​ឆ្លៀត​ក្នុង​ឱកាស​នេះ​យើង​ក៏​បំពេញ​កិច្ច​ប្រារព្ធ​ពិធី​នេះ​ដើម្បី​វប្បធម៌​ចិន និង​បណ្ដេញ​គ្រោះកាច​ចង្រៃ​ផង​រួម​នឹង​នាំ​ក្ដី​សុខ​ចម្រើន​ជូន​ភ្ញៀវ​ទេសចរ​មក​ទស្សនា​ផង ហើយ​ក៏​ជា​ការ​ផ្សព្វផ្សាយ​មួយ​ដល់​ភ្ញៀវ​ទេសចរ​ឱ្យមក​កម្សាន្ត​នៅ​ទី​នេះ​បាន​កាន់តែ​ច្រើន​ផង​ដែរ ។

លោក លាង ឆាង អនុប្រធាន​សមាគម​ខ្មែរ​ចិន​បានឱ្យ​ដឹង​ថា ការ​ហែ​អ្នកតា​ចិន​នេះ​មាន​តាំងពី​បុរាណកាល​រាប់រយ​ឆ្នាំ​មក​ម្ល៉េះ ដែលនៅ​ក្នុង​ពិធីហែអ្នកតា​នេះ​មាន​មេទ័ព​ប្រហែលជា​១៥​នាក់​បាន​អារ​អណ្ដាត​បង្ហូរឈាម​រួច​យក​ក្រដាស​យ័ន្ត​ជូត ដើម្បី​ទុកដាក់​តាម​ខ្លួន​ការពារ​ពួក​អមនុស្ស ព្រាយ បិសាច ឬ​ចង្រៃឧបទ្រព​ដែល​ចង់​ប៉ុនប៉ង​យាយី ។

លោក​ថា នៅ​លើ​ភ្នំ​បូកគោ​មាន​រូបតំណាង​អ្នកតា​បី​អង្គ ដែល​អ្នកផង​ហៅ​ឈ្មោះ​ថា អ្នកតា​ភ្នំ​បី​ព្រោះ​គេ​មាន​ជំនឿ​ត​ៗ​គ្នា​មក​ថា អ្នកតា​ទាំងនោះ​ពី​មុន​ជា​មេទ័ព​ដែល​បាន​នាំ​ភាព​សុខសាន្ត​មក​ដល់​ស្រុកភូមិ​ប្រជាពលរដ្ឋ​ទើប​គេ​នាំ​គ្នា​គោរព​បូជា​រហូត​មក​ដល់​សព្វថ្ងៃ ។

លោក​បន្ត​ថា សម្រាប់​រូប​លោក​ផ្ទាល់​ពិធីហែអ្នកតា​នេះ​ជា​ពិធី​ដែល​តែងតែ​ប្រារព្ធ​ធ្វើ​តាំងពី​ដើម​រៀង​មក​ជា​រៀង​រាល់​ឆ្នាំ ដូច្នេះ​ប្រសិនបើ​មិន​បាន​ប្រារព្ធ​ធ្វើ​ទេ ហាក់​មាន​អារម្មណ៍​មិន​ជ្រះស្រឡះ​ក្នុង​ចិត្ត​សោះ វា​ចេះ​តែ​រសេះរសោះ​ដោយហេតុ​ថា នេះ​ជា​ទម្លាប់​ដែល​តែង​ធ្វើ​តាំងពី​ដើម​មក​មិន​អាច​ខាន​បាន​ឡើយ ៕