ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លិខិត​កែតម្រូវ​របស់​នាយក​កម្មវិធី​សង្គ្រោះ​ថែទាំ​សត្វព្រៃចំពោះ​អត្ថបទ «​សត្វ​ទោច​ម្កុដ​ដ៏​កម្រ​នៅ​ព្រៃអង្គរ​កំពុង​បន្ត​ពូជ​»

7 ឆ្នាំ មុន

កោះសន្តិភាព​បាន​ទទួល​លិខិត​កែតម្រូវ​មួយ​ពី​លោក​នី​គ ម៉ា​គ នាយក​កម្មវិធី​សង្គ្រោះ និង​ថែទាំ​សត្វព្រៃ​នៃ​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ​កម្ពុជា ទាក់ទង​នឹង​អត្ថបទ មាន​ចំណងជើង​ថា «​សត្វ​ទោច​ម្កុដ​ដ៏​កម្រ​នៅ​ព្រៃអង្គរ

កោះសន្តិភាព​បាន​ទទួល​លិខិត​កែតម្រូវ​មួយ​ពី​លោក​នី​គ ម៉ា​គ នាយក​កម្មវិធី​សង្គ្រោះ និង​ថែទាំ​សត្វព្រៃ​នៃ​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ​កម្ពុជា ទាក់ទង​នឹង​អត្ថបទ មាន​ចំណងជើង​ថា «​សត្វ​ទោច​ម្កុដ​ដ៏​កម្រ​នៅ​ព្រៃអង្គរ​កំពុង​បន្ត​ពូជ​»​។ សូម​ចុះ​ផ្សាយ​អត្ថបទ​កែតម្រូវ​នេះ​ទាំងស្រុង​៖

សូម​គោរព​ជូន​និពន្ធ​នាយក​កោះសន្តិភាព​ជាទី ស្រឡាញ់​រាប់អាន
ខ្ញុំ​សូម​អរគុណ​ចំពោះ​ការ​ផ្តល់​ឱកាស​ឲ្យ​ខ្ញុំ​បាន​កែតម្រូវ​នូវ​អត្ថបទ​ដែល​មានការ​ភាន់ច្រឡំ​នៅ​ពេល​ដែល​បាន​បោះពុម្ព​ចេញផ្សាយ​នៅ​ទំព័រ​កោះសន្តិភាព (​ទំព័រ​ទី​២០ និង​ទំព័រ​ទី​១៤) កាលពី​ថ្ងៃ​អង្គារ​ទី​៧ ខែកុម្ភៈ ឆ្នាំ​២០១៧ ដែល​មាន​ចំណងជើង​ថា «​សត្វ​ទោច​ម្កុដ​ដ៏​កម្រ​នៅ​ព្រៃអង្គរ​កំពុង​បន្ត​ពូជ​» ។

អង្គការ​សម្ព័ន្ធ​សត្វព្រៃ និង​រដ្ឋបាល​ព្រៃឈើ​កម្ពុជា​បាន​ធ្វើការ​រួម​គ្នា​នៅ​មណ្ឌល​សង្គ្រោះ​សត្វព្រៃ​ភ្នំ​តា​ម៉ៅ ដើម្បី​ជួយ​បង្កើតកូន​សត្វ​ទោច​តាំងពី​១៥​ឆ្នាំ​មុន ។ ហើយ​អំឡុង​ពេល​នេះ​ពួក​យើង​បាន​សិក្សា​ស្រាវជ្រាវ​ដើម្បី​រក​ព្រៃ​សមរម្យ​នៅ​តំបន់​ព្រៃ​ភាគ​ខាងលិច​នៃ​ទន្លេមេគង្គ​ដើម្បី​ធ្វើការ​ដោះ​លែង​ប្រភេទ​សត្វ​ទាំងនេះ ។ ការ​សិក្សា​ទាំងនេះ​បាន​បង្ហាញ​ថា​នៅ​ក្នុង​គម្រប​ព្រៃ​នៃ​តំបន់​អង្គរ​អាច​ជាទី​កន្លែង​ដែល​ល្អ​ជាងគេ​ក្នុង​ចំណោម​តំបន់​សម្រាប់​ការ​ដោះ​លែង ដោយសារ​តែ​មានការ​ការពារ​ល្អ ហើយ​សត្វ​ទោច​ពុំ​មាន​វត្ត​មាននៅ​ទីនោះ​ទៀត​ទេ ។ សត្វ​ទោច​ម្កុដ​ជា​ប្រភេទ​ដែល​មានការ​គ្រប់គ្រង​អាណាចក្រ​ច្បាស់លាស់ ដូច្នេះ​ប្រសិនបើ​ការ​ដោះ​លែង​ដែល​មាន​សត្វ​ទោច​ព្រៃ​ស្រាប់​រស់នៅ​ទីនោះ វា​ពិតជា​មិន​អាច​រស់នៅ​បាន​ឡើយ ។

ក្នុង​ឆ្នាំ​២០១៣​មាន​កិច្ចប្រជុំ​រវាង​អាជ្ញាធរ​ជាតិ​អប្សរា រដ្ឋបាល​ព្រៃឈើ និង​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ និង​បាន​ពិភាក្សា​គ្នា​អំពី​លទ្ធភាព​នៃ​ការ​ដោះ​លែង​សត្វ​ទោច​ម្កុដ​ចូល​ក្នុង​ព្រៃ​តំបន់​អង្គរ និង​កិច្ចព្រមព្រៀង​បាន​កើតឡើង​។ គូ​ដំបូង​គេ​គឺ​ឈ្មោល​ឈ្មោះ «​បារាយណ៍​» និង​ញី​ឈ្មោះ «​សា​រ៉ា​នី​ក​» ដែល​បាន​ដោះ​លែង​ក្នុង​ទ្រុង​បន្សាំ​ក្បែរ​ប្រាសាទតាណី ក្នុង​ខែមិថុនា ឆ្នាំ​២០១៣ និង​៦​ខែ​ក្រោយមក​ទៀត​បាន​ដោះ​លែង​ចូល​ទៅ​ក្នុង​ព្រៃ ។ គូ​ទី​២ គឺ​ឈ្មោល​ឈ្មោះ «​បាយ័ន​» និង​ញី​ឈ្មោះ​«​ទេវី​» ត្រូវ​បាន​យក​ទៅ​ដាក់​ក្នុង​ទ្រុង​បន្សាំ ជិត​ខ្លោងទ្វារ​ខ្មោច ក្នុង​ខែមិថុនា ឆ្នាំ​២០១៤ និង​បាន​ដោះ​លែង​ទៅ​ក្នុង​ព្រៃ​នៅ​ខែមិថុនា ឆ្នាំ​២០១៥​។ គូ​ទាំង​ពីរ​បាន​ផ្តល់​កំណើត កូន​ទី​មួយ​បាន​កើត​នៅ​ថ្ងៃ​ទី​៣ ខែកញ្ញា ឆ្នាំ​២០១៤ ហើយ​កូន​ទី​ពីរ​បាន​កើត​នៅ​ថ្ងៃ​ទី​៣០ ខែមិថុនា ឆ្នាំ​២០១៦ ហើយ​កូន​ទាំង​ពីរ​មាន​សុខភាព​ល្អ ។ យើង​ទាំងអស់​គ្នា​សង្ឃឹមថា​ការ​នាំ​យក​គូ​ទី​បី​នៃ​សត្វ​ទោច​ម្កុដ​ដើម្បី​យក​ទៅ​ដាក់​ក្នុង​ទ្រុង​បន្សាំ និង​ដោះ​លែង​ទៅ​ក្នុង​ព្រៃ​នា​ឆ្នាំ​នេះ ។

អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ​សូម​យក​ឱកាស​នេះ​ដើម្បី​ថ្លែងអំណរគុណ​ទៅ​ដល់​អាជ្ញាធរ​អប្សរា និង​រដ្ឋបាល​ព្រៃឈើ​សម្រាប់​កិច្ចសហការ​ដ៏​ល្អ​ក្នុង​ដំណើរការ​អនុវត្ត​គម្រោង​ថ្មី និង​សម្រេច​បាន​លទ្ធផល​ល្អ​ប្រសើរ​ក្រៃ​លែង​។ ប្រសិនបើ​គ្មាន​ភាព​ជា​ដៃគូ​ដ៏​ជិត​ស្និទ្ធ​នេះ​ទេ ភាព​ជោគជ័យ​នេះ​ប្រហែលជា​មិន​អាច​សម្រេច​បាន​ឡើយ ។ ខ្ញុំ​គួរ​គូសបញ្ជាក់​ថា គ្រប់​ដំណាក់កាល​នៃ​ការ​អនុវត្ត​គម្រោង​នេះ​គឺ​គ្មាន​ដៃគូ​ណា​ផ្សេង​ទៀត​ទេ ក្រៅ​តែ​ពី​អាជ្ញាធរ​ជាតិ​អប្សរា រដ្ឋបាល​ព្រៃឈើ និង​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ ក្នុង​ការ​គ្រប់គ្រង ឬ​ការ​អនុវត្ត​ការងារ​នេះ ។

ពី​ខ្ញុំ នី​គ ម៉ា​គ នាយក​កម្មវិធី​សង្គ្រោះ និង​ថែទាំ​សត្វព្រៃ​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ​កម្ពុជា