ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​សង្កាត់​ស្ពានថ្ម និង​ម្ចាស់​រថយន្ត ទ​ទួ​ច​ស្នើ​សុំ​សម្តេច​តេ​ជោ​ជួយ​អន្តរាគមន៍​ដោះ​លែង​រថយន្ត​ដឹក​ដី​៥​គ្រឿង​ផង​!

1 ឆ្នាំ មុន
  • ភ្នំពេញ

អាជ្ញាធរ​សង្កាត់​ស្ពានថ្ម និង​ប្រជាពលរដ្ឋ ព្រមទាំង​ម្ចាស់​រថយន្ត​ដឹក​ដី​ប្រមាណ​ជាង​៣០​នាក់ បាន​ទ​ទួ​ច​ស្នើ​សុំ​សម្តេច​តេ​ជោ ហ៊ុន សែន មេត្តា​ជួយ​អន្តរាគមន៍​ទៅ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ជួយ​ដោះ​លែង​រថយន្ត​ដឹក​ដី​លើស​ចំណុះ​ចំនួន​៥​គ្រឿង​ដែល​ក្រសួង

រាជធានី​ភ្នំពេញ ៖ អាជ្ញាធរ​សង្កាត់​ស្ពានថ្ម និង​ប្រជាពលរដ្ឋ ព្រមទាំង​ម្ចាស់​រថយន្ត​ដឹក​ដី​ប្រមាណ​ជាង​៣០​នាក់ បាន​ទ​ទួ​ច​ស្នើ​សុំ​សម្តេច​តេ​ជោ ហ៊ុន សែន មេត្តា​ជួយ​អន្តរាគមន៍​ទៅ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ជួយ​ដោះ​លែង​រថយន្ត​ដឹក​ដី​លើស​ចំណុះ​ចំនួន​៥​គ្រឿង​ដែល​ក្រសួង​បាន​ចាប់​ឃាត់​ទុក​កាលពី​ថ្ងៃ​ទី​៦ ខែកញ្ញា ឆ្នាំ​២០២២​កន្លង​មកនេះ ដើម្បី​បាន​មក ស្ថាបនា​ជួសជុល​ផ្លូវ​នៅ​ក្នុង​មូលដ្ឋាន និង​ប្រកប​មុខ​រកស៊ី​ឡើង​វិញ​។

ការ​ស្នើ​សុំ​នេះ បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​៨​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​០៩ ខែកញ្ញា ឆ្នាំ​២០២២​នេះ ដោយ​ពួក​គាត់​បាន​ជួប​ប្រមូល​ជុំ​គ្នា​នៅ​លើ​ទីតាំង​ដែល​ត្រូវ​ស្ថាបនា​ផ្លូវ​ក្នុងភូមិ​ព្រែក​ជ្រៃ សង្កាត់​ស្ពានថ្ម ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។ នៅ​ក្នុង​ឱកាស​នោះ ម្ចាស់​រថយន្ត ក៏​បាន​លើក​រូបថត​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធិ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន សំពះ​អង្វរ​សុំ​អធ្យាស្រ័យ​ពី​ថ្នាក់ដឹកនាំ​ផង​ដែរ​។

លោក ហង្ស ជុំ ចៅសង្កាត់​ស្ពានថ្ម​ខណ្ឌដង្កោ ក្នុង​នាម​តំណាង​ប្រជាពលរដ្ឋ បានអោយ​ដឹង​ថា ដោយ​មើលឃើញ​ពី​ការ​លំបាក​របស់​ប្រជាពលរដ្ឋ ដែល​ធ្វើ​ដំណើរ​នៅ​លើ​ដងផ្លូវ ដែល​រង​ការ​ខូចខាត​នេះ និង​មាន​ទំនាកទំនង​ល្អជា​មួយ​អ្នក​ធ្វើ​អាជីវកម្ម​ដឹក​ដី​ក្នុង​មូលដ្ឋាន លោក​ក៏​បាន​ស្នើ​សុំ​អោយ​ជួយ ជួសជុល​ស្ថាបនា កំណាត់​ផ្លូវ​ក្នុង​មូលដ្ឋាន ប្រមាណ​២០០០​ពាន់​ម៉ែត្រ​។ នៅ​ក្នុង​ការ​ជួយ​ជួសជុល​ស្ថាបនា​ផ្លូវ ពុំ​អស់​លុយកាក់​នោះ​ទេ ព្រោះ​សង្កាត់​មាន​លុយ​ឯណា ។ នៅ ពេល​ស្ថាបនា មិន​ទាន់​រួចរាល់​ផង ស្រាប់តែ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​មក​ចាប់​រថយន្ត​ដឹក​ដី​ទាំងនោះ ផាកពិន័យ និង​ទុក​១​ឆ្នាំ ដោយ​អះអាង​ថា ដឹក​លើស​ចំណុះ ។

លោក​ចៅសង្កាត់ ក៏​បាន​លើកដៃ​សំពះ​អង្វរ​ដល់​ក្រសួង​សាធារណៈ មេត្តា​ជួយ​ដោះ​លែង​រថយន្ត​ទាំងនោះ ត្រឡប់​មក​វិញ ដើម្បី​បាន​ចាក់​ដី​ជួយ​ស្ថាបនា​ផ្លូវ​អភិវឌ្ឍ​ក្នុង​មូលដ្ឋាន​បន្ត​ទៀត ។

លោក ចាន់ ផ​ន​ពិសិដ្ឋ ម្ចាស់​អាជីវកម្ម​ដឹក​ដី​បានអោយ​ដឹង​ថា បន្ទាប់​ពី​សង្កាត់​មានការ​ស្នើ​សុំ​អោយ​ជួយ​ជួសជុល​ស្ថាបនា​ផ្លូវ​នៅ​ក្នុងភូមិ​ព្រែក​ជ្រៃ សង្កាត់​ស្ពានថ្ម ខណ្ឌដង្កោ ប្រវែង​ប្រមាណ​២០០០​ម៉ែត្រ លោក​ក៏​បាន​ទៅ​ហៅ​រថយន្ត​ដឹក​ដី​ប្រភេទ​រថយន្ត​យី​ឌុ​ប មក​ចាក់​ដី ហើយ​គាត់​ជួយ​ចេញថ្លៃ​ប្រេង នៅ​ពេល​ចាក់​ដី​ស្ថាបនា​ផ្លូវ​បាន​ប្រមាណ​៥​ថ្ងៃ ស្រាប់តែ​នៅ​ថ្ងៃ​ទី​០៦ ខែកញ្ញា ឆ្នាំ​២០២២ ខាង​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន មក​ចាប់​ដកហូត​បញ្ជូន​ទៅ​ទុក​នៅ​ស្នាក់​ការ​ជញ្ជីង​នៅ​ព្រែក​ហូរ ដើម្បី​ផាកពិន័យ និង​ទុក​រយៈពេល​១​ឆ្នាំ ។

លោក ណុ​ល សុផល ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ ជា​ម្ចាស់​រថយន្ត​ដឹក​ដី ស្នាក់​នៅ​ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល ក៏​បាន​ទ​ទួ​ច​អង្វរ​ដល់​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធិ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន មេត្តា​ជួយ​អន្តរាគមន៍​ដោះ​លែង​រថយន្ត​បាន​ត្រឡប់​មក​វិញ ព្រោះ​រថយន្ត នោះ ពួក​គាត់​ម្នាក់​ៗ​សុទ្ធតែ​ខ្ចី​ធានា​គារ​ដើម្បី​មក​ទិញ​រកស៊ី​ដឹក​ដី​ទេ​។ បើ​ក្រសួង​សាធារណការ​ឃាត់​ទុក​រយៈពេល​១​ឆ្នាំ ពួក​គាត់​មាន​គ្មាន​លទ្ធភាព​បង់​ធានា​គារ ហើយ​រថយន្ត​ទុក​ចោល​ខូចខាត​ទៀត​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ដោយ​អនុវត្ត​ច្បាប់ គ្មាន​ការ​លើកលែង កាលពី​ថ្ងៃ​ទី​៦ ខែកញ្ញា ឆ្នាំ​២០២២​ក្រុមការងារ​ចល័ត​ចម្រុះ សម្រាប់​ឆ្មក់​ត្រួតពិនិត្យ​យានយន្ត​ដឹក​ជញ្ជូន​លើស​ទម្ងន់ នៃ​គណៈកម្មាធិការ​សម្របសម្រួល​អចិន្ត្រៃយ៍​របស់​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​ដឹកនាំ​ដោយ​លោក គឹ​ម សាន់ អនុរដ្ឋលេខាធិការ​បាន​សហការ​ជាមួយ​មន្ត្រី​ស្ថានីយ​ជញ្ជីង​ព្រែក​ហូរ និង​ស្ថានីយ​ក្រសាំង បាន​ត្រួតពិនិត្យ​យានយន្ត​ដឹក​ដី ចំនួន​៥​គ្រឿង​ដឹក​លើស​ទម្ងន់​កម្រិត​កំណត់ ត្រូវ​បាន​ពិន័យ និង​ត្រូវ​ឃាត់​ទុក​រយៈពេល​១​ឆ្នាំ ដោយ​លើស​ទម្ងន់​កម្រិត​កំណត់ ២០% នៃ​ទម្ងន់​អនុញ្ញាត ។

តាម​មន្ត្រី​ជំនាញ​អោយ​ដឹង​ថា រថយន្ត​ទាំង​៥​គ្រឿង​ខាងលើ ដឹក​លើស​ទម្ងន់​អនុញ្ញាត​ចាប់ពី​១៨​តោន​ដល់​២១​តោន ដោយ​អនុលោម​តាម​ច្បាប់​ស្តី​ពី​ផ្លូវថ្នល់ មាត្រា​៦០ យានយន្ត​ដឹក​ទាំង នោះ​ត្រូវ​ពិន័យ​ជា​ប្រាក់ និង​ឃាត់​ទុក​ចំនួន​មួយ​ឆ្នាំ ។ បន្ទាប់​ពី​ឃាត់​រថយន្ត​ដឹក​ដី​បាន​៣​ថ្ងៃ ម្ចាស់​រថយន្ត​ទាំងនោះ ព្រមទាំង​លោក​ចៅសង្កាត់​ស្ពានថ្ម ក៏​បាន​ទ​ទួ​ច​ស្នើ​សុំ​ដល់​សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធិ​បណ្ឌិត ក៏​ដូច​ជា​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន មេត្តា​ដោះ​លែង​រថយន្ត​ទាំង​៥​គ្រឿង​នោះ​បាន​ត្រឡប់​មក​វិញ ដើម្បី​បន្ត​ចាក់​ដី និង​ស្ថាបនា​ផ្លូវ​ក្នុង​មូលដ្ឋាន​បន្ត​ទៀត បន្ទាប់​ពី​ម្ចាស់​រថយន្ត​ទាំងនោះ​បាន​ចូលខ្លួន​ទៅ​ផាកពិន័យ​រួច​ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ