ប្រភពព័ត៌មានពីបរទេសបានឱ្យដឹងថា នាងណាតាលី ក្លេបូវ៉ា ជាបវរកញ្ញាចក្រវាឡប្រចាំឆ្នាំ២០០៥ និងស្វាមីរបស់នាង លោក Paradon Srichamphan ជាកីឡាករវាយតឺន្នីស ជនជាតិថៃ ពេលនេះ កំពុងស្ថិតនៅលើផ្លូវឆ្ពោះទៅរកការលែងលះគ្នាហើយ ។ ប្រភពមួយដែលស្និទ្ធជាមួយនាងណាតាលី ក្លេបូវ៉ា បានបង្ហើបឱ្យដឹងថា នាងណាតាលី និងលោក Paradon បានរស់នៅបែកគ្នាតាំងពីខែកក្កដា ឆ្នាំ២០១០ មកម៉្លេះ ហើយឥឡូវនេះអ្នកទាំងពីរបានសម្រេចចិត្តដាក់ពាក្យប្តឹងលែងលះគ្នា ។
ការប្រេះឆាក្នុងគ្រួសាររបស់នាងណាតាលី រហូតឈានដល់ការលែងលះគ្នានេះ ដោយសារបញ្ហាការងារ ប៉ុន្តែបើទោះបីជាពួកគេបែកបាក់គ្នាក៏ដោយ ក៏ពួកគេនៅតែរាប់អានគ្នាជាមិត្តភក្តិ។
នាងណាតាលី ក្លេបូវ៉ា និយាយក្នុងសេចក្តីថ្លែងការណ៍មួយថា «រយៈពេលជាច្រើនឆ្នាំបានកន្លងផុតទៅ ការងារនិងកាតព្វកិច្ចបានធ្វើឱ្យពួកយើងទាំងពីរដើរក្នុងទិសដៅផ្សេងគ្នា ប៉ុន្តែទោះបីជាបែបណាក៏ដោយ ក៏យើងទាំងពីរនៅតែរាប់អានគ្នាជាមិត្តភក្តិ ហើយនិងជួយគ្នាទៅវិញទៅមក» ។
នាងណាតាលី ក្លេបូវ៉ា ជាជនជាតិកាណាដា ដើមកំណើតរុស្ស៊ី ក្លាយជាបវរកញ្ញាចក្រវាឡប្រចាំឆ្នាំ២០០៥ នៅក្នុងការប្រកួតដែលរៀបចំឡើងក្នុងទីក្រុងបាងកក ហើយនាងបានជួបលោក Paradon អតីតស្វាមីនាងជាលើកដំបូងនៅក្នុងការប្រកួតកីឡាវាយតឺន្នីសក្របខណ្ឌ Thailand Open 2006 ។ ក្រោយពីបានជួបគ្នាមិនទាន់បានប៉ុន្មានខែផង អ្នកទាំងពីរបានភ្ជាប់ពាក្យជាមួយគ្នានៅខែមេសា ឆ្នាំ២០០៧ ហើយរៀបការនៅថ្ងៃទី២៩ វិច្ឆិកា ឆ្នាំ២០០៧ ក្នុងទីក្រុងបាងកក ។ ប៉ុន្តែពេលនេះចំណងអាពាហ៍ពិពាហ៍របស់ពួកគេត្រូវកាត់ផ្តាច់ក្រោយពីរៀបការបានរយៈពេលជាង៣ឆ្នាំ ៕


ចែករំលែកព័តមាននេះ