ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គនាយកដ្ឋាន​ពន្ធដារ​ប្រមូល​ពន្ធ​បាន​ប្រមាណ​ជាង​245​លាន​ដុល្លារ​ក្នុង​ខែមករា​ដើមឆ្នាំ​នេះ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​ខែមករា ឆ្នាំ​២០១៧​នេះ អគ្គនាយកដ្ឋាន​ពន្ធដារ​ប្រមូល​បាន​ចំណូល​ពន្ធ​-​អាករ​គ្រប់​ប្រភេទ និង​ធ្វើ​បែបបទ​សលាក​ប​ត្រ​បង់​ចូល​ថវិកាជាតិ​បាន​ចំនួន ៩៨២ ៧៤៧,៧៨​លាន​រៀល (​ប្រមាណ​ជា

រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​ខែមករា ឆ្នាំ​២០១៧​នេះ អគ្គនាយកដ្ឋាន​ពន្ធដារ​ប្រមូល​បាន​ចំណូល​ពន្ធ​-​អាករ​គ្រប់​ប្រភេទ និង​ធ្វើ​បែបបទ​សលាក​ប​ត្រ​បង់​ចូល​ថវិកាជាតិ​បាន​ចំនួន ៩៨២ ៧៤៧,៧៨​លាន​រៀល (​ប្រមាណ​ជា ២៤៥,៦៩​លាន​ដុល្លារ​) ។ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អគ្គនាយកដ្ឋានពន្ធដារ ក្នុង​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​គ្រប់គ្រង​ប្រមូល​ចំណូល​ប្រចាំ​ខែមករា ឆ្នាំ​២០១៧ កាលពី​ព្រឹក​ថ្ងៃ​ទី​១០ កុម្ភៈ ក្រោម​អធិបតីភាព​របស់​លោក គង់ វិបុល ប្រតិភូ​រាជរដ្ឋាភិបាល ទទួល​បន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយក​ដ្ឋាន​ពន្ធដារ ព្រមទាំង​វត្តមាន​ចូលរួម​ពី​អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ លោក​ប្រធាន​-​អនុប្រធាន​នាយកដ្ឋាន លោក​ប្រធាន​សាខា​ពន្ធដារ​ខេត្ត​-​ខណ្ឌ​ទាំងអស់​ក្រោម​ចំណុះ​អគ្គនាយកដ្ឋាន​ពន្ធដារ ។

ក្នុង​កិច្ចប្រជុំ​នេះ​ដែរ លោក គង់ វិបុល បាន​ផ្តល់​នូវ​អនុសាសន៍​ណែនាំ​ដល់​អង្គភាព​ក្រោម​ឱវាទ​ពន្ធដារ ដូច​ខាងក្រោម ៖
-​បន្ត​អនុវត្ត​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ នូវ​យុទ្ធសាស្ត្រ​កៀរគរ​ចំណូល​រយៈពេល​មធ្យម​របស់​រាជរដ្ឋាភិបាល និង​កម្មវិធី​កែទម្រង់​ហិរញ្ញវត្ថុ​សាធារណៈ ។

-​ពង្រឹង​ការ​ដាក់​លិខិត​ប្រកាស​ពន្ធ​ប្រចាំខែ និង​ប្រចាំឆ្នាំ ជា​ពិសេស ការ​ប្រកាស​បង់ពន្ធ​លើ​ប្រាក់​ចំណូល​ប្រចាំឆ្នាំ​២០១៦ តាម​រយៈ​ការ​ពិនិត្យ​តាមដាន​ជា​ប្រចាំ​ចំពោះ​ការ​បង់ប្រាក់​ពន្ធ​, ការ​រំឭក​សហគ្រាស​ដែល​មិន​មក​ដាក់​លិខិត​ប្រកាស​បង់ប្រាក់​ពន្ធ​, ការ​បង្កើន​ការ​ពិនិត្យ​ផ្ទៀងផ្ទាត់​វិក្កយបត្រ​អាករ (VAT Cross Checking) និង​ការ​ត្រួតពិនិត្យ​លើ​វិធានការ​ប្រើប្រាស់​វិក្កយបត្រ ។

-​ពង្រឹង​ការ​គ្រប់គ្រង​ប្រមូល​អាករ​ពិសេស តាម​រយៈ​ការ​ពង្រឹង​កិច្ចសហការ​ជាមួយ​អង្គភាព​ពាក់ព័ន្ធ ក្នុង​ការ​រៀបចំ​បោះពុម្ព​សន្លឹក​តែមប្រិ៍​អាករ​ថ្មី ដែល​មាន​លក្ខណៈ​ស្រប​តាម​បច្ចេកវិទ្យា​ខ្ពស់ និង​ប្រកបដោយ​សុវត្ថិភាព ងាយស្រួល​ក្នុង​ការ​គ្រប់គ្រង​តាមដាន និង​មិន​អាច​ក្លែងបន្លំ​បាន ។

-​ពង្រឹង​ការ​ប្រមូល​ពន្ធ​ប្រថាប់ត្រា​លើ​ការ​ផ្ទេរកម្មសិទ្ធិ និង​សិទ្ធិ​កាន់កាប់​អចលនទ្រព្យ ព្រមទាំង​ពន្ធ​លើ​អចលនទ្រព្យ តាម​រយៈ​ការ​ធ្វើ​បច្ចុប្បន្នភាព​អចលនទ្រព្យ​ទូ​ទាំង​ប្រទេស។

-​ពង្រឹង​ការ​គ្រប់គ្រង​ប្រមូល​ពន្ធ​លើ​សហគ្រាស​ក្នុង​វិស័យ​ទូរគមនាគមន៍ សំណង់់ និង​ដឹក​ជញ្ជូន ។

-​បន្ត​នីតិវិធី​នៃ​ការ​ចុះ​អង្កេត​ស្រាវជ្រាវ​សហគ្រាស​តាម​ដងផ្លូវ (Street Survey) ដើម្បី​ឲ្យ​សហគ្រាស​ដែល​មិន​បាន​ចុះបញ្ជី​ត្រឹមត្រូវ ឬ​លាក់ខ្លួន​មិន​ព្រម​មក​ចុះបញ្ជី​ពន្ធដារ​នៅ​ក្នុង​ខណ្ឌ​នានា​នៃ​រាជធានី​ភ្នំពេញ ឲ្យ​បាន​មក​ចុះបញ្ជី​ពន្ធដារបាន​គ្រប់​ៗ​គ្នា ។

-​ពង្រឹង និង​បង្កើន​ប្រសិទ្ធភាព​គ្រប់គ្រង​ការ​ប្រមូល​ពន្ធ​លើ​មធ្យោបាយ​ដឹក​ជញ្ជូន និង​យានជំនិះ​គ្រប់​ប្រភេទ តាម​រយៈ​ការ​ចុះ​ត្រួតពិនិត្យ​ការ​អនុវត្ត​បង់ពន្ធ​ប្រភេទ​នេះ​ក្នុង​ក្របខ័ណ្ឌ​ទូ​ទាំង​ប្រទេស ។

-​ពង្រឹង​អភិបាលកិច្ច​ល្អ​របស់​រដ្ឋបាល​សារពើពន្ធ តាម​រយៈ​ការ​ធ្វើ​កំណែទម្រង់​រចនាសម្ព័ន្ធ​ការងារ និង ប្រព័ន្ធ​ការងារ ការ​ពង្រឹង​មុខងារ​ភារកិច្ច​របស់​អង្គភាព​ក្រោម​ឱវាទ​ទាំងអស់​ដើម្បី​រៀបចំ​ក្របខ័ណ្ឌ​ប្រព័ន្ធ​ការងារ​មួយ​ដែល​មាន​លក្ខណៈ​ស៊ីសង្វាក់​ប្រទាក់ក្រឡា​គ្នា និង​ជួយ​ជំរុញ​បង្កើន​ប្រសិទ្ធភាព និង​ផលិតភាព​ការងារ​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ ។

-​បន្ត​លើកកម្ពស់ និង​បញ្ជ្រាប​វប្បធម៌​នៃ​ការ​បង់ពន្ធ​ឲ្យ​បាន​ជ្រួតជ្រាប​កាន់តែ​ប្រសើរ​ថែម​ទៀត ជា​ពិសេស ការ​អនុវត្ត​ច្បាប់​ស្តី​ពី​សារពើពន្ធ នៅ​ក្នុង​ចំណោម​ធុរជន​គ្រប់​មជ្ឈដ្ឋាន តាម​រយៈ​ការ​រៀបចំ​សិក្ខាសាលា​ផ្សព្វផ្សាយ​ស្តី​ពី​ប្រព័ន្ធ​ពន្ធដារ​កម្ពុជា ។

-​បន្ត​អប់រំ​ណែនាំ ពង្រឹង​ការ​អនុវត្ត​ច្បាប់ និង​សមត្ថភាព​មន្ត្រី​ពន្ធដារ​គ្រប់​លំដាប់ថ្នាក់ ពង្រឹង​អភិបាលកិច្ច​ល្អ​របស់​រដ្ឋបាល​សារពើពន្ធ ជា​ពិសេស ការ​កែប្រែ​ផ្នត់គំនិត(Mindset) របស់​មន្ត្រីរាជការ​ពន្ធដារ​គ្រប់​រូប​ឲ្យ​យកចិត្តទុកដាក់​អនុវត្ត​ការងារ​ប្រកបដោយ​ការ​ទទួលខុសត្រូវ​ខ្ពស់ ដោយ​ឈរ​លើ​មនសិការ​វិជ្ជាជីវៈ និង​ស្មារតី​តម្កល់​ផលប្រយោជន៍​ជាតិ​ជា​ចម្បង ដោយ​ចូលរួម​អនុវត្ត​ព្រម​ៗ​គ្នា​នូវ​កម្មវិធី​នយោបាយ​របស់​រាជរដ្ឋាភិបាល សំដៅ​ធ្វើ​យ៉ាងណា ធានា​បាន​នូវ​ប្រសិទ្ធភាព​នៃ​ការ​ប្រមូល​ចំណូល​ពន្ធ ដោយ​ផ្អែក​លើ​អភិក្រម «​ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល និង​ព្យាបាល​ជំងឺ​» ដែល​បាន​ដាក់​ចេញ​ដោយ​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី និង​អភិក្រម​ការងារ​ទាំង​បួន ដែល​បាន​ដាក់​ចេញ​ដោយ​លោក​ទេស​រដ្ឋមន្ត្រី  ៕