ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមាគម​ទេសចរណ៍​ចំនួន​5 បាន​ចុះ​កិច្ចព្រមព្រៀង​សហការ​គ្នា

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សមាគម​ធ្វើការ​ងារ​លើ​ផ្នែក​ផ្សេង​ៗ​គ្នា​ក្នុង​វិស័យ​ទេសចរណ៍​ចំនួន​៥ បាន​ចុះ​កិច្ចព្រមព្រៀង​សហការ​គ្នា​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម និង​ផលប្រយោជន៍​រួម​គ្នា​ក្នុង​វិស័យ​នេះ ។

រាជធានី​ភ្នំពេញ ៖ សមាគម​ធ្វើការ​ងារ​លើ​ផ្នែក​ផ្សេង​ៗ​គ្នា​ក្នុង​វិស័យ​ទេសចរណ៍​ចំនួន​៥ បាន​ចុះ​កិច្ចព្រមព្រៀង​សហការ​គ្នា​ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម និង​ផលប្រយោជន៍​រួម​គ្នា​ក្នុង​វិស័យ​នេះ ។

លោក ហូ វ​ណ្ឌី អគ្គលេខាធិការ​សមាគម​សម្ព័ន្ធ​ទេសចរណ៍​ជាតិ​កម្ពុជា បាន​ថ្លែង​ឲ្យ​ដឹង​កាលពី​ព្រឹក​ថ្ងៃ​ទី​១០ កុម្ភៈ​ថា គោលដៅ​នៃ​ការ​ចុះ​កិច្ចព្រមព្រៀង​នេះ ធ្វើ​ឡើង​ដើម្បី​ឈ្វេងយល់​ពី​តម្រូវការ និង​ការ​សហការ​គ្នា​ឲ្យ​បាន​ទូលំទូលាយ​ជាង​មុន និង​មិន​ប្រកួតប្រជែង​គ្នា​តាម​រយៈ​ការ​អូស​ទាញ​ភ្ញៀវ​ពី​គ្នា​ទៅ​វិញ​ទៅ​មក ។ លោក​បន្ត​ថា យើង​ផ្តោត​លើ​គោលដៅ​អ្វី​ជា​ផល​ប៉ះពាល់ និង​និរន្តរភាព​ក្នុង​វិស័យ​ទេសចរណ៍ ដោយ​ឈ្វេងយល់​ពិគ្រោះ​យោបល់​គ្នា​ដើម្បី​កុំ​ឲ្យ​មានការ​ចោទប្រកាន់​គ្នា​ទៅ​វិញ​ទៅ​មក ជា​ពិសេស ការ​ទប់ស្កាត់​សកម្មភាព​ទាំងឡាយ​ណា​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​វិស័យ​នេះ​ទាំងមូល ។

លោក​បន្ត​ថា ៖ « យើង​ចង់​ទប់ស្កាត់​ការ​រកស៊ី​ដែល​គ្មាន​គុណធម៌​ក្នុង​វិស័យ​នេះ ស្រប​ពេល​សកម្មភាព​លក់​កញ្ចប់​ទេសចរណ៍​ហ្សេ​រ៉ូ ឬ​មិន​ចំណេញ​ប្រាក់​កើនឡើង ។ យើង​ចង់​ឃើញ​ការ​ជួបជុំ​គ្នា​ក្នុង​រង្វង់​អ្នករក​ស៊ីក្នុង​វិស័យ​នេះ​ជួប​គ្នា​ញឹកញាប់ ដើម្បី​ចែករំលែក​បទ​ពិសោធន៍ និង​ដោះស្រាយ​បញ្ហា​ប្រឈម​ជាមួយ​គ្នា » ។

សមាគម​ចំនួន​៥ ដែល​ចុះ​កិច្ចព្រមព្រៀង​រួម​គ្នា​មាន​ដូច​ជា ១-​សមាគម​សម្ព័ន្ធ​ទេសចរណ៍​ជាតិ​កម្ពុជា​, ២-​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​, ៣-​សមាគម​ដឹក​ជញ្ជូន​ទេស​ចរណ៍​ផ្លូវទឹក រាជធានី​ភ្នំពេញ​, ៤-​សមាគម​ដឹក​ជញ្ជូន​ទេសចរណ៍​ផ្លូវគោក រាជធានី​ភ្នំពេញ និង​៥-​សមាគម​មគ្គុទ្ទេសក៍​ទេសចរណ៍​រាជធានី​ភ្នំពេញ ។

លោក ហេង ហាក់ ប្រធាន​សមាគម​ម​គ្គុ​ទេ្ទ​សក៍​ទេសចរណ៍​រាជធានី​ភ្នំពេញ ថ្លែង​ថា កន្លង​មក សមាគម​ទាំងនេះ​មិន​ទាន់​បាន​ធ្វើការ​សហការ​គ្នា​ពេញលេញ​នៅឡើយ​ទេ តែ​យើង​បាន​ជួប​គ្នា​ខ្លះ​ៗ​នៅ​ពេល​មាន​តម្រូវការ ប៉ុន្តែ​ចាប់ពី​ពេល​ចុះ​កិច្ចព្រមព្រៀង​នេះ​ទៅ យើង​នឹង​ធ្វើ​យ៉ាងណា ឲ្យ​កិច្ច​សហប្រតិបត្តិការ​នេះ​កាន់តែ​មាន​ភាពល្អ​ប្រសើរ​ជាង​មុន ។ លោក​បន្ត​ថា ៖ «​ការ​ជួប​គ្នា​ធ្វើ​ឲ្យ​យើង​អាច​ដោះស្រាយ​បញ្ហា​រួម​គ្នា រិះរក​យុទ្ធសាស្ត្រ និង​ដំណោះស្រាយ​ដើម្បី​ធ្វើ​ឲ្យ​វិស័យ​នេះ​មាន​ភាព​រីក​ចម្រើន ។ អ្វី​សំខាន់ គឺ​យើង​អាច​លើក​ជា​គំនិត និង​បញ្ហា​ប្រឈម​របស់​យើង​ក្នុង​វិស័យ​នេះ ដើម្បី​ដាក់​សំណើ​ទៅ​រាជរដ្ឋាភិបាល​ជួយ​អន្តរាគមន៍ ឬ​ដោះស្រាយ​ដើម្បី​ធ្វើ​ឲ្យ​យើង​រីក​ចម្រើន​ទាំងអស់​គ្នា » ។

ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា លោកស្រី ឆាយ ស៊ី​វលី​ន ថ្លែង​ថា ពី​មុន​សមាគម​មិនសូវ​បាន​សហការ​គ្នា​ល្អ​ប្រសើរ​ទេ ប៉ុន្តែ​អ្វី​ដែល​បាន​ចុះ​កិច្ចព្រមព្រៀង​នេះ គឺ​ធ្វើ​ឡើង​ដើម្បី​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​ក្នុង​វិស័យ​នេះ ហើយ​លោកស្រី​ក៏​មាន​បំណង​ចង់​សិក្សា​ពី​រាមច្បង​ដែល​មានបទពិសោធន៍​ក្នុង​វិស័យ​នេះ​បន្ថែម​ផង​ដែរ ។

លោកស្រី​បន្ត​ថា ៖ « ការ​ចែករំលែក​បទ​ពិសោធន៍​គ្នា ការ​មិន​គួរ​លូកលាន់​គ្នា​លើ​ការ​ធ្វើ​ជំនួញ​ក្នុង​វិស័យ​នេះ ពិតជា​មាន​សារសំខាន់ ព្រោះ​បើ​យើង​ប្រកួតប្រជែង​គ្នា យើង​នឹង​ខាតបង់​ទាំងអស់​គ្នា ។ ផ្ទុយ​ទៅ​វិញ បើ​យើង​សហការ​គ្នា យើង​នឹង​បាន​ផលប្រយោជន៍​ទាំងអស់​គ្នា » ។

កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​ប្រមាណ​៥​លាន​នាក់​កាលពី​ឆ្នាំ​មុន កើនឡើង​៥%​ធៀប​នឹង​ឆ្នាំ​២០១៥ និង​ទទួល​បាន​ចំណូល​ពី​វិស័យ​នេះ​ប្រមាណ​៤​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ផង​ដែរ ៕