ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​បង់ពន្ធ​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក​នឹង​ចាប់ផ្តើម​ដំណើរការ​នៅ​ឆ្នាំ​នេះ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ជាមួយនឹង​ការ​ធ្វើ​កំណែទម្រង់​បន្តបន្ទាប់ ជា​លទ្ធផល អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ​បាន​ឈាន​ទៅ​មុខ​មួយ​ជំហាន​ទៀត តាម​រយៈ​ការ​ដាក់​ឲ្យ​ដំណើរការ​បង់ពន្ធ​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក ដើម្បី​

រាជធានី​ភ្នំពេញ ៖ ជាមួយនឹង​ការ​ធ្វើ​កំណែទម្រង់​បន្តបន្ទាប់ ជា​លទ្ធផល អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ​បាន​ឈាន​ទៅ​មុខ​មួយ​ជំហាន​ទៀត តាម​រយៈ​ការ​ដាក់​ឲ្យ​ដំណើរការ​បង់ពន្ធ​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក ដើម្បី​សម្រួលការ​បង់ពន្ធ​ដល់​អ្នក​ជាប់​កាតព្វកិច្ច​បង់ពន្ធ​នៅ​កម្ពុជា ។

លោក អេ​ង រតនា ប្រធាន​នាយកដ្ឋាន​អ្នក​ជាប់ពន្ធ​ធំ​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ បាន​ថ្លែង​ឲ្យ​ដឹង​កាលពី​ពេល​ថ្មី​ៗ​ថា បច្ចុប្បន្ន អគ្គនាយកដ្ឋាន​ពន្ធដារ​កំពុង​រៀបចំ​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក ដោយ​ប្រើប្រាស់​អ្នកជំនាញ​ព័ត៌មានវិទ្យា​សុទ្ធតែ​ជា​កូន​ខ្មែរ​យើង ដើម្បី​រៀបចំ​ប្រព័ន្ធ E Filing សម្រាប់​ឲ្យ​អ្នក​ជាប់ពន្ធ​ងាយស្រួល​ក្នុង​ការ​បង់ពន្ធ​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក ដោយ​មិន​ចាំបាច់​ឲ្យ​អ្នកមាន​កាតព្វកិច្ច​បង់ពន្ធ​មក​កាន់​ការិយាល័យ​ពន្ធដារ​នោះ​ទេ គឺ​ពួក​គេ​អាច​បង់ពន្ធ​តាម​ប្រព័ន្ធ​អេ​ឡិច​ត្រូ​និក ហើយ​នៅ​ពេល​បង់ពន្ធ​រួច និង​ត្រឹមត្រូវ នឹង​ទទួល​បាន​ព័ត៌មាន​បញ្ជាក់​តាម​ទូរស័ព្ទ​ដៃ​របស់​ពួក​គេ ។

លោក​បន្ត​ថា ៖ « តាម​ផែនការ យើង​នឹង​អនុវត្ត​ប្រព័ន្ធ​នេះ​នៅ​ឆ្នាំ​២០១៧ ដោយ​ចាប់ផ្តើម​អនុវត្ត​ពី​អ្នក​ជាប់ពន្ធ​ធំ​ជា​មុន ។ ប្រព័ន្ធ​នេះ​ជួយ​សម្រួល​អ្នក​ជាប់ពន្ធ​មិន​ឲ្យ​ចំណាយ​ពេលវេលា និង​កាត់​បន្ថយ​ចំណាយ​របស់​អ្នក​ជាប់ពន្ធ​។ ពី​មុន​មក​អ្នក​ជាប់ពន្ធ​ត្រូវ​កាន់​លុយ​មក​បង់ពន្ធ ប៉ុន្តែ​ឥឡូវនេះ សូ​ម្បី​តែ​ធនាគារ​ក៏​ប្រើប្រាស់​ប្រព័ន្ធ​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ​ដែរ ហើយ​ពេល​នេះ រៀង​រាល់​នាទី ឬ​វិនាទី អគ្គនាយកដ្ឋាន​ពន្ធដារ​អាច​ដឹង​ថា បាន​ទទួល​ចំណូល​ប៉ុន្មាន » ។

លោក អេ​ង រតនា បន្ថែម​ថា ការ​ពិត​បច្ចុប្បន្ន​ប្រជាពលរដ្ឋ​មានការ​ចង់​ចេះ ចង់​ដឹង​ណាស់​ទាក់ទង​នឹង​កាតព្វកិច្ច​ប្រមូលពន្ធ ។ ការ​យល់​ដឹង​របស់​ពួក​គេ​បាន​កើនឡើង និង​ចូលរួម​កាន់តែ​ច្រើន បន្ទាប់​ពី​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ​បាន​កែទម្រង់​ល្អ​ប្រសើរ​។ ជាក់ស្តែង រាល់​កម្មវិធី​បណ្តុះបណ្តាល​នានា​តែងតែមាន​អ្នក​មក​ចូលរួម​លើស​ការ​កំណត់​។ ប្រជាពលរដ្ឋ​ដឹង​ថា ពួក​គេ​មាន​កាតព្វកិច្ច​ក្នុង​ការ​កសាង​ជាតិ ព្រោះ​ការ​ដំឡើង​ប្រាក់បៀវត្ស​របស់​មន្ត្រីរាជការ រាជរដ្ឋាភិបាល​បាន​យក​ថវិកា​ពី​ការ​បង់ពន្ធ​របស់​ប្រជា​ពល​រដ្ឋ ។ លោក​បន្ថែម​ថា ៖ « ប្រជាពលរដ្ឋ​យល់​ដឹង​ថា ការ​បង់ពន្ធ​ជា​កាតព្វកិច្ច​របស់​ខ្លួន ។ ប្រសិនជា​ការ​គោរព​ច្បាប់​មិន​កើនឡើង យើង​មិន​អាច​ប្រមូល​ពន្ធ​កើនឡើង​ដែរ ទោះជា​អគ្គនាយកដ្ឋាន​ពន្ធដារ​ផ្តល់​សេវា​បាន​ល្អ​យ៉ាងណា​ក៏​ដោយ » ។

លោក​បណ្ឌិត គី សេរី​វឌ្ឍន៍ អ្នក​ស្រាវជ្រាវ​សេដ្ឋកិច្ច​នៃ​រាជ​បណ្ឌិតសភា​កម្ពុជា ថ្លែង​ថា លោក​ពិតជា​សង្កេត​ឃើញ​ដំណើរការ និង​នីតិវិធី​នៃ​ការ​ប្រមូល​ពន្ធ​មាន​ភាពល្អ​ប្រសើរ​ជាង​មុន ប៉ុន្តែ​វា​មានការ​លំបាក​នៅ​ពេល​ប្រជាពលរដ្ឋ​ប្រទេស​មួយ​មិន​ចូល​ចិត្ត​បង់ពន្ធ ហើយ​បង្ខំ​ឲ្យ​គាត់​បង់ពន្ធ ។ វា​ខុស​ពី​ប្រទេស​ជឿនលឿន​នានា​ដែល​ពួក​គេ​មាន​ស្មារតី​បង់ពន្ធ ។ លោក​បន្ត​ថា ទោះជា​យ៉ាងណា អគ្គនាយកដ្ឋាន​ពន្ធដារ​មានការ​ខ្វះខាត​នូវ​ការងារ​មួយ​ចំនួន ដែល​តាម​រយៈ​ការ​បង់ពន្ធ​តាម​របប​ស្វ័​យ​ប្រកាស គឺ​ឲ្យ​ប្រជាពលរដ្ឋ​ប្រកាស​បង់ពន្ធ​ខ្លួនឯង ដោយ​មាន​នីតិវិធី​សាមញ្ញ និង​អយុត្តិធម៌​សម្រាប់​ក្រុមហ៊ុន ដែល​ពួក​គេ​ត្រូវ​មាន​បញ្ជី​គណនេយ្យ​ច្បាស់លាស់ ។

លោក​បន្ត​ថា ៖ « ប្រសិនជា​និយាយ​ពី​ការ​ប្រមូល​ពន្ធ កម្ពុជា​មាន​លទ្ធភាព​អាច​ប្រមូល​ពន្ធ​បាន​ច្រើន​ជាង​បច្ចុប្បន្ន​នេះ តែ​ការ​ប្រមូល​ពន្ធ​មិន​អាច​សម្រេច​បាន​លឿន​តាម​ដែល​យើង​ចង់បាន​ទេ ដោយសារ​សហគ្រាស​មួយ​ចំនួន​ព្យាយាម​គេចពន្ធ ។ បច្ចុប្បន្ន អគ្គនាយកដ្ឋាន​ពន្ធដារ​បាន​និង​កំពុង​ធ្វើ​យ៉ាងណា​ឲ្យ​អ្នក​បង់ពន្ធ​នៅ​ឆ្ងាយ​ពី​មន្ត្រី តាម​រយៈ​ការ​បង់ពន្ធ​តាម​ធនាគារ​នានា ដែល​នេះ​ជា​ការ​កាត់​បន្ថយ​អំពើ​ពុក​រលួយ​របស់​មន្ត្រី » ។

លោក​បណ្ឌិត គី សេរី​វឌ្ឍន៍ បន្ត​ទៀត​ថា ទោះជា​យ៉ាងណា ការ​ធ្វើ​សវន​កម្ម​នៅ​ក្នុង​ប្រព័ន្ធ​បង់ពន្ធ​របស់​កម្ពុជា គឺ​មិន​ទាន់​ពង្រឹង​បាន​ល្អ​ប្រសើរ​នៅឡើយ ដែល​ទាមទារ​ឲ្យ​ពង្រឹង​បន្ថែម​ទៀត​ដើម្បី​ឲ្យ​អ្នក​បង់ពន្ធ​គោរព​ច្បាប់ និង​មាន​ស្មារតី​បង់ពន្ធ​ដោយ​ខ្លួនឯង ៕