ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​កូនប្រុស​អ្នកមាន​អំណាច មាន​វប្បធម៌​អន្តរាគមន៍ បើ​ម៉ែឪ​មិន​ចេះ​ប្រដៅ សម​ណាស់​ទុក​ឱ្យ​ប៉ូលិស​ជួយ​ប្រដៅ

7 ឆ្នាំ មុន

ខេត្តសៀមរាប ៖ យុវជន​ម្នាក់​ដែល​បើករថយន្ត​ម៉ាក Mercedes ទំនើប ពណ៌​ខ្មៅ​ល្មើសច្បាប់​ចរាចរណ៍​ដោយសារ​បើក​លើស​ល្បឿន​កំណត់ ហើយ​ត្រូវ​នគរបាល​ចរាចរណ៍​

ខេត្តសៀមរាប ៖ យុវជន​ម្នាក់​ដែល​បើករថយន្ត​ម៉ាក Mercedes ទំនើប ពណ៌​ខ្មៅ​ល្មើសច្បាប់​ចរាចរណ៍​ដោយសារ​បើក​លើស​ល្បឿន​កំណត់ ហើយ​ត្រូវ​នគរបាល​ចរាចរណ៍​ហៅ​ឱ្យ​ឈប់​ដើម្បី​ផាកពិន័យ ប៉ុន្តែ​ពេល​ចុះ​ពីលើ​រថយន្ត បាន​ស្ទុះ​មក​វាយមន្ត្រី​នគរបាល​ចរាចរណ៍​ដែល​កំពុង​បំពេញ​ភារកិច្ច​ត្រួតពិនិត្យ​នៅ​តាមគោលដៅ គឺ​កូនប្រុស
របស់​លោក តោ គឹ​ម​ស៊ា​ន អតីត​ប្រធាន​មន្ទីរ​អប់រំ យុវជន និង​កីឡា បច្ចុប្បន្ន​គឺជា​សមាជិក​ក្រុមប្រឹក្សា​ខេត្តសៀមរាប ។

ដោយសារ​តែ​ឥរិយាបថ​ច្រឡោត​កោងកាច យុវជន​រូប​នេះ​ក៏​ត្រូវ​បាន​មន្ត្រី​នគរបាល​ចរាចរ​ណ៏​រួម​គ្នា​ចាប់​ក្រៀក​ទាំង​លំបាក បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដើម្បី​ដោះស្រាយ​តាម​ផ្លូវច្បាប់ ។ ហេតុការណ៍​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​១០ កុម្ភៈ ក្នុងភូមិ​ប្រយុទ្ធ ឃុំ​ពួក ស្រុក​ពួក ។

សូម​បញ្ជាក់​ផង​ដែរ​ថា យុវជន​ដែល​ជា​កូន​សមាជិក​ក្រុមប្រឹក្សា​ខេត្ត​នោះ ពេល​នាំ​យក​ទៅ​ស្នងការដ្ឋាន មិន​ទាន់​ទៅ​ដល់​ស្រួលបួល​ផង ស្រាប់តែ​មានការ​អន្តរាគមន៍​ពី​អ្នកមាន​អំណាច​ឱ្យ​ដោះ​លែង​វិញ​ភ្លាម​ៗ​ផង​ដែរ ។ ទ​ង្វើ​របស់​អ្នកមាន​អំណាច​នៅ​ខេត្តសៀមរាប ដែល​ចេញ​មុខ​អន្តរាគមន៍​បែប​នេះ បាន​ធ្វើ​ឱ្យ​មន្ត្រី​នគរបាល​ចរាចរណ៍​ជា​អ្នក​អនុវត្ត​ច្បាប់ កំពុង​អាក់អន់​ចិត្តជា​ខ្លាំង​ទៅ​លើ​ថ្នាក់ដឹកនាំ​ទាំង​អស់នោះ ។ នេះ​ជា​វប្បធម៌​អន្តរាគមន៍​មួយ ដែល​ក្នុង​សង្គម​តែង​បាន​ធ្វើការ​ថ្កោលទោស​ប្រៀបប្រដូច​ទៅ​នឹង​អំពើ​ពុក​រលួយ ។    

លោក​អនុសេនីយ៍ទោ ញឹក សុ​ខុន ដែល​ជា​អ្នកដឹកនាំ​ក្នុង​ការ​ពិនិត្យ​បទល្មើស​ចរាចរ​នៅ​គោលដៅ​ខាងលើ​នេះ បានឱ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​១១ កុម្ភៈ ថា យុវជន​ដែល​បើកបរ​លើស​ល្បឿន​កំណត់​ក្នុង​ទីប្រជុំជន ព្រមទាំង​បាន​ចុះ​វាយ​ទៅ​លើ​មន្ត្រី​នគរបាល ដែល​កំពុង​បំពេញបេសកកម្ម​ថែម​ទៀត​ផង​ត្រូវ​បាន​គេ​ស្គាល់​ថា ឈ្មោះ តោ សា​រិ​ទ្ធ អាយុ​២៧​ឆ្នាំ ជា​អ្នក​រស់នៅ​ក្នុង​ក្រុង​សៀមរាប បើកបរ​រថយន្ត​ម៉ាក Mercedes ស៊េ​រី​ទំនើប​ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ 2P-2555 ក្នុង​គោលដៅ​ពី​កើត​ទៅ​លិច និង​ត្រូវជា​កូន​របស់​លោក តោ គឹ​ម​ស៊ា​ន អតីត​ប្រធាន​មន្ទីរ​អប់រំ យុវជន និង​កីឡា បច្ចុប្បន្ន​គឺជា​សមាជិក​ក្រុមប្រឹក្សា​ខេត្តសៀមរាប បន្ទាប់​ពី​រឺ​ត្រែ​ត ។

លោក ញឹក សុ​ខុន បាន​បន្ត​ទៀត​ថា ក្នុង​ច្បាប់​បាន​កំណត់​ថា នៅ​ក្នុង​ទីប្រជុំជន​អ្នកបើកបរ​មិន​ឱ្យ​លើស​ល្បឿន​ពី​៤០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ប៉ុន្តែ​យុវជន​ខាងលើ​នេះ​បាន​បើកបរ​រហូតដល់​៧១​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ឯណោះ ។

លោក​បាន​បញ្ជាក់​បន្ថែម​ថា ដោយ​ការ​បើកបរ​ហួស​ល្បឿន​កំណត់ ទើប​សមត្ថកិច្ច​ជំនាញ​បាន​កាក់​ឱ្យ​ឈប់ ប៉ុន្តែ​មិន​ឈប់ ហើយ​កម្លាំង​នគរបាល​បាន​ដេញ​តាម​ហើយ​គោះ​ដំបូល​រថយន្ត​ឱ្យ​ឈប់​ទៀត តែ​គេ​មិន​ព្រម​ឈប់ ។ លុះដល់​ពេល​ត្រូវ​ឈប់​ដោយសារ​ខឹង​នឹង​មន្ត្រី​នគរបាល​ឃាត់​រថយន្ត​របស់​គេ យុវជន​រូប​នេះ​ក៏​បើកទ្វារ​ស្ទុះ​ចេញ​មក​វាយ​សមត្ថកិច្ច​នគរបាល​ចរាចរណ៍ ប៉ុន្តែ​ត្រូវ​មន្ត្រី​នគរបាល​គេច​ទាន់ ។ លោក​បន្ថែម​ទៀត​ថា បន្ទាប់​ពី​កើតហេតុ​ភ្លាម​ៗ កម្លាំង​នគរបាល​ចរាចរ​បាន​ចាប់​ក្រៀក​យុវជន​កោងកាច​ខាងលើ​នោះ​យ៉ាង​លំបាក នាំ​យក​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដើម្បី​ដោះស្រាយ​ទៅ​តាម​ផ្លូវច្បាប់ ។

ជុំវិញ​ករណី​ខាងលើ​នោះ​លោក​វរសេនីយ៍ទោ ជឹ​ម សុវណ្ណ នាយការិយាល័យ​នគរបាល​ចរាចរ​ខេត្តសៀមរាប​បានឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​១១ កុម្ភៈ ថា យុវជន​ដែល​បង្ក​បាតុភាព​ជាមួយ​ប៉ូលិស​ចរាចរណ៍​ត្រូវ​បាន​ដោះ​លែងឱ្យ​ត្រលប់​ទៅ​ផ្ទះ​វិញ​ហើយ ដោយសារ​តែ​យុវជន​រូប​នេះ​ដឹង​កំហុស និង​សុំ​ទោស​មន្ត្រី​នគរបាល​រួចរាល់​អស់ហើយ​។ ប៉ុន្តែ​ប្រភព​ពី​នគរបាល​ផ្សេង​ទៀត​ដែល​នៅ​ទីនោះ​បាន​និយាយ​ថា គ្មាន​បាន​សុំ​ទោស​អី​ទេ​កុំ​ជឿ គ្រាន់តែ​បញ្ជូន​មក​ដល់​ស្នងការដ្ឋាន​ភ្លាម​ឃើញ​ចេញ​ទៅ​វិញ​ភ្លាម​គួរ​ឱ្យ​ហួសចិត្ត​ណាស់ ព្រោះ​មាន​អន្តរាគមន៍ ។

ចំណែក​ម​ជ្ឍ​ដ្ឋា​ន​នានា​ក្នុង​ខេត្តសៀមរាប បាន​រិះគន់​ចំ​ៗ​ថា ការ​ដោះ​លែង​យុវជន​ខាងលើ​បែប​យ៉ាង​តក់ក្រហល់​នេះ ធ្វើ​ឱ្យ​មានការ​រិះគន់​ថ្នាក់លើ​មួយ​ចំនួន​ថា មក​ពី​ថ្នាក់ដឹកនាំ​ខេត្ត​មួយ​ចំនួន​មិន​បាន​គិតពិចារណា ដល់​ថ្នាក់​ក្រោម​ទើប​ធ្វើ​ឱ្យ​មន្ត្រី​ថ្នាក់​ក្រោម ដែល​បាន​អនុវត្ត​ច្បាប់​តាម​ថ្នាក់លើ​នោះ អាក់អន់ស្រពន់ចិត្ត តែ​ពួក​គាត់​មិន​ហ៊ាន​និយាយ ព្រោះ​ពួក​គាត់​មាន​ស័ក្តិ​តូចតាច ខា្ល​ច​និយាយ​ចំ​ៗ​ទៅ បាត់​មុខ​តំណែង និង​ខ្លាច​អស់បុណ្យ​ស័ក្តិ ។
ក្មេង​កោងកាច ឬ​ទំនើង​គួរតែ​ទុក​ឱ្យ​ច្បាប់​ប្រដៅ​ខ្លះទៅ បើម៉ែឪ​មិន​ចេះ​ប្រដៅ ៕