ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឧ​បករ​ណ៍​នេសាទ​ល្មើស​ច្បា​ប់ចំនួន១១ប្រភេទ ត្រូវបា​ន​ដុត​បំ​ផ្លា​ញ

15 ឆ្នាំ មុន

ខេត្ត​ពោធិ៍​សាត់ ៖ ឧ​បករ​ណ៍​នេសាទ​ខុស​ច្បាប់​រួម​មាន ក្បាល​បរ របាំង​សាច់​អួន លូ​កង​ស្បៃ​មុង របាំង​ស្បៃ​មុង ឈ្នក់ សាច់​ជន មង​រាយ មង​អូស​ដៃ ដង​ឆក់​ត្រី អាំង​វែ​រទ័​រ​ឆក់​ត្រី និង​ខ្សែ​ភ្លើង ត្រូវ​បាន​ដុត​បំផ្លាញ​ចោល​នៅ​​​កោះ​ចំបាំង​យួន ស្ថិត​ក្នុងភូមិ​អា​កល់ ឃុំ​អូរ​សណ្ដាន់ ស្រុ​ក​​ក្រគរ កាលពី​ថ្ងៃ​ទី​២៣ ខែ​មីនា ឆ្នាំ​២០១១ ក្រោម​​​អធិបតីភាព លោក​​បណ្ឌិត ណៅ ធួ​ក ប្រតិភូ​​រាជរដ្ឋាភិបាល​កម្ពុជា ទទួល​​បន្ទុក​ជា​ប្រធាន​​រដ្ឋបាល​ជលផល​។

​លោក​ហុង ហ៊ី​ នាយ​​អធិការដ្ឋាន​រដ្ឋបាល​ជល​ផល​ខាងត្បូង​បឹង​ទន្លេ​សាប​ បាន​ថ្លែង​​ថា ក្រោម​ការ​ខិតខំ​ប្រឹង​ប្រែង​បង្ក្រាប​​បទ​ល្មើស​ជលផល​ជា​ប្រចាំ​របស់​សមត្ថកិច្ច​ខណ្ឌ​រដ្ឋ​បាល​ជលផល​ពោធិ៍សាត់ និង​អធិការដ្ឋាន​រដ្ឋ​បាល​​ជលផល​ខាងត្បូង​បឹង​ទន្លេសាប ដោយ​មាន​​កិច្ចសហការ​ល្អជា​មួយ​អាជ្ញាធរ​មូលដ្ឋាន និង​​សហគមន៍​នេសាទ​នៅ​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន ទទួល​បាន​លទ្ធផល​ល្អ​ប្រសើរ ពិសេស​កិច្ច​សហ​កា​រ​ល្អជា​មួយ​គម្រោង​របស់​អង្គការ​អភិរក្ស​អន្ដរ​ជាតិ​ដែល​កំពុង​អនុវត្ដ​​នៅ​ក្នុង​តំបន់​​​អភិ​រក្ស​ជល​ផល​កំពង់​ប្រាក់ ​ធ្វើ​ឱ្យ​បទ​ល្មើស​​ជលផល​នៅ​តំបន់​​នេះ​​ត្រូវ​បាន​កាត់​បន្ថយ​ជា​បន្ដ​បន្ទាប់​។ ជាក់ស្ដែង​ សមត្ថកិច្ច​យើង​បាន​ធ្វើការ​បង្ក្រាប និង​​រឹបអូស​វត្ថុ​តាង​មួយ​ចំនួន​យក​មក​ធ្វើការ​ដុត​បំផ្លាញ​ចោល​នា​ថ្ងៃនេះ​មាន​ចំនួន​១១​ប្រភេទ ដូច​ជា ​ក្បាល​បរ​ចំនួន​២១​គ្រឿង លូ​កង​សាច់​អួន​ចំនួន​១២​មាត់ លូ​កង​ស្បៃ​មុង​ចំនួន​៤៥ មាត់ សាច់​ជន​ចំនួន​៣​វង់ ឈ្នក់​ចំនួន​១៣​មាត់ ដង​​ឆក់​ត្រី​ចំនួន​២៦​គូ អាំង​វែ​រទ័​រ​ឆក់​ត្រី​ចំនួន​៤២​គ្រឿង របាំង​សាច់​អួន​ប្រវែង​១.៣៣០​ម៉ែត្រ របាំង​ស្បៃ​មុង​ប្រវែង​៤.១៧០​ម៉ែត្រ មង​រាយ​ប្រវែង​១៣.១៣០​ម៉ែត្រ មង​អូស​ដៃ​ប្រវែង​២០០​ម៉ែត្រ និង​ខ្សែភ្លើង​ប្រវែង​៣៣៦​ម៉ែត្រ​។

លោក​​ហុង ហ៊ី បាន​បញ្ជាក់​ថា ឧបករណ៍​ល្មើស​​នេសាទ​ខាងលើ​ប្រមូល​មក​ពី​អធិការដ្ឋាន​រដ្ឋបាល​ជល​ផល​ខាងត្បូង​បឹង​ទន្លេសាប លូ​កង​ស្បៃ​មុង​ចំនួន​២៥​មាត់ និង​របាំង​ស្បៃ​មុង​ប្រវែង​៣.០០០​ម៉ែត្រ។ ផ្នែក​រដ្ឋបាល​ជលផល​រាំង​ទិលៈ ដង​ឆក់​ចំនួន​២៦​គូ អាំង​វែរ​​ទ័​រ​ចំនួន​៤២​គ្រឿង និង​ខ្សែ​ភ្លើង​ប្រវែង​៣៣៦​ម៉ែត្រ ។ ផ្នែក​រដ្ឋបាល​ជលផល​ក្រគរ ៖ ក្បាល​បរ​ចំនួន​១០​គ្រឿង លូ​កង​សាច់​អួន​ចំនួន​៣​គ្រឿង លូ​កង​ស្បៃ​មុង​ចំនួន​៦​មាត់ សាច់​ជន​ចំនួន​៣​មាត់ ឈ្នក់​ចំនួន​៥​មាត់ របាំង​​សាច់​អួន​ប្រវែង​៣០​ម៉ែត្រ របាំង​ស្បៃ​មុង​ប្រវែង​៥០០​ម៉ែត្រ មង​រាយ​ប្រវែង​៥.៤៩០​ម៉ែត្រ និង​មង​អូស​ដៃ​ប្រវែង​២០០​ម៉ែត្រ។ សង្កាត់​រដ្ឋ​បាល​ជលផល​កំពង់​លួង ៖ លូ​កង​ស្បៃ​មុង​ចំនួន​១៤​មាត់ ឈ្នក់​ចំនួន​៥​មាត់ របាំង​សាច់​អួន​ប្រវែង​២៥០​ម៉ែត្រ របាំង​ស្បៃ​មុង​ប្រវែង​២៧០​ម៉ែត្រ និង​ក្រុម​ការ​ពារ​​កន្លែង​អភិរក្ស ៖ ក្បាល​បរ​ចំនួន​១១​គ្រឿង លូ​កង​ស្បៃ​មុង​ចំនួន​៦​មាត់ លូ​កង​សាច់​អួន​ចំនួន​៩​មាត់ ឈ្នក់​ចំនួន​៣​មាត់ របាំង​សាច់់​អួន​ប្រវែង​៧៥០​ម៉ែត្រ របាំង​ស្បៃ​មុង​ប្រវែង​៤០០​ម៉ែត្រ និង​​មង​រាយ​ប្រវែង​៦.៦៤០​ម៉ែត្រ។

​បន្ទាប់​មក​ លោក​សេង ប៊ុ​ន​រ៉ា តំណាង​អង្គ​ការ​អភិរក្ស​អន្ដរ​ជាតិ​បាន​មាន​ចំណាប់អារម្មណ៍​ថា កន្លង​មក​អង្គ​ការ​អភិរក្ស​អន្ដរជាតិ​មាន​សកម្ម​ភាព​លើ​ការងារ​ព្រៃឈើ និង​បរិស្ថាន​ប៉ុណ្ណោះ ប៉ុន្ដែ​ដោយសារ​មើលឃើញ​ថា​វិស័យ​ជលផល​ជា​វិស័យ​ពាក់ព័ន្ធ​នឹង​ធនធានធម្មជាតិ និង​មុខរបរ​ចិញ្ចឹមជីវិត​ប្រចាំ​ថ្ងៃ​របស់​ប្រជា​នេសាទ ទើប​អង្គ​ការ​បង្វែរ​ទិស​មក​ចូលរួម​សហការ​ជាមួយ​សមត្ថ​កិច្ច​រដ្ឋបាល​ជលផល និង​សហគមន៍​នេសាទ​ធ្វើ​ការ​អភិរក្ស​ជលផល​នៅ​តំបន់​បឹង​ទន្លេសាប ពិសេស​​កន្លែង​អភិរក្ស​ជលផល​កំពង់​ប្រាក់​ស្ថិត​ក្នុងភូមិ​សាស្ដ្រ​ខេត្ដពោធិ៍សាត់​។ ក្នុ​ង​ការងារ​អភិ​រក្ស​នេះ គម្រោង​មានការ​ទទួលស្គាល់​ថា មាន​ការ​​ប៉ះពាល់​ដល់​ការ​ប្រកប​មុខរបរ​ចិញ្ចឹមជីវិត​ប្រចាំ​ថ្ងៃ​របស់​បងប្អូន​ប្រជា​នេសាទ​យើង​ក្នុង​តំបន់ ។ ហេតុនេះ នៅ​ពេល​ខាង​មុខ​គម្រោង​នឹង​រៀបចំ​នូវ​កញ្ចប់​ថវិកា​មួយ​ចំនួន​សម្រាប់​សហ​គមន៍ ដើម្បី​ជា​ការ​ចូលរួម​គាំទ្រ​នូវ​សកម្មភាព​ផ្សេង​ៗ​ក្នុង​សហគមន៍​យើង​ក្នុង​តំបន់​នេះ​។

​នៅ​ក្នុង​ឱកាស​នោះ លោក​ណៅ ធួ​ក ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា​ទទួល​បន្ទុក​ជា​ប្រធាន​រដ្ឋ​បាល​​ជលផល​ បាន​សំដែង​ការ​កោតសរសើរ​​ចំពោះ​​ការ​​ខិតខំ​ប្រឹងប្រែង​បង្ក្រាប​បទល្មើស​ជល​ផល​របស់​សមត្ថកិច្ច​ខណ្ឌ​រដ្ឋបាល​ជលផល​ពោធិ៍​សាត់ និង​អធិការដ្ឋាន​រដ្ឋបាល​ជលផល​ខាងត្បូង​បឹង​ទន្លេសាប ព្រមទាំង​​ថ្លែងអំណរគុណ​ដល់​អង្គ​ការ​អភិរក្ស​អន្ដរជាតិ​ដែល​មានការ​ចាប់អារម្មណ៍ និង​យកចិត្ដទុកដាក់​លើ​វិស័យ​ជលផល ហើយ​បាន​​ចូលរួម​ចំណែក​ក្នុង​ការពារ ​និង​អភិរក្ស​ធន​ធាន​ជលផល​ឱ្យ​មាន​និរន្ដរភាព​ទុក​សម្រាប់​កូន​ចៅ​​ជំនាន់​ក្រោយ​ៗ​ទៀត​របស់​យើង​។ ជាមួយ​គ្នា​នេះ​​ លោក​បាន​សំណូមពរ​ដល់​អង្គការ​អភិរក្ស​អន្ដរជាតិ គួរ​ពិចារ​ណា និង​គិតគូរ​ដល់​ការ​បង្កើត​មុខរបរ​ចិញ្ចឹមជីវិត​បន្ថែម​ដល់​ប្រជា​នេសាទ​ដែល​​រង​ផល​ប៉ះពាល់​ដោយសារ​ការងារ​អភិរក្ស​ដូច​ជា ការ​កែ​ច្នៃ​ផល​នេសាទ ត្រីងៀត ត្រីឆ្អើរ ផ្អក ប្រហុក និង​ទឹកត្រី​ជាដើម​។

លោក​​ណៅ ធួក ​ក៏​បាន​ធ្វើការ​អំពាវនាវ​ដល់​​ជា​ប្រជា​នេសាទ​ទាំងអស់ ​សូម​បញ្ឈប់​សកម្ម​ភាព​ប្រព្រឹត្ដ​បទល្មើស​នេសាទ​ណា​ដែល​ច្បាប់​ស្ដី​ពី​ជលផល​បាន​ហាមឃាត់ ពិសេស​អួន​ក្រឡា​ញឹក លូ​ស្បៃ​មុង ការ​លួច​ធ្វើ​នេសាទ​ក្នុង​កន្លែង​អភិរក្ស ការ​ប្រើប្រាស់​ឧបករណ៍​ឆក់​ជា​ដើម​​ដែល​ជា​ការ​បំផ្លិចបំផ្លាញ​យ៉ាងធ្ងន់ធ្ងរ​ដល់​ធនធាន​មច្ឆជាតិ​របស់​​យើង។ ជាក់ស្ដែង ​មុខរបរ​ឆក់​ត្រី​អាច​បង្ក​គ្រោះ​មហន្ដរាយ​​របស់​អាយុជីវិត​ដល់​អ្នក​ប្រព្រឹត្ដ បើ​​មិន​ដូច្នោះ​ទេ ត្រូវ​ជាប់​ពន្ធនា​គារ​ពី​៣​ទៅ​៥​ឆ្នាំ ប្រ​សិន​សមត្ថកិច្ច​ចាប់​បាន ៕