ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តាម​ប្រមាញ់​ដល់​សៀមរាប ចោរប្លន់​ថៅកែ​លក់​មាស​នៅ​ក្រុង​កំពង់ចាម​ចាប់ខ្លួន​បាន​3​នាក់

7 ឆ្នាំ មុន

ខេត្តកំពង់ចាម ៖ ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាន​កំណត់​យក​ថ្ងៃ​ទី​១៤ កុម្ភៈ ដើម្បី​តាំងពិព័រណ៍​បង្ហាញមុខ​ក្រុម​ជនសង្ស័យ​ចោរប្លន់​៣​នាក់ ក្នុង​សន្និសីទ​សារព័ត៌មាន​ជុំវិញ​

ខេត្តកំពង់ចាម ៖ ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាន​កំណត់​យក​ថ្ងៃ​ទី​១៤ កុម្ភៈ ដើម្បី​តាំងពិព័រណ៍​បង្ហាញមុខ​ក្រុម​ជនសង្ស័យ​ចោរប្លន់​៣​នាក់ ក្នុង​សន្និសីទ​សារព័ត៌មាន​ជុំវិញ​សំណុំរឿង​ប្លន់​ថៅកែ​ស្រី​ហាង​មាស សុខ ល​ក្ខិ​ណា កាលពី​ព្រឹក​ថ្ងៃ​ទី​៥​កុម្ភៈ ។​ ក្នុង​រយៈពេល​៥​ថ្ងៃ​នៃ​ការ​តាម​ប្រមាញ់​ជន​៣​នាក់​ត្រូវ​បាន​ចាប់ខ្លួន ក្រោម​កិច្ចសហការ​របស់​កម្លាំង​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​រួម​ជាមួយ​នគរបាល​ខេត្តកំពង់ចាម និង​សៀមរាប​ដែល​បាន​បើក​ប្រតិបត្តិការ​យ៉ាង​ក្តៅ​គគុក ដែល​ទីបំផុត​ជនសង្ស័យ​ជា​ចោរប្លន់​ចំនួន​៣​នាក់ ត្រូវ​បាន​ចាប់ខ្លួន​ដល់​ទឹកដី​ខេត្តសៀមរាប កាលពី​យប់​ថ្ងៃ​ទី​១០ កុម្ភៈ ។ ទោះជា​បែប​នេះ​ក្តី​ក្រោយ​ពេល​ចាប់ខ្លួន​ជនសង្ស័យ​ទាំង​៣ ត្រូវ​បាន​បញ្ជូន​ភ្លាម​ៗ​មក​រាជធានី​ភ្នំពេញ និង​បាន​នាំ​ខ្លួន​បន្ត​មក​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ចាម​នា​យប់​ថ្ងៃ​ទី​១១ កុម្ភៈ ដើម្បី​សួរនាំ​តាម​ចាប់​បក្សពួក​មួយ​ចំនួន​ទៀត​ដែល​កំពុង​តែ​រត់គេច​ខ្លួន ។

មន្ត្រី​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ចាម​មួយ​រូប​បាន​ប្រាប់​ឱ្យ​ដឹង​ថា ក្រោយ​ពី​មាន​ហេតុការណ៍​ប្លន់​អាជីវករ​លក់​មាស​ដែល​មា​នទី​តាំងនៅ​ជាប់​ផ្សារ​ធំ​ក្រុង​កំពង់ចាម លោកស្នងការ​នគរបាល​ខេត្ត​បាន​បញ្ជា​ឱ្យ​កម្លាំង​ព្រហ្មទណ្ឌ​ខេត្ត​ចុះ​ទៅ​កន្លែង​កើតហេតុ​ជា​បន្ទាន់ និង​បាន​ចាត់​កម្លាំង​ឱ្យ​តាម​រក​ក្រុម​ចោរប្លន់​ប្រដាប់​អាវុធ​ទាំងនោះ​រហូត​រក​ឃើញ​តម្រុយ ។ ក្រោម​កិច្ចសហការ​ជាមួយ​នគរបាល​ព្រហ្មទណ្ឌ​ក្រសួង និង​ខេត្ត​មួយ​ចំនួន​ទៀត​ដោយ​មានការ​ដឹកនាំ​ផ្ទាល់​ពី​កម្លាំង​នគរបាល​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួង​បាន​រក​ឃើញ​ថា ពួក​ចោរ​បាន​ជិះ​រថយន្ត​គេចខ្លួន​ឆ្ពោះទៅ​កាន់​ខេត្តសៀមរាប ហើយ​ក៏​បាន​ដាក់​កម្លាំង​តាម​ប្រមាញ់​ចាប់ខ្លួន​បាន​នៅ​យប់​ថ្ងៃ​ទី​១០ កុម្ភៈ ដែល​មាន​រហូត​ដល់​ទៅ​៤​នាក់​ក្នុង​នោះ​មាន​ស្ត្រី​ម្នាក់ តែ​ដោយសារ​ស្ត្រី​នោះ​មិន​មានការ​ពាក់ព័ន្ធ​សមត្ថកិច្ច​បាន​ដោះ​លែងឱ្យ​ត្រឡប់​ទៅ​វិញ ។

ជនសង្ស័យ​ចំនួន​៣​នាក់​ត្រូវ​បាន​នាំ​ខ្លួន​មក​កាន់​រាជធានី​ភ្នំពេញ​ទាំង​យប់​ដើម្បី​សួរនាំ​តាម​ប្រមាញ់​ចាប់​បក្សពួក​ផ្សេង​ៗ​ទៀត តែ​ក្រុម​ចោរ​ឯទៀត​ហាក់បីដូចជា​ដឹងខ្លួន​មុន​ក៏​បាន​គេចខ្លួន​បាត់​អស់ ដែល​តាម​ប្រភព​ថា​មាន​ទាំង​មេខ្លោង​ម្នាក់​ផង ។ មក​ដល់​យប់​ថ្ងៃ​ទី​១១ កុម្ភៈ ជនសង្ស័យ​ទាំង​៣​នាក់​ត្រូវ​បាន​បញ្ជូន​តាម​រថយន្ត​ក្រោម​កិច្ច​ការពារ​មាំ​ទាំំ​របស់​សមត្ថកិច្ច​មក​កាន់​ខេត្តកំពង់ចាម​វិញ ដើម្បី​ចាត់ការ​បន្ត​ក្នុង​ការ​ស្វែងរក​តាម​ចាប់​បក្សពួក​ក្រុម​ចោរប្លន់​មួយ​សំបុក​នេះ ។ ជនសង្ស័យ​ចោរប្លន់​ចំនួន​៣​នាក់​ដែល​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​មាន ៖
១-​ឈ្មោះ ពៅ សំ​អឿ​ន ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មាន​ទីលំនៅ​ក្នុង​សង្កាត់​ព​ន្សាំ​ង ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ។
២-​ឈ្មោះ សុខ ស៊ីនួន ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ។
៣-​ឈ្មោះ ស្រី សំ​អឿ​ន ហៅ​ពីង ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ ស្នាក់​នៅផ្ទះ​ជួល​សង្កាត់​បឹង​កក់​ទី​២ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។

ចំពោះ​វត្ថុ​តាង​ដែល​ដកហូត​មាន រថយន្ត​២​គ្រឿង​ជា​មធ្យោបាយ​ជិះ​ធ្វើ​សកម្មភាព ។

តាម​មន្ត្រី​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ បាន​ឲ្យ​ដឹង​ថា ក្រោយ​ពី​កើត​មាន​បទល្មើស​ប្លន់​ខាងលើ​នេះ លោកនាយ​ឧត្តមសេនីយ៍ នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ​បាន​ដាក់​ផែនការទៅ​សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ ដើម្បី​ឲ្យ​ចាត់ការស្រាវជ្រាវ និង​ប្រើប្រាស់​កម្លាំង​ស៊ើបអង្កេតវែកមុខ​ក្រុម​ចោរប្លន់​ប្រដាប់​អាវុធ​ឲ្យ​ខាង​តែ​បាន ។

ក្រោយ​ពី​ទទួល​បទបញ្ជា​នេះ​លោក​ឧត្តម សេនីយ៍​ឯក អុ​ិ​ន បូ​រ៉ា ប្រធាន​នាយកដ្ឋាន​កណ្តាលនគរបាល​យុ​ត្ត​ធម៌​បាន​ណែនាំ​ទៅ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ដែល​មាន​លោក​ឧត្តមសេនីយ៍ឯក សុខ ខេ​ម​រិ​ន ជា​ប្រធាន និង​បាន​ចាត់តាំង​លោក​ឧត្តមសេនីយ៍ទោ ឡឹ​ក វណ្ណៈ និង​លោក​ឧត្តមសេនីយ៍ទោ ង៉េ​ង ជួរ អនុប្រធាន​នាយកដ្ឋាន​ដឹកនាំ​កម្លាំង​ជំនាញ​ចុះ​សហការ​ជាមួយ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ចាម ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប និង​នាយកដ្ឋាន​ជំនាញ​កណ្តាល​សន្តិសុខ ។

រហូត​មក​ដល់​ថ្ងៃ​ទី​១០ កុម្ភៈ បាន​ធ្វើការ​ស្រាវជ្រាវ​និង​ឈាន​ដល់​ការ​ចាប់ខ្លួន​ជនសង្ស័យ​៣​នាក់​ដូច​មានឈ្មោះ​រៀបរាប់​ខាងលើ និង​កំពុង​បន្ត​តាម​ចាប់ខ្លួន​បក្សពួក​រួម​ទាំង​មេខ្លោង​ម្នាក់​ទៀត ។

នៅ​ពេល​ត្រូវ​ចាប់ខ្លួន​ជនសង្ស័យ​ទាំង​៣​នាក់​សារភាព​ថា បន្ទាប់​ពី​ប្លន់​អាជីវករ​លក់​មាស​នៅ​ខេត្តកំពង់ចាម​បាន​សម្រេច​ភ្លាម ពួក​គេ​បាន​ណាត់ជួប​គ្នា​នៅ​វត្ត​ភ្នំ​ក្នុង​រាជធានី​ភ្នំពេញ ដោយ​មាន​រថយន្ត​២​គ្រឿង និង​ម៉ូតូ​២​គ្រឿង កាំភ្លើងខ្លី​២​ដើម ចេញ​ទៅ​ធ្វើ​សកម្មភាព​បន្លំ​លួច​«​បុក​ទូរ​»​អ្នក​លក់ដូរ​នៅ​ម្តុំ​រង្វង់​មូល​ធ្វើ​ថ្មី ផ្លូវ​ចូល​ទីរួមខេត្ត​កំពង់ធំ​យក​លុយ​បាន​ជាង​២​លាន​រៀល ។ ពេល​បុក​ទូ​បន្លំ​យក​លុយ​ពី​អ្នកលក់​នៅ​ម្តុំ​រង្វង់​មូល​ខេត្តកំពង់ធំ​បាន​ហើយ ពួក​គេ​បន្តដំណើរ​ទៅ​ខេត្តសៀមរាប​ទៀត ។

ពេល​ទៅ​ដល់​ផុត​ផ្លូវបំបែក​ទៅ​ខេត្តព្រះវិហារ​មាន​ផ្សារ​លក់ដូរ​តូច​មួយ ពួក​គេ​បាន​«​បុក​ទូរ​» បន្លំ​អ្នកលក់​ទំនិញ​យក​លុយ​បាន​៨០០​ដុល្លារ និង​៤​លាន​រៀល​ទៀត​រួច​ទើប​ទៅ​ដល់​ខេត្តសៀមរាប ។

ខណៈ​ក្រុម​ចោរប្លន់​កំពុង​លាក់ខ្លួន​នៅ​ខេត្តសៀមរាប​សមត្ថកិច្ច​បាន​សហការ​ស្រាវជ្រាវ និង​បង្ក្រាប​ចាប់ខ្លួន​បក្សពួក​នេះ​បាន​៣​នាក់ដែល​ពួក​គេ​កំពុង​មាន​គម្រោង​រៀបចំ​ផែនការ​ចេញ​ប្លន់​ថ្មី​ទៀត ព្រោះ​ប្លន់​កន្លង​មក​បាន​ជោគជ័យ​ល្អ​ណាស់ ។ មន្ត្រី​នគរបាល​បន្ត​ថា សមត្ថកិច្ច​បាន​កំណត់​មុខសញ្ញា​ប្លន់​១​ក្រុម​នេះ​តាំងពី​ពេល​ពួក​គេ​ជួបជុំ​គ្នា​នៅ​រមណីយដ្ឋាន​វត្ត​ភ្នំ​ក្នុង​រាជធានី​ភ្នំពេញ​ម្ល៉េះ ប៉ុន្តែ​ដោយ​បែក​ការណ៍​ពួកគេ​ក៏​បំបែក​គ្នា​គេច​ពី​សមត្ថកិច្ច​បាន​ទៀត ។ ទោះជា​យ៉ាងនេះ​ក្តី​ពួក​ឈាម​ស្រែក​ក៏​នៅ​តែ​ទទួល​បាន​តម្រុយ​ថា ក្រុម​នេះ​ចេញ​ទៅ​ច្រក​ណា ហើយ​សមត្ថកិច្ច តាម​ពីក្រោយ​ជាប់​រហូត​ទៅ​ចាប់ខ្លួន​នៅ​ខេត្តសៀមរាប​បាន​៣​នាក់ ។

នៅ​ថ្ងៃ​ទី​១៤ កុម្ភៈ លោក​ឧត្តមសេនីយ៍ត្រី ឯម កុសល ស្នងការ​នគរបាល​ខេត្ត​គ្រោង​នឹង​ធ្វើ​សន្និសីទកាសែត ដើម្បី​បង្ហាញមុខ​ក្រុម​ចោរប្លន់​អាជីវករ​លក់​មាស​ទាំងនេះ ដើម្បី​ឱ្យ​មហាជន​បានឃើញ​ពី​កិច្ច​ខិត​ប្រឹងប្រែង​របស់​សមត្ថកិច្ច ។

គួរ​រំលឹក​ថា ក្រុម​ចោរ​ប្រដាប់​អាវុធ​មាន​គ្នា​ចំនួន​៣​នាក់​សុទ្ធតែ​ពាក់មួក​សុវត្ថិភាព​បាន​ធ្វើ​សកម្មភាព​ភ្ជង់​ប្លន់​ស្ត្រី​ថៅកែ​ហាង​លក់​មាស«​សុខ​ល​ក្ខិ​ណា​» មា​នទី​តាំងនៅ​ជាប់​ផ្សារ​ធំ​ក្រុង​កំពង់ចាម ។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោងជាង​៧​ព្រឹក​ថ្ងៃ​ទី​៥ កុម្ភៈ ដោយ​ក្រុម​ចោរ​បាន​ឆក់​កាបូប​ដាក់​គ្រឿងអលង្ការ​បាន​សម្រេច​រួច​ជិះ​ម៉ូតូ​គេច​ចេញ​ទៅ​បាត់ ដោយ​មានរថយន្ត​១​គ្រឿង​ជិះ​បិទ​គូទ​ពី​ខាងក្រោយ​ផង​ដែរ ។

សាក្សី​មួយ​រូប​ដែល​បានឃើញ​ហេតុការណ៍​នេះ​បាន​ប្រាប់​ឱ្យ​ដឹង​ថា តំបូង​បានឃើញ​ចោរ​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​C125 ប្រហែល​ស៊េរី​២០១៥ ដែល​ស្រប​ពេល​មក​ដល់​ហាង​លក់​មាស​ខាងលើ​នោះ ស្រាប់តែ​មានការ​ប្រតាយប្រតប់​គ្នា​ដំបូង​គេ​នឹក​ស្មាន​តែ​មនុស្ស​ដេញ​វាយ​គ្នា តែ​បន្តិច​ក្រោយមក​ទើប​ឃើញ​អ្នក​អង្គុយ​នៅ​កណ្តាល​គេ​ក្នុង​ចំណោម​៣​នាក់ បាន​យក​អាវុធ​មក​ភ្ជង់​ស្ត្រី​អ្នកលក់​មាស ទើប​រូបគេ​ស្រែក​ចោរ​ៗ​ខ្លាំង​ៗ ក៏​ធ្វើ​ឱ្យ​ចោរ​ឮ​បាន​យក​អាវុធ​ខ្លី​ភ្ជង់​តំរង់​ពី​ចំងាយ​។ ដោយ​ខ្លាច​គ្រោះថ្នាក់​ដល់​អាយុជីវិត​គាត់ ក៏​បាន​ពួន​ស​ង្ងំ​កន្លែង​គេ​ផ្ញើ​កង់​ម៉ូតូ រួច​ចោរ​ទាំង​៣​នាក់​នោះ ប្រញាប់​ជិះ​ម៉ូតូ​គេច​ចេញ​ទៅ​ទិស​ខាងលិច និង​បត់​ទៅ​ខាងត្បូង​បាត់​តាម​បណ្តោយ​ផ្លូវ​សួនច្បារ ។   

លោក​វរសេនីយ៍ត្រី រស់ សា​រ៉ា​ន់ អធិការរង​នគរបាល​ក្រុង​កំពង់ចាម​ទទួល​ផែន​ព្រហ្មទណ្ឌ​ប្រាប់​ឱ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​នោះ​អាជីវករ​ឈ្មោះ សេង ល​ក្ខិ​ណា ភេទ​ស្រី អាយុ​៤៥​ឆ្នាំ បាន​ជិះ​រថយន្ត​ឡិច​ស៊ី​ស​១​គ្រឿង​ចេញពីផ្ទះ​របស់​ខ្លួន​មក​កាន់​ហាង​លក់ដូរ ដែល​ស្ថិត​នៅ​ខាងលិច​ផ្សារ​ធំ​ក្រុង​កំពង់ចាម​ជា​ធម្មតា ស្រប​ពេល​ដែល​មក​ដល់​មុខ​ហាង គ្រាន់តែ​បាន​បើកទ្វារ​រថយន្ត​កាន់​កាបូប​ដាក់​គ្រឿងអលង្ការ​ចុះ​មិន​ទាន់​ចេញ​ផុត​ត្រឹមត្រូវ​ផង ស្រាប់តែ​មាន​ចោរ​ចំនួន​៣​នាក់​ជិះ​ម៉ូតូ​១​គ្រឿង ប្រដាប់​ដោយ​អាវុធ​ខ្លី​២​ដើម​បាន​មក​ដល់​ក៏​ឆក់​កាបូប​នោះ ហើយ​ចោរ​ទាំងនោះ​ក៏​បាន​ប្រញាប់​ឡើង​ជិះ​ម៉ូតូ ដែល​បក្សពួក​របស់​វា​បាន​បញ្ឆេះ​ចាំ​ជា​ស្រេច​ជិះ​មក​ខាងលិច​ផ្សារ  បាន​បត់​ទៅ​តាម​ផ្លូវ​ហាង​ម្លប់​ត្នោត​ឡើង​ទៅ​ផ្លូវជាតិ​លេខ​៧ ។ ដោយសារ​តែ​ផ្លូវ​បត់បែន​ច្រើន​នោះ​ចោរ​បាន​គេច​បាត់​ស្រមោល​តែ​ម្តង ។

លោក​អធិការរង​បញ្ជាក់​ទៀត​ថា ក្រោយ​កើតហេតុ​ភ្លាម​នោះ​កម្លាំង​សមត្ថកិច្ច​បាន​ទៅ​ដល់​កន្លែង​កើតហេតុ និង​តាម​បញ្ជារ​របស់​លោកស្នងការ​នគរបាល​ខេត្ត​ក៏​បាន​ចាត់​ឱ្យ​កម្លាំង​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់​ខេត្ត​ចុះ​មក​ស្រាវជ្រាវ​ផង​ដែរ ។ ចំពោះ​ទ្រព្យសម្បតិ្ត​ដែល​មាន​ក្នុង​កាបូប​នោះ​ត្រូវ​បាត់បង់​មាន​ប្រាក់​ដុល្លារ​ចំនួន​៣.០០០​ដុល្លារ ប្រាក់​រៀល​ចំនួន​៤​លាន​រៀល គ្រឿងអលង្ការ​សរុប​ចំនួន​៥.០០០​ដុល្លារ ព្រមទាំង​ទូរស័ព្ទ​ដៃ​ចំនួន​៤​គ្រឿង​ផង​ដែរ ៕