ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គន្លឹះ​នាំ​អ្នកទិញ​ចូល​មើល​លំនៅ​ឋាន​តាម​បែប​វិជ្ជាជីវៈ

7 ឆ្នាំ មុន

ការ​ឈ្វេងយល់​នូវ​វិធីសាស្ត្រ ក្នុង​ការ​លក់ ឬ​ឃោសនា​លក់​ផ្ទះ និង​ខុន​ដូ ក៏​គ្រប់គ្រាន់​ហើយ​ដែរ ប៉ុន្តែ​រឿង​មួយទៀត​ដែល​មាន​សារសំខាន់​មិន​ចាញ់​គ្នា​នោះ គឺ​ការ​នាំ​គេ​ចូល​មើល​ផ្ទះ ឬ​ខុន​ដូរ​បស់​ខ្លួន ។ មនុស្ស​ជា​ច្រើន​

ការ​ឈ្វេងយល់​នូវ​វិធីសាស្ត្រ ក្នុង​ការ​លក់ ឬ​ឃោសនា​លក់​ផ្ទះ និង​ខុន​ដូ ក៏​គ្រប់គ្រាន់​ហើយ​ដែរ ប៉ុន្តែ​រឿង​មួយទៀត​ដែល​មាន​សារសំខាន់​មិន​ចាញ់​គ្នា​នោះ គឺ​ការ​នាំ​គេ​ចូល​មើល​ផ្ទះ ឬ​ខុន​ដូរ​បស់​ខ្លួន ។ មនុស្ស​ជា​ច្រើន​អាច​នឹង​គិត​ថា​ងាយ​ៗ ដោយ​គ្រាន់តែ​ពន្យល់​៣-៤​ប្រយោគ​ក៏​ចប់ ។ ពិត​ហើយ ការ​ធ្វើ​បែប​នោះ​អាច​ធ្វើ​បាន ប៉ុន្តែ​អ្នក​ដែល​មាន​អាជីព នឹង​ធ្វើ​ច្រើន​ជាង​នេះ​ទៀត ដូច​ជា ៖

១-​មិន​អនុញ្ញាត​ឱ្យ​ចូល​មើល ខណៈ​មិន​ទាន់​ត្រៀមខ្លួន ៖
ការ​មិន​អនុញ្ញាត​នេះ គឺ​សម្រាប់​មាន​ពេលវេលា​ក្នុង​ការ​ត្រៀមខ្លួន និង​ទីកន្លែង ។ ការ​មក​មើល​ផ្ទះ​យ៉ាង​ទាន់ហន់​ធ្វើ​ឱ្យ​គ្រប់យ៉ាង​ដំណើរការ​ទៅ​មិន​បាន​ល្អ ។ អ្នក​អាច​ណាត់គ្នា​បាន​ទៀត ដោយ​សុំ​លេខ​ទូរស័ព្ទ​ទាក់ទង ឬ​យល់ព្រម​មើល​នៅ​ពេល​ក្រោយ ។

២-​ចាំ​ឈ្មោះ​អ្នកទិញ ៖
ត្រូវ​ចាំ​ឈ្មោះ​របស់​អ្នកទិញ​ឱ្យ​បាន បើសិនជា​ចាំ​មិន​បាន ក៏​ត្រូវ​កត់ត្រា​ទុក​ដែរ ។ បើ​តាម​បែប​ចិត្ត​វិទ្យា​ថា យើង​នឹង​មាន​អារម្មណ៍​ថា ខ្លួនឯង​សំខាន់​ជាមួយ​ភាគី​ម្ខាង​ទៀត នៅ​ពេល​ត្រូវ​បាន​គេ​ហៅ​ឈ្មោះ​ក្នុង​ពេល​សន្ទនា​ពី​មនុស្ស​ដែល​ទើបនឹង​ស្គាល់គ្នា និង​ចាត់​ទុក​ថា ជា​ការ​ទាក់ទាញ​អារម្មណ៍​ដំបូង​ផង​ដែរ ។

៣-​ការ​បង្ហាញ​ផ្ទះ ៖
ម្ចាស់ផ្ទះ​គួរ​ជា​អ្នក​បើកទ្វារ​ផ្ទះ និង​បន្ទប់ ប៉ុន្តែ​ឱ្យ​អ្នកទិញ​ដើរ​នាំមុខ​ផ្លូវ​មុន ដែល​នឹង​ធ្វើ​ឱ្យ​ពួក​គេ​មាន​ភាព​រីករាយ​ក្នុង​ការ​ចូល​មើល​ផ្ទះ​របស់​អ្នក​យ៉ាង​ពេញចិត្ត ។

៤-​ការ​ចូល​មើល​ផ្ទះ ៖
ខណៈ​ដែល​នាំ​គេ​មក​មើល​ផ្ទះ ឬ​បន្ទប់ គួរតែ​ឈរ​ឆ្ងាយ​ល្មម​រវាង​អ្នក និង​គេ ប្រសិនបើ​ឈរ​ជិត​គ្នា​ពេក នឹង​ធ្វើ​ឱ្យ​ពួក​គេ​មាន​អារម្មណ៍​លំបាក​ចិត្ត ដោយ​ត្រូវ​រំខាន​ភាព​ផ្ទាល់ខ្លួន។ អ្នក​គួរតែ​ផ្តល់​ពេលវេលា​ឱ្យ​អ្នកទិញ​ដើរ​មើល​ផ្ទះ​ដោយ​ខ្លួនឯង ។

៥-​ពន្លឺ ពណ៌ និង​សំឡេង មាន​ព្រម​គ្នា ៖
ទាំង​៣​យ៉ាងនេះ​អាច​ជួយ​ជំរុញ​ការ​ប្រាស្រ័យ​ទាក់ទង​របស់​មនុស្ស​បាន​យ៉ាង​ល្អ ដូច្នេះ គួរតែ​បើកភ្លើង​ដើម្បី​បន្ថែម​ពន្លឺ​ដល់​បន្ទប់ និង​បើក​ភ្លេង​តិច​ៗ​ដើម្បី​ធ្វើ​ឱ្យ​បរិយាកាស​មិន​ស្ងប់ស្ងាត់​ពេក ប៉ុន្តែ​មិន​ចាំបាច់​តុបតែង​បែប​វេទិកា​តន្ត្រី​នោះ​ទេ ។

៦-​មិន​ឱ្យ​អតិថិជន​សួរ​តែ​ម្យ៉ាង ៖
ការ​ដែល​អ្នក​បើកឱកាស​ឱ្យ​អតិថិជន​សួរ​តែ​ម្យ៉ាង ក៏​ព្រោះតែ​អ្នក​ចង់ឱ្យ​ពួក​គេ​ទទួល​បាន​ព័ត៌មាន​ពេញលេញ ប៉ុន្តែ​ភ្លេច​មែន​ទេ​ថា មិនមែន​ជា​ការ​បង្រៀន​ដើម្បី​យក​ទៅ​ប្រឡង​នោះ​ទេ ។

ដូច្នេះ អ្នក​អាច​សួរ​ពួក​គេ​ត្រឡប់​ទៅ​វិញ​ខ្លះ​ដូច​ជា ទិញ​លំនៅ​ឋាន​ទុក​រស់នៅ​ខ្លួនឯង​ឬ​ទៅ​មើល​កន្លែង​ផ្សេង​ខ្លះ​ហើយ​ឬ​នៅ​, យ៉ាងម៉េច​ទៅ​ហើយ​ការ​ចូល​មើល​ផ្ទះ និង​ហេតុ​អ្វី​បានជា​ចាប់អារម្មណ៍​នៅ​ទី​នេះ​… ដែល​នឹង​ធ្វើ​ឱ្យ​ការ​សន្ទនា​នោះ​កាន់តែ​រីករាយ​ឡើងជា​ដើម ។ ជឿ​ឬទេ​ថា ការ​ជជែក​គ្នា​នេះ ក៏​អាច​ជា​ហេតុផល​មួយទៀត​ដែល​អតិថិជន​អាច​សម្រេចចិត្ត​ទិញ​ផ្ទះ​របស់​អ្នកផង​ដែរ ។

៧-​ផ្តល់​ឱកាស​ដល់​អ្នកទិញ​ឱ្យ​មាន​យោបល់ ៖
បន្ទាប់​ពី​មើល​ផ្ទះ​រៀបរយ​ហើយ ក្រៅពី​អ្នកទិញ​គិត​ថា គំនិត​របស់​ខ្លួន​មាន​សារសំខាន់​ហើយ អ្នក​អាច​ស្តាប់​យោបល់​ពី​ពួក​គេ បន្ទាប់​មក​ទទួលយក​យោបល់​ទាំងនោះ​មក​កែតម្រូវ​ក្នុង​ការ​ចូល​មើល​ផ្ទះ​នៅ​ពេល​ក្រោយ​ៗ​ទៀត ៕