ខេត្តសៀមរាប ៖ ជារៀងរាល់ឆ្នាំឱ្យតែដល់ខែមាឃ (៣កើតខែមាឃ) អ្នកភូមិបង្កោង ឃុំអំពិល ស្រុកប្រាសាទបាគង តែងតែនាំគ្នាប្រារព្ធពិធីរកត្រីដើម្បីត្រៀមឡើងមាឃ ឬឡើងអ្នកតាតាមទំនៀមអ្នកស្រុកមិនដែលខកខាន។ ពិធីនេះតែងធ្វើឡើងនៅត្រពាំង បឹងដែលសហគមន៍បានអភិរក្សទុកមិនឱ្យមានការលួចនេសាទឡើយ គឺរហូតដល់មានការណាត់គ្នាពីលោកមេភូមិថាកំណត់ថ្ងៃណាមួយដើម្បីនេសាទ ទើបអ្នកភូមិនាំគ្នាទៅរកត្រីបាន ។
តាមការបញ្ជាក់ពីលោកពេជ្រ ឃិន មេភូមិបង្កោងប្រាប់ថា ឱ្យតែដល់ថ្ងៃ១កើតខែមាឃ គាត់តែងប្រកូកប្រកាស និងកំណត់ពេលវេលាដល់អ្នកភូមិឱ្យនាំគ្នាទៅចាប់ត្រីនៅត្រពាំង បឹង ដើម្បីយកទៅធ្វើទឹកនំបញ្ចុក និងធ្វើអាហាររួមសម្រាប់ពិធីឡើងមាឃ ឬឡើងអ្នកតានៅថ្ងៃ៣កើតតាមទំនៀមបុរាណ តែឆ្នាំនេះយឺតពេលបន្តិចដោយសារសាលាឆទានមិនទាន់ធ្វើហើយ ឯទឹកត្រពាំងបឹងនេះក៏នៅច្រើន ។
ទិន្នផលត្រីឆ្នាំនេះមានតិចជាងឆ្នាំមុន តែប្រជាជននៅតែអាចរកបាន ហើយអ្នកដែលអាចចាប់ត្រីនៅត្រពាំងបឹងបានក៏មានតែអ្នកភូមិបង្កោងដែរ។ ត្រពាំងបឹងត្រូវបានថែរក្សាការពារយ៉ាងល្អពីប្រជាការពារក្នុងភូមិ មិនឱ្យមានអ្នកក្រៅនេសាទឡើយ ហើយហាមដាច់ខាតប្រើម៉ាស៊ីនឆក់ និងអូសមោង ។ ចំពោះការរកត្រីដើម្បីយកទៅធ្វើពិធី ក៏អនុញ្ញាតឱ្យប្រជាជនប្រើតែឧបករណ៍បុរាណដូចគ្នា មានឈ្នាង អង្រុត សំណាញ់ជាដើម ។ លោកមេភូមិនិងអ្នកភូមិបានប្រកាន់នូវទំនៀមនេះណាស់ ទោះបីពេលខ្លះយឺតយូរក្នុងការប្រារព្ធ តែមិនដែលខកខានឆ្នាំណាឡើយ ហើយការធ្វើពិធីនេះក៏នាំមកនូវសេចក្តីសុខសប្បាយ ភាពរីករាយ ការជួបជុំគ្នា និងការរួមគ្នាថែរក្សាមរតកអរូបីមួយនេះឱ្យនៅមានជីវិតដល់បច្ចុប្បន្នទុកឱ្យកូនចៅដឹង ព្រមទាំងបន្តធ្វើតាមពេលអត់ពីពួកគាត់ទៅ ។
ពាក់ព័ន្ធនឹងកិច្ចពិធីនេះលោកអុឹម សុខរិទ្ធី អ្នកស្រាវជ្រាវនៃអាជ្ញាធរជាតិអប្សរាបានបញ្ជាក់ថា វាជាផ្នែកមួយនៃបេតិកភណ្ឌអរូបីទាក់ទងនឹងសង្គម គឺជីវិតរស់នៅប្រចាំថ្ងៃរបស់ប្រជាជនជាសំខាន់ មិនផ្តោតខ្លាំងលើជំនឿ សិល្បៈ របាំ ជាកម្មសិទ្ធិឯកជន ឬរបស់រដ្ឋនោះទេ ។ វាបានបង្ហាញពីសាមគ្គីភាព និងភាពរស់រវើករបស់សហគមន៍ជនបទដែលបាត់បង់ទៅហើយសម្រាប់អ្នកទីក្រុង ។ ពិធីនេះនៅសម្បូរព្រៃគុក ខេត្តកំពង់ធំ និងស្រុកខេត្តដទៃក៏មានធ្វើប្រហាក់ប្រហែលគ្នាដែរ ដូចជាអ្នកខ្លះរកត្រី ខ្លះរកសម្ភារ ខ្លះរករបស់ ផ្សេងៗ ដូច្នេះវាមិនចម្លែកអីឡើយសម្រាប់កិច្ចពិធីនេះនៅសហគមន៍ភូមិបង្កោងក្នុងតំបន់ឧទ្យានអង្គរ ។
តំបន់រមណីយដ្ឋានអង្គរ ជាតំបន់បេតិកភណ្ឌរស់សម្បូរទៅដោយមរតកវប្បធម៌អរូបីជាច្រើន ដែលប្រជាជនបន្តប្រតិបត្តិរហូតដល់បច្ចុប្បន្ន។ អាជ្ញាធរជាតិអប្សរាគាំទ្រ និងរួមចំណែកថែរក្សាមរតកវប្បធម៌ជាច្រើនដែលនៅមានក្នុងតំបន់រមណីយដ្ឋានអង្គរតាមរយៈការផ្សព្វផ្សាយ ការចូលរួមផ្ទាល់ជាមួយអ្នកស្រុក ព្រោះវាជាអត្តសញ្ញាណជាតិដ៏ពិសេសមួយធ្វើឱ្យតំបន់អង្គរខុសប្លែកពីតំបន់ដទៃ ។ ពិសេសជាងនេះទៅទៀត អាជ្ញាធរជាតិអប្សរាលើកទឹកចិត្តដល់ប្រជាជនទាំងអស់ក្នុងតំបន់អង្គរ ឱ្យរួមគ្នាថែរក្សាមរតកវប្បធម៌ទាំងនេះឱ្យនៅគង់វង្សបានយូរអង្វែងតកូនតចៅគ្រប់ជំនាន់កុំឱ្យបាត់បង់ ។
អ្នកស្រីគង់ បូរី ជាអ្នកភូមិបង្កោង រៀបរាប់ឱ្យដឹងថា ប្រជាពលរដ្ឋនៅក្នុងស្រុកប្រាសាទបាគងតែងតែនាំគ្នានេសាទត្រៀមធ្វើពិធីឡើងមាឃជារៀងរាល់ឆ្នាំ ។ ការនេសាទជាលក្ខណៈគ្រួសារ នៅតាមត្រពាំងបឹងដែលសហគមន៍អភិរក្សទុកមិនឱ្យនេសាទខុសច្បាប់ទេ ។
បុរសឈ្មោះចំណាន រស់នៅក្នុងភូមិរលួស ឃុំប្រាសាទបាគង រៀបរាប់ស្រដៀងគ្នាថា «ការដែលពួកខ្ញុំនាំគ្នាមកធ្វើពិធីរកត្រីឡើងមាឃ ជារៀងរាល់ឆ្នាំនេះ គឺពួកខ្ញុំបានណាត់គ្នាមកក្នុងថ្ងៃនេះ គឺតាមរយៈលោកមេភូមិ និងមេឃុំដើម្បីកំណត់ពេលវេលាឱ្យពួកយើងទាំងអស់គ្នាធ្វើនេសាទតាមរបៀបលក្ខណៈគ្រួសារដើម្បីចុះរកត្រីតាមត្រពាំងបឹងបុរាណ»៕
ចែករំលែកព័តមាននេះ