ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជា​នេសាទ​រាប់រយ​ទូក​លើកគ្នា​មក​រក​អន្តរាគមន៍​ទប់ស្កាត់​ទូក​វៀតណាម

7 ឆ្នាំ មុន

ខេត្តកំពត ៖ ក្រុម​ប្រជា​នេសាទ​ទូក​ខាវ​បង្គា​រាប់រយ​ទូក កាលពី​រសៀល​ថ្ងៃ​ទី​១០ កុម្ភៈ បាន​ប្រមូលផ្តុំ​គ្នា​នៅ​មុខ​សាលាខេត្ត ធ្វើការ​តវ៉ា​បញ្ហា​ពីរ​ចំណុច​សុំ​ឱ្យ​លោក​

ខេត្តកំពត ៖ ក្រុម​ប្រជា​នេសាទ​ទូក​ខាវ​បង្គា​រាប់រយ​ទូក កាលពី​រសៀល​ថ្ងៃ​ទី​១០ កុម្ភៈ បាន​ប្រមូលផ្តុំ​គ្នា​នៅ​មុខ​សាលាខេត្ត ធ្វើការ​តវ៉ា​បញ្ហា​ពីរ​ចំណុច​សុំ​ឱ្យ​លោក​អភិបាលខេត្ត​ជួយ​ដោះស្រាយ ។ ចំណុច​ទាំង​ពីរ​គឺ​ទី​១-​សូម​ជួយ​ទប់ស្កាត់​ទូក​អូស​គូ​វៀតណាម​ដែល​ចូល​មក​ធ្វើ​នេសាទ​អូស​គូ​លើ​សមុទ្រ​ខេត្តកំពត ។ ទី​២-​ទូក​ខាវ​បង្គា​របស់​ខ្មែរ​គ្នា​ឯង​ប្រើ​ឧបករណ៍​ឆក់​សុំ​ជួយ​មាន​វិធានការ​កុំឱ្យ​មាន​តទៅទៀត ។

ប្រជា​នេសាទ​ម្នាក់​ឈ្មោះ នាក់ សេន តំណាងប្រជា​នេសាទ​ដែល​មក​រក​អន្តរាគមន៍​បាន​រាយការណ៍​ជូន​ក្រុមការងារ​របស់​ខេត្ត​ថា កន្លង​មក​ពេល​កំពុង​នេសាទ​បាន​ជួប​ទូក​អូស​គូ​វៀតណាម ពួក​គាត់​បាន​ចាប់​យក​មក​ប្រគល់​ឱ្យ​សមត្ថកិច្ច​ជា​ញឹកញាប់ ប៉ុន្តែ​ពុំ​ឃើញ​សមត្ថកិច្ច​មាន​ចំណាត់ការ​អ្វី​ដើម្បី​បញ្ឈប់​ការ​ចូល​អូស​គូ​របស់​ទូក​វៀតណាម​នោះ​ឡើយ គឺ​ឃើញ​តែ​គេ​ចូល​មក​អូស​ក្នុង​សមុទ្រ​ខ្មែរ​ដដែល ។ ក្រៅពី​ទូក​អូស​គូ​វៀតណាម នៅ​មាន​ទូក​នេសាទ​ខ្មែរ​ជា​ច្រើន​គ្រឿង​មក​ពី​ភូមិ​ព្រែក​តា​នេន ក្នុង​ខេត្ត​កែប​បាន​ប្រើ​ឧបករណ៍​អូស​មង​ឆក់​នៅ​ក្នុង​សមុទ្រ​ខេត្តកំពត​ដែរ តែ​ពុំ​ឃើញ​សមត្ថកិច្ច​ជំនាញ​ជលផល និង​ខាង​បង្ក្រាប​បទល្មើស​លើ​ផ្ទៃសមុទ្រ​ជួយ​ទប់ស្កាត់ និង​មាន​វិធានការ​នោះទេ ។

ឆ្លើយ​តប​សំណូមពរ​របស់​ប្រជា​នេសាទ​ខាងលើ លោក ទូច ពលៈ អនុប្រធាន​នាយកដ្ឋាន និង​ជា​ប្រធាន​បង្ក្រាប​បទល្មើស​លើ​ផ្ទៃសមុទ្រ​កែប​-​កំពត​បាន​ប្រាប់​ដល់​បងប្អូន​អ្នកនេសាទ​ថា កន្លង​មក​លោក​បាន​ទទួលស្គាល់​ថា​ពិតជា​មាន​ទូក​អូស​គូ​វៀតណាម​ធ្លាប់​អូស​ក្នុង​តំបន់​ទឹកជា​មួយ​គ្នា​មែន ប៉ុន្តែ​ពួក​គេ​ក៏​មិន​ហ៊ាន​នេសាទ​ចូល​ជ្រៅ​នៅ​ក្នុងភូមិ​សាស្ត្រ​សមុទ្រ​ខេត្តកំពត​នោះ​ទេ ។

យើង​ត្រូវ​ដឹង​ថា រវាង​យើង​និង​វៀតណាម​មិន​ទាន់​កំណត់ព្រំដែន​ទឹកសមុទ្រ​ច្បាស់លាស់​នៅឡើយ​ទេ ដូច្នេះ​យើង​នៅ​សហការ​គ្នា សាមគ្គី​គ្នា​រវាង​ប្រទេស​ជិតខាង​គ្នា​សិន​ចុះ សូមកុំ​បែកបាក់​គ្នា ។ លោក​បន្ត​ថា ថ្នាក់ដឹកនាំ​ខេត្ត​ទាំង​ពីរ​កំពត​-​គៀង​យ៉ាង កំពុង​ចរចា​រក​ដំណោះស្រាយ​ដើម្បី​រិ​ត​ចំណង​សាមគ្គីភាព មិន​អនុញ្ញាត​ឱ្យ​មាន​បញ្ហា​អ្វីមួយ​កើតឡើង​រវាង​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ​នោះ​ឡើយ ។ បើ​មាន​ហេតុការណ៍អ្វី​កើតឡើង សូម​បងប្អូន​រាយការណ៍​ជូន​កម្លាំង​សមត្ថកិច្ច​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ក៏​បាន ឬ​រាយការណ៍​មក​ខាង​កម្លាំង​នគរបាល​ជើង​ទឹក ដែល​ប្រចាំការ​នៅ​ក្នុង​សមុទ្រ ដើម្បី​សមត្ថកិច្ច​យើង​ជួយ​ដោះស្រាយ​រាល់​បញ្ហា​ដែល​បាន​កើត​នៅ​លើ​ផ្ទៃសមុទ្រ ។

ក្រោយ​ពី​មានការ​សម្របសម្រួល​ដោះស្រាយ​ពី​គណៈកម្មការ​ចម្រុះ​សាលាខេត្ត បងប្អូន​ប្រជា​នេសាទ​ទាំងអស់​ទទួល​យល់ព្រម​ចេញ​ទៅ​នេសាទ​វិញ​ដោយ​ក្តី​សង្ឃឹម​ពី​ការ​ដោះស្រាយ​របស់​អាជ្ញាធរ​ក្នុង​ការ​រក្សា​ដែនទឹក​សម្រាប់​អ្នកនេសាទ​ខ្មែរ ៕