ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុំ​បៀម​ឈាម​ព្រួស​ដាក់​គេ ឆ្លើយ​តប​ការ​ចោទប្រកាន់ មន្ត្រី​រាជរដ្ឋាភិបាល​ថា យើង​គ្មាន​បំណង​រំលាយ CNRP ទេ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី លោក​រដ្ឋលេខាធិការ ផៃ ស៊ី​ផា​ន បាន​អះអាង​ថា គណបក្ស​ប្រជាជន​កម្ពុជា​គ្មាន​បំណង ឬ​ប្រាថ្នា​រំលាយ​គណបក្ស​

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី លោក​រដ្ឋលេខាធិការ ផៃ ស៊ី​ផា​ន បាន​អះអាង​ថា គណបក្ស​ប្រជាជន​កម្ពុជា​គ្មាន​បំណង ឬ​ប្រាថ្នា​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​(CNRP)​ដូច​ការ​លើក​ឡើង​របស់​ក្រុម​បរទេស​ខ្លះ និង​បក្សពួក​ដែល​មាន​និន្នាការ​ប្រឆាំង​នឹង​គណបក្សកាន់អំណាច​នោះ​ទេ ។

លោក ផៃ ស៊ី​ផា​ន បាន​បញ្ជាក់​តាម​គេហទំព័រ​គណបក្ស​ប្រជាជន​កម្ពុជា​(CPP)​ថា «CNRP​ក្រៅពី​បុគ្គល​ប្រព្រឹត្ត​បទល្មើស​នឹង​ច្បាប់ ក៏​ដូច​ជា​ប៉ះពាល់​នឹង​សីលធម៌ គឺ​គណបក្ស​នេះ មាន​ធនធានមនុស្ស និង​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការ​ប្រជែង​។ នេះ​ជា​ឱកាស​សម្រាប់​CNRP​ក្នុង​ការ​អនុវត្ត​ប្រជាធិបតេយ្យ​ផ្ទៃក្នុង​របស់​ខ្លួន ក៏​ដូច​ជា​ឱកាស​សម្រាប់​យុវជន​ជំនាន់​ក្រោយ​នៅ​ក្នុង​បក្ស​បន្តវេន​» ។

ការ​លើក​ឡើង​នេះ​របស់​លោក ផៃ ស៊ី​ផា​ន គឺ​បន្ទាប់​ពី​មាន​មតិ​មួយ​ចំនួន​លើក​ឡើង​ថា គណបក្សកាន់អំណាច​កំពុង​តែ​ធ្វើ​នយោបាយ​ដើម្បី​ចង់​រំលាយ​គណបក្សប្រឆាំង​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ ជាក់ស្តែង សមាជិក​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​(​គ​.​ជ​.​ប​)​មួយ​រូប​គឺ លោក រ៉ុ​ង ឈុ​ន កាលពី​ពេល​ថ្មី​ៗ​នេះ​បាន​ប្រកាស​ថា​នឹង​លាឈប់​ពី​តួនាទី​ក្នុង គ​.​ជ​.​ប ប្រសិនបើ​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​រំលាយ ។

ទោះជា​យ៉ាងណា​ក្តី អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥ​សាន បាន​ហៅ​ការ​លើក​ឡើង​នេះ​ថា​ជា​ការ កុំ​បៀម​ឈាម​ព្រួស​ដាក់​គេ ។
លោក សុខ ឥ​សាន ថ្លែង​ថា ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ​កំពុង​ត្រូវ​បាន​ក្រុម​អ្នក​ច្បាប់​សិក្សា​និង​ពិនិត្យ​ធ្វើ​វិសោធនកម្ម ដើម្បី​ឲ្យ​ស្រប​តាម​សភាពការណ៍​ថ្មី​នៃ​ជីវភាព​នយោបាយ សេដ្ឋកិច្ច សង្គម កម្ពុជា​បច្ចុប្បន្ន ។

លោក​បញ្ជាក់​ថា «​ខណៈ​ដែល​ច្បាប់​នេះ​កំពុង​ត្រូវ​បាន​ពិនិត្យ ស្រាប់តែ​មាន​ឥស្សរជន​ម្នាក់​នៅ​ក្នុង គ​.​ជ​.​ប ប្រកាស​ថា គាត់​នឹង​លាឈប់​ពី​តំណែង​ដោយ​មិន​ស្តាយស្រណោះ បើសិនជា​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវ​បាន​រំលាយ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​នោះ ។ លោក​បាន​បន្លុយ​ថា គួរ​ឲ្យ​សោកស្តាយ​ណាស់​ចំពោះ​ពាក្យ​សម្តី​ដែល​ខ្វះ​ការ​យល់​ដឹង ដែល​មិន​ទាន់​អី​ផង ចោទប្រកាន់​មក​លើ​គណបក្ស​ប្រជាជន​កម្ពុជា​ទៅ​ហើយ​ថា ជា​អ្នក​រំលាយ​គណបក្ស​ផ្សេង​ទៅ​វិញ​» ។

លោក សុខ ឥ​សាន ថ្លែង​ថា តាម​ការ​ពិត​គណបក្ស​ប្រជាជន​កម្ពុជា​មិន​មាន​សិទ្ធិ​រំលាយ​គណបក្ស​ណា​ទេ ។ បើសិនជា​លោក​អសមត្ថភាព​ធ្វើការ​មិនកើត លោក​មាន​សិទ្ធិ​លាឈប់​ពី​ការងារ​ដោយ​ផ្ទាល់ខ្លួន មិន​ចាំបាច់​ឆ្លៀត​ដាក់​កំហុស​លើ​អ្នក​ដទៃ​ធ្វើ​អី ? សូម​ចាំ​ថា មាន​តែ​ច្បាប់​ទេ​ដែល​មាន​សិទ្ធិ​រំលាយ​គណបក្ស​នយោបាយ បើសិនជា​គណបក្ស​នោះ​ប្រព្រឹត្ត​ល្មើសច្បាប់ ឬ​រំ​លាភ​ច្បាប់ ជា​ពិសេស​នៅ​ពេល​ច្បាប់​នោះ​ត្រូវ​បាន​ស្ថាប័ន​នីតិប្បញ្ញត្តិ​អនុម័ត​រួច ហើយ​មាន​ព្រះរាជក្រម​ប្រកាស​ឲ្យ​ប្រើ​ជា​ផ្លូវការ ។

លោក កឹ​ម សុខា ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ពេល​ថ្មី​ៗ​នេះ ក៏​បាន​ថ្លែង​ទៅ​កាន់​អ្នកគាំទ្រ​ថា​ត្រូវ​«​ចែក​គ្នា​រស់ មិន​ត្រូវ​ដណ្ដើម​គ្នា​រស់​» ដែល​ន័យ​ពាក្យ​ប៉ុន្មាន​ឃ្លា​នេះ បង្ហាញ​ថា រស់​តែឯង​ក៏​មិនល្អ​គួរ​ចែក​គ្នា​រស់​ផង ។

លោក​បញ្ជាក់​ថា «​ខ្ញុំ​សូម​បញ្ជាក់​ជូន​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ជ្រាប​ថា ទស្សនៈ​នយោបាយ​របស់​យើង​មិនមែន​គ្រាន់តែ​ធ្វើ​ឲ្យ​សុខដុមរមនា​ក្រុម​ណាមួយ បក្ស​ណាមួយ​នោះ​ទេ គឺ​យើង​ចង់​ឲ្យ​មាន​សុខដុម​នី​យ​កម្ម​ជាតិខ្មែរ​ទាំងមូល ។ មាន​ន័យ​ថា ជា​ទស្សនៈ​ចែករំលែក បើក​ចិត្ត​ឲ្យ​ទូលាយ ដើម្បី​ឲ្យ​ខ្មែរ​អាច​រស់នៅ​ដោយ​សុខ​សន្ដិភាព និង​ការ​រីក​ចម្រើន​ទាំងអស់​គ្នា មិនមែន​សុខ​សប្បាយ​តែ​ក្រុម​មួយ បក្ស​មួយ ហើយ​ធ្វើ​ឲ្យ​ក្រុម​ផ្សេង បក្ស​ផ្សេង មានការ​ឈឺចាប់​រង​ទុក្ខវេទនា​នោះ​ទេ​» ។

កិច្ចប្រជុំ​សភា​ជា​វិសាមញ្ញ​ដើម្បី​ពិភាក្សា​លើ​វិសោធនកម្ម​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ ត្រូវ​បាន​គេ​រំពឹង​ថា អាច​ធ្វើ​ឡើង​នៅ​ចុងខែ​កុម្ភៈ​នេះ ឬ​យូរ​បំផុត​ដើមខែ​មីនា ។ លោក សុខ ឥ​សាន បាន​ថ្លែងប្រាប់​អ្នកកាសែត​ថា ក្រុមការងារ​ច្បាប់​របស់​គណបក្ស​បាន​បញ្ចប់​រួចរាល់​ហើយ នូវ​ការ​រៀបចំសេចក្តី​ព្រាង​វិសោធនកម្ម​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ​ដែល​មាន​១១​ជំពូក និង​៥០​មាត្រា ។

អគ្គលេខាធិការ​រដ្ឋសភា លោក ឡេ​ង ប៉េង​ឡុ​ង បាន​ប្រាប់​វិទ្យុ​បារាំង​អន្តរជាតិ​កាលពី​ថ្ងៃ​ទី​១០ ខែកុម្ភៈ ថា លោក​បាន​ទទួល​រួច​ហើយ​នូវ​លិខិត​ដែល​មាន​ចុះហត្ថលេខា​អ្នកតំណាង​រាស្ត្រ​ចំនួន​៦០​រូប​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា ស្នើ​សុំ​ទៅ​ប្រធានរដ្ឋសភា សម្តេច​ពញា​ចក្រី​ហេង សំ​រិ​ន កោះ​ប្រជុំ​គណៈ​អចិន្ត្រៃយ៍ ដើម្បី​ឈាន​ទៅ​បើក​កិច្ចប្រជុំ​រដ្ឋសភា​ជា​វិសាមញ្ញ​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ​។ លោក ឡេ​ង ប៉េង​ឡុ​ង បញ្ជាក់​ថា លិខិត​នេះ​នឹង​ផ្ញើ​ជូន​សម្តេច​ពញា​ចក្រី ហេង សំរិ​ន នៅ​ល្ងាច​ថ្ងៃ​សុក្រ​ទី​១០ ខែកុម្ភៈ ដោយហេតុ​ថា​ជា​ការ​ប្រញាប់ ។

ស្រប​ពេល​ជាមួយ​គ្នា​នេះ មន្ត្រីជាន់ខ្ពស់​និង​ជា​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា លោក ជាម យៀ​ប បាន​ថ្លែង​ដែរ​ថា សេចក្តី​ព្រាង​វិសោធនកម្ម​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ​ត្រូវ​បាន​បញ្ចប់​កាលពី​ថ្ងៃ​ទី​៩ ខែកុម្ភៈ បន្ទាប់​ពី​មានការ​ពិភាក្សា​បន្ទាន់​រវាង​ក្រុម​អ្នក​ច្បាប់​មក​ពី​ក្រសួង ស្ថាប័ន​មាន​សមត្ថកិច្ច និង​រដ្ឋ​សភាជាតិ ។

លោក ជាម យៀ​ប បញ្ជាក់​ថា ក្រុមការងារ​អ្នក​ច្បាប់​បាន​រក្សា​ទុក​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ​នេះ​ចំនួន​១១​ជំពូក​ដដែល តែ​បាន​បន្ថែម​ថ្មី ៥​មាត្រា​ទៀត ធ្វើ​ឲ្យ​ច្បាប់​នេះ​កើន​រហូត​ដល់​៥០​មាត្រា ។ ក្នុង​នោះ​មាត្រា​សំខាន់​ៗ​ចំនួន​២៣ ត្រូវ​បាន​ត្រៀម​ឡើង​សម្រាប់​ធ្វើ​វិសោធនកម្ម​នៅ​ថ្ងៃ​ខាង​មុខ ។

អ្វី​ដែល​ជា​ការ​កត់សម្គាល់​នោះ គឺ​តំណាងរាស្ត្រខាង​គណបក្សកាន់អំណាច​រូប​នេះ​បញ្ជាក់​ថា មាត្រា​មួយ​ចំនួន​ដែល​កំណត់​ពី​លក្ខខណ្ឌ លក្ខណ សម្បត្តិ​របស់​បេក្ខជន​គឺជា​ភាព​ចាំបាច់ ដោយ​មានការ​បញ្ជាក់​ពី​ក្រសួងយុត្តិធម៌​នូវ​លិខិត​ថ្កោលទោស ជា​ពិសេស​សំដៅ​ទៅ​លើ​ជួរ​ថ្នាក់ដឹកនាំ ប្រធាន​និង​អនុប្រធាន​គណបក្ស​នយោបាយ​។

ការ​គ្រោង​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ​នេះ បាន​ធ្វើ​ឡើង​បន្ទាប់​ពី​មានការ​ផ្តួចផ្តើម​កាលពី​ពេល​ថ្មី​ៗ​នេះ​របស់​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ដែល​លើក​ឡើង​ថា អ្នកមាន​ទោស​នឹង​មិន​អាច​ធ្វើ​ជា​ប្រធាន -​អនុប្រធាន​គណបក្ស​នយោបាយ​បាន​ទេ ហើយ​បើ​ទោស​ធ្ងន់ធ្ងរ នឹង​អាច​រំលាយ​គណបក្ស​ថែម​ទៀត​ផង ។ ដូច​គ្នា​នេះ​ដែរ មន្ត្រី​នានា​របស់គណបក្សកាន់អំណាច ក៏​បាន​បង្ហាញ​នូវ​ទឡ្ហីករណ៍​ដែរ​ថា ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ​នេះ មិន​ត្រូវ​បាន​កែប្រែ​ឲ្យ​សម​ស្រប​ទៅ​តាម​បរិបទ​នយោបាយ និង​កា​រវិ​វ​ឌ្ឍ​របស់​សង្គម​ម្តងណា​ឡើយ ចាប់តាំងពី​ច្បាប់​នេះ​ដាក់​ឲ្យ​អនុវត្ត​ប្រមាណ​ជា​២០​ឆ្នាំ​មក​ហើយ ៕