ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កន្លង់​ក្រេប​លម្អងផ្កា​រុះ​រោយ​ហើយ​ហើរ​ចោល

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ស្ត្រី​វ័យក្មេង​ម្នាក់​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ប៉ុស្ដិ៍​នគរបាល​ចោម​ចៅ ដាក់​ពាក្យ​បណ្ដឹងសុំ​អន្តរាគមន៍​ពី​កម្លាំង​នគរបាល​នៅ​ទីនោះ កាលពី​វេលា​ម៉ោង

រាជធានី​ភ្នំពេញ ៖ ស្ត្រី​វ័យក្មេង​ម្នាក់​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ប៉ុស្ដិ៍​នគរបាល​ចោម​ចៅ ដាក់​ពាក្យ​បណ្ដឹងសុំ​អន្តរាគមន៍​ពី​កម្លាំង​នគរបាល​នៅ​ទីនោះ កាលពី​វេលា​ម៉ោង​៦ និង​៣០​នាទី ល្ងាច​ថ្ងៃ​ទី​៩ កុម្ភៈ ដោយ​នាង​យំ​ស្រែក​លែង​អៀនខ្មាស និង​គួរ​ឱ្យ​អាណិត​ផង​ដែរ ដោយ​បាន​រៀបរាប់​ប្រាប់​នគរបាល​ថា នាង​បាន​ចាញ់បោក​បុរស​ម្នាក់​ដែល​ជា​និស្សិត​ពេទ្យ​នៅ​សាលា​វេជ្ជសាស្ត្រ សុខាភិបាល​កង​យោធពលខេមរភូមិន្ទ ដោយ​ប្រគល់​ខ្លួនប្រាណ​ឱ្យ​គាត់​រហូត​មាន​ផ្ទៃពោះ​៥​ខែ​ទៅ​ហើយ ។

នាង​ប្តឹង​ថា ​ពេល​នេះ​ត្រូវ​បាន​ប្រុស​ព្រាន​នោះ ដោះដៃ​ចោល​នាង​ទៅ ទាក់ទង​ស្នេហា​ជាមួយ​មិត្ត​ស្រី​របស់​នាង​ម្នាក់​ទៀត ហើយ​នាង​ក៏​ចង់​សុំ​ការ​អន្តរាគមន៍​ពី​សំណាក់ លោកនាយក​សាលា​វេជ្ជសាស្ត្រ​សុខាភិបាល កង​យោធពលខេមរភូមិន្ទ​ផង​ដែរ ។

នារី​ខក​ស្នេហ៍​បង់ប្រាណ​ខាងលើ​ឈ្មោះ​តោង ស្រី​និ​ច អាយុ​២០​ឆ្នាំ ស្នាក់​នៅផ្ទះ​ជួល​ក្នុង​បុរី​ប៊ុ​នហួរ ស្ថិត​នៅ​ក្នុងភូមិ​ព្រៃ​ព្រីង​ខាងជើង សង្កាត់​ចោមចៅ ។ ចំណែកឯ​និស្សិត​ពេទ្យ​ដែល​នាង​ចាត់​ទុក​ថា​ជា​ប្រុស​ព្រាន​ឈ្មោះ ស៊ុម សុធា​រ៉ា អាយុ​៣៧​ឆ្នាំជា​និស្សិត​ពេទ្យ​យោធា​នៅ​សាលា​វេជ្ជសាស្ត្រ​សុខាភិ​បាល​កង​យោធពលខេមរភូមិន្ទ ។ ជន​នេះ​មាន​ប្រពន្ធ និង​កូន​រួច​ទៅ​ហើយ​នៅ​ឯ​ខេត្តពោធិ៍សាត់ និង​បាន​បោក​យក​ខ្លួនប្រាណ​នាង​ទៀត ។

នាង​បាន​និយាយ​ប្រាប់​នគរបាល ទាំង​សោកសង្រេង​ថា នាង​និង​ឈ្មោះ ស៊ុម សុធា​រ៉ា បាន​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​គ្នា​កាលពី​អំឡុង​ឆ្នាំ​២០១៥ ។ កាល​ណោះ​បុរស​នេះ​បាន​បោក​បញ្ឆោត​កុហក​នាង​ថា ខ្លួន​គេ​អត់​ទាន់​មាន​ប្រពន្ធ​មានកូន​នោះ​ទេ ។ មិនតែប៉ុណ្ណោះ​បាន​លួងលោម​នាង​ថា​នឹង​យក​នាង​ធ្វើ​ជា​ប្រពន្ធ​រស់នៅ​ជាមួយ​គ្នា​អស់​មួយ​ជីវិត​រហូត​ដល់​ចាស់​សក់ស្កូវ ។

ពាក្យលួងលោម​យ៉ាង​ផ្អែមល្ហែម ការ​សន្យា និង​ការ​អះអាង​ថា គ្មាន​ប្រពន្ធ​និង​កូន​ទាំង​អស់នេះ​ហើយ ដែល​បាន​ធ្វើ​ឱ្យ​នាង​ទន់​ចិត្ត​រហូត​យល់ព្រម​ប្រគល់​ខ្លួនប្រាណ ជូន​លោកប្រុស​ព្រាន​នោះ​រហូត​ក្បត់​មេបា​រំលង​ប្រពៃណី ដោយ​គ្មាន​ការ​សោកស្ដាយ​សូ​ម្បី​តែ​បន្តិច​ណា​ឡើយ ។

នាង​និយាយ​ថា​ជាង​នេះ​ទៀត​នោះ ក៏​បាន​រស់នៅ​ក្រោម​ដំបូលផ្ទះ​ជួល​តែ​មួយ​ជាមួយ​គ្នា​ជា​ប្ដី​ប្រពន្ធ​រហូត​មក ដែល គិត​មក​ដល់​ពេល​នេះ​មាន​រយៈពេល​១​ឆ្នាំ​កន្លះ​ហើយ ។ ស្ត្រី​រូប​នេះ​បាន​បន្ត​ថា ការ​រស់នៅ​ជាមួយ​គ្នា​មួយ​រយៈពេល​នេះ នាង​មិន​ដែល​គិត​ថា​ប្រុស​កំពូល​ស្នេហ៍ គឺជា​ប្រុស​ព្រាន​ម្ដងណា​នោះ​ទេ នាង​រស់នៅ​ដោយ​ការ​ពេញចិត្ត​ពេញ​ថ្លើម​ជាមួយនឹង​បុរស​នោះ ហើយ​ក៏​តែងតែមាន​ក្តី​សង្ឃឹមថានឹង​ទទួល​បាន​សុភមង្គល​ជា​រៀង​រហូត​ទៀត​ផង ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​ការ​គិត​ទាំង​ប៉ុន្មាន​គឺ​ខុសស្រឡះ​ដែល​ធ្វើ​ឱ្យ​ជីវិត​របស់​នាង​មិន​ខុស​ពី​ផ្កា​រុះ​រោយ​នោះ​ឡើយ ។

ក្រោយ​ពេល​នាង​អស់​ព្រហ្មចារី​រហូត​មាន​ផ្ទៃពោះ​៥​ខែ ស្រាប់តែ​បែកធ្លាយ​ថា​ប្រុស​ព្រាន​នោះ​មាន​ប្រពន្ធ​ថែម​ទាំង​កូន​រួច​ទៅ​ហើយ ។ មិនតែប៉ុណ្ណោះ​គេ​បាន​ព្យាយាម​ដោះដៃ​ចេញពី​នាង មិន​ទទួលស្គាល់​កូន​នៅ​ក្នុង​ផ្ទៃ និង​បាន​ទៅ​ទាក់ទង​ស្នេហា​ជាមួយ​និង​ស្ត្រី​ម្នាក់​ទៀត​ដែល​ជា​មិត្តភក្ដិ​របស់​នាង​ថែម​ទៀត ។ មួយ​ថ្ងៃ​ៗ​គិតតែ​ព្យាយាម គេចវេស​ចេញពី​នាង​រហូត ទោះបីជា​នាង​អង្វរ​សុំ​ក្ដី​មេត្តា​យ៉ាងណា ក៏​ប្រុស​ព្រាន​នោះ​មិន​មេត្តា​ដល់​រូប​នាង​ដែរ ។ នាង​រៀបរាប់​ទៀត​ថា​ទីបំផុត​នាង​សុំ​តែ​២០០​ដុល្លារ​ប៉ុណ្ណោះ ដើម្បី​នាង​យក​ទៅ​ពិនិត្យ​សុខភាព​ហើយ​បញ្ចប់រឿង​ចង់ទៅ​ណា​ក៏​ទៅ​ចុះ ដោយ​នាង​គិត​ថា ធ្វើ​ម៉េច​នេះ​គឺជា​កម្ម​របស់​នាង ដែល​ជួប​ប្រុស​ម្នាក់​ជា​មនុស្ស​តែ​មាន​ចិត្តជា​តិរច្ឆាន ប៉ុន្តែ​ជន​កំហូច​នោះ​មិន​ត្រឹមតែ​មិន​ព្រមឱ្យ​នោះ​ទេ ថែម​ទាំង​គេចខ្លួន​ទៅ​កាន់​ខេត្តពោធិ៍សាត់​បាត់​ទៀត ។

នាង​រៀបរាប់​បន្ត​ថា មិនតែប៉ុណ្ណោះ​នាង​ត្រូវ​បាន​ម្ដាយ​បោះបង់​ចោល ព្រោះ​ខឹង​នឹង​នាង​ភ្លើតភ្លើន​រំលង​ប្រពៃណី ។ ចំណែក​ប្រុស​ព្រាន​បាន និយាយ​ថា នាង​មិន​ហ៊ាន​ប្ដឹង​គាត់​ទេ ព្រោះ​នាង​គ្មាន​លុយ ហើយ​ម្ដាយ​បោះបង់​ចោល​ទៀត គ្មាន​ខ្នងបង្អែក​ទើប​ដោះដៃ​ចោល​នាង ថែម​ទាំង​មិន​ឱ្យ​លុយ​២០០​ដុល្លារ ដែល​នាង​ទាមទារ​នោះ ក៏​មិន​អាច​ប្តឹង​គេ​បាន​ដែរ ។ ដោយសារ​តែ​បែប​នេះ នាង​បាន​ស​ម្រេ​ចិត្ត​ធ្វើ​ដំណើរ​ទៅ​កាន់​ប៉ុស្ដិ៍​នគរបាល​ចោម​ចៅ ដាក់​ពាក្យបណ្ដឹង​ដើម្បី​ស្វែងរក​អន្តរាគមន៍ ។

ទោះបីជា​បែប​ណា នគរបាល​មិន​បាន​ទទួល​ពាក្យបណ្ដឹង​នេះ​ទេ ដោយ​បាន​ជំរុញ​ឱ្យ​នាង​ទៅ​ប្ដឹង​ខាង​មន្ត្រី​សាលាសង្កាត់​ចោម​ចៅ​វិញ ដោយ​នគរបាល​និយាយ​ថា នេះ​គឺជា​រឿង​រដ្ឋប្បវេណី មិនមែន​ជា​រឿង​ព្រហ្មទណ្ឌ​នោះ​ឡើយ បើជា​រឿង​ព្រហ្មទណ្ឌ​ទើប​ប្ដឹង​នៅ​ខាង​នគរបាល​។ ប៉ុន្តែ​ទន្ទឹម​នឹង​នេះ​ដែរ ក៏​មាន​មតិ​ខ្លះ​បាន​លើក​ឡើង​ថា​ការ​បោក​បញ្ឆោត​យក​ខ្លួនប្រាណ បែប​នេះ​ក៏​ចាត់​ទុក​ថា​បទល្មើស​មួយ​ដែរ និង​ជា​បទល្មើស​ព្រហ្មទណ្ឌ ហើយ​រំលោភ​លើ​ទំនុកចិត្ត ដូច្នេះ​នគរបាល​គួរតែ​ទទួល​ពាក្យបណ្ដឹង ចាត់ការ​តាម​ច្បាប់ មិន​គួរ​រុញ​ទៅ​នេះ​ទៅ​នោះ​បែប​នឹង​នោះ​ទេ ។

ពួក​គេ​និយាយ​ទៀត​ថា​ការ​ធ្វើ​បែប​នេះ​តើ​ឱ្យ​នារី​រង​គ្រោះ​ម្នាក់​នេះ​ទៅ​សង្ឃឹម​អ្នក​ណា​ទៀត​បើ​ប៉ូលិស​អន់​ម្លឹ​ង​ៗ ហើយ​ជន​ដែល​ប្រព្រឹត្ត​អាក្រក់ ធ្វើបាប​នាង និង​បាន​រួចខ្លួន​យ៉ាង​រំភើយ ៕