ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទិវា​រត់ប្រណាំង​អន្តរជាតិ​​នៅ​ខេត្តព្រះ​សីហ​នុ​ឆ្នាំ​នេះ​សង្ឃឹម​មាន​អ្នក​ចុះ​ឈ្មោះ​ចូលរួម​ច្រើន

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ទិវា​រត់ប្រណាំង​អន្តរ ជាតិ​ពាក់កណ្ដាល​ម៉ា​រ៉ា​តុង​លើក​ទី​៦ ​នៅ​ខេត្ត​ព្រះ​សីហ​នុ​ឆ្នាំ​នេះ​សង្ឃឹមថា នឹង​មាន​អ្នក​មក​ចុះ​ឈ្មោះ​ចូលរួម​រត់​ច្រើន​ជាង​បណ្ដា​ឆ្នាំ​កន្លង​មក ។ នេះ​បើ​យោង​តាម​ការ​ឱ្យ​ដឹង​ពី​លោក

រាជធានី​ភ្នំពេញ ៖ ទិវា​រត់ប្រណាំង​អន្តរ ជាតិ​ពាក់កណ្ដាល​ម៉ា​រ៉ា​តុង​លើក​ទី​៦ ​នៅ​ខេត្ត​ព្រះ​សីហ​នុ​ឆ្នាំ​នេះ​សង្ឃឹមថា នឹង​មាន​អ្នក​មក​ចុះ​ឈ្មោះ​ចូលរួម​រត់​ច្រើន​ជាង​បណ្ដា​ឆ្នាំ​កន្លង​មក ។ នេះ​បើ​យោង​តាម​ការ​ឱ្យ​ដឹង​ពី​លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា ដែល​បាន​មាន​ប្រសាសន៍​នៅ​ក្នុង​សន្និសីទ​សារព័ត៌​មាននៅ​ទី​ស្នាក់​ការ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា កាលពី​ថ្ងៃ​ទី​១១ កុម្ភៈ កន្លង​មកនេះ​។

លោក វ៉ា​ត់ ចំរើន បាន​បន្ត​ឱ្យ​ដឹង​ទៀត​ថា ព្រឹត្តិការណ៍​បែប​នេះ ​បាន​រៀបចំ​ធ្វើ​ឡើង​ចំនួន​៥​លើក​រួច​មក​ហើយ ដោយ​មាន​អ្នក​ចុះ​ឈ្មោះ​រត់​ប្រហែល​ជាង​១​ពាន់​នាក់​ប៉ុណ្ណោះ ក្នុង​នោះ​ជនបរទេស​មាន​ជាង​១០០​នាក់ ។ ដោយឡែក​ឆ្នាំ​នេះ គិត​មក​ដល់​ពេល​នេះ​មាន​អ្នក​មក​ចុះ​ឈ្មោះ​រត់​ជិត​១​ពាន់​នាក់​ហើយ ក្នុង​នោះ​ជនបរទេស​មាន​ជាង​១០០​នាក់ ។

លោក​បានឱ្យ​ដឹង​ទៀត​ថា គោលបំណង​សំខាន់​នៃ​ទិវា​រត់ប្រណាំង​អន្តរជាតិ​ពាក់កណ្ដាល​ម៉ា​រ៉ា​តុង​នេះ ធ្វើ​ឡើង​ដើម្បី​ផ្សព្វផ្សាយ​ឱ្យ​ប្រជា​ពល​ចូលរួម​ថែរក្សា​បរិស្ថាន​ទាំងអស់​គ្នា ដើម្បី​សុខភាព ផ្សព្វផ្សាយ​ពី​ឆ្នេរសមុទ្រ​របស់​កម្ពុជា​ឱ្យ​គេ​ស្គាល់​កាន់តែ​ទូលំទូលាយ និង​រត់​ដើម្បី​អត្ថប្រយោជន៍​សប្បុរសធម៌ ។ ប៉ុន្តែ​រយៈពេល​៥​ឆ្នាំ​មកនេះ ដោយសារ​តែ​អ្នក​មក​ចុះ​ឈ្មោះ​ចូលរួម​រត់​តិច ហើយ​ការ​រៀបចំ​កម្មវិធី​នេះ ​ត្រូវ​ចំណាយ​ច្រើន ដូច្នេះ​យើង​មិន​ទាន់​ទទួល​បាន​ផល​ពី​កម្មវិធី​នេះ​ទៅ​ជួយ​ដល់​មន្ទីរពេទ្យ​ ឬ​អង្គការ​ណាមួយ​នៅឡើយ​ទេ ។ ទោះបីជា​យ៉ាងណា លោក​នៅ​តែ​បន្ត​ជំរុញ​ឱ្យ​មានកម្ម​វិធី​រត់​បែប​នេះ ​រហូត​ទទួល​បាន​ជោគជ័យ ហើយ​សង្ឃឹមថា នៅ​បណ្ដា​ឆ្នាំ​ក្រោយ​ៗ​អាច​នឹង​មាន​អ្នក​មក​ចុះ​ឈ្មោះ​ចូលរួម​ច្រើន​រហូត​ដល់​រាប់​ពាន់​នាក់​មិន​ខាន ។

ចំណែក​សំបុត្រ​មាន​លក់​នៅ​ទីស្នាក់ការ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា និង​នៅ​ខេត្ត​ព្រះ​សីហ​នុ រហូត​ដល់​ចុងខែ​កុម្ភៈ ។ តម្លៃ​សំបុត្រ​រត់​ចម្ងាយ​២១​គីឡូម៉ែត្រ​សម្រាប់​ជនបរទេស​៤៥​ដុល្លារ កម្ពុជា​១៥​ដុល្លារ ។ រត់​ចម្ងាយ​១០​គីឡូម៉ែត្រ ជនបរទេស​៣៥​ដុល្លារ កម្ពុជា​១០​ដុល្លារ និង​រត់​ជា​លក្ខណៈ​គ្រួសារ​ (Fun Run) ជនបរទេស​២០​ដុល្លារ កម្ពុជា​៥​ដុល្លារ ហើយ​ទិវា​រត់ប្រណាំង​នេះ​ នឹង​ត្រូវ​រៀបចំ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៥ មីនា ខាង​មុខ​នេះ ៕