ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​អប់រំ យុវជន និង​កីឡា កំណត់​យក​សហព័ន្ធ​កីឡា​ជាតិ​ចំនួន​27​សម្រាប់​ធ្វើការ​ប្រមូលផ្ដុំ​ហ្វឹកហាត់​ឆ្នាំ​នេះ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ដាក់​ទិស​ដៅ​រួច​ហើយ​ថា ឆ្នាំ​២០១៧​នេះ កំណត់​យក​សហព័ន្ធ​កីឡា​ជាតិ​ចំនួន​២៧​សម្រាប់​ធ្វើការ​ប្រមូលផ្ដុំ​ហ្វឹកហាត់​ត្រៀម​ប្រកួត​នៅ​លើ​ឆាក​អន្តរជាតិ និង

រាជធានី​ភ្នំពេញ ៖ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ដាក់​ទិស​ដៅ​រួច​ហើយ​ថា ឆ្នាំ​២០១៧​នេះ កំណត់​យក​សហព័ន្ធ​កីឡា​ជាតិ​ចំនួន​២៧​សម្រាប់​ធ្វើការ​ប្រមូលផ្ដុំ​ហ្វឹកហាត់​ត្រៀម​ប្រកួត​នៅ​លើ​ឆាក​អន្តរជាតិ និង​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​២៩​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី ។

លោក ប៉ុន សុខ ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា​បាន​ប្រាប់​ឱ្យ​ដឹង​ថា ពេល​នេះ​រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា បាន​ចុះហត្ថលេខា​រួច​ហើយ​ទៅ​លើ​បញ្ជី​ឈ្មោះ​គ្រូបង្វឹក អនុរក្ស កីឡាករ​-​កីឡាការិនី​ជម្រើសជាតិ​ដែល​ត្រូវ​ធ្វើការ​ប្រមូលផ្ដុំ​ហ្វឹកហាត់​សម្រាប់​ឆ្នាំ​២០១៧ ។ ការ​ប្រមូលផ្ដុំ​នេះ​នឹង​ត្រូវធ្វើ​ឡើង​ចាប់ពី​ថ្ងៃ​ទី​១៦ កុម្ភៈ រហូត​ដល់​ថ្ងៃ​ទី​១៥ សីហា ដែល​មាន​២៧​ប្រភេទ​កីឡា ក្នុង​នោះ​កីឡាករ​មាន​២១៩​នាក់ កីឡាការិនី​៦១​នាក់ គ្រូបង្វឹក​៦៣​នាក់ និង​អនុរក្ស​២០​នាក់ សរុប​ទាំងអស់​៣៦៣​នាក់ ។ ចំពោះ​ប្រភេទ​កីឡា​យូ​ដូ​ដែល​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា ទើបតែ​ព្យួរ​សមាជិកភាព​កាលពី​ពេល​ថ្មី​ៗ​កន្លង​មកនេះ ត្រូវ​ដក​ចេញពី​ការ​ប្រមូលផ្ដុំ​ជា​បណ្ដោះអាសន្ន ។

លោក ប៉ុន សុខ បានឱ្យ​ដឹង​ទៀត​ថា កីឡា​ទាំង​២៧​ប្រភេទ​ដែល​ត្រូវ​ធ្វើការ​ប្រមូលផ្ដុំ​ឆ្នាំ​នេះ មានការ​ចែក​ចេញ​ជា​៣​ប្រភេទ ទី​១​ប្រភេទ​កីឡា​មាន​សក្ដានុពល មាន​កីឡា​ប៉េតង់ តេ​ក្វា​ន់​ដូ​(WTF) សី​ប៉ាក់​តា​ក្រ ប្រដាល់​សាកល និង​កីឡា​វាយ​កូន​បាល់ ។ ទី​២​ប្រភេទ​កីឡា​យុទ្ធសាស្ត្រ​សម្រាប់​ត្រៀម​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​២៩ នៅ​ទីក្រុង​កូ​ឡា​ឡាំ​ពួ ប្រទេស​ម៉ា​ឡេ​ស៊ី ដែល​នឹង​ត្រូវធ្វើ​ឡើង​ចាប់ពី​ថ្ងៃ​ទី​១៩​ដល់​ថ្ងៃ​ទី​៣១ សីហា មាន​ប្រភេទ​កីឡាអត្តពលកម្ម កា​រ៉ា​តេ បាល់ទាត់​(U23) បាល់បោះ វ៉ូ​ស៊ូ ហែល​ទឹក បាល់ទះ​ក្នុង​សាល វាយ​សី វាយ​កូន​ឃ្លី​លើ​តុ គុន​ដាវ កីឡា​Sailing ទ្រី​យ៉ា​ត្លុង ប្រណាំង​កង់ កាយសម្ព័ន្ធ វាយកូនគោល និង​ស្គី​ទឹកកក ។

ក្រៅពី​នោះ​មាន​ទូក​ប្រពៃណី ល្បុក្កតោ សូ​ហ្វ​តេ​ន្នី​ស ចំបាប់ វ៉ូ​វី​ណា​ម តេ​ក្វា​ន់​ដូ​(ITF) នឹងធ្វើការ​ហ្វឹកហាត់​សម្រាប់​ប្រកួត 4th Asian Indoor Martial Arts និង​ការ​ប្រកួត​នៅ​លើ​ឆាក​អន្តរជាតិ​នានា ។

គួរ​បញ្ជាក់​ថា ការ​ប្រមូលផ្ដុំ​នេះ​គេ​មិន​ទាន់​កំណត់​បាន​នៅឡើយ​នោះ​ទេ​ថា​ត្រូវ​ដាក់​កីឡា​ប៉ុន្មាន​ប្រភេទ​សម្រាប់​ទៅ​ចូលរួម​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី ព្រោះ​បញ្ជី​បំពេញ​អត្ត​ព​លិ​ក​ទើបនឹង​ធ្វើ​ដើម្បី​បញ្ជូន​ទៅ​ឱ្យ​ម្ចាស់ផ្ទះ ដូច្នេះ​អាច​ខែ​ក្រោយ​នឹង​ដឹង​ហើយ ។ ទោះជា​យ៉ាងណា សម្រាប់​ប្រភេទ​កីឡា​ដែល​បាន​ប្រមូលផ្ដុំ​ត្រូវ​តែ​យក​ទៅ​ប្រកួត៕