ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡុ​ង សុវណ្ណ​ឌឿ​ន និង​ អ៊ុំ ចំរើន ដល់​ថ្ងៃ​ប៉ះ​ថៃ​យក​ពិន្ទុ​នៅ​ខា​រ៉ា​បាវ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​រសៀល​ថ្ងៃ​សៅរ៍ ទី​១១ កុម្ភៈ ស្អែក​នេះ ប្រដាល់​អន្តរជាតិ​របស់​​ខា​រ៉ា​បាវ​រដូវ​កាល​ទី​២ ​វគ្គ​សន្សំ​ពិន្ទុ​ប្រចាំ​ស​ប្ដា​ហ៍​ឈាន​ទៅ​ដណ្ដើម​ខ្សែក្រវាត់​រវាង​កីឡាករ
កម្ពុជា និង​បរទេស​កាន់តែ​មាន​សភាព​ក្ដៅគគុក ​ព្រោះ​

រាជធានី​ភ្នំពេញ ៖ នៅ​រសៀល​ថ្ងៃ​សៅរ៍ ទី​១១ កុម្ភៈ ស្អែក​នេះ ប្រដាល់​អន្តរជាតិ​របស់​​ខា​រ៉ា​បាវ​រដូវ​កាល​ទី​២ ​វគ្គ​សន្សំ​ពិន្ទុ​ប្រចាំ​ស​ប្ដា​ហ៍​ឈាន​ទៅ​ដណ្ដើម​ខ្សែក្រវាត់​រវាង​កីឡាករ
កម្ពុជា និង​បរទេស​កាន់តែ​មាន​សភាព​ក្ដៅគគុក ​ព្រោះ​ដល់​ជុំ​កំណត់​ឃើញ​អ្នកមាន​ពិន្ទុ​ត្រូវ​ធ្លាក់ និង​ឡើង​បន្ត​នោះ​ផង ។ សមាសភាព​កីឡាករ​កម្ពុជា ​ដែល​ឡើង​ប្រកួត​ដណ្ដើម​យក​៣​ពិន្ទុ ​រួម​មាន​កីឡាករ ឡុ​ង សុវណ្ណ​ឌឿ​ន និង​កីឡាករ អ៊ុំ ចំរើន ប៉ះ​ជាមួយ​កីឡាករ​ថៃ​២​រូប​ ដែល​មានការ​ទទួលស្គាល់​ថា ​ខ្លាំង​មិនធម្មតា​។

ព្រឹត្តិការណ៍​ប្រដាល់​អន្តរជាតិ​ដណ្ដើម​ខ្សែក្រវាត់​របស់​​ភេសជ្ជៈ​ខា​រ៉ា​បាវ​វគ្គ​២​នេះ ត្រូវ​គេ​មើលឃើញ​ថា មានការ​គាំទ្រ​ដាច់​ឆ្ងាយ​តែ​ម្ដង ​បើ​ធៀប​នឹង​ការ​ប្រកួត​អន្តរជាតិ​កាលពី​វគ្គ​១ ដោយសារ​តែ​សមាសភាព​កីឡាករ​ទាំង​ខាង​កម្ពុជា និង​ខាង​បរទេស​សុទ្ធតែ​មាន​កម្រិត​ល្អ ហើយ​មើលទៅ​ម្នាក់​ៗ​បញ្ចេញថ្វីដៃ​គួរ​ឱ្យ​ទាក់ទាញ​រៀងខ្លួន ។ កីឡាករ​កម្ពុជា​២​រូប​រួម​មាន​ជើង​ខ្លាំង ឡុ​ង សុវណ្ណ​ឌឿ​ន និង អ៊ុំ ចំរើន នឹង​ក្លាយជា​គូប្រកួត​ស៊ីសាច់ហុតឈាម​ជាមួយ​កីឡាករ​ថៃ​នៅ​រសៀល​ថ្ងៃ​សៅរ៍ស្អែក​នេះ ។ កីឡាករ​កម្ពុជា​ត្រូវ​បាន​អះអាង​ថា​សម្ងំ​ហ្វឹកហាត់​មិន​ខុស​គ្នា​នោះ​ទេ ដោយសារ​តែ​ចង់​គ្រង​តំណែង​ជា​ម្ចាស់​ខ្សែក្រវាត់​អន្តរជាតិ​របស់​ខា​រ៉ា​បាវ និង​ទទួល​បាន​ប្រាក់​លាន​អម​ដោយ​កិត្តិយស​មុខមាត់ ។

យ៉ាងណាមិញ គេ​មិន​ទាន់​ដឹង​ថា កីឡាករ​ណាមួយ​នឹង​មាន​លទ្ធភាព​យក​បាន​៣​ពិន្ទុ​នៅ​ស​ប្ដា​ហ៍​នេះ​ទេ ដោយសារ​តែ​ភាគី​ទាំង​សងខាង​សុទ្ធតែបាន​ត្រៀម​ទុក​ពី​ចម្ងាយ​ហើយ​ជាមួយនឹង​ប្រវត្តិ​ចាញ់​ខ្លះ ឈ្នះ​ខ្លះ សុទ្ធតែ​ជា​លក្ខខណ្ឌ​ដែល​ធ្វើ​ឱ្យ​ពួក​គេ​ត្រូវការ​ស្ដារ​មុខមាត់ ។

លោក ញាណ សុធី អ្នក​រៀបចំ​ការ​ប្រកួត​ប្រចាំ​ស្ថានីយទូរទស្សន៍​អាស៊ី​អាគ្នេយ៍​បាន​ថ្លែងប្រាប់​ថា ក្នុង​ចំណោម​កីឡាករ​កម្ពុជា​ជើង​ខ្លាំង​២​រូប​ខាងលើ​ នឹង​បើក​ឆាកប្រយុទ្ធ​ថ្ងៃ​ស្អែក​នេះ ។ កីឡាករ ឡុ​ង សុវណ្ណ​ឌឿ​ន មក​ពី​ក្លិប​សាល​វ័​ន្ដ​កីឡា ប៉ះ​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ ​ខ្វាន់ អេក ក្នុង​នាម​ជា​គូ​បើក​ឆាក​អន្តរជាតិ​ដណ្ដើម​ពិន្ទុ ។ លោក​ជឿ​ជាក់​ថា កីឡាករ ​ឡុ​ង សុវណ្ណ​ឌឿ​ន នឹង​មិន​ភ្លាត់​ឱ្យ​ចាញ់​សម្រាប់​ការ​ប្រកួត​នេះ​ទេ ដោយសារ​តែ​គេ​បើ​ឈ្នះ​នឹង​ក្លាយជា​អ្នក​ឡើង តែបើ​ចាញ់​នឹង​ត្រូវ​ចាំ​អ៊ុត​មើល​សិន ។ លោក​ថា កីឡាករ​រូប​នេះ ​ត្រូវការ​ឈ្នះ​ដើម្បី​បន្ត​ទៅ​កាន់​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ដែល​អ្នក​ណា​ក៏​ចង់​ឡើង​រេញ​ដែរ ។

លោក​រំពឹង​ថា ការ​ប្រកួត​បើក​ឆាក​របស់​គូ​អន្តរជាតិ​មួយ​នេះ​ នឹង​ទាក់ទាញ​ចំណាប់អារម្មណ៍​ខ្លាំងក្លា ដោយសារ​កីឡាករ​ថៃ​ក៏​ត្រូវការ​ឈ្នះ​ដើម្បី​ឈាន​ឡើង​ទៅ​វគ្គ​បន្ត​ដូច​គ្នា ហើយ​កីឡាករ​ខាង​កម្ពុជា​ក៏​ត្រូវការ​ឈ្នះ​មិន​អាច​ចាញ់ ដើម្បី​មិន​ឱ្យ​របូត​ឱកាស​ដូច​គ្នា ។ កីឡាករ​ថៃ ​ខ្វាន់ អេក ធ្លាប់​ប្រកួត​៩០​លើក ឈ្នះ​៦៥​លើក ចាញ់​២១​លើក និង​ស្មើ​៤​លើក ក្នុង​ពេល​ដែល​កីឡាករ​កម្ពុជា​ឆ្លងកាត់​ការ​ប្រកួត​រហូត​ដល់​៩៧​លើក ឈ្នះ​៨២​លើក ចាញ់​១០​លើក និង​ស្មើ​៥​លើក ។

សម្រាប់​កីឡាករ អ៊ុំ ចំរើន លោក ញាណ សុធី បញ្ជាក់​ថា គេ​ហាក់​មិនសូវ​ត្រូវការ​ឈ្នះ​សម្រាប់​ការ​ប្រកួត​នេះ​ទេ ដោយសារ​តែ​គេ​ឈ្នះ​ក៏​នៅ​តែ​ធ្លាក់ ។ ប៉ុន្តែ​គេ​នឹង​បាក់មុខ​មាត់​កាន់តែ​ខ្លាំង ​ប្រ​សិន​បណ្ដោយ​ឱ្យ​ចាញ់​សម្រាប់​ព្រឹត្តិការណ៍​លើក​នេះ ។ លោក​ថា គេ​ត្រូវ​ប៉ះ​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ​ កេង កាត់  ដោយ​ការ​ប្រកួត​មួយ​នេះ ម្នាក់​ៗ​នឹង​កាន់តែ​បញ្ចេញថ្វីដៃ​មិនធម្មតា​សម្រាប់​ជំនួប​លើក​នេះ ។ លោក​ថា ឆ្លងកាត់​ការ​ប្រកួត​កន្លង​មក កីឡាករ​ថៃ​ត្រូវការ​ឈ្នះ​លើក​នេះ ​ដើម្បី​បាន​ឡើង​បន្ត  ដោយ​លោក​ចាត់​ទុក​ថា បើ អ៊ុំ ចំរើន បណ្ដោយ​ឱ្យ​ចាញ់​ម្ដងទៀត​ គឺ​ពិតជា​អាម៉ាស់​រក​លេខ​ដាក់​គ្មាន ដោយសារ​តែ​ប្រកួត​កន្លង​មក ​មាន​តួលេខ​ចាញ់​ច្រើន​ជាង​ឈ្នះ​រួច​ទៅ​ហើយ ។ លោក​ថា កីឡាករ​ថៃ​រូប​នេះ ​ធ្លាប់​ប្រកួត​៩៣​លើក ឈ្នះ​៨២​លើក ចាញ់​១០​លើក និង​ស្មើ​១​លើក ​ក្នុង​ពេល​កីឡាករ​កម្ពុជា​ធ្លាប់​ប្រកួត​បាន​ដល់​១០៣​លើក ឈ្នះ​៧០​លើក  និង​ចាញ់​៣៣​លើក ។

យ៉ាងណាមិញ គេ​នៅ​មិន​ទាន់​ប្រាកដ​ថា ​អ៊ុំ ចំរើន ដែល​មានបទពិសោធន៍​ច្រើន​ជាង​នឹង​ទប់​ជាប់​នោះ​ទេ ក្នុង​ពេល​ដែល​គេ​មិន​ត្រូវការ​ឈ្នះ​ដាច់ខាត ហើយ​កីឡាករ​ថៃ​ត្រូវការ​ឈ្នះ​ទាល់តែ​បាន​បែប​នេះ ។ គូ​នេះ​គេ​មើលឃើញ​ថា នឹង​ស៊ីសាច់ហុតឈាម ដោយសារ​តែ​កីឡាករ​កម្ពុជា ពិតជា​មិន​ចង់​ជាប់​ឈ្មោះ​ធ្លាក់ដៃ ហើយ​កីឡាករ​ថៃ​ក៏​មិន​ចង់​របូត​ឱកាស ៕