ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គេច​ពី​អ្នក​តាម​ប្រមាញ់​ពេល​យប់​បុក​ចូល​ផ្ទះ​អ្នកស្រុក

7 ឆ្នាំ មុន

ខេត្តក្រចេះ ៖ រថយន្ត​សាំ​យ៉ុ​ង​១​គ្រឿង​ដែល​ដឹក​ទ្វារ​បង្អួច បាន​បោះពួយ​ផ្តាច់​ព្រលឹង​បុក​ចូល​ផ្ទះ​មួយ​នៅ​ក្បែរ​ចិញ្ចើម​ផ្លូវ កណ្តាល​ក្រុង​ក្រចេះ

ខេត្តក្រចេះ ៖ រថយន្ត​សាំ​យ៉ុ​ង​១​គ្រឿង​ដែល​ដឹក​ទ្វារ​បង្អួច បាន​បោះពួយ​ផ្តាច់​ព្រលឹង​បុក​ចូល​ផ្ទះ​មួយ​នៅ​ក្បែរ​ចិញ្ចើម​ផ្លូវ កណ្តាល​ក្រុង​ក្រចេះ បណ្តាល​ឲ្យ​មនុស្ស​ប្រុស​ស្រី​៣​នាក់​ដែល​ជិះ​ក្នុង​រថយន្ត​កៀប​ជាប់​រង​របួសធ្ងន់ ។ ការ​បើក​បោះពួយ​ក្នុង​ល្បឿន​លឿន​ដូច​ហោះ​នេះ ទំនង​បើក​រត់គេច​ពី​ការ​តាម​ប្រមាញ់​របស់​សមត្ថកិច្ច​ណាមួយ តែ​ក្រោយ​ពី​រថយន្ត​នោះ ជួប​ហេតុការណ៍​អាក្រក់​ក្រុម​ដែល​ដេញ​តាម​ដើម្បី​គាប​ទារ​លុយ​នោះ​ក៏​បាន​គេច​ដាក់​មេ​ប្រូច​បាត់​អស់​ដែរ ។

ការ​បើករថយន្ត​ដឹកឈើ​និង​ដឹក​គ្រឿងសង្ហារិម ទ្វារ បង្អួច​ហើយ​ជ្រុល​ចង្កូត​បុក​ចូល​ផ្ទះ​គេ​នេះ​មិនមែន​ជា​រឿង​ថ្មី​នោះ​ទេ គឺជា​រឿង​អាក្រក់​តែងតែ​កើត​មាន​ជា​ញឹកញាប់ ។

ករណី​លើក​នេះ​ទៀត​បាន​បង្ក​ឡើង​ដោយ​រថយន្ត​សាំ​យ៉ុ​ង​ដឹក​ទ្វារ​បង្អួច បាន​ជ្រុល​ទៅ​បុក​ចូល​ក្រោមផ្ទះ​មួយ​នៅ​ចំណុច​ម្តុំ​ផ្លូវ​កោង និង​បាន​ធ្លាក់​ចូល​ប្រឡាយ​ផ្លូវ នៅ​កណ្តាល​ក្រុង​ក្រចេះ​ទាំង​វេលា​ពាក់កណ្តាល​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៩ កុម្ភៈ ។ បើ​តាម​ការ​លើក​ឡើង​ពី​អ្នកស្រុក​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា កន្លង​មក​ទីតាំង​ផ្ទះ​នៅ​ម្តុំ​ផ្លូវ​កោង​លើ​ទំនប់​នេះ ឧស្សាហ៍​មាន​រថយន្ត​ដឹកឈើ បើក​បុក​ចូល​ផ្ទះ​របស់​ពួក​គាត់ ដោយសារ​តែ​ពួក​រថយន្ត​ទាំងនោះ​តែងតែ​បើក​ក្នុង​ល្បឿន​លឿន​ផ្តាច់​ព្រលឹង​គួប​ផ្សំ​នឹង​ស្ថានភាព​ផ្លូវ​នៅ​ចំណុច​នោះ​ជាទី​ប្រជុំជន ហើយ​មាន​សភាព​កោង​ខ្លាំង​ផង ទើប​បណ្តាល​ឲ្យ​រេ​ចង្កូត​បុក​ចូល​ផ្ទះ​ដែល​នៅ​ក្បែរ​ចិញ្ចើម​ផ្លូវ ឬ​មាន​ខ្លះ​ត្រូវ​ក្រឡាប់​ធ្លាក់​ចូល​ជ្រោះ​ក្រោមផ្ទះ​ក៏​មាន ។

ជុំវិញ​ហេតុការណ៍​ថ្មី​មួយ​នេះ​នគរបាល​ចរាចរណ៍​ដែល​បាន​ទៅ​ត្រួតពិនិត្យ​កន្លែង​កើត​បាន​បញ្ជូន​ជន​រង​គ្រោះ ដែល​កៀប​ជាប់​ក្នុង​កាប៊ី​ន​រថយន្ត​នោះ បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ប្រុស​-​ស្រី​ទាំង​បី​នាក់ មាន​ព្រូ អ្នកបើកបរ និង​ម្ចាស់​ទ្វារ​បង្អួច ។ ពួក​គេ​បាន​រង​របួស​ធ្ងន់ធ្ងរ​និង​ត្រូវ​បាន​ចាត់​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ឯ​រាជធានី​ភ្នំពេញ ។ អ្នក​ឃើញ​ហេតុការណ៍​បាន​ឲ្យ​ដឹង​ថា យប់​ដែល​កើតហេតុ​នោះ​មាន​រថយន្ត​ដឹកឈើ​គ្រឿងផ្ទះ​និង​ដឹក​គ្រឿងសង្ហារិម​រាប់​សិប​គ្រឿង បាន​បើក​វ៉ា​ប្រដេញ​គ្នា​ពេញ​ផ្លូវជាតិ ។ ការ​បើក​ប្រដេញ​នេះ​ត្រូវ​គេ​ដឹង​ថា ទំនងជា​រថយន្ត​ទាំងនោះ​បាន​ព្យាយាម​បើក​គេច​ពី​ការ​ប្រដេញ​ស្ទាក់​កាក់​ទា​លុយ​ពី​ក្រុម​សមត្ថកិច្ច​ស្ថាប័ន​ណាមួយ ដែល​ដាក់​កុងត្រូលជជុះ​ចាំ​យក​លុយ​នៅ​លើ​ផ្លូវជាតិ​នានា​ក្នុង​ខេត្ត ។

ប្រជាពលរដ្ឋ​និយាយ​ថា ការ​ធ្វើ​ដំណើរ​វេលា​យប់​តាម​ផ្លូវជាតិ គឺ​ប្រឈម​នឹង​គ្រោះថ្នាក់​ជាយថាហេតុ ដោយសារ​ក្រុម​រថយន្ត​ដឹកឈើ ដឹក​គ្រឿងសង្ហារិម​រាប់​សិប​គ្រឿង​ប្រជែង​គ្នា​សោយរាជ្យ​លើ​ដងផ្លូវ​ជាតិ ហើយ​បញ្ហា​នេះ​ក៏​មានការ​អំពាវនាវ​ដល់​ស្ថាប័ន​ពាក់ព័ន្ធ​ជួយ​ទប់ស្កាត់ ឬ​កែ​លម្អ​ស្ថានភាព​ដ៏​អាក្រក់​នេះ​ដើម្បី​កាត់​បន្ថយ​គ្រោះថ្នាក់ ។

ទោះបីជា​បែប​ណា ការ​អំពាវនាវ​របស់​ពលរដ្ឋ គឺ​តែង​បាន​ធ្វើ​ឡើង បន្ទាប់​ពី​ពួក​គាត់​បាន​មើលឃើញ​ថា សព្វថ្ងៃ​ការ​ដឹកឈើ​តាម​រថយន្ត​សាំ​យ៉ុ​ង​នៅ​ពេល​យប់ កំពុង​តែ​កំរើក​ឡើង​វិញ​កាន់តែ​ខ្លាំង ពោល​គឺ​ក្នុង​មួយ​យប់​ៗ​មាន​ឈើ​រាប់​សិប​មែ​៉​ត្រ​គូប ត្រូវ​បាន​គេ​ដឹក​ជញ្ជូន​តាម​រយៈ​ហ្វូង​រថយន្ត​សាំ​យ៉ុ​ង រាប់រយ​គ្រឿង​ចេញពី​ខេត្តក្រចេះ ឆ្ពោះ​មក​កាន់​ខេត្ត​ភាគ​ខាងក្រោម ដែល​ជា​ច្រកចេញ​ទៅ​កាន់​ទីផ្សារ​ងងឹត ។

ទន្ទឹម​នឹង​មានការ​ដឹក​ជញ្ជូន​បែប​អនាធិបតេយ្យ​ពី​ហ្វូង​រថយន្ត​ទាំងនេះ ទាំង​យប់​ទាំង​ថ្ងៃ កុងត្រូលជជុះ​របស់​សមត្ថកិច្ច​ក៏​ត្រូវ​គេ​មើលឃើញ​ថា បាន​កើត​មាន​ឡើង​រីក​ដូច​ផ្សឹ​ត​ផង​ដែរ​បណ្តាក់​គ្នា​ដូច​ខ្ច​ង ។ ក្រុម​កុងត្រូល​ទាំងនោះ គឺ​គេ​ឃើញ​មាន​សមាសភាព​សុទ្ធ​សឹង​ជា​សមត្ថកិច្ច​ស្ទើរ​គ្រប់​ស្ថាប័ន​ក្នុង​ខេត្ត និង​បាន​ដាក់​បណ្តុំ​យ៉ាង​អនាធិបតេយ្យ​នៅ​លើ​ផ្លូវជាតិ និង​នៅ​ចំណុច​ក្បាលស្ពាន ឬ​ដាក់​ក្បាល​ឡាន​តម្រៀប​ត្រៀបត្រា​ពេញ​ផ្លូវ ចាំ​ប្រដេញ​ស្ទាក់​កាក់​ទារ​លុយ​ពី​ហ្វូង​រថយន្ត​ទាំងនេះ ។ សរុប​មក​ទាំង​អ្នក​ជួញ​ឈើ និង​អ្នក​បង្ក្រាប​បទល្មើស គឺ​ម្នាក់​ៗ​គិតតែ​ពី​ប្រយោជន៍​បុគ្គល ឬ​អង្គភាព​របស់​ខ្លួន មិន​បាន​គិត​ពី​ផល​ប៉ះពាល់​ដល់​សង្គម​នោះ​ឡើយ​ពិតជា​ថោកទាប​រក​លេខ​ដាក់​គ្មាន​ទេ ៕