ខេត្តពោធិ៍សាត់ ៖ ទំនប់វារីអគ្គិសនីស្ទឹងអាតៃ ឃុំអូរសោម ស្រុកវាលវែង ដែលបើកការដ្ឋានសាងសង់កាលពីខែឧសភា ឆ្នាំ២០០៨ ក្រោមអធិបតីភាពលោកស៊ុយ សែម រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មរ៉ែ និងថាមពល លោកជំទាវច័ន្ទ គឹមហង្ស ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា និងតំណាងក្រុមហ៊ុនឆាយណាតាថាង ខមភ័ររេសិន របស់ប្រទេសចិននោះបច្ចុប្បន្នកំពុងសំរុកសាងសង់ទាំងយប់ទាំងថ្ងៃជាប់ជានិច្ច ក្រោមតំលៃវិនិយោគជាង៣៧០លានដុល្លារគិតទាំងបណ្ដាញ និងស្ថានីយ៍ចែកចាយ។
កាលពីថ្ងៃទី៣ មីនា ឆ្នាំ២០១១ កន្លងទៅថ្មីៗនេះ លោករដ្ឋមន្ត្រីស៊ុយ សែម និងលោកខូយ សុខា អភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញទៅពិនិត្យមើលការដ្ឋានសំណង់វារីអគ្គិសនីស្ទឹងអាតៃទំនប់ទី១។
តាមសេចក្ដីរាយការណ៍របស់ប្រធានការដ្ឋានផ្ទាល់នៃក្រុមហ៊ុន CHD ឲ្យដឹងថា បច្ចុប្បន្នការដ្ឋានកំពុងអនុវត្តសំណង់បាតទំនប់ និងឡើងគ្រឹះតួទំនប់។ ទំនប់ទី១ នេះចែកចេញជាពីរផ្នែក ផ្នែកទី១ ជាទំនប់សំរាប់ស្តុកទឹកអាចផលិតថាមពលបាន១០មេហ្កាវ៉ាត់ ផ្នែកទី២ មានតួនាទីបញ្ជូនទឹកទៅផ្គត់ផ្គង់រោងចក្រនៅទំនប់ទី២ និងទី៣ ដែលអាចផលិតថាមពលបាន១០មេហ្កាវ៉ាត់ដែរ។ សរុបទាំងពីរផ្នែកនៃទំនប់ទី១ នេះ ផលិតថាមពលបាន២០មេហ្កាវ៉ាត់ ដែលអាចដំណើរការប្រើប្រាស់បានជំហានដំបូងនៅខែកក្កដា ឆ្នាំ២០១២។ ដូច្នេះ នៅសល់តែមួយឆ្នាំប៉ុណ្ណោះស្ថានីយ៍នេះនឹងអាចផលិតអគ្គិសនីយកទៅប្រើប្រាស់តាមបណ្ដាគោលដៅស្ថានីយ៍រង និងបណ្ដាញខ្សែចែកចាយ។ វារីអគ្គិសនីស្ទឹងអាតៃ ឃុំអូរសោម ស្រុកវាលវែង ទាំង៣ទំនប់នេះ មានអនុភាពផលិតថាមពលសរុបបានចំនួន១២០មេហ្កាវ៉ាត់ ហើយនឹងអាចដំណើរការទាំងស្រុងនៅខែកុម្ភៈ ឆ្នាំ២០១៣ ខាងមុខនេះ។
លោករដ្ឋមន្រ្តីស៊ុយ សែម បានថ្លែងកោតសរសើរដល់ការខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុនរួមនឹងអ្នកឯកទេស កម្មករជំនាញ ដែលធ្វើកិច្ចការគោរពទៅតាមកិច្ចសន្យា ធ្វើយ៉ាងណាឲ្យរោងចក្រទាំង៣នៅស្ទឹងអាតៃនេះ ដំណើរការទៅតាមការគ្រោងទុក ដែលក្រុមហ៊ុនបានចុះកិច្ចសន្យាជាមួយរាជរដ្ឋាភិបាល។ តាមការពិនិត្យជាក់ស្ដែងយើងឃើញថា នេះជាការសាងសង់នូវសំណង់ដែលធានាគុណភាព។ ក្រុមហ៊ុនត្រូវប្រើពេលវេលាក្នុងការគាស់រំលើងថ្មបាតជ្រោះដែលជាស្រទាប់ថ្មទន់ រហូតដល់ស្រទាប់ថ្មរឹងទើបចាក់គ្រឹះ។ ដោយឡែកសំណង់អនុស្ថានីយ៍ និងខ្សែបញ្ជូន យើងបានចុះកិច្ចសន្យាបញ្ចប់នៅខែមិថុនា ឆ្នាំ២០១១នេះ។ បច្ចុប្បន្នខ្សែបញ្ជូនកំពុងតែដំឡើងពីស្វាយដូនកែវ ស្រុកបាកាន មកអនុស្ថានីយ៍រលាបក្រុងពោធិ៍សាត់។ ដូច្នេះអ្វីៗនឹងដំណើរការល្អតាមការគ្រោងទុក នៅឆ្នាំ២០១៣ តាមបណ្ដាខេត្តមួយចំនួននឹងមានភ្លើងអគ្គិសនីប្រើប្រាស់តំលៃថោកសមរម្យជាងសព្វថ្ងៃនេះទៀតផង។ ហើយអ្វីដែលកាន់តែប្រសើរនោះ គឺផុតកុងត្រារយះពេល៣០ឆ្នាំ ក្រុមហ៊ុននៃប្រទេសចិន នឹងប្រគល់ស្ថានីយវារីអគ្គិសនីទាំងអស់នេះ ជូនរាជរដ្ឋាភិបាលកម្ពុជា យើងជាអ្នកគ្រប់គ្រងឲ្យដំណើរការដោយខ្លួនឯងវិញម្ដង។ ពេលនោះអគ្គិសនីនឹងមានតំលៃកាន់តែថោកថែមទៀតជាក់ជាមិនខាន ៕





ចែករំលែកព័តមាននេះ