ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សោកនាដកម្ម! ឆេះ​ហាង​ខារ៉ាអូខេ​មួយកន្លែង​ ស្លា​.​ប់​​ និង​របួស​​ជាង​​​​២០​នាក់​

1 ឆ្នាំ មុន

វៀតណាម ៖ អគ្គិភ័យ​បាន​ឆាបឆេះ​ហាង​ខារ៉ាអូខេ​មួយ​កន្លែង​ស្ថិត​នៅ​ភាគ​ខាងត្បូង​ប្រទេស​វៀត​

វៀតណាម ៖ អគ្គិភ័យ​បាន​ឆាបឆេះ​ហាង​ខារ៉ាអូខេ​មួយ​កន្លែង​ស្ថិត​នៅ​ភាគ​ខាងត្បូង​ប្រទេស​វៀត​ណាម បណ្តាល​ឱ្យ​មនុស្ស​ចំនួន ១២​នាក់​ស្លា​.​ប់ និង​១១​នាក់​ទៀត​រង​របួស​។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​មន្ត្រី​វៀតណាម​នៅ​មូលដ្ឋាន​នៅ​ថ្ងៃ​ពុធ ទី ៧ កញ្ញា​នេះ​។

ប្រព័ន្ធ​ផ្សព្វផ្សាយ​រាយការណ៍​ថា អគ្គិភ័យ​បាន​ឆាបឆេះ​នៅ​ជាន់​ទី ២ និង​ទី ៣​នៃ​អគារ បណ្តាល​ឱ្យ​ភ្ញៀវ​មក​កម្សាន្ត និង​បុគ្គលិក​ជាប់​គាំង​ក្នុង​នោះ ខណៈ​ដែល​មាន​ផ្សែងហុយ​ពេញ​ជណ្តើរ​។

មនុស្ស​ជា​ច្រើន​បាន​ប្រមូលផ្តុំ​គ្នា​នៅ​យ៉រ​ខាង​មុខ​ដើម្បី​គេច​ពី​អណ្តាតភ្លើង ដែល​បាន​ឆាបឆេះ​យ៉ាង​លឿន​នៅ​ពេល​រាលដាល​ដល់​ឈើ ខណៈ​មនុស្ស​ជា​ច្រើន​នាក់​ត្រូវ​បង្ខំចិត្ត​ហក់​ចុះ​ពីលើ​អគារ​។

អគារ​ខារ៉ាអូខេ​នោះ​ស្ថិត​នៅ​ក្នុង Thuan An ភាគ​ខាងជើង​នៃ​ទីក្រុង​ហូ​ជី​មិ​ញ​។ អ្នក​ពន្លត់​អគ្គិភ័យ​ជា​ច្រើន​បាន​ជិះ​លើ​រថយន្ត​ស្ទូច​ដើម្បី​ព្យាយាម​ពន្លត់ភ្លើង​។

លោក Nguyen Thanh Tam មន្ត្រីជាន់ខ្ពស់​នៃ​បក្ស​កុម្ម​និ​ស្ត​វៀតណាម​ថ្លែងប្រាប់​ទីភ្នាក់ងារសារព័ត៌មាន AFP ដូច្នេះ​ថា មូលហេតុ​នៃ​អគ្គិភ័យ​នោះ​មិន​ទាន់​ដឹង​​នៅឡើយ​ទេ ខណៈការ​ស៊ើបអង្កេត​កំពុង​ធ្វើ​ឡើង​។

សាក្សី​ម្នាក់​ឈ្មោះ Nguyen Sang ដែល​ជា​ប្រជាពលរដ្ឋ​រស់នៅ​ជិត​កន្លែង​កើតហេតុ​បាន​និយាយ​ប្រាប់​សារព័ត៌មាន VnExpress ថា​នៅ​ពេល​រថយន្ត​ពន្លត់​អគ្គិភ័យ​មក​ដល់​កន្លែង​កើតហេតុ អ្នក​ទទួលភ្ញៀវ​ម្នាក់​និយាយ​ថា មាន​មនុស្ស ៤០​នាក់​ជាប់​នៅ​ខាងក្នុង​អគារ​។

លោក​និយាយ​ថា មនុស្ស​ជា​ច្រើន​រត់​កាត់​ភ្លើង​តាម​ច្រក​ធំ ប៉ុន្តែ​មនុស្ស​ជា​ច្រើន​ទៀត​មិន​អាច​ទ្រាំ​នឹង​កម្តៅ​បាន ហើយ​ពួក​គេ​លោក​ចុះ​ពី​អគារ ដោយ​អ្នកខ្លះ​បាក់ដៃ និង​បាក់ជើង​។

សូម​បញ្ជាក់​ថា វា​ជា​ករណី​គ្រោះ​អគ្គិភ័យ​ដ៏​ធំ​បំផុត​នៅ​វៀតណាម ចាប់តាំងពី​អគ្គិភ័យ​ក្នុង​ឆ្នាំ ២០១៨​មក​ដែល​បាន​ឆក់​យក​ជីវិត​មនុស្ស ១៣​នាក់​នៅ​ក្នុង​ទីក្រុង​ហូ​ជី​មិ​ញ​។

នៅ​ឆ្នាំ ២០១៦ អគ្គិភ័យ​នៅ​ហាង​ខារ៉ាអូខេ​មួយ​នៅ​ទីក្រុង​ហាណូយ បណ្តាល​ឱ្យ​មនុស្ស ១៣​នាក់​ស្លា​.​ប់​។

កាលពី​ខែ​មុន អ្នក​ពន្លត់​អគ្គិភ័យ ៣​នាក់​បាន​ស្លា​.​ប់​នៅ​ពេល​ពួក​គេ​ព្យាយាម​ជួយ​ពន្លត់​អគ្គិភ័យ​នៅ​ហាង​ខារ៉ាអូខេ​មួយ​កន្លែង​ស្ថិត​ក្នុង​ទីក្រុង​ហាណូយ​៕ (​យោង​តាម​ប្រភព​៖ AFP)

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ