ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឱនភាព​ពាណិជ្ជកម្ម​អា​មេ​រិ​ក​ក្នុង​ឆ្នាំ​2016 កើនឡើង​ខ្ពស់

7 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ ក្រសួងពាណិជ្ជកម្ម​សហរដ្ឋអាមេរិក​បាន​រាយការណ៍​កាលពី​ថ្ងៃ​អង្គារ​កន្លង​មក​ថា ឱនភាព​ពាណិជ្ជកម្ម​របស់​សហរដ្ឋអាមេរិក​ក្នុង​ឆ្នាំ​២០១៦ បាន​កើនឡើង​ដល់​កម្រិត​ខ្ពស់​ជាងគេ​ក្នុង​រយៈពេល​៤​ឆ្នាំ​មកនេះ

សហរដ្ឋអាមេរិក ៖ ក្រសួងពាណិជ្ជកម្ម​សហរដ្ឋអាមេរិក​បាន​រាយការណ៍​កាលពី​ថ្ងៃ​អង្គារ​កន្លង​មក​ថា ឱនភាព​ពាណិជ្ជកម្ម​របស់​សហរដ្ឋអាមេរិក​ក្នុង​ឆ្នាំ​២០១៦ បាន​កើនឡើង​ដល់​កម្រិត​ខ្ពស់​ជាងគេ​ក្នុង​រយៈពេល​៤​ឆ្នាំ​មកនេះ​ព្រោះ​ការ​នាំ​ចេញ​ធ្លាក់​ចុះ​លឿន​ជាង​ការ​នាំ ចូល ។

ប៉ុន្តែ​ក្នុង​ខែធ្នូ ឱនភាព​បែរជា​ធ្លាក់​ចុះ​វិញ​បន្តិច ដោយសារ​ការ​នាំ​ចេញ​សេវាកម្ម​កើនឡើង​មក​កម្រិត​ខ្លាំង​ជាងគេ ។

ឱនភាព​ប្រចាំឆ្នាំ​សម្រាប់​ផលិតផល និង​សេវាកម្ម​ស្មើ​៥០២,៣​ប៊ី​លាន​ដុល្លារ កើនឡើង​០,៤%​បើ​ធៀប​នឹង​ឆ្នាំ​២០១៥ ប៉ុន្តែ​ធ្លាក់​ចុះ​៦,៤% បើ​ធៀប​នឹង​ឆ្នាំ​២០១២ ។

ឱនភាព​ពាណិជ្ជកម្ម​សម្រាប់​ខែធ្នូ បាន​ធ្លាក់​ចុះ​លើស​៣%​បន្តិច​បើ​ធៀប​នឹង​ខែវិច្ឆិកា មក​ត្រឹម​៤៤,៥​ប៊ី​លាន​ដុល្លារ ដោយ​មួយ​ផ្នែក​គឺ​មក​ពី​ការ​លូតលាស់​ខ្លាំង​នៃ​វិស័យ​នាំ​ចេញ​របស់​សហរដ្ឋអាមេរិក ។

ការ​នាំ​ចេញ​សេវាកម្ម​បាន​កើនឡើង​ដល់ ៦៣,៨​ប៊ី​លាន​ដុល្លារ​ក្នុង​ខែធ្នូ​ឆ្នាំ​មុន ហើយ​ការ​នាំ​ចេញ​ផលិតផល​បច្ចេកវិទ្យា​ទំនើប​បាន​កើន​ដល់​៣២,២​ប៊ី​លាន​ដុល្លារ ។

ការ​នាំ​ចេញ​ទាក់ទិន​នឹង​យានយន្ត​ទៅ​កាន់​ប្រទេស​ចិន កា​ណា​ដា និង​មុ​ិ​ក​ស៊ិ​ក បាន​ធ្លាក់​ចុះ​ក្នុង​ខែធ្នូ ប៉ុន្តែ​ឱនភាព​ពាណិជ្ជកម្ម​ផលិតផល​ទាំងនោះ​បាន​ធ្លាក់​ចុះ​ជាមួយ​ដៃគូ​ពាណិជ្ជកម្ម​ធំ​ៗ​ដទៃ​ក្នុង​ឆ្នាំ​២០១៦ ។

ជនជាតិ​អា​មេ​រិ​កបាន​នាំ​ចូល​ផលិតផល​ពី​ប្រទេស​ចិន​តិច​ជាង​មុន ធ្វើ​ឲ្យ​ឱនភាព​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​នេះ​ធ្លាក់​ចុះ​៥,៤% មក​ត្រឹម​៣៤៧​ប៊ី​លាន​ដុល្លារ​កាលពី​ឆ្នាំ​មុន បើ​ទោះជា​ការ​នាំ​ចេញ​យានយន្ត​ធ្លាក់​ចុះ​ក្តី ។

ចំណែក​ឱនភាព​ពាណិជ្ជកម្ម​ផលិតផល​រវាង​សហរដ្ឋអាមេរិក និង​ប្រទេស​អា​ល្លឺ​ម៉​ង់ ក៏​បាន​ធ្លាក់​ចុះ​១៣% មក​ត្រឹម​៦៤,៩​ប៊ី​លាន​ដុល្លារ​ផង​ដែរ​សម្រាប់​ឆ្នាំ​មុន ប៉ុន្តែ​ឱនភាព​ជាមួយ​មុ​ិ​ក​ស៊ិ​កបាន​កើនឡើង​ច្រើន​ជាង​៤% មក​ត្រឹម​៦៣,២​ប៊ី​លាន​ដុល្លារ ។

លោក Ian Shepherdson នាយក​សេដ្ឋវិទូ​ក្នុង Pantheon Macroeconomics កត់​សម្គាល់ថា ការ​ធ្លាក់​ចុះ​នៃ​ឱនភាព​ក្នុង​ខែធ្នូ នឹង​ត្រូវ​បាន​ទូទាត់​ជាមួយ​ការ​កើនឡើង​នៃ​ឱនភាព​ក្នុង​ខែវិច្ឆិកា ប៉ុន្តែ​លោក​ថា ឱនភាព​អាច​នឹង​កើនឡើង​នៅ​ក្នុង​ត្រីមាស​ទី​១​ឆ្នាំ​នេះ ព្រោះតែ​តម្លៃ​ប្រេង​កើនឡើង ៕