ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងពាណិជ្ជកម្ម​ដាក់​ចេញ​វិធានការ​6​ចំណុច​ឆ្លើយ​តបនឹង​វិស័យ​ឯកជន

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ដើម្បី​ជំរុញ​ផលិតកម្ម​កែ​ច្នៃ​សម្រាប់​នាំ​ចេញ និង​កិច្ច​សម្រួល​ពាណិជ្ជកម្ម​នៅ​កម្ពុជា ក្រសួងពាណិជ្ជកម្ម​បាន​ដាក់​ចេញ​នូវ​វិធានការ​៦​ចំណុច​ដើម្បី​ឆ្លើយ​តប​នឹង​វិស័យ​ឯកជន ។ នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​

រាជធានី​ភ្នំពេញ ៖ ដើម្បី​ជំរុញ​ផលិតកម្ម​កែ​ច្នៃ​សម្រាប់​នាំ​ចេញ និង​កិច្ច​សម្រួល​ពាណិជ្ជកម្ម​នៅ​កម្ពុជា ក្រសួងពាណិជ្ជកម្ម​បាន​ដាក់​ចេញ​នូវ​វិធានការ​៦​ចំណុច​ដើម្បី​ឆ្លើយ​តប​នឹង​វិស័យ​ឯកជន ។ នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងពាណិជ្ជកម្ម ក្នុង​ឱកាស​បើក​កិច្ចប្រជុំ​ក្រុមការងារ​ទី​៧ នៃ​វេទិកា​រាជរដ្ឋាភិបាល និង​វិស័យ​ឯកជន កាល​ពី​ថ្ងៃ​ទី​៩ កុម្ភៈ ម្សិលមិញ ។

កិច្ចប្រជុំ​នេះ​មានការ​ចូលរួម​ពី​លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម និង​លោក​ឧកញ៉ា វ៉ា​ន់ ស៊ូ​អៀង ប្រធាន​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា ដោយ​បាន​ពិភាក្សា​​យ៉ាង​ផុសផុល​ទៅ​លើ​សំណើ​ទាំង​៦​របស់​វិស័យ​ឯកជន និង​ដាក់​ចេញ​នូវ​វិធានការ​ឆ្លើយ​តប​ដូច​ខាងក្រោម ៖

១-​ក្រសួងពាណិជ្ជកម្ម​នឹង​ពិនិត្យ និង​កែសម្រួល​ឡើង​វិញ​នូវ​រាល់​នីតិវិធី​ផ្តល់​វិញ្ញាបនបត្រ​បញ្ជាក់​ប្រភព​ដើម​ទំនិញ​(CO)​តាម​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​គ្រប់​ដំណាក់កាល ដើម្បី​ធានា​បំពេញ​ឲ្យ​បាន​តាម​ក្របខ័ណ្ឌ​ពេលវេលា​កំណត់​៤៨​ម៉ោង និង​ទាក់ទាញ​ទំនុកចិត្ត​ពី​វិស័យ​ឯកជន​។ ទន្ទឹម​គ្នា​នេះ ក្រសួងពាណិជ្ជកម្ម​នឹង​បើក​វគ្គ​បណ្តុះបណ្តាល​ជូន​ភ្នាក់ងារ​រត់ការ​ទាំងអស់​ដើម្បី ទទួល​បាន​សិទ្ធិ​បំពេញបែបបទ​ស្នើ​សុំ​CO ស្របច្បាប់​ពី​ក្រសួង ។

២-​ក្រសួង​សូម​រក្សា​ទុក​កម្រៃ​គ្រប់គ្រង​ការ​នាំ​ចេញ (EMF) ដោយសារ​ជា​ប្រភព​ចំណូល​សំខាន់​នៃ​ថវិកាជាតិ ដែល​រាជរដ្ឋាភិបាល​ត្រូវ​ប្រើប្រាស់​សម្រាប់​ការ​វិនិយោគ​សាធា​រណៈ និង​ការ​ដំឡើង​បៀវត្ស​ជូន​មន្ត្រីរាជការ ។ ជំនួស​មក​វិញ ក្រសួងពាណិជ្ជកម្ម នឹង​ពិនិត្យ​លទ្ធភាព​ស្នើ​សុំ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ធ្វើការ​បញ្ចុះ​កម្រៃ EMF ដើម្បី​លើក​ទឹកចិត្ត​ដល់​វិនិយោគិន ។

៣-​ក្រសួង​នឹង​ធ្វើ​វិសោធនកម្ម​មុខងារ និង​ការ​ទទួលខុសត្រូវ​របស់​កាំកុងត្រូល​ក្នុង​ពេល​អនាគត ដើម្បី​ធានា​បំពេញ​ប្រតិបត្តិការ (​ត្រួតពិនិត្យ​ទំនិញ​) ឲ្យ​កាន់តែ​មាន​ប្រសិទ្ធ​ភាព។ បច្ចុប្បន្ន ក្រសួង​បាន​និង​កំពុង​រៀបចំ​សេចក្តីព្រាងច្បាប់​ចំនួន​៣ ដើម្បី​កំណត់​ពី​ភារកិច្ច​ស្នូល​ជាក់លាក់​របស់​កាំកុងត្រូល​ដូច​ជា ច្បាប់​ស្តី​ពី​កិច្ច​ការពារ​អ្នក​ប្រើប្រាស់​, ច្បាប់​ស្តី​ពី​កិច្ចសន្យា​ពាណិជ្ជកម្ម និង​ច្បាប់​ស្តី​ពី​ការ​ប្រកួតប្រជែង ។

៤-​ក្រសួង​សូម​រក្សា​ទុក​នូវ​ការ​ធ្វើ​អធិការកិច្ច​លើ​CO សម្រាប់​ទំនិញ​ដឹក​តាម​រថយន្ត​ឆ្លងកាត់​បន្ទាត់​ព្រំដែន​កម្ពុជា ទៅ​ឡើង​យន្តហោះ​នៅ​ប្រទេស​ជិតខាង ដោយសារ​នេះ​ជា​ផ្នែក​មួយ​នៃ​ការ​អនុវត្ត​វិធាន​ប្រភព​ដើម​ទំនិញ ដើម្បី​ទប់ស្កាត់​ការ​បន្លំ​ប្រភព​ដើម​នានា​ពី​ប្រទេស​ទី​៣ ហើយ​ទទួល​បានការ​សរសើរ​ពី​សហគមន៍​អឺរ៉ុប​។ ជាមួយ​គ្នា​នេះ ក្រសួង​ពាណិជ្ជ​កម្ម​សូម​ស្នើ​ដល់​វិស័យ​ឯកជន​ព​ន្លឿ​ន​ការ​ដាក់​ពាក្យ​ស្នើ​សុំ​អធិការកិច្ច នៅ​ពេល​ដែល​ទំនិញ​ផលិត​បាន​១០% ឬ​២០% ដើម្បី​ចំណេញ​ពេលវេលា ហើយ​ក្រសួង​គ្រោង​នឹង​ចរចា​ជាមួយ​ប្រទេស​ជិតខាង​ក្នុង​ពេល​ឆាប់​ៗ ដើម្បី​បើក​ឲ្យ​មានការ​ដឹក​ជញ្ជូន​ទំនិញ​តាម​ផ្លូវទឹក​ផង​ដែរ ។

៥-​ក្រសួងពាណិជ្ជកម្ម កន្លង​មក​ដោយ​មានការ​ឯកភាព​ពី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ការ​គាំទ្រ​ពី​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយបាន​ដាក់​ចេញ​នូវ​កម្រង​​​សេវា​សាធារណៈ​សម្រាប់​វិស័យ​ឯកជន តាម​រយៈ​ប្រកាស​រួម​លេខ ១៦៤៣ សហ​វ​.​ប្រក ចុះ​ថ្ងៃ​ទី​១៦ ធ្នូ ឆ្នាំ​២០១៤ ក្នុង​នោះ​ការ​កែតម្រូវ និង​ចេញ​ច្បាប់​ទុតិយតា CO មាននៅ​ក្នុង​ឧ​ប​សម្ព័ន្ធ​១ ។

៦-​ក្រសួងពាណិជ្ជកម្ម​នឹង​ទទួលយក​ភាសា​ខ្មែរ ធ្វើ​ជា​ភាសា​គោល​ក្នុង​ការ​បញ្ជាក់​ទំនិញ​ប្រភេទ​សម្លៀក​បំពាក់ និង​សុំ​ឲ្យ​មានការ​បកប្រែ​ជា​ភាសា​អង់គ្លេស​នៅ​ក្នុង​រង្វង់​ក្រចក ។
ស្របគ្នា​នេះ ក្រសួង​បាន​លើកទឹកចិត្ត​ឲ្យ G-MAC សហការ​ជាមួយ​សភាពាណិជ្ជកម្ម​កម្ពុជា ដើម្បី​រៀបចំ​ជាស​ន្ទា​នុ​ក្រម​មួយ​សម្រាប់​ជួយ​សម្រួល​ភាគី​ពាក់ព័ន្ធ ក្នុង​ការ​ប្រើប្រាស់​ពាក្យ​ពេ​ជន៍​ឲ្យ​បាន​ត្រឹមត្រូវ​ទាំង​ភាសា​ខ្មែរ អង់គ្លេស និង​ចិន ។

គួរ​បញ្ជាក់​ថា កិច្ចប្រជុំ​ក្រុមការងារ​ទី​៧​នេះ ត្រូវ​បាន​រៀបចំ​ឡើង​រៀង​រាល់​ឆ្នាំ ដើម្បី​ពិនិត្យ និង​ដោះស្រាយ​បញ្ហា​ប្រឈម​នានា ដែល​ស្នើ​ឡើង​ដោយ​វិស័យ​ឯកជន ជា​ពិសេស ពាក់ព័ន្ធ​នឹង​ការ​លើកកម្ពស់​បរិយាកាស​ធុរកិច្ច និង​ការ​ជំរុញ​កិច្ច​សម្រួល​ពាណិជ្ជកម្ម​។ កិច្ចប្រជុំ​នេះ គឺជា​យន្តការ​ដ៏​ល្អ​ប្រសើរ​មួយ​សម្រាប់​ការ​អភិវឌ្ឍ​វិស័យ​ឯកជន​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​ទទួល​បានការ​កោតសរសើរ​ពី​វិស័យ​ឯកជន ជា​ពិសេស វិនិយោគិន និង​មហាជន​ទាំង​ក្នុង និង​ក្រៅប្រទេស ៕