ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សេវា​ដឹក​ជញ្ជូន​ថ្មី កកស្ទះ​ចរាចរណ៍​លើ​ផ្លូវគោក​កាន់តែ​ស្មុគស្មាញ សិក្សា​ពី​ផ្លូវទឹក​ម្តង

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ អាជ្ញាធរ​រាជធានី​ភ្នំពេញ​បាន​អះអាង​ថា នៅ​អំឡុង​ខែមេសា ឆ្នាំ​២០១៨​ខាង​មុខ រាជធានី​ភ្នំពេញ​នឹង​មាន​ប្រព័ន្ធ​ដឹក​ជញ្ជូន​តាម​ផ្លូវទឹក ចាប់ពី​ស្ពាន​ព្រែក​ព្នៅ

រាជធានី​ភ្នំពេញ ៖ អាជ្ញាធរ​រាជធានី​ភ្នំពេញ​បាន​អះអាង​ថា នៅ​អំឡុង​ខែមេសា ឆ្នាំ​២០១៨​ខាង​មុខ រាជធានី​ភ្នំពេញ​នឹង​មាន​ប្រព័ន្ធ​ដឹក​ជញ្ជូន​តាម​ផ្លូវទឹក ចាប់ពី​ស្ពាន​ព្រែក​ព្នៅ ដល់​ស្ពាន​ព្រែក​សំរោង ក្រុង​តា​ខ្មៅ ដើម្បី​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ ជា​ពិសេស​ជួយ​កាត់​បន្ថយ​ការ​កកស្ទះ​ចរាចរណ៍ ផ្នែក​លើគោក ។

ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​រាជធានី​ភ្នំពេញ និង​អ្នកដំណើរ​ឆ្លងកាត់​រាជធានី​ភ្នំពេញ បានឃើញ​យ៉ាង​ច្បាស់​ពី​ស្ថានភាព​ចរាចរណ៍​ក្នុង​ទីក្រុង ដែល​ប្រឈម​នឹង​ការ​កកស្ទះ​យ៉ាង​ខ្លាំង ដោយសារ​កំណើន​ប្រជាពលរដ្ឋ និង​មធ្យោបាយ​យានជំនិះ​យ៉ាង​គំហុក​លើស​ពី​ការ​ផ្គត់ផ្គង់​ផ្នែក​ហេ​ដ្ឋា​រចនា​សម្ព​ន្ធ័​ដែល​មាន​ក្នុង​ពេល​បច្ចុប្បន្ន ។ ដើម្បី​ឈាន​ទៅ​ដោះស្រាយ​បញ្ហា និង​រក​គន្លឹះ​ដែល​ជា​ច្រកចេញ​ឲ្យ​បាន​សម​ស្រប​ទៀត​នោះ កាលពី​ថ្ងៃ​ទី​៧ ខែកុម្ភៈ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​បើក​កិច្ចប្រជុំ​ត្រួតពិនិត្យ​ការងារ​រៀបចំ​ការ​ដឹក​ជញ្ជូន​តាម​ផ្លូវ​ទន្លេ ដែល​ផ្តល់​ផលប្រយោជន៍​និង​ងាយស្រួល​សម្រាប់​អ្នក​ធ្វើ​ដំណើរ និង​ដឹក​ជញ្ជូន​សម្រាប់​រាជធានី​ភ្នំពេញ ។

លោក ប៉ា សុ​ជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ ថ្លែង​ថា ការ​ធ្វើ​ដំណើរ​និង​ដឹក​ជញ្ជូន​តាម​ផ្លូវទឹក គឺ​ផ្តល់​ភាពល្អ​ប្រសើរ តែ​យើង​បាន​មើល​រំលង​នា​ពេល​កន្លង​មក ។ ពេល​នេះ​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​លើកទឹកចិត្ត​ឲ្យ​មានការ​ចាប់​ដៃគូ​ជាមួយ​ក្រុមហ៊ុន​LYP group របស់​លោក​ឧកញ៉ា លី យ៉ុ​ង​ផាត់ ក្នុង​ការ​សហការ សិក្សា​បន្ថែម​លក្ខណៈ​បច្ចេកទេស​ពី​ផល​ប៉ះពាល់​នានា​ជាមួយ​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ ។

លោក​អភិបាល​រាជធានី​ភ្នំពេញ​ថ្លែង​ទៀត​ថា គម្រោង​ដឹក​ជញ្ជូន​តាម​ផ្លូវទឹក​នេះ នឹង​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​នៅ​តំបន់​មុំ​ទាំង​៤​នៃ​ទន្លេចតុមុខ​កាន់តែ​ងាយស្រួល​ក្នុង​ការ​ធ្វើ​ដំណើរ​ចូល​ក្នុង​រាជធានី​ភ្នំពេញ និង​ភ្ជាប់​តំបន់​អភិវឌ្ឍន៍​នានា ។

ពិសេស គឺ​ភ្ជាប់​តំបន់​ទាំងនោះ​ឲ្យ​កាន់តែ​ខិត​ជិត​គ្នា ក៏​ដូច​ជា​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ផង​ដែរ ស្រប​ពេល​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​នៃ​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​នៅ​ឆ្នាំ​២០២៣​ខាង​មុខ និង​ឈាន​ទៅ​សុំ​គោលការណ៍​ពី​រាជរដ្ឋាភិបាល​លើ​ការ​អនុវត្ត​គម្រោង​នេះ ។   

លោក ប៉ា សុ​ជាតិ​វង្ស បាន​ប្តេជ្ញា​ថា រាជធានី​ភ្នំពេញ នឹង​ធ្វើ​ឲ្យ​បាន​សម្រេច​នូវ​គម្រោង ដឹក​ជញ្ជូន​តាម​ផ្លូវទឹក​នេះ​នៅ​ឆ្នាំ​២០១៨​ខាង​មុខ ។

លោក សាំ ពិសិដ្ឋ ប្រធាន​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ ឲ្យ​ដឹង​ថា គម្រោងខាងលើ​នេះ ពាក់​ព​ន្ធ័​ទៅ​នឹង​ទន្លេសាប ទន្លេចតុមុខ ទន្លេបាសាក់​ត្រើយ​ខាងលិច ។ មន្ទីរ​បាន​សិក្សា​ជាមួយ​ក្រុមហ៊ុន ​LYP group លើ​ផ្លូវ​រត់​២​គន្លង​ទៅ​មក​មាន​ប្រវែង​២៤,៦​គីឡូម៉ែត្រ ចាប់ពី​ស្ពាន​ព្រែក​ព្នៅ​ដល់​ស្ពាន​ព្រែក​សំរោង ក្រុង​តា​ខ្មៅ អាច​ឲ្យ​កប៉ាល់​ចេញចូល​ពី​ម៉ោង​៦​ព្រឹក​ដល់​ម៉ោង​៧​យប់ ។ មានការ​រៀបចំ​ចំណត​ចំនួន​៩​កន្លែង ក្នុង​នោះ​មាន​ស្ថានីយ​ស្ពាន​ព្រែក​ព្នៅ ស្ថានីយ​គីឡូម៉ែត្រ​លេខ​៧ ស្ថានីយ​សូ​គី​ម៉ិច​ឫស្សី​កែវ ស្ថានីយ​ស្ពាន​ជ្រោយចង្វា ស្ថានីយ​ផ្សារ​ចាស់ ស្ថានីយ​អរិ​ក្សត្រ ស្ថានីយ​ចាក់​អង្រែ​លើ ស្ថានីយ​ចាក់​អង្រែ​ក្រោម និង​ស្ថានីយ​ក្រុង​តា​ខ្មៅ ។

លោក​ប្រធាន​មន្ទីរ​បន្ត​ថា ស្ថានីយ​ទាំង​៩​នេះ​ត្រូវ​ភ្ជាប់​ជាមួយ​ចំណតរថយន្ត​ដឹក​ជញ្ជូន​អ្នកដំណើរ​ក្នុង​ក្រុង ហើយ​ការ​រៀបចំ​គម្រោង​នេះ ចាប់ផ្តើម​ពី​ខែកុម្ភៈ ឆ្នាំ​២០១៧​នេះ​តទៅ នឹង​បញ្ចប់​នៅ​ខែមេសា ឆ្នាំ​២០១៨ ខាង​មុខ ។

លោក សាំ ពិសិដ្ឋ បញ្ជាក់​ថា ក្នុង​ជំហាន​ដំបូង​អាច​នឹង​ប្រើប្រាស់​កប៉ាល់​ដឹក​ជញ្ជូន​អ្នកដំណើរ​ចំនួន​១៨​គ្រឿង ដែល​ក្នុង​កប៉ាល់​មួយ​គ្រឿង​ៗ​អាច​ផ្ទុក​អ្នកដំណើរ​បាន​ពី​៩០​ទៅ​១០០​នាក់ និង​អាច​រត់​បាន​៤​ជុំ ឬ​ស្មើនឹង​៥០​គីឡូម៉ែត្រ​ក្នុង​មួយ​ថ្ងៃ ៕