ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រី​«​ប៉ាក​ក​»​មាន​តែ​រដូវរំហើយ​ដ៏​មានឱជារស​នៅ​ស្ទឹង​ត្រែង

7 ឆ្នាំ មុន

ខេត្តស្ទឹងត្រែង ៖ ជា​ទូទៅ​គេ​តែង​ស្គាល់​ត្រី​«​ប៉ា​វ៉ា​មុន​ពីរ​» និង​ត្រី​«​ប៉ា​សេ​អុ​ី​»​ជា​ត្រី​ទឹកសាប​មួយ​ប្រភេទ ដែល​មាន​តម្លៃ​បំផុត​នៅ​ខេត្តស្ទឹងត្រែង តែ​គេ​ពុំ​បាន​ចាប់អារម្មណ៍​លើ​ត្រី​មួយ​ប្រភេទ​ទៀត​ដែល​រស់​ក្នុង​ជួរ​ថ្ម​ទឹក​ហូរ​មាន

ខេត្តស្ទឹងត្រែង ៖ ជា​ទូទៅ​គេ​តែង​ស្គាល់​ត្រី​«​ប៉ា​វ៉ា​មុន​ពីរ​» និង​ត្រី​«​ប៉ា​សេ​អុ​ី​»​ជា​ត្រី​ទឹកសាប​មួយ​ប្រភេទ ដែល​មាន​តម្លៃ​បំផុត​នៅ​ខេត្តស្ទឹងត្រែង តែ​គេ​ពុំ​បាន​ចាប់អារម្មណ៍​លើ​ត្រី​មួយ​ប្រភេទ​ទៀត​ដែល​រស់​ក្នុង​ជួរ​ថ្ម​ទឹក​ហូរ​មាន​តែ​រដូវ​ត្រជាក់​ធ្លាក់​ខ្យល់​នោះ​ទេ ។ ត្រី​មួយ​ប្រភេទ​នោះ​គឺ​ត្រី​«​ប៉ាក​ក​»​មិន​ត្រូវ​គេ​ប្រទះ​ឃើញ​រស់នៅ​តាម​ទឹក​ធម្មតា​ដោយ​គ្មាន​ថ្ម​ទេ ផ្ទុយ​ទៅ​វិញ​គេ​អាច​រក​ជម្រក​វា​ឃើញ​នៅ​តាម​កន្លៀត​ថ្ម ជួរ​ថ្ម​ទឹក​ហូរ អន្លង់​ដែល​មាន​ថ្ម​កណ្តាលទន្លេ​ប៉ុណ្ណោះ ។ ពួក​វា​រស់នៅ​បន្ត​ពូជ​តាម​ចន្លោះ​អន្លង់​ជួរ​ថ្ម​ជញ្ជក់​ស្លែ​ស៊ី​ជា​អាហារ ។ ត្រី​មួយ​ប្រភេទ​នេះ​គេ​មិន​ដែល​ប្រទះ​ឃើញ​វា​មាន​ទម្ងន់​លើស​ពី​កន្លះ​គីឡូក្រាម​ទេ ដងខ្លួន​របស់​វា​ដុះ​ដោយ​ស្រកា​ញឹក​ពណ៌​ខៀវចាស់​លាយ​ពណ៌​មាស​ប្រវែង​ត្រឹម​៣០​សង្ទីម៉ែត្រ ក្បាល​រាង​ស្រួច​បន្តិច វា​មាន​ឆ្អឹង​សរសៃ តូច​ៗ​ញឹក​ក្រៅពី​ឆ្អឹងទ្រនង់ខ្នង ។

ពួក​វា​មាន​វត្តមាន​លើ​ទីផ្សារ​សម្រាប់​រដូវ​ត្រជាក់​ធ្លាក់​ខ្យល់​អំឡុង​ខែមករា ដល់​ខែមីនា​ប៉ុណ្ណោះ ។ អំឡុង​ប៉ុន្មាន​ខែ​នោះ​អ្នកនេសាទ​តាម​ដង​ទន្លេ អាច​ដាក់​មង​ក្រឡា​តូច​តាម​ចន្លោះ​ជួរ​ថ្ម​ទឹក​ហូរ​ទើប​អាច​ចាប់​ពួក​វា​បាន ។ នា​រដូវ​ទឹក​ឡើង​គេ​មិន​អាច​ចាប់​ត្រី​ប្រភេទ​នោះ​បាន​ឡើយ​ដោយសារ​ពួក​វា​មិន​ចេញ​ក្រៅ​រស់នៅ​ឡូ​កឡំ​ជាមួយ​ពពួក​ត្រី​ដទៃ​ទេ ។
ស្ត្រី​អ្នក​ភូមិ​តាម​មាត់ទន្លេ​អាស្រ័យ​ផល​នេសាទ​ឈ្មោះ ផែង ញ៉​ន អាយុ​៣២ ឆ្នាំ​រស់នៅ​ភូមិ​កោះ​ស្រ​ឡាយ ឃុំ​កោះ​ស្រ​ឡាយ ស្រុក​សៀម​បូក ខេត្តស្ទឹងត្រែង បាន​កណ្តៀត​ត្រី​មួយ​កញ្ច្រែង​ដាក់​លក់​អម​ជាមួយ​បន្លែ​ធម្មជាតិ ។ ស្ត្រី​រូប​នេះ​ឱ្យ​ដឹង​ថា​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ត្រី​ប៉ាក​កមួយ​គីឡូ​១៣.០០០​រៀល​។ ត្រី​ប្រភេទ​នេះ​មាន​តែ​ក្នុង​រដូវ​ត្រជាក់​ធ្លាក់​ខ្យល់​ទឹក​ស្រក​ប៉ុណ្ណោះ ។

ឈ្មោះ​ត្រី​ប៉ាក​ក​ជា​ឈ្មោះ​ឡាវ​ដែល​«​ប៉ា​»​ប្រែ​ថា​«​ត្រី​» ចំណែក​«​កក​»​ប្រែ​ថា​ថ្ម ដូច្នេះ​ជនជាតិ​ឡាវ​កាត់​ខ្មែរ​គេ​ឱ្យឈ្មោះ​ថា​«​ត្រី​ប៉ាក​ក​» ។ សម្រាប់​ពលរដ្ឋ​ខ្មែរ​នៅ​ស្ទឹង​ត្រែង​គេ​ហៅ​ត្រី​ថ្ម ។

ត្រី​ប្រភេទ​នេះ​មិនមែន​ទើបតែ​មាន​ទេ តែ​វា​ជា​ប្រភេទ​ត្រី​ដែល​សំបូរ​មាននៅ​ជួរ​ថ្ម​ទន្លេមេគង្គ ទន្លេសេសាន ទន្លេស្រែពក និង​ទន្លេសេកុង​ស្ទឹង​ត្រែង ។

មុខម្ហូប​ដែល​គួរ​ឱ្យ​ឆ្ងាញ់​ពិសា​នោះ​អ្នក​ស្ទឹង​ត្រែង​និយម​«​ស្ងោរ​ភា​»​សម្រាប់​ស្រង​រសជាតិ​ទឹក​ចេញពី​សាច់​ត្រី ។ ត្រី​ប៉ាក​ក សម្បូរ​សរសៃ​ឆ្អឹង​ល្អិត​ក្នុង​សាច់ ក្រៅពី​ឆ្អឹងទ្រនង់ខ្នង ដូច្នេះ​ហើយ​ទើប​គេ​និយម​ចូល​ចិត្ត​ស្ងោរ​ដោយ​រម្ងាស់​យកជាតិ​ទឹក​ចេញពី​សាច់​ត្រី​ដើម្បី​បរិភោគ ។ អ្នក​ប្រហែល​ឆ្ងល់​ថា​មុខម្ហូប​ស្ងោរ​ភា​យ៉ាងណា? វា​ជា​ទម្លាប់​ត​គ្នា​ក្នុង​ការ​ចំអិន​របស់​អ្នក​ស្ទឹង​ត្រែង​ប៉ែក​ឦសាន ។ ជា​មុន​ដំបូង​គេ​យក​ត្រី​ប៉ាក​ក​ទៅ​លាង​សម្អាត​វះ​ពោះ​យក​អាចម៍​របស់​វា​ចេញ​ដោយ​រក្សា​ទុក​ពោះ​ហើយ​យក​ទៅ​ចម្អិន​បំបាត់​ឆ្អាប រួច​បន្ថែម​ទឹក​ឱ្យ​ពុះ​សព្វ ។ បន្ទាប់​មក​សម្រិត​យក​ទឹក​នោះ​ដាក់​កូនចាន​មួយអន្លើ​កុំឱ្យ​ដោយ​កាក​គឺ​នេះ​ហើយ​គេ​ហៅ​«​ទឹក​ភា​» ។ បន្ទាប់​មក​ទៀត​គេ​អាច​យក​ត្រី​ប៉ាក​ក​ទៅ​អង្កន់​សាច់​ឱ្យ​ញឹក ឬ​មិនបាច់​ក៏​បាន ហើយ​គេ​អាច​បំពង​ជា​មុន​ក៏​បាន ឬ​ដាក់​ទាំង​ស្រស​ក៏​បាន ។ ជា​បន្ត​មក​គេ​ដាំទឹក​ក្នុង​ឆ្នាំង​សម​ល្មម​ឱ្យ​ពុះ និង​ផ្សំ​ឡើង​ដោយ​គ្រឿងទេស មាន​ដូច​ជា​រំដេង គល់​ស្លឹកគ្រៃ ស្លឹក​ក្រូចសើច ផ្លែ​ម្ទេស ខ្ទឹមស យក​ទៅ​អាំង ឬ​ដុត រួច​ដាក់​ចូល​ទៅ​ក្នុង​ឆ្នាំង​ទឹក​ក្តៅ​ពុះ​រម្ងាស់​លុះ​ចេញ​ជាតិ​មួយសន្ទុះ​ធំ​ទើប​គេ​ដាក់​ត្រី​ប៉ាក​ក​ចូល​រម្ងាស់​រួម​ជាមួយ​ការ​បង់​រសជាតិ​ស្ករ ប៊ី​ចេ​ង អំបិល ទឹកត្រី​តាម​ចំណូលចិត្ត ។​ក្រោយមក​ទើប​គេ​ចាក់ទឹក​ភា​ដែល​ចម្អិន​ច្រោះ​ហើយ​នោះ​ចូល​ទៅ​ក្នុង​ឆ្នាំង​រម្ងាស់​រហូត​សាច់​ត្រី​ឆ្អិន​ចេញ​ជាតិ​ហើយ​ភ្លក់​រសជាតិ​ជា​ការ​ស្រេច ។

រសជាតិ​ក្រោយ​មុខម្ហូប​នេះ​រម្ងាស់​រួច​ហើយ​នោះ​ពិតជា​ឆ្ងាញ់​អស្ចារ្យ​ប្រ​សិន​អ្នក​ចូល​ចិត្ត​រសជាតិ​ល្វីង តិច​ៗ​នោះ ៕