ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពីរ​នាក់​ម្តាយកូន​ព្រួត​វាយ​ស្ត្រី​ម្នាក់​រហូត​រលូត​កូន

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ស្ត្រី​អ្នកលក់​មាន់​ម្នាក់​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​នគរបាល​ប៉ុស្ដិ៍​កា​កាប ដើម្បី​ដាក់​ពាក្យ​បណ្ដឹងសុំ​ឲ្យ​នគរបាល​ជួយ​អន្តរាគមន៍ និង​រក​យុត្តិធម៌ ព្រមទាំង​ទាមទារ​ …

រាជធានី​ភ្នំពេញ ៖ ស្ត្រី​អ្នកលក់​មាន់​ម្នាក់​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​នគរបាល​ប៉ុស្ដិ៍​កា​កាប ដើម្បី​ដាក់​ពាក្យ​បណ្ដឹងសុំ​ឲ្យ​នគរបាល​ជួយ​អន្តរាគមន៍ និង​រក​យុត្តិធម៌ ព្រមទាំង​ទាមទារ​ឲ្យ​ជួយ​ចាត់ការ​ទៅ​លើ​ស្ត្រី​អ្នកលក់​បបរ​២​នាក់ ម្ដាយ និង​កូនស្រី ។ ដោយ​នាង​បាន​អះអាង​ប្រាប់​នគរបាល​ថា នាង​មាន​ផ្ទៃពោះ​ជាង​១​ខែ​ហើយ ប៉ុន្តែ​ពេល​នេះ​កូន​នៅ​ក្នុង​ផ្ទៃ​របស់​នាង​បាន​រលូត​ទៅ​វិញ​បាត់​ហើយ ដោយសារ​តែ​ស្ត្រី​អ្នកលក់​បបរ​២​នាក់ ម្ដាយ និង​កូនស្រី​នោះ ព្រួត​គ្នា​វាយ​មក​លើ​រូប​នាង បណ្ដាល​ឲ្យ​នាង​ដួល​អុកគូទ​ពេញទំហឹង​ក្នុង​ពេល​មាន​ទំនាស់​គ្នា​កាច់​កុង​រឿង​រកស៊ី​ជិត​គ្នា​។ រហូត​ធ្វើ​ឲ្យ​នាង​ធ្លាក់ឈាម​យ៉ាង​ខ្លាំង ហើយ​ក្រោយ​ពេល​កើតហេតុ​នាង​ទៅ​កាន់​មន្ទីរ ពេទ្យ​ព្រះ​កុសុមៈ​ពិនិត្យ​សុខភាព និង​ឲ្យ​គ្រូពេទ្យ​ពិនិត្យ​មើល​អាកា​រៈរ​បួស ពេល​នោះ​ត្រូវ​គ្រូពេទ្យ​ប្រាប់​ថា កូន​នៅ​ក្នុង​ផ្ទៃ​នាង​ជាង​១​ខែ​នោះ បាន​រលូត​បាត់​ទៅ​ហើយ​។

ស្ត្រី​រង​គ្រោះ​ខាងលើ​នោះ បាន​ទៅ​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​កា​កាប កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​៩ ខែកុម្ភៈ ឆ្នាំ​២០១៧ ហើយ​នគរបាល​បាន​ទទួល​ពាក្យបណ្ដឹង​របស់​គាត់ និង​ត្រៀម​ឃាត់ខ្លួន​ជន​ដៃដល់​ទាំង​ពីរ​នាក់​ម្ដាយ និង​កូន​នោះ ដើម្បី​យក​មក​សាកសួរ និង​កសាង​សំណុំរឿង​ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់​ហើយ​។

ស្ត្រី​រង​គ្រោះ​រូប​នោះ​ឈ្មោះ ហុង គី​ម​ហៀ​ក អាយុ​៣១​ឆ្នាំ ស្នាក់​នៅ​បន្ទប់​ជួល​លេខ​៣២ ស្ថិត​នៅ​ក្នុង​បុរី​ព្រី​ន​ថោ​ន ក្នុងភូមិ​ព្រៃ​ទា សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ និង​មានស្រុក​កំណើត​នៅ​ផ្សារ​ស្លាប​លែង ឃុំ​ស្វាយ​អំពៀរ ស្រុក​បរ​សេដ្ឋ ខេត្តកំពង់ស្ពឺ​។ ចំណែក​ស្ត្រី​ជាប់ចោទ​មិន​ទាន់​ត្រូវ​បាន​គេ​ស្គាល់ឈ្មោះ​នៅឡើយ​ទេ គ្រាន់តែ​ដឹង​ឈ្មោះ​ហៅ​ក្រៅ​ថា ចែ​រី មុខរបរ​ជា​អ្នកលក់​បបរ នៅ​តូប​ក្បែរ​ក្នុង​នោះ​ដែរ និង​ស្នាក់​នៅ​ក្នុងភូមិ​ក្បាលដំរី សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

ស្ត្រី​រង​គ្រោះ​បាន​រៀបរាប់​ប្រាប់​ឲ្យ​នគរបាល​ទៀត​ថា ទំនាស់​រវាង​នាង និង​ស្ត្រី​ឈ្មោះ ចែ​រី នោះ​បាន​កើត​ឡើងជា​បន្តបន្ទាប់​មក​ហើយ ដោយសារ​ការ​រកស៊ី​នៅ​ជិត​គ្នា ចេះ​តែ​មានរឿង​កាច់​កុង​គ្នា​រហូត​មក ហើយ​លើក​ចុង​ក្រោយ​នេះ នៅ​វេលា​យប់​ថ្ងៃ​ទី​៨ កុម្ភៈ ២០១៧ នៅ​មុន​ពេល​ឈាន​ដល់​ការ​វាយតប់​គ្នា​កើតឡើង នាង​បាន​ទូរស័ព្ទ​សួរនាំ​ទៅ​ឈ្មោះ ចែ​រី នោះ ពី​រឿង​ដែល​កូនស្រី របស់​ស្ត្រី​នោះ​មក​ជេរ​ប្រមាថ​លើ​ប្ដី​របស់​គាត់​។ ខណៈនោះ​បាន​ធ្វើ​ឲ្យ​ស្ត្រី​នោះ​ខឹង លុះ​ពេល​បាន​ជួប​គ្នា ក៏​មានការ​ទំនាស់​គ្នា​កើតឡើង​បន្តិចបន្តួច ហើយ​មុន​ដំបូង​គ្រាន់តែ​ទាស់​ពាក្យ​សម្ដី​គ្នា​តែ​ប៉ុណ្ណោះ លុះ​ក្រោយមក​ក៏​ស្រាប់តែ​ឈាន​ដល់​ការ​វាយតប់​គ្នា​តែ​ម្តង ដោយ​នាង​មាន​តែ​ម្នាក់ឯង ចំណែក​ភាគី​ម្ខាង​ទៀត មាន​គ្នា​២​នាក់​ម្ដាយ និង​កូនស្រី ។ ពេល​ដែល​កំពុង​តែ​វាយតប់​គ្នា​នោះ ស្ត្រី​២​នាក់​ម្តាយ​និង​កូន​បាន​ចាប់​បោច​សក់​បោក បណ្ដាល​ឲ្យ​ដួល​អុកគូទ​ធ្លាក់ឈាម​។ ខណៈនោះ​នាង​មានការ​ឈឺចាប់​ខ្លាំង​ណាស់ ក៏​បាន​ទៅ​កាន់​មន្ទីរពេទ្យ​ព្រះ​កុសុមៈ ដើម្បី​ឲ្យ​គ្រូពេទ្យ​ជួយ​ពិនិត្យ​មើល ហើយ​ត្រូវ​បាន​គ្រូពេទ្យ​ប្រាប់​ថា នាង​បាន​រលូត​កូន​ហើយ ទើប​នាង​សម្រេចចិត្ត​ប្ដឹង​ឲ្យ​នគរបាល​ជួយ​តែ​ម្ដង​៕