ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមាសភាព​គូប្រកួត​ប្រដាល់​នៅ​លើ​សង្វៀន​ស៊ី​អិន​ស៊ី​ថ្ងៃ​សៅរ៍​-​អាទិត្យ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ថ្ងៃ​សៅរ៍​ទី​១១ កុម្ភៈ ខាន​​ស្អែក​នេះ នៅ​លើ​សង្វៀន​ទូរទស្សន៍​ស៊ី​អិន​ស៊ី​ មាន​រៀបចំ​ព្រឹត្តិការណ៍​ប្រកួត​ប្រដាល់​ជា​លក្ខណៈ​មិត្តភាព​អន្តរជាតិ​ដ៏​កក្រើក​ដែល​សមាសភាព​កីឡាករ​កម្ពុជា​-​ថៃ ​សុទ្ធតែ​

រាជធានី​ភ្នំពេញ ៖ ថ្ងៃ​សៅរ៍​ទី​១១ កុម្ភៈ ខាន​​ស្អែក​នេះ នៅ​លើ​សង្វៀន​ទូរទស្សន៍​ស៊ី​អិន​ស៊ី​ មាន​រៀបចំ​ព្រឹត្តិការណ៍​ប្រកួត​ប្រដាល់​ជា​លក្ខណៈ​មិត្តភាព​អន្តរជាតិ​ដ៏​កក្រើក​ដែល​សមាសភាព​កីឡាករ​កម្ពុជា​-​ថៃ ​សុទ្ធតែ​ជា​អ្នក​ប្រដាល់​ទម្ងន់​ធ្ងន់​ពោរពេញ​ដោយ​សមត្ថភាព​ខ្លាំង​មិនធម្មតា ។

គូ​អន្តរជាតិ​ទី​១ កីឡាករ ព្រំ សា​រ៉ា​ម មក​ពី​ក្លិប​ទីបញ្ជាការ​កងទ័ពជើងទឹក ​ដែល​ធ្លាប់​ប្រកួត​បាន​៤០​ដង ឈ្នះ​២៨​ដង ចាញ់​១២​ដង និង​ធ្លាប់​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​បាន​២២​ដង ត្រូវ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ យ៉​ត​តាក់​វ៉ា​ន ដួង​ឆៃ​ផ ក្នុង​ប្រភេទ​ទម្ងន់​៩៥​គីឡូក្រាម ។ កីឡាករ​ថៃ​រូប​នេះ​ធ្លាប់​ប្រកួត​បាន​៥០​ដង ឈ្នះ​៣៥​ដង ចាញ់​១៤​ដង ស្មើ​១​ដង និង​ធ្លាប់​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​បាន​៥​ដង ។ គូ​នេះ​ទោះបី​កីឡាករ​ថៃ​មាន​ប្រវត្តិ​ប្រកួត​ច្រើន​ជាង​បន្តិច​មែន ​ប៉ុន្តែ​មិន​ប្រាកដ​ថា ​អាច​យកឈ្នះ ព្រំ សា​រ៉ា​ម បាន​ដោយ​ងាយ​ឡើយ។

គូ​អន្តរជាតិ​ទី​២ កីឡាករ ពៅ សក្ដិ​សិទ្ធ មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួងមហាផ្ទៃ​ ដែល​ធ្លាប់​ប្រកួត​បាន​៨០​ដង ឈ្នះ​៤៦​ដង ចាញ់​២៧​ដង ស្មើ​៦​ដង និង​ធ្លាប់​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​បាន​១៥​ដង ត្រូវ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ​ ភី​ត​ថេ​វ​រ៉ាត រួ​ង​រាន​គី​ឡា​យ៉ាក់​សូ​ថន ក្នុង​ប្រភេទ​ទម្ងន់​៧១​គីឡូក្រាម ។ កីឡាករ​ថៃ​រូប​នេះ​ធ្លាប់​ប្រកួត​បាន​៩១​ដង ឈ្នះ​៧១​ដង ចាញ់​១៧​ដង ស្មើ​៣​ដង និង​ធ្លាប់​ផ្គួ​ល​គូប្រកួត​ឱ្យ​សន្លប់​បាន​១៦​ដង ។ គូ​នេះ​មិន​មាន​អ្នក​ណា​ហ៊ាន​ទាយ​ទុក​មុន​ពី​លទ្ធផល​ចាញ់​ឈ្នះ​នៅឡើយ​ទេ ព្រោះថា​កន្លង​មក​ពួក​គេ​មិន​ធ្លាប់​ជួប​គ្នា​ទាល់តែ​សោះ ។

គូ​អន្តរជាតិ​ទី​៣ កីឡាករ ឡៅ ច​ន្ទ្រា មក​ពី​ក្លិប​ទ័ព​ពិសេស​ឆត្រយោង​៩១១ ​ដែល​ធ្លាប់​ប្រកួត​៦៧​ដង ឈ្នះ​៦០​ដង ចាញ់​៥​ដង ស្មើ​២​ដង និង​ធ្លាប់​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​បាន​២០​ដង​នឹង​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ​ ហ្វា​និមិត្ត​វិ​រិ​យៈ​ហ្វា​ម ក្នុង​ប្រភេទ​ទម្ងន់​៦៣,៥​គីឡូក្រាម ។ កីឡាករ​ថៃ​រូប​នេះ​ធ្លាប់​ប្រកួត​បាន​១៨៣​ដង ឈ្នះ​១៣០​ដង ចាញ់​៥១​ដង ស្មើ​២​ដង និង​ធ្លាប់​ផ្ដួល​គូប្រកួត​ឱ្យ​សន្លប់​បាន​៤០​ដង ។ គូ​នេះ​អាច​ធ្វើ​ឱ្យ​កក្រើក​សង្វៀន​មិន​ខាន​ឡើយ ដោយសារ​ពួក​គេ​សុទ្ធតែ​មាន​ថ្វីដៃ​ប្រកួត​នៅ​លើ​សង្វៀន​ល្អ​ដូច​គ្នា ។

ចំណែក​គូ​មិត្តភាព​ធម្មតា​តម្រូវ​ទៅ​លើ​កីឡាករ គង់ ហូ​វ មក​ពី​ក្លិប​កងពលធំ​អន្តរាគមន៍​លេខ​២ ប្រកួត​ជាមួយ​កីឡាករ ព្រំ វី មក​ពី​ក្លិប​ទីបញ្ជាការ​កងទ័ពជើងទឹក ។

នៅ​លើ​សង្វៀន​ទូរទស្សន៍​ស៊ី​អិន​ស៊ី​ នៅ​ថ្ងៃអាទិត្យ​ទី​១២ កុម្ភៈ ក៏​មានការ​ប្រកួត​ប្រដាល់​រវាង​កីឡាករ​ក្នុងស្រុក​ដែល​សុទ្ធតែ​ជា​ជើង​ខ្លាំង​ជូន​ទស្សនិកជន​បាន​ទស្សនា​កម្សាន្ត​នា​ថ្ងៃ​សម្រាក​ចុង​ស​ប្តា​ហ៍​ផង​ដែរ ។ កីឡាករ ពី​ន ណា​ថៃ មក​ពី​ក្លិប​ទីបញ្ជាការ​កងទ័ពជើងទឹក ប្រកួត​ជាមួយ​កីឡាករ​វ៉ឹ​ក ឈាង មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ ។

កីឡាករ ស៊ុំ សុខ​ឡេ​ង មក​ពី​ក្លិប​សាល​វ័​ន្ត​កីឡា ប្រកួត​ជាមួយ​កីឡាករ​គង់ វិ​រៈ មក​ពី​ក្លិប​សុភា​នូ​មាន​ជ័យ ។ កីឡាករ​ខ្លើ​យ ណា​ន មក​ពី​ក្លិប​តា​ព្រហ្ម​មាន​ជ័យ ប្រកួត​ជាមួយ​កីឡាករ ឡុ​ង បញ្ញា មក​ពី​ក្លិប​សុភា​នូ​មាន​ជ័យ ។ កីឡាករ ផ​ន ភឿ​ត មក​ពី​ក្លិប​ឃ្លាំងមឿង​កីឡា ប្រកួត​ជាមួយ​កីឡាករ ឡុ​ង ឡា មក​ពី​ក្លិប​អប់រំ​កាយ​ស្រុក​អន្លង់​វែង​។

កីឡាករ គឹ​ម វាសនា មក​ពី​ក្លិប​ទ័ព​ពិសេស​ឆត្រយោង​៩១១ ប្រកួត​ជាមួយ​កីឡាករ រឿ​ម វណ្ណៈ មក​ពី​ក្លិប​រាជសីហ៍​ខេត្តរតនៈគិរី និង​គូ​ចុង​ក្រោយ​កីឡាករ លី ផេង មក​ពី​ក្លិប​ខ្លាហោះ ប្រកួត​ជាមួយ​កីឡាករ យ៉ង សម្បត្តិ មក​ពី​ក្លិប​កុលបុត្រ​គុន​ខ្មែរ ៕