ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គរាជទូត​ជប៉ុន ប្រាប់​ពី​ស្ថានភាព ចាន់ វឌ្ឍនាកា ពេល​ទៅ​ដល់​ជប៉ុន

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កាលពី​ថ្ងៃ​ទី​៩ ខែកុម្ភៈ ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​នៅ​ប្រទេស​កម្ពុជា បាន​អនុញ្ញាតិ​ឱ្យ​កីឡាករ ចាន់ វឌ្ឍនាកា ចូល​ជួប​សំណេះសំណាល​មុន​ការ​ចាកចេញ​របស់​កីឡាករ​រូប​នេះ ទៅ​កាន់​ប្រទេស​ជប៉ុន​រយៈពេល​មួយ​ឆ្នាំ នៅ

រាជធានី​ភ្នំពេញ ៖ កាលពី​ថ្ងៃ​ទី​៩ ខែកុម្ភៈ ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​នៅ​ប្រទេស​កម្ពុជា បាន​អនុញ្ញាតិ​ឱ្យ​កីឡាករ ចាន់ វឌ្ឍនាកា ចូល​ជួប​សំណេះសំណាល​មុន​ការ​ចាកចេញ​របស់​កីឡាករ​រូប​នេះ ទៅ​កាន់​ប្រទេស​ជប៉ុន​រយៈពេល​មួយ​ឆ្នាំ នៅ​ថ្ងៃ​ទី​១២ ខែកុម្ភៈ នេះ​។ ក្នុង​ជំនួប​ប្រកបដោយ​ភាព​កក់ក្ដៅ​នោះ ឯកអគ្គរាជទូត​ជប៉ុន​បាន​ស្នើ​សុំ​ឱ្យ ចាន់ វឌ្ឍនាកា ប្រយ័ត្ន​បី​ចំណុច ដើម្បី​ឱ្យ​ទទួល​បាន​ជោគជ័យ​នៅ​ក្នុង​ដំណើរ​របស់​ខ្លួន​។

លោក Hidehisa Horinouchi  ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា បាន​អះអាង​ថា ជា​លើក​ទី​១ ដែល​កីឡាករ​វ័យក្មេង ចាន់ វឌ្ឍនាកា ត្រូវ​បាន​ក្លិប​ធំ​មួយ​របស់​ប្រទេស​ជប៉ុន ចុះ​កុងត្រា​យក​ទៅ​លេង​ជា​លក្ខណៈ​ខ្ចី​ជើង​រយៈពេល​មួយ​ឆ្នាំ ។ លោក​ថា កីឡាករ ចាន់ វឌ្ឍនាកា នឹង​ចេញដំណើរ​នៅ​ថ្ងៃ​ទី​១២ កុម្ភៈ នេះ ទើប​លោក​ក្នុង​នាម​ប្រជាពលរដ្ឋ​ជប៉ុន​មួយ​រូប សម្រេច​បើកឱកាស​ឱ្យ​មាន​កិច្ច​សំណេះសំណាល ដើម្បី​ជា​ការ​ណែនាំ​ផង និង​ប្រាប់​ពី​បញ្ហា​ខ្លះ​ឱ្យ​កីឡាករ​រូប​នេះ ប្រុង​ប្រយ័ត្ន​ផង មុន​ទៅ​ដល់​ប្រទេស​ជប៉ុន​។ លោក​ថា នៅ​ក្នុង​ប្រទេស​ជប៉ុន​មាន​ភាព​ខុស​គ្នា​ដូច​ជា មេឃ និង​ដី ជាមួយ​ប្រទេស​កម្ពុជា ជា​ពិសេស​បញ្ហា​អាកាសធាតុ ចំណីអាហារ និង​របៀបរបប​រស់នៅ​។

អីុចឹង​ហើយ ទើប​លោក​ប្រកាស​ឱ្យ ចាន់ វឌ្ឍនាកា ប្រុង​ប្រយ័ត្ន​៣​ចំណុច ក្នុង​ពេល​ទៅ​បំពេញភារកិច្ច​នៅ​ក្នុង​ប្រទេស​ជប៉ុន​។ លោក​ថា នៅ​ទីក្រុង​ដែល ចាន់ វឌ្ឍនាកា រស់នៅ​មាន​ចម្ងាយ​ឆ្ងាយ​គួរសម​ពី​ទីក្រុង​តូ​ត្យូ ហើយ​តំបន់​នោះ​ក៏​មាន​អាកាសធាតុ​ត្រជាក់​ណាស់​ដែរ ដែល​ចាំបាច់​ត្រូវ​តែ​កីឡាករ​រូប​នេះ​ធ្វើការ​សម្រប​ខ្លួន​។ លោក​ត្រូវ​បាន​ភាគី​ជប៉ុន​ជួល​បន្ទប់​ខុន​ដូ​មួយ​ឱ្យ​រស់នៅ ដោយ​ក្នុង​រយៈពេល​មួយ​ឆ្នាំ​រាប់​ចាប់ពី​តាំងពី​ថ្ងៃ​ទី​១២ កុម្ភៈ នោះ គឺ​លោក​មាន​រថយន្ត​ធ្វើ​ដំណើរ និង​មានការ​រៀបចំ​ច្រើន​យ៉ាង​ស្រួល​មិន​ខ្វះខាត​នោះ​ឡើយ ។ ចាន់ វឌ្ឍនាកា ក៏​មានការ​តាមដាន​នូវ​បញ្ហា​សុខភាព ក្រោយ​ពេល​ទៅ​រស់នៅ​ទីនោះ​រយៈពេល​មួយ​ឆ្នាំ​ផង​ដែរ ។ លោក​ថា វា​នឹង​ក្លាយជា​រឿង​លំបាក ប្រសិនបើ ចាន់ វឌ្ឍនាកា មិន​ស៊ាំ​នឹង​ភាព​ត្រជាក់ និង​របប​អាហារ​របស់​ប្រទេស​ជប៉ុន ក្នុង​ពេល​ដែល​សរីរាង្គ​របស់​កីឡាករ​ម្នាក់​ៗ ក៏​ត្រូវការ​ការ​ហូប​ចុក​គ្រប់គ្រាន់​។ លោក​ថា ចាន់ វឌ្ឍនាកា នឹង​មាន​អ្នកបកប្រែ​តាម​ខ្លួន​គ្រប់ពេល​ចេញ​ប្រកួត និង​ហ្វឹកហាត់ ខណៈ​ដែល​លោក​ក៏​ត្រូវ​ទទួល​ការ​បង្ហាត់បង្រៀន​ពី​របៀបរបប និ​ភាសា​ជប៉ុន ដែល​លោក​ចាត់​ទុក​ថា ឈ្មោះ​នេះ​គឺជា​និស្ស័យ​ធំ​មួយ​ដែល​ជួយ​ជប៉ុន និង​លោក​បាន​រួមការ​ងារ​ជាមួយ​គ្នា​នៅ​ក្នុង​វិស័យ​បាល់ទាត់​។

លោក​ថា ចាន់ វឌ្ឍនាកា នឹង​ទទួល​បាន​អត្ថប្រយោជន៍​ច្រើន​ពី​ការ​ខ្ចី​ជើង​រយៈពេល​មួយ​ឆ្នាំ​នេះ ដោយ​លោក​រំពឹង​ថា ការ​ប្រឹងប្រែង​របស់​លោក​ក៏​ពិតជា​ជួយ​ឱ្យ​ជនជាតិ​ជប៉ុន​ទទួលស្គាល់​ពី​សមត្ថភាព​របស់​កីឡាករ​កម្ពុជា​ផង​ដែរ តាម​រយៈ​ការ​បញ្ចេញ​សមត្ថភាព​រយៈពេល​មួយ​ឆ្នាំ​របស់ ចាន់ វឌ្ឍនាកា​។  លោក​ស្នើ​ឱ្យ​កីឡាករ​កម្ពុជា​រូប​នេះ​ប្រយ័ត្ន​រឿង​ម្ហូបអាហារ ប្រយ័ត្ន​រឿង​អាកាសធាតុ និង​ប្រយ័ត្ន​ពី​រឿង​សតិអារម្មណ៍ ដោយសារ​បញ្ហា​ទាំង​៣ នឹង​ធ្វើ​ឱ្យ​កីឡាករ​រូប​នេះ ចេញ​ប្រកួត​មិន​អស់ជើង ហើយ​មិន​ទទួល​បាន​ផ្លែផ្កា​។ លោក​ថា ក្លិប​ជប៉ុន​ដែល​បាន​ខ្ចី​ជើង ចាន់ វឌ្ឍនាកា យក​ទៅ​ប្រកួត នឹង​ជំរុញ​បំប៉ន​ជួយ​ឱ្យ​លោក​ក្លាយជា​កីឡាករ​ឆ្នើម​ម្នាក់ ប៉ុន្តែ​ក៏​ទាមទារ​ឱ្យ​លោក​មានការ​ប្រឹងប្រែង​ឱ្យ​អស់ពី​លទ្ធភាព​នោះ​ដែរ​។

កីឡាករ ចាន់ វឌ្ឍនាកា បាន​អះអាង​ថា ឱកាស​ទៅ​លេង​ឱ្យ​ក្រុម Fujieda  ដែល​ជា​ក្រុម​ខ្លាំង​មួយ​នៅ​ក្នុង​ប្រទេស​ជប៉ុន លោក​នឹង​ប្រឹងប្រែង​ឱ្យ​អស់ពី​សមត្ថភាព ដើម្បី​ជំរុញ​ឱ្យ​មានការ​ទទួលស្គាល់​កាន់តែ​ខ្លាំង​ដល់​វិស័យ​បាល់ទាត់​នៅ​កម្ពុជា​។ លោក​បដិសេធ​ទម្លាយ​ឱ្យ​ដឹង​ពី​តម្លៃ​ខ្លួន ដោយ​គ្រាន់តែ​អះអាង​ថា បាន​ចំនួន​ច្រើន​ដង​ធៀប​នឹង​ប្រាក់ខែ​នៅ​កម្ពុជា និង​ត្រូវ​បាន​ភាគី​ជប៉ុន​បើក​ឱ្យ​ជា​ខែ ដោយ​មិន​គិត​រឿង​ជួល​ទីតាំង​ឱ្យ​ស្នាក់​នៅ និង​រថយន្ត​ដែល​ឱ្យធ្វើ​ដំណើរ​។ លោក​ថា កាលពីមុន​លោក​ក៏​ធា្ល​ប់​ចេញ​ទៅ​ប្រកួត​នៅ​ក្នុង​ប្រទេស​ជប៉ុន​ម្ដង​ដែរ ទើប​លោក​ប្រកាស​ថា បញ្ហា​អាកាសធាតុ និង​ចំណីអាហារ​របស់​ប្រទេស​ជប៉ុន មិន​ចោទ​ជា​បញ្ហា​ចំពោះ​ខ្លួន​ប៉ុន្មាន​ទេ​។

លោក​ថា ខ្លួន​ចូល​ចិត្ត​អាហារ​ជប៉ុន ក៏​ឆាប់​ស៊ាំ​នឹង​អាកាសធាតុ​ត្រជាក់​ផង​ដែរ ដោយ​អះអាង​ថា ប្រហែល​ប្រើ​ពេល​មិន​លើស​ពី​២​ខែ​នឹង​អស់​បញ្ហា​។ លោក​មិន​ទាន់​ដឹង​ថា ដំណើរ​​ទៅ​កាន់​ប្រទេស​ជប៉ុន​នៅ​ថ្ងៃ​ទី​១២ កុម្ភៈ នេះ ឡើង​យន្តហោះ​ម៉ោង​ណា​ឱ្យ​ច្បាស់​នៅឡើយ​ទេ ដោយ​គ្រាន់តែ​អះអាង​ថា រយៈពេល​មួយ​ឆ្នាំ​នៅ​ក្នុង​ប្រទេស​ជប៉ុន លោក​ក៏​នឹង​ចុះ​មក​លេង​ឱ្យ​ក្រុម​ជម្រើសជាតិ​នូវ​រាល់​ការ​ប្រកួត​សំខាន់​ៗ​ផង​ដែរ នៅ​ពេល​ការ​ប្រកួត​របស់​លោក​នៅ​ជប៉ុន​មិន​ជាន់​គ្នា ។ លោក​ថា ខ្លួន​នឹង​បើក​ឆាក​ប្រកួត​នៅ​ក្នុង​ប្រទេស​​ជប៉ុន នៅ​ថ្ងៃ​ទី​១៨ កុម្ភៈ ដោយ​នោះ​គឺជា​ការ​ប្រកួត​មិត្តភាព​។ នៅ​មិន​ទាន់​ច្បាស់​ថា រយៈពេល​មួយ​ឆ្នាំ​នៅ​ក្នុង​ប្រទេស​ជប៉ុន​នឹង​មានការ​ប្រកួត​ប៉ុន្មាន​លើក​នោះ​ទេ ដោយ​គ្រាន់តែ​លោក​នឹង​មានការ​ប្រកួត​ច្រើន​ហើយ បើ​ទោះជា​កិច្ច​កុងត្រា​បាន​ដាក់​រយៈពេល​មួយ​ឆ្នាំ​ចាប់ពី​ថ្ងៃ​ចេញដំណើរ ប៉ុន្តែ​លោក​ថា ការ​ប្រកួត​របស់​លោក​នៅ​ក្នុង​ប្រទេស​ជប៉ុន​នឹង​អាច​បញ្ចប់​នៅ​ចុងខែ​១២​។ លោក​មាន​ជំនឿ​យ៉ាង​មុតមាំ​ថា ខ្លួន​នឹង​ទទួល​បាន​ឱកាស​ធ្វើការ​នៅ​ឆ្នាំ​ទី​២ ជាមួយនឹង​ភាគី​ជប៉ុន ខណៈ​ដែល​ជប៉ុន​ក៏​សន្យា​ថា នឹង​ជួយ​ឱ្យ​លោក​ក្លាយជា​កីឡាករ​ឆ្នើម​ម្នាក់​៕