ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្រេច​ស្រុក​មេមត់​ចាប់ផ្តើម​មាន​ជំងឺ​ច្រើន និង​ធ្លាក់​ចុះ​តម្លៃ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ដំណាំ​ម្រេច​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ កំពុង​រង​នូវ​ហានិភ័យ​ពី​ជំងឺ​នានា ខណៈ​តម្លៃ​គ្រាប់​ម្រេច​ក៏​កំពុង​តែ​ធ្លាក់​ចុះ​ផង​ដែរ​នៅ​ឆ្នាំ​នេះ បើ​ធៀប​នឹង​រដូវ​ប្រមូល​ផលកាល​ពី​ឆ្នាំ​មុន ។

រាជធានី​ភ្នំពេញ ៖ ដំណាំ​ម្រេច​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ កំពុង​រង​នូវ​ហានិភ័យ​ពី​ជំងឺ​នានា ខណៈ​តម្លៃ​គ្រាប់​ម្រេច​ក៏​កំពុង​តែ​ធ្លាក់​ចុះ​ផង​ដែរ​នៅ​ឆ្នាំ​នេះ បើ​ធៀប​នឹង​រដូវ​ប្រមូល​ផលកាល​ពី​ឆ្នាំ​មុន ។

លោក យិ​ន សូ​ផា នាយក​ប្រតិបត្តិ​សមាគម​ដំណាំ​ម្រេច​មេមត់ បាន​ថ្លែង​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​៤ កុម្ភៈ​ថា ដំណាំ​ម្រេច​ឆ្នាំ​នេះ​កើត​ជំងឺ​ច្រើន គឺ​ជំងឺ​រលួយ​គល់ ដែល​មានការ​រីក​រាលដាល​យ៉ាង​លឿន​នៅ​តាម​ចម្ការ​នានា ។ ជាមួយ​បញ្ហា​នេះ តម្លៃ​ម្រេច​នៅ​ឆ្នាំ​នេះ ក៏​កំពុង​ធ្លាក់​ចុះ​ផង​ដែរ ។ តាម​ព័ត៌មាន​លោក​ទទួល​បាន គឺ​ម្រេច​ឆ្នាំ​នេះ​មាន​តម្លៃ​៦​ដុល្លារ​ក្នុង​១​គីឡូក្រាម បើ​ធៀប​នឹង​៨,៥០​ដុល្លារ​កាលពី​ឆ្នាំ​មុន ។

លោក​បន្ត​ថា ៖ « ការ​ធ្លាក់​ចុះ​តម្លៃ​ម្រេច​នៅ​ឆ្នាំ​នេះ ដោយសារ​ឥទ្ធិពល​នៅ​លើ​ទីផ្សារ​អន្តរជាតិ​ដូច​ជា ប្រទេស​វៀតណាម ម៉ា​ឡេ​ស៊ី ស្រី​លង្កា និង​ម្រេច​ផលិត​នៅ​ឥណ្ឌា​បាន​ធ្លាក់​ចុះ​តម្លៃ ។ គុណភាព​ម្រេច​របស់​វៀតណាម​បាន​ធ្លាក់​ចុះ​ដោយសារ​មាន​ជាតិ​គីមី និង​ជាតិពុល​ច្រើន ដែល​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​តម្លៃ​ម្រេច​របស់​កម្ពុជា​ផង​ដែរ ខណៈ​ម្រេច​ជា​ច្រើន​បាន​ងាប់​ដោយសារ​កើត​ជំងឺ​រលួយ​គល់ » ។

ទិន្នផល​ម្រេច​ស្រុក​មេមត់​៩០% បាន​នាំ​ចេញ​ទៅ​ប្រទេស​វៀតណាម និង​១០%​ត្រូវ​បែងចែក​លក់​នៅ​កម្ពុជា និង​នាំ​ចេញ​ទៅ​ប្រទេស​ថៃ ។

លោក យិ​ន សូ​ផា បន្ថែម​ថា សមាគម​ម្រេច​មេមត់ មាន​សមាជិក​ចំនួន​២៩៨​គ្រួសារ ជាមួយ​ផ្ទៃដី​ដាំ​ដុះ​សរុប​ប្រមាណ​៥០០​ហិ​កតា ដែល​សមាជិក​ខ្លះ​បាន​ចាកចេញ និង​សមាជិ​ក​ខ្លះ​ទៀត​បាន​ចូល​មក​សមាគម​ជា​បន្តបន្ទាប់ ។ ដូច្នេះ ផ្ទៃដី និង​ទិន្នផល​ម្រេច​ឆ្នាំ​នេះ ទំនងជា​មិន​កើនឡើង ទេ ។ ផ្ទៃដី​ដាំ​ម្រេច​កើនឡើង ឬ​ថយ​ចុះ គឺ​អាស្រ័យ​លើ​ស្ថានភាព​តម្លៃ​ម្រេច​ជាក់ស្តែង ។

លោក​បណ្ឌិត ម៉ី កល្យាណ ទីប្រឹក្សា​ជាន់ខ្ពស់​ឧត្តម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ បាន​ថ្លែង​ថា ទីផ្សារ​កសិកម្ម​នៅ​អន្តរជាតិ​មិនសូវ​ល្អ​ទេ ។ ដូច្នេះ តម្លៃ​ម្រេច​អាច​នឹង​រង​ផល​ប៉ះពាល់ ប៉ុន្តែ​សម្រាប់​ម្រេច​កំពត និង​ស្រាក្រហម ដែល​មានឈ្មោះ​ល្បី​រួច​ហើយ គឺ​មិន​ថយ​ចុះ​តម្លៃ​នោះ​ទេ ។ តម្លៃ​កសិផល​វា​ពឹង​អាស្រ័យ​លើ​ទីផ្សារ​អន្តរជាតិ​ច្រើន ។

លោក​បន្ត​ថា ៖ « ការងារ​នេះ​មិនមែន​ជា​ការងារ​របស់​កសិករ​ទេ គឺជា​ការងារ​របស់​រាជរដ្ឋាភិបាល​ដែល​ផ្តោត​លើ​ការ​ដឹកនាំ កុំ​ផ្តោត​លើ​ការ​ផលិត​តែ​អ្វីមួយ​មុខ គឺ​គួរ​ធ្វើ​ពិពិធ​កម្ម​ផលិតផល កុំ​ដាំ​តែ​មួយ​មុខ គួរ​ធ្វើ​ឲ្យ​ច្រើន​មុខ​តាម​ស្ថានភាព​ដី និង​ទីតាំង​ជាក់ស្តែង ។ រាជរដ្ឋាភិបាល​ត្រូវ​ដឹកនាំ​តាម​បែប​ម៉ា​ក្រូ ហើយ​សិក្សា​ពី​បញ្ហា​នេះ​ឲ្យ​បាន​ស៊ីជម្រៅ​ដើម្បី​រក​ដំណោះស្រាយ​ជូន​កសិករ​របស់​យើង » ៕