ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​សេដ្ឋកិច្ច មាន​ធនាគារ​ជា​ដៃគូ​6 ក្នុង​ប្រតិបត្តិការ​ចំណូល​ពន្ធ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ដើម្បី​បង្កើន​ប្រសិទ្ធភាព​នៃប្រតិបត្តិ​ការ​ចំណូល​ពន្ធ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​សហការ​ជាមួយ​បណ្ដា​ធនាគារ​នានា នៅ​ក្នុង​ប្រទេស​កម្ពុជា ដើម្បី​ធ្វើ​ប្រតិបត្តិការ​ប្រមូល​ចំណូល​ពន្ធ​តាម​រយៈ​ធនាគារ​ជា​ដៃគូ ។ រហូត​

រាជធានី​ភ្នំពេញ ៖ ដើម្បី​បង្កើន​ប្រសិទ្ធភាព​នៃប្រតិបត្តិ​ការ​ចំណូល​ពន្ធ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​សហការ​ជាមួយ​បណ្ដា​ធនាគារ​នានា នៅ​ក្នុង​ប្រទេស​កម្ពុជា ដើម្បី​ធ្វើ​ប្រតិបត្តិការ​ប្រមូល​ចំណូល​ពន្ធ​តាម​រយៈ​ធនាគារ​ជា​ដៃគូ ។ រហូត​មក​ដល់​ពេល​បច្ចុប្បន្ន ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​សហការ​ជាមួយ​ធនាគារ​ចំនួន​៦ ក្នុង​ការ​ធ្វើ​ប្រ​តិ​ប​តិ្ត​ការ​លើ​ការងារ​នេះ ក្នុង​នោះ មាន​ធនាគារ អេ​ស៊ី​លី​ដា ធនាគារ​កា​ណា​ឌី​យ៉ា ធនាគារ​វឌ្ឍនៈ ធនាគារ​កម្ពុជា សាធារណៈ និង​ធនាគារ​ឯកទេស វី​ង ដើម្បី​ធ្វើ​ប្រតិបត្តិការ​ចំណូល​របស់​រាជរដ្ឋាភិបាល​កម្ពុជា ។

កាលពី​ថ្មី​ៗ​កន្លង​ទៅ​នេះ ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ថ្មី​មួយទៀត​ជាមួយ​ធនាគារ​ANZ Royal ដែល​ជា​ធនាគារ​ដៃគូ​ទី​៦ របស់​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ដើម្បី​ផ្ដល់​ភាព​ងាយស្រួល​ដល់​អតិថិជន​របស់​ធនាគារ ANZ Royal អាច​បង់ពន្ធ​នានា​តាម​រយៈ​ធនាគារ​ANZ Royal បាន ។

នៅ​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង កាលពី​ចុង​ស​ប្ដា​ហ៍​មុន​នេះ នៅ​ទីស្ដីការក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ លោក ជូ គឹ​ម​ឡេ​ង រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​មាន​ប្រសាសន៍​ថា កិច្ចព្រមព្រៀង​នេះ បាន​បង្ហាញ​នូវ​វឌ្ឍនភាព​ថ្មី​បន្ថែម​ទៀត នៃ​កម្មវិធី​កំណែទម្រង់​វិស័យ​រដ្ឋបាល​សារពើពន្ធ ក្នុង​ការ​លើកកម្ពស់ ប្រសិទ្ធភាព នៃ​ការ​ប្រមូល​ចំណូល​ពន្ធ ផ្ដល់​ភាព​ងាយស្រួល និង​ជម្រើស​ច្រើន​ដល់​អ្នក​ជាប់ពន្ធ​ក្នុង​ការ​បង់​ចំណូល​ពន្ធដារ​តាម​រយៈ​ប្រព័ន្ធ​ធនាគារ ។

លោក​ថ្លែង​ថា ៖ « ការ​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​រវាង​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ និង​ធនាគារ​ANZ Royal​គឺជា​ការ​ពង្រីក​បន្ថែម​នូវ​ដៃគូ​ប្រមូល​ចំណូល​មួយ​បន្ថែម​ទៀត​លើ​ដៃគូ​ប្រមូល​ចំណូល​ចំនួន​៥ ដែល​កំពុង​មាន​ស្រាប់ ដើម្បី​បង្កើន​ប្រសិទ្ធភាព និង​ស័ក្ដិសិទ្ធិ​ភាព​នៃ​ការ​ផ្ដល់​សេវា​សាធារណៈ​ជូន​អ្នក​ជាប់ពន្ធ សំដៅ​ធានា​បាន​នូវ​ការ​អនុវត្ត​កាន់តែ​ស៊ីជម្រៅ​ថែម​ទៀត នូវ​កំណែទម្រង់​សំខាន់​ៗ​ជា​អាទិ៍ ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ ដែល​ជា​ស្នូល​នៃ​អភិបាលកិច្ច​ល្អ » ។ 

លោកស្រី Leonie Lethbridge អគ្គ​នាយិកា​ប្រតិបត្តិ​ធនាគារ ANZ Royal បានឱ្យ​ដឹង​ដែរ​ថា ដោយ​មានការ​សហការ​យ៉ាង​ប្រសើរ​រវាង​អគ្គនាយកដ្ឋាន​ពន្ធដារ និង​ធនាគារ ANZ Royal ឥឡូវនេះ​ធនាគារ​អាច​ប្រមូល​ពន្ធ​ពី​អតិថិជន​សាជីវកម្ម​ក្នុងស្រុក និង​អន្តរជាតិ​ដែល​មាន​ប្រតិបត្តិការ​តាម​តំបន់ និង​ក្នុង​ប្រទេស​កម្ពុជា ។

លោកស្រី​បន្ត​ថា ៖«​យើង​ពិតជា​មាន សេចក្តី​សោមនស្ស​ក្នុង​ការ​នាំ​មក​នូវ​ដំណោះ ស្រាយ​ប្រព័ន្ធ​ធនាគារ អេ​ឡិច​ត្រូ​និក​ដែល​ជួយ​សម្រួល​ដល់​ដំណើរការ​នៃ​ការ​អនុលោម​តាម​បទ​ប្បញ្ញត្តិ​បង់ពន្ធ​ឱ្យ​បាន​ទាន់​ពេលវេលា ដោយ​មិន​ថា​អ្នក​ជាប់ពន្ធ​ស្ថិត​នៅ​ទីណា​ក៏​ដោយ ។ អតិថិជន​សាជីវកម្ម​របស់​យើង​អាច​ធ្វើការ​បង់ពន្ធ​បានជា​លុយ​រៀល ឬ​លុយ​ដុល្លារ​តាម​សាខា​ធនាគារ ANZ Royal និង​តាម​ប្រព័ន្ធ​ធនាគារ​អេ​ឡិច​ត្រូ​និក ចាប់ពី​ខែមេសា ឆ្នាំ​២០១៧​នេះ​តទៅ ។ ធនាគារ​ANZ Royal នឹង​បន្ត​ការ​សហការ​ជាមួយ​អគ្គនាយក​ដ្ឋាន​​ពន្ធដារ ដើម្បី​ពង្រឹង​នូវ​ការ​ផ្ដល់​ជូន​នូវ​ដំណោះស្រាយ​បង់ពន្ធ​តាម​រយៈ​ប្រព័ន្ធ​ធនាគារ​អេ​ឡិច​ត្រូ​និក​ផង​ដែរ » ៕