ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​ត្រូវការ​ប្រាក់​ពី​12​ទៅ​13​ប៊ី​លាន​ដុល្លារ​សម្រាប់​ទ្រទ្រង់​កំណើនសេដ្ឋកិច្ច

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កម្ពុជា​មាន​តម្រូវការ​ហិរញ្ញប្បទាន​ក្នុង​រង្វង់​ពី​១២ ទៅ​១៣​ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក​សម្រាប់​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​ទសវត្សរ៍​ខាង​មុខ​ដើម្បី​ជំរុញ និង​ទ្រទ្រង់​កំណើនសេដ្ឋកិច្ច​របស់​ខ្លួន ។

រាជធានី​ភ្នំពេញ ៖ កម្ពុជា​មាន​តម្រូវការ​ហិរញ្ញប្បទាន​ក្នុង​រង្វង់​ពី​១២ ទៅ​១៣​ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក​សម្រាប់​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​ទសវត្សរ៍​ខាង​មុខ​ដើម្បី​ជំរុញ និង​ទ្រទ្រង់​កំណើនសេដ្ឋកិច្ច​របស់​ខ្លួន ។

លោក វ​ង្សី វិស្សុត រដ្ឋមន្ត្រី​ស្តីទី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​លើក​ឡើង​នៅ​ក្នុង​សិក្ខាសាលា​ពិគ្រោះ​យោបល់​លើ​សេចក្តី​ព្រាង​អនុក្រឹត្យ ស្តី​ពី​គោលការណ៍​ណែនាំ​រួម​សម្រាប់​គ្រប់គ្រង​គម្រោង​វិនិយោគសាធារណៈ នា​ព្រឹក​ថ្ងៃ​ទី​៧ កុម្ភៈ​ថា នៅ​ក្នុង​ទិដ្ឋភាព​សេដ្ឋកិច្ច ចំណាយ​វិនិយោគសាធារណៈ ឬ​ចំណាយ​មូលធន​របស់​រដ្ឋ ត្រូវ​បាន​ចាត់ទុកជា​កត្តា​លី​ករ​គន្លឹះ​ដែល​មិន​អាច​ខ្វះ​បាន​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច ជា​ពិសេស ការ​ទ្រទ្រង់​កំណើនសេដ្ឋកិច្ច និង​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ ។

លោក​បន្ត​ថា ឈរ​លើ​ទស្សនវិស័យ​នេះ រាជរដ្ឋាភិបាល​បាន​និង​កំពុង​ធ្វើ​វិត្ថារ​កម្ម​ចំណាយ​វិនិយោគសាធារណៈ​សម្រាប់​កសាង​ហេដ្ឋារចនាសម្ព័ន្ធ ដែល​ទ្រទ្រង់​កំណើន​ក្នុង​វិស័យ​អាទិភាព​បានជា​ច្រើន​ដូច​ជា ផ្លូវថ្នល់ ស្ពាន ភ្លើង ទឹក និង​ការ​អភិវឌ្ឍ​ធនធានមនុស្ស​ដែល​ជា​មូលដ្ឋាន​រឹង​មាំ​របស់​កម្ពុជា ក្នុង​ការ​ឈាន​ទៅ​សម្រេច​បាន​នូវ​កំណើន​សេដ្ឋ​កិច្ច​ខ្ពស់​ជា​មធ្យម​ប្រមាណ​៧,៦%​ក្នុង​មួយ​ឆ្នាំ នៅ​ក្នុង​រយៈពេល​២០​ឆ្នាំ​ចុង​ក្រោយ​នេះ ។

អត្រា​នៃ​ភាព​ក្រីក្រ​របស់​កម្ពុជា ក៏​បាន​ថយ​ចុះ​ពី​ប្រមាណ​៥៣,៥%​នៅ​ឆ្នាំ​២០០៤ មក​ត្រឹម​១៣,៥%​នៅ​ឆ្នាំ​២០១៤ ផង​ដែរ ។

លោក វ​ង្សី វិស្សុត បន្ត​ទៀត​ថា ៖ «​សមិទ្ធផល​នៃ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ល្អ​នេះ​ហើយ បាន​ប្រែក្លាយ​កម្ពុជា​ពី​ប្រទេស​មាន​ចំណូល​ទាប មក​ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ទាប ។ ដូចនេះ ដើម្បី​ឈាន​ទៅ​សម្រេច​បាន​តាម​ការ​គម្រោង​នោះ កម្ពុជា​មាន​តម្រូវការ​ហិរញ្ញប្បទាន​យ៉ាងច្រើន​ទៀត​ក្នុង​រង្វង់​ប្រហែល​ពី​១២ ទៅ​១៣​ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក​សម្រាប់​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​ទសវត្សរ៍​ខាង​មុខ » ។

លោក​បន្ថែម​ថា កន្លង​មក នៅ​ក្នុង​ក្របខ័ណ្ឌ​នៃ​ថវិកា​វិនិយោគសាធារណៈ​ទូទៅ​របស់​រាជរដ្ឋាភិបាល​ទាំងមូល គឺ​កម្ពុជា​បាន​ប្រើប្រាស់​ថវិកា​មាន​ប្រភព​ពី​ខាងក្រៅ​ទាំងស្រុង ក៏​ប៉ុន្តែ​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ កម្ពុជា​បាន​ប្រើប្រាស់​ប្រភព​ថវិកា​ផ្ទាល់ខ្លួន​ប្រមាណ​១ភាគ​៣ ហើយ​ប្រភព​ពី​ខាងក្រៅ​បាន​ធ្លាក់​ចុះ​មក​ត្រឹម​២​ភាគ​៣ ក្នុង​នោះ​៨៥%​ជា​កម្ចី និង​១៥%​ជា​អំណោយ ។ នេះ​គឺ​ការ​ប្រែប្រួល​ជា​រចនាសម្ព័ន្ធ នៅ​ក្នុង​ការ​ធ្វើ​ហិរញ្ញប្បទាន​លើ​ការ​វិនិយោគសាធារណៈ ក៏​ដូច​ជា​ការ​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ពី​សមត្ថភាព​ថវិកាជាតិ ដែល​បាន​កើន​ឡើងជា​លំដាប់​ពី​ឆ្នាំ​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ។

ដូច្នេះ កម្ពុជា​ចាំបាច់​ត្រូវ​មាន​ប្រព័ន្ធ​គ្រប់គ្រង​ការ​វិនិយោគសាធារណៈ​មួយ ដែល​មាន​លក្ខណៈ​គ្រប់​ជ្រុងជ្រោយ ប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព តម្លាភាព និង​គណនេយ្យ​ភាព ដើម្បី​ធានា​យ៉ាងណា ឲ្យ​គម្រោង​វិនិយោគសាធារណៈ បញ្ចេញ​ទៅ​នោះ​ផ្ដល់​នូវ​ផ្លែផ្កា​មក​វិញ​អស់​សក្តានុពល ឬ​តម្លៃ​នៃ​ថវិកា ឬ​លុយ (Efficiency and Value for Money)។

លោក​បន្ថែម​ទៀត​ថា ដោយ​ឈរ​លើ​មូលដ្ឋាន​ខាងលើ​នេះ និង​ស្ថិត​នៅ​ក្រោម​ក្របខ័ណ្ឌ​នៃ​ការ​កែទម្រង់​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ និង​យុទ្ធសាស្ត្រ ស្តី​ពី​ការ​គ្រប់គ្រង​បំណុល​សាធារណៈ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ផ្តួចផ្តើម​សិក្សា​ត្រួតពិនិត្យ​ចំណាយ​សាធារណៈ ដោយ​មានការ​គាំទ្រ​បច្ចេកទេស​ពី​ធនាគារពិភពលោក សម្រាប់​ជា​មូលដ្ឋាន​ក្នុង​ការ​រៀបចំសេចក្តី​ព្រាង​អនុក្រឹត្យ ស្តី​ពី​គោលការណ៍​ណែនាំ​រួម​សម្រាប់​គ្រប់គ្រង​គម្រោង​វិនិយោគសាធារណៈ​នេះ​ឡើង ។

លោក​បណ្ឌិត ម៉ី កល្យាណ ទីប្រឹក្សា​ជាន់ខ្ពស់​នៃ​ឧត្តម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ បាន​យល់​ស្រប​នឹង​ការ​លើក​ឡើង​ខាងលើ ដោយ​លោក​ថ្លែង​ថា ដើម្បី​ជំរុញ​កំណើនសេដ្ឋកិច្ច​កម្ពុជា​ឈាន​ទៅ​កាន់​ដំណាក់កាល​ថ្មី កម្ពុជា​ត្រូវ​វិនិយោគ​ឲ្យ​បាន​ច្រើន​បន្ថែម​ទៀត​លើ​ហេដ្ឋារចនាសម្ព័ន្ធ ព្រោះ​ប្រសិនជា​គ្មាន​ការ​វិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ កម្ពុជា​មិន​អាច​ជំរុញ​សេដ្ឋកិច្ច​របស់​ខ្លួន​ឆ្ពោះទៅ​មុខ​ប្រកបដោយ​និរន្តរភាព​នោះ​ទេ ។ លោក​បន្ត​ថា ការ​វិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ត្រូវ​ចំណាយ​ប្រាក់​ច្រើន​ណាស់ ប៉ុន្តែ​មិន​អាច​ចៀស​បាន​ទេ ហើយ​កន្លង​មក​ក៏​ដូច​ជា​បច្ចុប្បន្ន រាជរដ្ឋាភិបាល​បាន​ខ្ចី​ឥណទាន​ពី​បរទេស​ដើម្បី​វិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ផង​ដែរ ។

លោក​មាន​ប្រសាសន៍​ថា ៖ « រាជរដ្ឋាភិបាល​បាន​យកចិត្តទុកដាក់​ចំពោះ​បញ្ហា​នេះ​ហើយ ប៉ុន្តែ​ខ្ញុំ​សំណូមពរ​ឲ្យ​រាជរដ្ឋាភិបាល  ព​ន្លឿ​ន​ការ​វិនិយោគ​លើ​វិស័យ​នេះ ព្រោះ​ការ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​មិន​ត្រូវការ​ពេល​មួយ​ខែ​ឬ​មួយ​ថ្ងៃ​ទេ វា​ត្រូវ​ចំណាយពេល​យូរ » ៕