ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដេញ​បា.ញ់​បំបែក​កង់​ឡាន​ទើប​ចាប់​បាន ប៉ូលិស​ជួញដូរ​គ្រឿងញៀ.ន

7 ឆ្នាំ មុន

ខេត្តស្ទឹងត្រែង ៖ កម្លាំង​នគរបាល​«​ក​៩»​នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀ.ន​ក្រសួងមហាផ្ទៃ រួម​សហការ​ជាមួយ​កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀ.ន​នៃ​ស្នងការដ្ឋាន​

ខេត្តស្ទឹងត្រែង ៖ កម្លាំង​នគរបាល​«​ក​៩»​នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ក្រសួងមហាផ្ទៃ រួម​សហការ​ជាមួយ​កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង ក្រោម​ការ​សម្របសម្រួល ពី​លោក ជា ពេជ្រ ព្រះរាជអាជ្ញា​សាលាដំបូង​ខេត្ត កាលពី​វេលា​ម៉ោង​១០​និង​៤៥​នាទី​ព្រឹក​ថ្ងៃ​ទី​៨ កុម្ភៈ បាន​ធ្វើការ​ឡោម​ព័ទ្ធ​ចាប់ខ្លួន​ម្ចាស់ផ្ទះ​សំណាក់​សុផល​ដែល​បាន​រក្សា​ទុក និង​ជួញ​នូវ​សារធាតុ​ញៀន​ខុសច្បាប់​នៅ​ចំណុច​ស្រែ​សំ​គង់ ផ្លូវជាតិ​លេខ​៧ ស្ថិត​ក្នុងភូមិ​ស្រែ​ពោធិ៍ សង្កាត់​ស្រះ​ឫស្សី ក្រុង​ស្ទឹង​ត្រែង ។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ការ​ចុះ​បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​ខាងលើ សមត្ថកិច្ច​បាន​ដកហូត​រថយន្ត​វី​ហ្គោ ពណ៌​ខ្មៅ មួយ​គ្រឿង កាំភ្លើងខ្លី​មួយ​ដើម ព្រមទាំង​គ្រឿងញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​(WY) ចំនួន​១២​សុង ប្រមាណ​ជាង​២​ម៉ឺន​គ្រាប់ ។

នគរបាល​ប្រឆាំង​គ្រឿងញៀន​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ដែល​សមត្ថកិច្ច​ចាប់ខ្លួន​ឈ្មោះ ឯម សុផល ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ ជា​មន្ត្រី​នគរបាល​អន្តោប្រវេសន៍​ខេត្តស្ទឹងត្រែង និង​ជា​ចៅ​កែ​ផ្ទះសំណាក់​សុផល មាន​ទីលំនៅ​ភូមិ​ត្រពាំង​ព្រីង សង្កាត់​ស្ទឹង​ត្រែង ក្រុង​ស្ទឹង​ត្រែង​។ មន្ត្រី​ដដែល​បាន​បន្ត​ឱ្យ​ដឹង​ទៀត​ថា ជនសង្ស័យ​ជា​មន្ត្រី​នគរបាល​ដែល​កម្លាំង​ជំនាញ​ចាប់ខ្លួន​នេះ​ត្រូវ​បាន​គេ​ដឹង​ថា ជា​អ្នក​ជួញដូរ​គ្រឿងញៀន​ដ៏​ធំ​ម្នាក់ នៅ​ក្នុង​ខេត្តស្ទឹងត្រែង​មិន​តិច​ជាង​២០​ឆ្នាំ​មក​ហើយ​នោះ​ទេ ។ ដោយសារ​ការ​ស៊ើបអង្កេត​ស្រាវជ្រាវ របស់​សមត្ថកិច្ច​រក​ភស្តុ​តាង​មិន​ទាន់​បាន តែ​នៅ​ថ្ងៃ​កើតហេតុ​នេះ ជនសង្ស័យ​បាន​ដឹក​ជញ្ជូន​គ្រឿងញៀន​តាម​រថយន្ត​ផ្ទាល់ខ្លួន ដើម្បី​ទៅ​ធ្វើការ​ដោះ​ដូរ ក៏​ត្រូវ​បាន​កម្លាំង​ការិយាល័យ​«​ក​៩» នៃ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ក្រសួងមហាផ្ទៃ សហការ​ជាមួយ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត ស្ទាក់​ចាប់​នៅ​ចំណុច​ខាងលើ តែ​ជនសង្ស័យ​មិន​ព្រម​ឈប់ សមត្ថកិច្ច​បាន​បាញ់​បំបែក​កង់ ទើប​ធ្វើការ​ចាប់ខ្លួន​បាន ។

លោក ម៉ៅ តារា ស្នងការ​នគរបាល​ខេត្តស្ទឹងត្រែង​បាន​ប្រាប់​ឱ្យ​ដឹង​ថា កម្លាំង​ជំនាញ​ធ្វើការ​ចាប់ខ្លួន​ជនសង្ស័យ និង​បាន​ដកហូត​ថ្នាំ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​(WY) ចំនួន​១២​សុង ស្មើនឹង​២៤.០០០​គ្រាប់ បង្កប់​ក្នុង​កេស​អា​គុយ កាំភ្លើងខ្លី​១​ដើម ព្រមទាំង​រថយន្ត​វី​ហ្គោ​មួយ​គ្រឿង ។

លោកស្នងការ​បន្ត​ថា ក្រោយ​កម្លាំង​ជំនាញ​ចាប់ខ្លួន​ជនសង្ស័យ​រួម​វត្ថុ​តាង​រួច​នោះ ជំនាញ​បាន​បន្ត​នីតិវិធី ដោយ​មានការ​សម្របសម្រួល​ពី​ព្រះរាជអាជ្ញា​អនុញ្ញាត​ឱ្យ​នាំ​ខ្លួន​ជនសង្ស័យ ទៅ​កាន់​ផ្ទះសំណាក់​ធ្វើការ​ឆែកឆេរ​បន្ត​ទៀត ក្នុង​នោះ​ជំនាញ​បាន​កំណត់​គោលដៅ​៣​កន្លែង ៖
ទី​១-​ផ្ទះសំណាក់​សុផល ស្ថិត​នៅ​ភូមិ​ត្រពាំង​ព្រីង សង្កាត់​ស្ទឹង​ត្រែង ក្រុង​ស្ទឹង​ត្រែង ។
ទី​២-​នៅផ្ទះ​ឪពុក​ម្តាយក្មេក ស្ថិត​នៅ​ផ្សារ​ក្រុង​ស្ទឹង​ត្រែង ។
និង​ទី​៣-​ផ្ទះ​ចំការ​ស្ថិត​នៅ​ភូមិ​ខាំ​ផា​ន់ សង្កាត់​សាមគ្គី ក្រុង​ស្ទឹង​ត្រែង ដោយ​គោលដៅ​ទាំង​៣​ទីតាំង​នោះ​ពុំ​បាន​រក​ឃើញ​ភស្តុ​តាង​នោះ​ទេ ។ គ្រា​ចុះ​ឆែកឆេរ​ផ្ទះសំណាក់​ខាងលើ លោក ជា​ពេជ្រ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត បាន​បញ្ជា​ឱ្យ​សមត្ថកិច្ច​ត្រួត​ពិ​និ​ត ទៅ​លើ​អ្នក​ស្នាក់​នៅ​ក្នុងផ្ទះ​សំណាក់ នោះ​ចំនួន​១០​នាក់ មួយ​ចំនួន​ជា​អ្នក​រកស៊ី​ដឹកឈើ​តាម​រថយន្ត​សាំ​យ៉ុ​ង ធ្វើតេស្ត រក​សារធាតុ​ញៀន បើសិន​រក​ឃើញ​និង​ចាត់វិធានការ​តាម​ផ្លូវច្បាប់ ។

ទាក់ទិន​ករណី​បង្ក្រាប់​គ្រឿងញៀន​នេះ ត្រូវ​គេ​បង្ហើប​ថា ថ្នាំ​ញៀន​ទាំងនេះ​ជនសង្ស័យ​បាន​នាំ​ចូល​ពី​ប្រទេស​ឡាវ និង​បន្ត​ជួញដូរ​តាម​ផែនការ តែ​ទោះបី​យ៉ាងណា​ក្តី លោក ម៉ៅ តារា ស្នងការ​នគរបាល​ខេត្តស្ទឹងត្រែង មិន​ទាន់​បាន​សាកសួរ​ព័ត៌មាន​លម្អិត ពី​ជនសង្ស័យ​នៅឡើយ​ទេ ដោយសារ​ចាប់ខ្លួន​ភ្លាម​ជំនាញ​បន្ត​នាំ​ទៅ​ឆែកឆេរ​បណ្តា​ទីតាំង​មួយ​ចំនួន ។ ដោយឡែក​គេ​មិន​ស្វែងរក​អ្នក​ពាក់ព័ន្ធ​ក្នុង​ករណី​នេះ​នៅឡើយ​ដែរ ។

ប្រភព​ព័ត៌មាន​ចុង​ក្រោយ​រហូត​មក​ដល់​រសៀល​ថ្ងៃ​ដដែល​នេះ កម្លាំង​ជំនាញ​កំពុង​បន្ត​ការ​សាកសួរ ជនសង្ស័យ​នៅ​ការិយាល័យ​ប្រឆាំង​គ្រឿង​ញៀ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ៕