ខេត្តសៀមរាប ៖ ប្រជាពលរដ្ឋរស់នៅក្នុងឃុំសំរោងយា ស្រុកពួក បានបង្កើតរបរលក់ត្រីឆ្អើរទទួលបានប្រាក់ចំណូលសមរម្យ និងរួមចំណែកកាត់បន្ថយការធ្វើចំណាកស្រុកទៅក្រៅប្រទេសផងដែរ ។ ជាទូទៅ ប្រជាពលរដ្ឋនៅឃុំសំរោងយា ប្រមាណ៨០ភាគរយពឹងផ្អែកលើការធ្វើកសិកម្ម និងនេសាទសម្រាប់ទ្រទ្រង់ជីវភាពរស់នៅប្រចាំថ្ងៃ ។
អ្នកស្រី ព្រិន្ទ សំបាន រស់នៅភូមិព្រែកវែង ឃុំសំរោងយា និយាយថា ក្រៅពីធ្វើស្រែចម្ការ អ្នកស្រីបានចាប់មុខរបរមួយទៀតគឺធ្វើត្រីឆ្អើរលក់ ដែលមុខរបរនេះបានផ្តល់ប្រាក់ចំណូលសមរម្យសម្រាប់ឱ្យអ្នកស្រីចិញ្ចឹមគ្រួសារ ។ ម្យ៉ាងទៀត មុខរបរធ្វើត្រីឆ្អើរក៏បានរួមចំណែកក្នុងការកាត់បន្ថយការធ្វើចំណាកស្រុករបស់អ្នកស្រុកទៅប្រទេសក្រៅផងដែរ។
អ្នកស្រីបញ្ជាក់ថា ត្រីដែលយកមកធ្វើត្រីឆ្អើរនេះមានត្រីកញ្ចុះ និងត្រីត្រឱនជាដើម ហើយត្រីទាំងនេះ អ្នកស្រីប្រមូលទិញពីអ្នកភូមិដែលពួកគាត់ទៅធ្វើនេសាទបានយកមកលក់ឱ្យ។
បច្ចុប្បន្ននេះ ត្រីឆ្អើរដែលអ្នកស្រីធ្វើបានក្នុង១ថ្ងៃៗចាប់ពី១០០គីឡូក្រាមទៅ៦០០គីឡូក្រាមគឺទៅតាមថ្ងៃណាដែលមានត្រីតិចឬច្រើន ហើយមុខរបរនេះបានផ្តល់ការងារដល់អ្នកភូមិប្រមាណ២០នាក់ ក្នុងម្នាក់ៗទទួលបានប្រាក់កម្រៃចំនួន១ម៉ឺន៥ពាន់រៀលក្នុង១ថ្ងៃ ។
អ្នកស្រីឲ្យដឹងទៀតថា ត្រីឆ្អើរដែលធ្វើបាន គាត់លក់ក្នុង១គីឡូក្រាមពី៥ម៉ឺន៥ពាន់ទៅ៨ម៉ឺនរៀល ហើយត្រីឆ្អើរដែលធ្វើបានមានម៉ូយមកទិញដល់ផ្ទះសម្រាប់យកទៅចែកចាយតាមផ្សារនានានៅក្នុងខេត្តសៀមរាប និងនាំចេញទៅប្រទេសថៃ។
លោក ឡាច សឿន មេឃុំសំរោងយា ថ្លែងថា ប្រជាពលរដ្ឋនៅក្នុងឃុំនេះមិនសូវមានធ្វើចំណាកស្រុកទៅធ្វើការនៅប្រទេសជិតខាងទេ ដោយសារតែនៅក្នុងតំបន់នេះមានការងារច្រើនសម្រាប់ឱ្យប្រជាពលរដ្ឋធ្វើដូចជា ការធ្វើស្រែបានទាំងរដូវប្រាំង និងរដូវវស្សា ការនេសាទ និងការប្រកបមុខរបរជាលក្ខណៈគ្រួសារផ្សេងៗជាច្រើនទៀត ។
លោកមេឃុំបញ្ជាក់ថា ជាក់ស្តែងដូចជាអ្នកស្រី ព្រិន្ទ សំបាន ក្រៅពីធ្វើស្រែចម្ការ អ្នកស្រីបានជ្រើសរើសមុខរបរថ្មីមួយទៀត គឺទិញត្រីពីប្រជានេសាទដែលដើរលក់តាមភូមិយកមកធ្វើជាត្រីឆ្អើរលក់ ដើម្បីបានចំណូលបន្ថែមសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ ៕
ចែករំលែកព័តមាននេះ